ទោះបីប្រឈមនឹងការរិះគន់ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនថា មិនមានភាពចាំបាច់អ្វីត្រូវបង្កើតក្រុងកោះរ៉ុងក្នុងខេត្តព្រះសីហនុដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជាក៏ដោយនោះ ក៏រដ្ឋាភិបាលខ្មែរបានការពារការបង្កើតក្រុងថ្មីនេះថានឹងជួយពន្លឿនកិច្ចការរដ្ឋបាលរបស់ខេត្តព្រះសីហនុ ទោះបីក្នុងក្រុងសមុទ្រថ្មីនេះ មានតែសង្កាត់ពីរ ហើយចំនួនប្រជាជនក៏នៅមានតិចតួចនៅឡើយ។
អនុក្រិត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការការបង្កើតក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ ដែល VOA បានទទួលនៅសប្តាហ៍នេះ បានបញ្ជាក់ឲ្យដឹងថា៖
«ត្រូវបានបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ដោយកំណត់យកសង្កាត់ចំនួន២ ពីក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម»។
អនុក្រិត្យដដែលបានបញ្ជាក់ថាទីតាំងសាលាក្រុងកោះរ៉ុង ត្រូវស្ថិតនៅក្នុងសង្កាត់កោះរ៉ុងសន្លឹម។
អ្នកស្រី ជាប សុធារី មន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុ សម្តែងការភ្ញាក់ផ្អើលចំពោះការបង្កើតក្រុងមួយដែលមានសង្កាត់តែពីរនេះ។
អ្នកស្រីប្រាប់ VOA នៅថ្ងៃពុធនេះថា អ្នកស្រីពិតជាមិនបានដឹងពីគោលដៅរបស់រដ្ឋាភិបាលដែលសម្រេចបង្កើតក្រុងនេះទេ។ តែអ្នកស្រីយល់ថា ការបង្កើតក្រុងដែលមានពលរដ្ឋរស់នៅតិចតួចនៅឡើយ គឺមិនចាំបាច់ ព្រោះវានឹងត្រូវចាយថវិការដ្ឋច្រើនថែមទៀត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើដល់កិច្ចការរដ្ឋបាល។
«ខ្ញុំថា ដូចជាមិនចាំបាច់អីទេហ្នឹងហើយ ដោយសារតំបន់ប្រជាពលរដ្ឋរស់នៅហ្នឹងតិច ហើយឃុំតែពីរហ្នឹង បង្កើតក្រុងមួយ យើងថា យើងចំណាយថវិកាជាតិអាចអស់ច្រើនដែរអូន ព្រោះអីការរៀបចំ រចនាសម្ព័ន្ធស្ថាប័នរដ្ឋបាលមួយ នៅសាលាក្រុង យើងត្រូវការធ្វើសាលាក្រុង យើងត្រូវការមន្ត្រីដែលបម្រើការងារនៅក្នុងហ្នឹង ហើយត្រូវមានការិយាល័យគ្រប់មុខទាំងអស់ ព្រោះក្រុង!»។
សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ ជឿថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលដើម្បីរៀបចំឲ្យមានក្រុងកោះរ៉ុងនេះមិនខុសទេ ព្រោះនឹងមានការធ្វើឲ្យប្រសើរឡើងនៃកិច្ចការរដ្ឋបាលក្នុងខេត្តព្រះសីហនុ និងពង្រីកសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់នោះ។
លោកប្រាប់ VOA ថា៖
«ទីមួយគឺរដ្ឋបាល ក្នុងការផ្តល់សេវាកម្មឲ្យបានប្រសើរ។ ទីពីរកំណើនរបស់សេដ្ឋកិច្ច ដែលនៅក្នុងតំបន់ហ្នុង ពីព្រោះតែវាមានគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ ហើយក្នុងការបង្កើន នៃចរាចរណ៍លុយកាក់នៅកន្លែងហ្នុង នែ៎! ដូច្នេះអ្នកទិតៀនហ្នឹង គឺមិនបានសិក្សាទេ សុំឲ្យគាត់អញ្ជើញទៅសិក្សា ជាជាង ប្រើបបេរមាត់ ឬអណ្តាតអត់មានន័យ»។
អន្រុក្រិត្យស្តីពីការបង្កើតក្រុងកោះរ៉ុងរបស់លោក ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងទៀតថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងកោះរ៉ុង ត្រូវអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ជាប សុធារី មិនបានដឹងថាតើដើម្បីបង្កើតទីក្រុងមួយនោះ ត្រូវការលក្ខខណ្ឌអ្វីខ្លះនោះទេ ទាក់ទិនចំនួនប្រជាជន និងចំនួនភូមិ សង្កាត់ ក៏ប៉ុន្តែអ្នកស្រីនៅតែយល់ថា ការបង្កើតក្រុងកោះរ៉ុងនេះ មិនមែនជារឿងចំាបាច់នោះឡើយ ហើយអ្វីដែលរដ្ឋបាលខេត្តព្រះសីហនុ ត្រូវធ្វើនោះ គឺដោះស្រាយវិបត្តិសង្គមដែលកំពុងហ៊ុមព័ទ្ធខេត្តព្រះសីហនុ។
