ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កាត់ដី​ជាង​៥០០​ហិកតា​ជូន​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ


រូបឯកសារ៖ ភ្ញៀវ​ទេសចរ​កំសាន្ត​នៅ​លើ​ឆ្នេរ​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

យោងតាម​អនុក្រិត្យ​របស់​លោក​ ​ហ៊ុន សែន​ ​ចុះថ្ងៃទី​ ៤ ខែ​មេសា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បន្ទាប់ពីកា​រ​កាត់​ដីចេញ​ពីដី​ឯកជន​របស់រដ្ឋ​ក្នុង​ទំហំ​ខាងលើ​នេះ​ រដ្ឋាភិបាល​ធ្វើ​ប្រទានកម្ម​ជាកម្មសិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ​ជាច្រើន​គ្រួសារ​ ក៏ដូច​ជាប៉ុស្តិ៍​រដ្ឋបាល​និង​អង្គភាព​កងរាជអាវុធហត្ថ។

លោក​ ​ហ៊ុន សែន​ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​បាន​ចេញ​អនុក្រិត្យ​ថ្មីមួយ​ទៀត ​នា​ពេល​ថ្មីៗ​នេះ​ សម្រច​កាត់​ដីទំហំ​ ៥២៨,៣៧​ ហិកតា​ នៅសង្កាត់​កោះរ៉ុង​ និង​សង្កាត់​កោះរ៉ុង​សន្លឹម​ នៃ​ខេត្តព្រះសីហនុ​ ចេញ​ពី​ដី​ឯកជន​របស់​រដ្ឋ​ហើយ​ប្រគល់​ទៅ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​និងពលរដ្ឋ​ប្រើប្រាស់​វិញ។​ នេះបើតាម​អនុក្រិត្យ​ដែល​VOA ​បាន​ទទួល​កាល​ពី​សប្តាហ៍​មុន​នេះ។​

ការ​កាត់​ដី​នៅ​សង្កាត់​ទាំងពីរ​នេះ​ បាន​ធ្វើឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​សម្រេច​បង្កើត​ឧទ្យាន​ជាតិ​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ឈ្មោះ​ថា​ «ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង»​ ​ដែល​មាន​ផ្ទៃដី​៥.៣១១​ហិកតា​ ​និង​ផ្ទៃ​សមុទ្រ​ទំហំ​៤៧១៣៧​ហិកតា​ ដើម្បី​ការ​ពារ​ប្រព័ន្ធ​បរិស្ថាន​ ​និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់។​

យោងតាម​អនុក្រិត្យ​របស់​លោក​ ​ហ៊ុន សែន​ ​ចុះថ្ងៃទី​ ៤ ខែ​មេសា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បន្ទាប់ពីកា​រ​កាត់​ដីចេញ​ពីដី​ឯកជន​របស់រដ្ឋ​ក្នុង​ទំហំ​ខាងលើ​នេះ​ រដ្ឋាភិបាល​ធ្វើ​ប្រទានកម្ម​ជាកម្មសិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ​ជាច្រើន​គ្រួសារ​ ក៏ដូច​ជាប៉ុស្តិ៍​រដ្ឋបាល​និង​អង្គភាព​កងរាជអាវុធហត្ថ។ ​

អនុក្រិត្យ​នេះ​បាន​បន្ថែម​ថា៖​

«ប្រទាន​កម្ម​ជា​កម្មសិទ្ធិ​ជូនប្រជា​ពល​រដ្ឋ​ចំនួន​ ២៩៨​គ្រួសារ​ ដែល​រស់​នៅ​អចិន្ត្រៃយ៍លើ​កោះរ៉ុង​ និងទំហំ​ ​១២,១៣​ហិកតា​ ស្មើនឹង​ ១២​ក្បាលដី​ សម្រាប់​សាលារៀន​ចំនួន​ ៦​ក្បាលដី ប៉ុស្តិ៍​រដ្ឋបាល​ ២ក្បាលដី​ សាលាឃុំ​១ក្បាលដី​ ទីស្នាក់​ការ​ភូមិ ​១ក្បាលដី​ អង្គភាព​កងរាជអាវុធ​ហត្ថ​ ១ក្បាលដី​ ​និង​វត្តក្បាលដី​ ស្ថិត​នៅសង្កាត់​កោះរ៉ុង​ និង​សង្កាត់​កោះរ៉ុង​សន្លឹម»។​

ទីតាំង​នៃ​ក្បាល​ដីទាំង​នោះ​ ​គឺស្ថិត​នៅ​ភូមិដើមថ្កូវ​ ភូមិព្រែក​ស្វាយ​ ភូមិ​សុខសាន្ត​ និង​ភូមិកោះតូច។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ​យន្ត មីន​ ​អភិបាល​ខេត្ត​ព្រះសីហនុ​ តែ​លោក​ថា​ ​លោក​ស្ថិត​នៅ​ប្រទេស​ចិន។​

