លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានដាក់បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យដោះស្រាយបញ្ហាដីធ្លីកំពុងមានទំនាស់នៅកោះរ៉ុង ដោយភ្ជាប់ការព្រមានដល់អ្នកមានអំណាច និងមានលុយដែលនៅពីក្រោយទំនាស់ដីនៅកោះរ៉ុងនេះ ឲ្យដកខ្លួនចេញជាបន្ទាន់។
លោកនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ៥ថ្មីមួយ លើកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាកម្មសិទ្ធិរបស់លោក គិត ម៉េង ឧកញ៉ាកាន់កាប់ជំនួញធំៗយ៉ាងច្រើននៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា វិវាទដីធ្លីនៅកោះរ៉ុង ដែលជាកោះពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ កើតឡើងដោយសារអ្នកដែលទន្ទ្រានយកដី ភាគច្រើនជាអ្នកមានអំណាចរស់នៅរាជធានីភ្នំពេញ ឬកន្លែងផ្សង ក្រៅពីកោះរ៉ុង។
លោក ហ៊ុន សែន ក៏បានបញ្ជាលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ឲ្យដោះស្រាយវិវាទដីធ្លីលើកោះរ៉ុងទាំងមូល តាមរយៈការពិនិត្យមើល និងកំណត់អត្តសញ្ញាណអ្នកដែលកាន់កាប់ដីពិតប្រាកដ។
លោកមានប្រសាសន៍ថា៖
«ចំណុចនេះខ្ញុំសូមឲ្យមានដំណោះស្រាយមួយសមស្រប សម្រាប់ការដោះស្រាយប្រជាជននៅលើកោះដែលមាន៥៨៤ក្បាលដី ឥឡូវត្រូវបំព្រួញវាកុំឲ្យប្រជាពលរដ្ឋរង់ចាំ។ ឯកឧត្ដម ជា សុផារ៉ា ត្រូវពិនិត្យថាក្នុង៥៨៤ក្បាលដីនេះ អ្នកណាដែលគ្មានការពាក់ព័ន្ធ គឺយើងចេញទៅ [ប័ណ្ណកម្មសិទ្ធិ] ដើម្បីកាត់បន្ថយចំនួនវាឲ្យនៅកាន់តែតិច ហើយអ្នកដែលតិចដោះស្រាយមិនបាន យើងត្រូវយកដីផ្សេងជូនពួកគាត់ ដែលនេះជាដំណោះស្រាយឈ្នះឈ្នះ សម្រាប់ប្រជាពលរដ្ឋរបស់យើងអាចរស់នៅលើកោះនេះបាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា អនុក្រឹត្យដែលលោកបានចេញឲ្យដោះស្រាយវិវាទដីធ្លីនៅកោះរ៉ុងកន្លងមក មានចំនួន១,២២១ ក្បាលដី ក្នុងនោះរដ្ឋាភិបាលបានប្រគល់ ៦៣៧ក្បាលដី ដែលមានទំហំ ៥២,៥៣៧ ហិកតា ឲ្យទៅប្រជាជន ២០៤ គ្រួសារ ដែលរស់នៅអចិន្ត្រៃយ៍នៅលើកោះនោះ។ ចំណែកក្បាលដីចំនួន៥៨៤ទៀត កំពុងមានវិវាទ និងបន្តពិនិត្យអត្តសញ្ញាណ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានឲ្យអ្នកមានលុយ មានអំណាចដែលពាក់ព័ន្ធនឹងវិវាទដីធ្លីនៅកោះរ៉ុង ត្រូវដកខ្លួនចេញពីវិវាទដីធ្លីនេះ ព្រមទាំងបានព្រមានដកអភិបាលខេត្តចេញពីតំណែង ប្រសិនបើមានភាពអសកម្មក្នុងការអនុវត្តការងាររបស់ខ្លួន។
អ្នកស្រី ជាប សុធារី មន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថា ទំនាស់ដីធ្លីលើកោះរ៉ុង ចាប់ផ្ដើមមានជាច្រើនឆ្នាំមកហើយបន្ទាប់ពីកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្ដើមទៅកម្សាន្តនៅទីនោះច្រើន។
អ្នកស្រីបន្ថែមថា ការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ឲ្យដោះស្រាយវិវាទដីធ្លីលើកោះដែលមានប្រជាប្រិយភាពមួយនេះ នឹងទទួលបានប្រសិទ្ធភាព ប្រសិនបើមន្ត្រីដែលជាអ្នកដោះស្រាយមិននិយមបក្សពួក។
អ្នកស្រីមានប្រសាសន៍ថា៖
«បើសិនជាអ្នកដោះស្រាយហ្នឹងមានជំហរឯករាជ្យ ហើយគាត់មុននឹងធ្វើការសម្រេចយ៉ាងណា គឺគាត់ចុះទៅប្រមូលព័ត៌មាន ផ្ដល់ឱកាសឲ្យគេទាំងសងខាងមានសិទ្ធិស្មើគ្នាក្នុងការដាក់ភស្តុតាង ក្នុងការថ្លែងអំពីប្រវត្តិនៃការកាន់កាប់ដីរបស់គាត់ ដោយវិធីមួយយើងថា ឈ្នះៗទាំងអស់គ្នា ដោយការចែករំលែកផលប្រយោជន៍គ្នាទៅវិញទៅមក អាហ្នឹងបាន អត់អីទេ។ប៉ុន្តែ បើការដោះស្រាយហ្នឹងរបៀបនិយមបក្សពួក ឬក៏បុគ្គលអីហ្នឹង អាហ្នឹងមុខតែប្រជាពលរដ្ឋហ្នឹង មិនអាចទទួលយកបានទេ»។
ការបញ្ជាឲ្យដោះស្រាយវិវាទដីធ្លីនៅលើកោះរ៉ុងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងទៅ បានក្រើនរំឭកមន្ត្រីក្រោមឱវាទជាច្រើនដង ដោយព្រមានដកមន្ត្រីអសកម្មចេញពីជួររដ្ឋាភិបាល ដើម្បីកុំឲ្យអ្នកទាំងនោះបង្កបញ្ហាមួយ ដែលលោកហៅថាជាដំបៅមហារីក ខណៈការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កាន់តែខិតជិតមកដល់៕