អ្នកស្រីទទួលស្គាល់ថា ការបង្កើតក្រុងថ្មីអាចជួយសម្រួលកិច្ចការរដ្ឋបាលបានមួយផ្នែករបស់ខេត្តព្រះសីហនុ ក៏ប៉ុន្តែកង្វះទឹកស្អាតប្រើប្រាស់ និងអនាម័យក្នុងខេត្តនេះ កំពុងធ្វើឱ្យពលរដ្ឋមូលដ្ឋានព្រួយបារម្ភ ខណៈដែលជនជាតិចិននឹងហូរចូលមកខេត្តនេះនៅចុងឆ្នាំ២០១៩នេះបន្ថែមទៀតនោះ។
អ្នកស្រី ជាប សុធារី ពន្យល់បន្ថែមថា៖
«គម្រោងនិយាយថា នៅចុងឆ្នាំ២០១៩ ២០២០ ជនជាតិចិននឹងមានរាប់ម៉ឺននាក់ ចូលមកថែមទៀតដើម្បីមករកស៊ីនៅខេត្តព្រះសីហនុហ្នឹង។ អាហ្នឹងជារឿងដែលយើងព្រួយបារម្ភ ដែលយើងឲ្យរដ្ឋាភិបាល លោកមេត្តាដោះស្រាយរឿងហ្នឹង ដូចជាប្រភពធនធានទឹកស្អាតសម្រាប់ឧបត្ថម្ភណ៎ា! ទីតាំងចាក់សម្រាម រាល់ថ្ងៃសម្រាមរាប់តោន ចង់និយាយចឹងមិនដឹងថា យកទៅចាក់កន្លែងណា ព្រោះសម្រាមទាំងអស់ហ្នឹង វាមិនមែនចាក់ភ្លាមស្រែករលាយអស់ឯណ៎ា!»។
លោក ផៃ ស៊ីផាន បន្តការពារការបង្កើតក្រុងកោះរ៉ុង៖
«ហេតុម៉េច បានគេត្រូវបង្កើតក្រុង? ព្រោះទិសដៅសេដ្ឋកិច្ច ហើយហេតុម៉េចបានគេបង្កើតក្រុង គឺទម្លាក់លុយទៅក្រុងហ្នឹង វាខុសពីទម្លាក់លុយទៅឃុំ យល់! ឲ្យគាត់និយាយម៉េច ក៏និយាយទៅ គាត់មិនដែលដឹងរឿងហ្នឹងផងហ្នឹង គាត់ចង់និយាយថា ម៉ែគាត់នៅក្រមុំក៏បានដែរ»។
យ៉ាងណាក៏ដោយ ការបង្កើតក្រុងកោះរ៉ុង នេះ បានធ្វើឲ្យខេត្តព្រះសីហនុ មានលក្ខណៈពិសេសជាងខេត្តដទៃ គឺខេត្តនេះ នឹងមានក្រុងពីរ គឺក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ហើយនិងស្រុកចំនួនបី គឺស្រុកព្រៃនប់ កំពង់សិលា និងស្រុកស្ទឹងហាវ។
មុនការបង្កើតក្រុងកោះរ៉ុងនេះ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ លោក ហ៊ុន សែន បានសម្រេចបង្កើតឧទ្យានជាតិថ្មីមួយនៅក្នុងខេត្តព្រះសីហនុផងដែរ ដែលឧទ្យាននោះមានឈ្មោះថា «ឧទ្យានជាតិសមុទ្រកោះរ៉ុង» ដែលមានផ្ទៃដី៥៣១១ហិកតា និងផ្ទៃសមុទ្រទំហំ៤៧.១៣៧ហិកតា ដើម្បីការពារប្រព័ន្ធបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់។
ឧទ្យានជាតិសមុទ្រកោះរ៉ុងមានផ្ទៃសរុប ៥២.៤៤៨ហិកតា និងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។ ឧទ្យានជាតិនេះ នឹងគ្របដណ្តប់លើកោះជាច្រើន រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ។
ដោយឡែក រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន ក៏បានចេញអនុក្រិត្យ បង្កើត ខណ្ឌថ្មីចំនួនពីរបន្ថែមទៀតក្នុងទីក្រុងភ្នំពេញ ដែលរួមមានខណ្ឌបឹងកេងកង និងខណ្ឌកំបូល ធ្វើឲ្យក្រុងភ្នំពេញមានខណ្ឌសរុបចំនួន១៤។ នៅឯខេត្តកំពង់ធំ រដ្ឋាភិបាលក៏បង្កើតឲ្យមានស្រុកមួយថ្មីឈ្មោះ ស្រុកតាំងគោក ធ្វើឲ្យខេត្តនេះមានស្រុកសរុបចំនួន៨ និងក្រុងមួយ គឺក្រុងស្ទឹងសែន ហើយក៏មានការបង្កើតស្រុកមួយថ្មីទៀតផងដែរនៅខេត្តពោធិ៍សាត់ គឺស្រុកតាលោសែនជ័យ ធ្វើឲ្យខេត្តនេះ មានស្រុកសរុបចំនួន៦ និងក្រុងមួយ គឺក្រុងពោធិ៍សាត់។
ថ្មីៗនេះ លោកហ៊ុន សែនក៏បានចេញអនុក្រិត្យកាត់ឃុំចំនួនបួន ពីស្រុកស្អាង គឺឃុំស្វាយរលំ ឃុំកោះអន្លង់ចិន ឃុំសិត្បូ ឃុំរកាខ្ពស់ និងដីមួយផ្នែកនៃស្រុកកណ្តាលស្ទឹងមកឲ្យក្រុងតាខ្មៅ។ ឃុំទាំងនោះ នឹងប្តូរទៅជាសង្កាត់ គឺ ឃុំស្វាយរលំ ទៅជាសង្កាត់ស្វាយរលំ ឃុំកោះអន្លង់ចិន ទៅជាសង្កាត់កោះអន្លង់ចិន ឃុំសិត្បូ ទៅជាសង្កាត់សិត្បូ និងឃុំរកាខ្ពស់ ទៅជាសង្កាត់រកាខ្ពស់៕