«​បាទ ខ្ញុំ​នៅស្រុក​ចិន​ ទូរស័ព្ទ​ពិបាក​និយាយ​គ្នា​ណ៎ា‌!​ ស្តាប់​អត់ឮ​ច្បាស់​ផង ដឹងស្អី​ជា​ ស្អី​»។​

លោក​ ​ឈឺន ចន្ថា ចៅសង្កាត់​កោះរ៉ុងសន្លឹម​ ​ក្រុង​ព្រះសីហនុ ​បាន​ប្រាប់​ ​VOA​ ​ថា​ ​ការ​កាត់​ដី​ជាង​ ៥០០​ហិកតា​ ជូន​ប្រជាពល​រដ្ឋ​នេះ​ ជាកិច្ច​ការ​ត្រឹមត្រូវ​មួយ​របស់​រដ្ឋាភិបាល​ ដែលតែងតែបាន​គិត​គូរ​ដល់​សុខទុក្ខ​របស់​ប្រជា​ពល​រដ្ឋ។​ ​លោក​បាន​សាទរ​ចំពោះ​ការឆ្វៀលដី​ចេញ​ដី​ឧស្យានជាតិ​នេះ​ ទោះ​បីជា​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ប្រជាពល​រដ្ឋ​ដែល​កំពុង​កាន់​កាប់ដីអាស្រ័យ​ផលនៅ​ក្នុងកោះរ៉ុង​សន្លឹម។​

លោក​មានប្រសាសន៍​ថា៖​

«ក្នុងនាម​ខ្ញុំ​អាជ្ញាធរ​សង្កាត់​កោះរ៉ុងសន្លឹម​ ខ្ញុំ​សូម​សំណូមពរឲ្យ​ក្រសួង​ ពាក់​ព័ន្ធ​ហើយ​ជាពិសេស​រដ្ឋាភិបាល​ហ្នឹង ​សូម​ឲ្យមេត្តា​ជួយ​ជំរុញ និង​កាត់​ឆ្វៀល​ជូនប្រជាពលរដ្ឋ​បន្តទៀត​ដែល​នៅ​សេស​សល់​ ដើម្បី​ឲ្យបាន​គ្រប់​ៗ​គ្នា​ ព្រោះខ្លះ​ដីគាត់​ត្រូវបាន​វាស់​ហើយ​ ដូចជា​បួនគ្រួសារ​ដែល​គាត់​ហ្នឹងអត់​បាន​វាស់​ហើយ​ គាត់​នៅលើ​ឆ្នេរដល់​ចឹង​គាត់​មាន​ដី​ស្នាក់​នៅ​។ ហើយ​ទីពីរ​ទៀត​ ខ្លះ​គាត់​នៅ​លើ​អូរ​ ខ្លះ​គាត់​នៅលើ​ព្រែក​អីចឹង​ទៅ​ ហើយ​ខ្លះ​គាត់​នៅ​ក្នុង​ទឹក​នៅ​លើ​ផែ​ ចឹង​មិន​ត្រូវបាន​វាស់​វែង​ទេ​ ទីតាំង​របស់​គាត់​បាទ​។ ហើយមួយចំនួន​ទៀត​ ដីគាត់​ គាត់​មានពីរបី​កន្លែង​ចឹង​ទៅ​ អាហ្នឹង​ធ្វើម៉េច​ របស់​គាត់​កាន់កាប់​អាស្រ័យ​ផល ហើយគាត់​មិន​ទៅ​នេះ​ណ៎ា»។

លោក​បាន​ពន្យល់ថា​ ការកាត់ដី​ជាង​ ​៥០០​ហិកតា​ ចេញពី​ដីឯកជន​របស់​រដ្ឋ​នេះ​ ​គឺ​ទីមួយ​ដោយ​សារ​ ដីប៉ះពាល់​ឧស្យានជាតិ​ ទីពីរ​គឺមាន​ដីរបស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ (Royal Group)​នៅទីនោះ​ ​ហើយ​ទីបីមាន​ដីពលរដ្ឋកាន់​កាប់​អាស្រ័យ​ផល​នៅ​ទីនោះផង​ដែរ។​ ​លោកថា​ ការកាត់ឆ្វៀល​ដីថ្មីៗនេះ​ ​គឺ​ជា​ដំណាក់​កាល​ទីមួយ​ ដោយ​ក្រសួង​ពាក់​ព័ន្ធ​ និង​រដ្ឋាភិបាល​ អាច​នឹង​ប​ន្ត​គិត​គូរ​ទៅមុខ​ទៀត​ ដោយ​ផ្អែក​លើ​ស្ថា​នភាព​ជាក់​ស្តែង។​

