ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ត្រូវ​បាន​បង្កើត ​គ្រា​មាន​ក្តីបារម្ភ​ពី​ការ​ទន្ទ្រាន​ដើម្បី​ប្រយោជន៍​បុគ្គល


រូបឯកសារ៖ ទូក​ដែល​មាន​ទង់​ជាតិ​កម្ពុជា​​​បើក​ក្នុង​ឈូង​សមុទ្រ​ថៃ​នៅ​ជិត​​ក្រុង​ព្រះសីហនុ។

កាល​ពី​សប្តាហ៍​មុន​ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ «ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង» ​ដែល​មាន​ផ្ទៃដី ​និង​ផ្ទៃ​ទឹក​សរុប​៥២៤៤៨​ហិកតា។ មន្ត្រី​សិទ្ធិ​មនុស្ស​រីករាយ​ចំពោះ​ការ​បង្កើត​ឧទ្យាន​ថ្មី​នេះ​ តែ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ មាន​ផែនការ​ជាក់​លាក់​ក្នុង​ការ​អភិរក្ស ​និង​រារាំង​មិន​ឲ្យ​ឈ្មួញ​ឯកជន​ យក​លេស​អាជីវកម្ម​មក​បំបែក​ដី​ឧទ្យាន​សមុទ្រ​នេះ​ យក​ទៅ​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ជា​ជាង​ប្រយោជន៍​សាធារណជន​ទូទៅ។

រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​សម្រេច​បង្កើត​ឧទ្យាន​ជាតិ​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ឈ្មោះ​ថា​«ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង»​ ដែល​មាន​ផ្ទៃដី​៥៣១១​ហិកតា និង​ផ្ទៃ​សមុទ្រ​ទំហំ​៤៧១៣៧​ហិកតា​ ដើម្បី​ការ​ពារ​ប្រព័ន្ធ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់។ ​នេះ​បើ​យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​ VOA ទទួល​បានកាលពីពេល​ថ្មីៗនេះ។​

ឧទ្យានជាតិ​សមុទ្រ​កោះរ៉ុង​មាន​ផ្ទៃ​សរុប​ ៥២​ ៤៤៨​ហិកតា​ និង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះ​សីហនុ​ និង​ខេត្ត​កោះកុង។​ ឧទ្យាន​ជាតិ​នេះ​ នឹងគ្រប​ដណ្តប់​លើ​កោះ​ជាច្រើន​ រួមមាន​ កោះរ៉ុង កោះរ៉ុង​សន្លឹម​ កោះ​តូច​ កោះ​តាទៀម ​កោះ​ម្នាស់ក្រៅ​ កោះ​ម្នាស់​ក្នុង​ និង​សមុទ្រ​ជុំវិញ។ ​ឧទ្យាន​សមុទ្រ​ដដែល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ទៅ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​លោក​ សាយ សំអាល់។​

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ព្រះសីហនុ​ សាទរ​ចំពោះ​ការ​បង្កើត​ឧទ្យាន​សមុទ្រ​នេះ​ តែ​ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​កំណត់​ខណ្ឌ​សីមា​ឲ្យ​បាន​ច្បាស់​លាស់​ ថែ​រក្សាឧទ្យាន​នេះ​ឲ្យ​ស្ថិត​នៅជា​សម្បតិ្ត​របស់​រដ្ឋ​សម្រាប់​ការ​កម្សាន្ត​របស់​ភ្ញៀវ​មក​ពី​គ្រប់​មជ្ឈដ្ឋាន ​និង​ការពារ​ពី​ការ​ចូល​ទន្ទ្រាន​យក​ដី ​ឬ​បញ្ចៀស​វិវាទ​ដីធ្លី​ ដែល​អាច​នឹង​កើត​ឡើង​នៅថ្ងៃ​ខាង​មុខ។​

អនុក្រឹត្យ​ស្តី​ពី​ការ​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុងនេះ​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ បាន​បញ្ជាក់​ថា​ អនុក្រឹត្យ​នៃ​ការ​បង្កើត​ឧទ្យាន​នេះ​មាន​គោល​បំណង៖​ «ធានា​ការ​ថែរក្សា​ និង​ការ​ពារ​សោភ័ណភាព​ធម្មជាតិ​ វប្បធម៌​ ប្រព័ន្ធ​អេកូឡូស៊ី​ និង​ជីវៈ​ចម្រុះ​លើ​កោះ​ និង​បរិវេណ​សមុទ្រ​ជុំវិញ ​ផ្តល់​ផលិតផល​ និង​សេវា​កម្ម​ធម្មជាតិ​ សម្រាប់​ការ​ប្រើ​ប្រាស់​ប្រកប​ដោយ​និរន្តភាព​ រក្សា​លំនឹង​បរិស្ថាន​ ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ និង​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ លើក​កម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ​ក៏ដូច​ជា​សាធារណជន​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​គ្រប់​គ្រង​ ការ​ការពារ​ និង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់»។​

អនុក្រឹត្យ​ដដែល​របស់​លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​បន្ថែម​ថា​ ផ្ទៃ​ដី​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ​ «មិន​បញ្ចូល​ដី​កម្មសិទ្ធិឯកជន​ និងដី​ប្រើ​ប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ទេ»។​

លោក​ ហ៊ុន សែន ​ក៏បាន​ដាក់​បញ្ជា​ឲ្យ​ក្រសួង​បរិស្ថាន​ «ត្រូវ​កំណត់​ និង​បែង​ចែក​ដើម្បី​ការ​កាត់​ឆ្វៀល​ផ្ទៃ​ដី​វិនិ​យោគ​ ដី​លំនៅដ្ឋាន​ ដីស្រែ-ចម្ការ​ និង​ដី​អាស្រ័យ​ផល​ជាក់​ស្តែង​របស់​ប្រជា​ពលរដ្ឋ​ នៅ​លើ​កោះនានា​នៃ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ​ដោយ​អនុលោម​តាម​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ»។​

អ្នកស្រី ​ជាប សុធារី​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្តព្រះ​សីហនុ​ សម្តែង​ក្តី​រីករាយ​ចំពោះ​ការ​ចេញ​អនុក្រឹត្យ​នេះ។ ​យ៉ាងណាមិញ​ អ្នកស្រី​បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​រៀប​ចំផែនការ​អភិរក្ស​ លើក​ស្លាក​សញ្ញា​បញ្ជាក់​ពី​ទីតាំង​ឧទ្យាន​ និង​បោះ​បង្គោល​កំណត់​ព្រំប្រទល់​នៃ​ផ្ទៃ​ដី​ដែល​មាន​ក្នុង​ឧទ្យាន ​និង​ប្រឆាំង​សកម្ម​ភាព​ទន្ទ្រាន​យក​ដី​កាន់​កាប់​ ឬធ្វើ​អាជីវកម្ម។​

«ដូច​ខ្ញុំ​និយាយ​អីចឹង​ បើ​យើង​មើល​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ គឺល្អ​ បើសិនជា​យើង​ធ្វើ​បាន។ ​អីចឹង​ខ្លឹមសារ​នៅ​លើ​អនុក្រឹត្យ​នេះ​ វាគ្រាន់តែ​ជា​លាយ​លក្ខណ៍​អក្សរ​ ប៉ុន្តែ​សំខាន់​គឺយក​ខ្លឹមសារ​ទៅ​អនុវត្ត​ជាក់​ស្តែង។ ​យើង​បង្កើត​ស្អី​ខ្លះ​ យុទ្ធសាស្ត្រ​របស់​យើង​ ធ្វើ​យ៉ាង​ម៉េច​ ដើម្បី​អាច​ការ​ពារផ្ទៃ​ដី ​ជាង​៥០០០​ហិកតា​ហ្នឹង​ឲ្យ​បាន​គង់វង្ស​ កុំ​ឲ្យ​មាន​ជន​ឆ្លៀត​ឱកាស​ ​ហើយ​រដ្ឋាភិបាល​ខ្លួន​ឯង​ហ្នឹង​ កាលណា​លោក​បង្កើត​អីចឹង​ហើយ​ លោក​ក៏មិនត្រូវ​ កាត់​ឆ្វៀល ​ឬក៏​ផ្តល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អ្នក​វិនិយោគ​ណា​ដែល​ ដែល​ចូល​ទៅ​ធ្វើ​ស្អីមួយ​នៅក្នុង​តំបន់​ដែល​យើង​អភិរក្ស»។​

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​មាន​ភាពហ្មត់​ចត់​ក្នុងការ​កំណត់​តំបន់​អភិរក្ស​ ដើម្បី​បញ្ចៀស​ការ​ប្រព្រឹត្ត​កំហុស​ដដែលៗ​ច្រើន​ដង​ ដូច​អ្វីដែល​ធ្លាប់​បាន​កើត​ឡើង​ នៅ​តំបន់​ការពារ​ក្បាល​ឆាយ ​និង​តំបន់​បឹង​ព្រែក​ទំនប់​ក្នុង​ក្រុង​ព្រះ​សីហនុ​ជាដើម។​

«នៅ​ខេត្ត​ព្រះ​សីហនុ​មាន​តំបន់​ក្បាល​ឆាយ​ តំបន់​ហ្នឹង​ត្រូវបាន​គេ​អភិរក្ស​ការពារ​ដែរ​ ប៉ុន្តែ​ក្រោយ​មក​អាហ្នឹង​មាន​តំបន់​អភិរក្ស​ការពារ​ថា​ តំបន់​ទឹក​ស្អាត​ក្បាល​ឆាយតាម​អនុក្រិត្យ​លេខ​៧៦​ ប៉ុន្តែ​រហូត​ដល់បច្ចុប្បន្ន​ តំបន់​ក្បាលឆាយ​ហ្នឹង​អាលាយ​អាលួស​អស់​ហើយ។ ​ហើយ​អី​ទៀត?​ តំបន់​ដី​បឹង​ព្រែក​ទប់។ ​តំបន់​ដី​បឹង​ព្រែក​ទប់​នេះ​ត្រូវ​បាន​គេ​ចង់​និយាយ​ថា​ រដ្ឋាភិបាល​កាល​មុន​មក​អត់​ទាន់​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ថា ​អាជ្ញាធរ​ខេត្ត​ហ្នឹង​បាន​ដឹង​ថា​ ដី​តំបន់​បឹងព្រែក​ទប់​នេះ​ គឺ​ទុក​សម្រាប់​ថែរក្សា​ទឹក​ស្អាត​ផ្គត់​ផ្គង់​នៅ​ខេត្ត​ព្រះ​សីហនុ​ ពី​មុន​មាន​ជាង​៨០​ហិកតា​ ហើយ​មុន​ហ្នឹង​ទៀត​ ជាង​១០០​ហិកតា​ ប៉ុន្តែ​វា​អស់​ អស់​មក​នៅ​ត្រឹម​ជាង​៨០​ហិកតា។​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ នៅ​សល់​១៦​ហិកតា​ គឺ​អស់​ដោយសារ​ការ​រុករាន​ ការ​ទន្ទ្រាន​ហ្នឹង​ឯង​ ចង់​និយាយ​អីចឹង»។​

លោក​ យន្ត មីន ​អភិបាល​ខេត្ត​ព្រះ​សីហនុ​ ​សុំមិន​ធ្វើការ​អធិប្បាយ។ ​VOA ក៏​មិន​ទាន់​សុំការ​អធិប្បាយ​ពី​លោក​ សៅ សុភាព​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ ហើយ​ក៏​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះ​សីហនុ​បាន​ដែរ​ កាលពី​ថ្ងៃ​សៅរ៍។​

អ្នកស្រី​ជាប សុធារី​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​បញ្ជាក់​បន្ថែម​ថា​ ផ្នែក​ខ្លះនៃ​ដីតំបន់​ឧទ្យាន​សមុទ្រ​កោះរ៉ុង​ ធ្លាប់​មាន​វិវាទ ​នៅ​ពេល​មាន​ការ​ផ្តល់​ដី​សម្បទានលក្ខណៈ​ទេសចរណ៍​ទៅ​ឲ្យលោក​ គិត​ ម៉េង​ ម្ចាស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប។ ​តែ​ក្រោយ​មក​ ជម្លោះនេះ​ ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ ដោយ​មាន​ការ​ចេញ​បណ្ណកម្ម​សិទ្ធិ​ដីធ្លី។​

អ្នកស្រី​បន្តថា ​នៅ​មុន​ពេល​មិន​មាន​ការ​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះ​រ៉ុង​នេះ ​ មានប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​ចូល​ទៅ​រស់​នៅ​ និង​កាន់​កាប់​ដីក្នុង​តំបន់​កោះរ៉ុង។​ អ្នករស់​នៅ​លើ​កោះរ៉ុង កាន់​កាប់​ដីនៅ​ទីនោះ ​មាន​លក្ខណៈ​ចម្រុះ​ រាប់​ពី​ប្រជា​ពល​រដ្ឋ​រស់​នៅ​យូរ​មក​ហើយ​ក្នុង​តំបន់​នោះ​ អ្នក​ចំណាក​ស្រុក ​មន្ត្រី​រាជការ ​និង​កម្លាំង​ប្រដាប់​អាវុធ។​

យ៉ាង​ណាក្តី​ ទំនាស់​ដីធ្លី​ទំនង​ជា​នឹង​មិន​កើត​មាន​ឡើង​នោះទេ​ សម្រាប់​តំបន់​កោះ​រ៉ុង​សន្លឹម​ ដែល​ជា​សង្កាត់​មួយ​បំបែក​ចេញ​ពី​សង្កាត់​កោះរ៉ុង​កាលពី​ឆ្នាំ​២០១៦។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​គ្រប់គ្រង​រដ្ឋបាល​នៅ​កោះរ៉ុង​សន្លឹម។

លោក​ ឈឺន ចន្ថា​ ចៅសង្កាត់​កោះរ៉ុងសន្លឹម​ ​ក្រុង​ព្រះសីហនុ ​បាន​ប្រាប់​ VOA ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​នៅ​ក្នុង​តំបន់​ ពាក់ព័ន្ធ​នឹង​កម្ម​សិទ្ធិ​ដី​ធ្លី​ ហើយ​ក៏​បាន​រៀប​ផែន​ការ​កំណត់​ខណ្ឌ​សីមា​នៃ​តំបន់​ឧទ្យាន​ជាតិ​នេះ​ផង​ដែរ។​

«រដ្ឋាភិបាល​គាត់​បាន​សិក្សា​អស់​ហើយ​ អស់​ហើយ​ការ​កំណត់​ទីតាំង​ ព្រំ​ប្រទល់​ ព្រំដែន​ខណ្ឌ​សីមា​នៃ​ការ​អភិរក្ស។​ ឧទ្យាន​ជាតិ​នេះ​ ទុក​នេះ​គឺគាត់​បាន​សិក្សា​ហើយ​ ហើយ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ បោះ​អី​ហ្នឹង​ គឺ​គាត់​បានគិតទុក​មុន​ហើយ។ ​គាត់​បាន​ផ្សព្វផ្សាយ​ហើយ​ ហើយ​ក្នុង​នាម​ជា​អាជ្ញាធរ​ ដល់​ពេល​ឃើញ​ថ្នាក់​ដឹកនាំ​គាត់​បាន​គិត​គូរ​អីចឹង​ ខ្ញុំ​ក៏​ត្រេកអរ​ ហើយ​ខ្ញុំ​ក៏​ចូលរួម​សហការ​ និង​ផ្សព្វផ្សាយ​ ​ហើយ​ក៏​ណែនាំ​ ពាក់​ព័ន្ធ​ប្រជា​ពលរដ្ឋ​ខ្ញុំ​នៅ​សង្កាត់​កោះរ៉ុង​សន្លឹម​ហ្នឹង​ ​ឲ្យ​គាត់​ចូលរួម​ ហើយ​និង​ឲ្យ​គាត់​ជ្រួត​ជ្រាប​យល់​ដឹង​ ពីផល​ប៉ះពាល់​នៃការ​អភិរក្ស​ហ្នឹង​ដើម្បី​ឲ្យគាត់​យល់​ពី​ច្បាប់»។​

លោក​អះអាង​ថា ​ការ​បង្កើត​«ឧទ្យានជាតិ​សមុទ្រ​កោះរ៉ុង» ​ជា​ផ្នែក​មួយ​នៃ​ចក្ខុ​វិស័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​កិច្ច​អភិរក្ស​ធនធាន​នៅ​ក្រោម​សមុទ្រ​ ដែល​ធ្លាប់​រងការ​ទន្ទ្រាន​ពី​ការ​នេសាទ​ខុស​ច្បាប់។​ លោក​ជឿថា​ កិច្ច​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​សមុទ្រ ដូច​ជា​ជីវៈចម្រុះ​ និង​ផ្កាថ្ម​នឹង​ធ្វើ​ឲ្យ​ឧទ្យាន​ជាតិ​ថ្មី​នេះ​ ក្លាយ​ជា​ទីតាំង​កាន់​តែ​ទាក់​ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​ទិសទី​ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​តំបន់​នេះ។​

ខេត្ត​ព្រះសហីនុ​ គឺ​ជា​ទី​កន្លែងទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា។ ​ភ្ញៀវទេស​ចរ​ចិន ​និង​អ្នក​ជំនួញ​ ក៏​បាន​មក​ទស្សនា ​និង​បើក​ការ​រក​ស៊ី​នៅ​ក្នុង​ខេត្ត​នេះ​ក្នុង​ចំនួន​ដ៏ច្រើន​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​បានបង្ក​ឲ្យ​មានក្តី​បារម្ភ​ដល់​ខ្មែរ​ម្ចាស់​ស្រុក​ ដែល​កំពុង​រស់​នៅ​ និង​បើក​អាជីវកម្ម​នៅ​ខេត្ត​ ដែលស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​មួយ​នេះ៕

XS
SM
MD
LG