អ្នកស្រី​ជាប សុធារី​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រចាំ​ខេត្តព្រះ​សីហនុ​ ថ្លែងប្រាប់​ VOA នៅគ្រារដ្ឋាភិបាល​ប្រកាស​បង្កើត​ឧទ្យានជាតិ​សមុទ្រកោះរ៉ុងថា​ ​រដ្ឋាភិបាល​ត្រូវ​មាន​ភាពហ្មត់​ចត់​ក្នុងការ​កំណត់​តំបន់​អភិរក្ស​ ដើម្បី​បញ្ចៀស​ការ​ប្រព្រឹត្តិ​កំហុស​ដដែលៗ​ច្រើន​ដង​ ដូច​អ្វីដែល​ធ្លាប់​បាន​កើត​ឡើង​ នៅ​តំបន់​ការពារ​ក្បាល​ឆាយ ​និង​តំបន់​បឹង​ព្រែក​ទំនប់​ក្នុង​ក្រុង​ព្រះ​សីហនុ​ជាដើម។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ​ បាន​បញ្ជាក់​បន្ថែម​ថា​ ផ្នែក​ខ្លះនៃ​ដីតំបន់​ឧទ្យាន​សមុទ្រ​កោះរ៉ុង​ ធ្លាប់​មាន​វិវាទ ​នៅ​ពេល​មាន​ការ​ផ្តល់​ដី​សម្បទានលក្ខណៈ​ទេសចរណ៍​ទៅ​ឲ្យ​លោក​ ​គិត ម៉េង​ ​ម្ចាស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប។ ​តែ​ក្រោយ​មក​ ជម្លោះនេះ​ ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ ​ដោយ​មាន​ការ​ចេញ​បណ្ណកម្ម​សិទ្ធិ​ដីធ្លី។

អ្នកស្រី​បន្តថា​ ​នៅ​មុន​ពេល​មិន​មាន​ការ​បង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះ​រ៉ុង​នេះ​ ​មានប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​ចូល​ទៅ​រស់​នៅ​ ​និង​កាន់​កាប់​ដីក្នុង​តំបន់​កោះរ៉ុង។​ ​អ្នករស់​នៅ​លើ​កោះរ៉ុង​ ​កាន់​កាប់​ដីនៅ​ទីនោះ ​មាន​លក្ខណៈ​ចម្រុះ​ រាប់​ពី​ប្រជា​ពល​រដ្ឋ​រស់​នៅ​យូរ​មក​ហើយ​ក្នុង​តំបន់​នោះ​ អ្នក​ចំណាក​ស្រុក ​មន្ត្រី​រាជការ ​និង​កម្លាំង​ប្រដាប់​អាវុធ។​

VOA​ ​ព្យាយាមសុំការ​អធិប្បាយ​ពីអ្នកស្រី​ ​ជាប សុធារី​ ​ម្តងទៀត​នៅថ្ងៃ​អង្គារនេះ​ តែមិនទាន់​អាច​ទាក់​ទង​អ្នកស្រីបាន​នៅឡើយទេ។​

យោង​តាម​អនុក្រិត្យ​របស់​រដ្ឋាភិបាល​ចុះថ្ងៃ​ទី​៨​ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​ បាន​ឲ្យដឹង​ថា​ ឧទ្យានជាតិ​សមុទ្រ​កោះរ៉ុង​មាន​ផ្ទៃ​សរុប​ ៥២​ ៤៤៨​ហិកតា​ និង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះ​សីហនុ​ និង​ខេត្ត​កោះកុង។​ ឧទ្យាន​ជាតិ​នេះ​ នឹងគ្រប​ដណ្តប់​លើ​កោះ​ជាច្រើន​ រួមមាន​ កោះរ៉ុង កោះរ៉ុង​សន្លឹម​ កោះ​តូច​ កោះ​តាទៀម ​កោះ​ម្នាស់ក្រៅ​ កោះ​ម្នាស់​ក្នុង​ និង​សមុទ្រ​ជុំវិញ។ ​ឧទ្យាន​សមុទ្រ​ដដែល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ទៅ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​លោក​ សាយ សំអាល់។​

ខេត្ត​ព្រះសីហនុ​ ​និង​កោះរ៉ុង​ ​ត្រូវគេ​ដឹង​ថា​ជា​ទី​កន្លែងទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា។​ ​ភ្ញៀវទេស​ចរ​ចិន​ ​និង​អ្នក​ជំនួញ​ ​ត្រូវបាន​គេរាយការណ៍​ថា បាន​មក​ទស្សនា​ ​និង​បើក​ការ​រក​ស៊ី​នៅ​ក្នុង​ខេត្ត​នេះ​ក្នុង​ចំនួន​ដ៏ច្រើន​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ​ដោយ​បានបង្ក​ឲ្យ​មានក្តី​បារម្ភ​ដល់​ខ្មែរ​ម្ចាស់​ស្រុក​ ដែល​កំពុង​រស់​នៅ​ និង​បើក​អាជីវកម្ម​នៅ​ខេត្ត​ ដែលស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​មួយ​នេះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG