របាយការណ៍របស់អ្នកស្រាវជ្រាវអឺរ៉ុបឲ្យដឹងថា ព្រៃឡង់នៅកម្ពុជា បន្តបាត់បង់គួរឲ្យព្រួយបារម្ភ ហើយការកាប់បំផ្លាញមានការកើនឡើងជាង៧០ ភាគរយ ក្នុងឆ្នាំ២០១៩ បើធៀបនឹងឆ្នាំមុនៗ។
របាយការណ៍របស់អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ដែលបានស្រាវជ្រាវអំពីព្រៃឡង់នៅប្រទេសកម្ពុជាឲ្យដឹងថា ការបាត់បង់ព្រៃឡង់ក្នុងឆ្នាំ២០១៩ មានទំហំធំ គឺប្រមាណ៧៥១០ ហិកតា ដែលកើនឡើង៧៣% ប្រៀបធៀបនឹងឆ្នាំ២០១៨។ របាយការណ៍បន្ថែមថា ការកាប់បំផ្លាញព្រៃឈើដ៏ច្រើនបំផុតក្នុងតំបន់ការពារព្រៃឡង់ គឺក្នុងឆ្នាំ២០១៦ ដែលបំផ្លាញរហូតទៅដល់ជាង១១.០០០ហិកតា។
របាយការណ៍នេះបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ព្រៃឡង់បាត់បង់ប្រមាណ៤៧.៤០០ ហិកតា។
ព្រៃឡង់មានផ្ទៃដីប្រមាណ៥០ ម៉ឺនហិកតា ដោយគ្រប់ដណ្តប់ខេត្តចំនួន៤ គឺព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។
របាយការណ៍នេះ ឲ្យដឹងទៀតថា ការបាត់បង់ព្រៃឈើក្នុងប្រទេសកម្ពុជាមានទំហំធំធេងជាងគេបំផុតទី១០ លើសាកលលោក។
លោកស្រី Ida Theilade សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Copenhagen នៃប្រទេសដាណឺម៉ាក បានរៀបរាប់នៅក្នុងរបាយការណ៍នេះថា កម្ពុជា បានបាត់បង់ព្រៃឈើចំនួន២៦ភាគរយ ឬ ស្មើនឹងជាង២ លានហិកតា ចាប់តាំងពីឆ្នាំ២០០០ មក។ កាលពីឆ្នាំមុន កម្ពុជាបានបាត់បង់ព្រៃឈើទំហំ៦៣.០០០ ហិកតា។
អ្នកស្រាវជ្រាវអឺរ៉ុបនេះ ចេញរបាយការណ៍អំពីការបាត់បង់ព្រៃឈើរបស់កម្ពុជា ដោយសង្ឃឹមថា ឯកសារនេះនឹងជួយក្រសួងបរិស្ថាន និងអង្គការដៃគូក្នុងការការពារព្រៃឡង់។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់វីអូអេថា រដ្ឋាភិបាលមិនមានភាពចាំបាច់ក្នុងការឆ្លើយតបនឹងរបាយការណ៍នេះទេ។ ប៉ុន្តែថា រដ្ឋាភិបាលមាន«ការតាំងចិត្តខ្ពស់» ក្នុងការថែរក្សាការពារព្រៃឡង់។
លោកមានប្រសាសន៍ថា៖ «ក្រសួងបរិស្ថានគ្មានភាពចាំបាច់អ្វី ត្រូវឆ្លើយតបនឹងរបាយការណ៍របស់ជនទីបី ដែលមិនស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទៅលើការគ្រប់គ្រង និងអភិរក្សព្រៃឡង់នោះទេ។ យើងខ្ញុំទទួលស្គាល់ថា នៅមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូច ដូចជាការលបលួចកាប់ឈើ ឬ ក៏ការទន្រ្ទានកាន់កាប់ដីធ្លីដោយខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វនៅបន្តកើតមាននៅក្នុងតំបន់ព្រៃឡង់»។
លោកបន្តថា កត្តាជីវភាពរបស់ប្រជាពលរដ្ឋដែលពឹងអាស្រ័យលើផលព្រៃឈើ ការទាក់ទាញ និងញុះញង់របស់ឈ្មួញទុច្ចរិត និងកង្វះមន្រ្តីឧទ្យានុរក្សដើម្បីការពារជាកត្តានាំឲ្យមានបទល្មើសព្រៃឈើបន្តកើតឡើង។
បើតាមលោកនេត្រ ភត្រ្តា ក្រុមការងាររបស់ក្រសួងបរិស្ថាន បានបង្រ្កាបបទល្មើសព្រៃឈើ ចំនួន៣៩៩ ករណី ក្នុងរយៈពេល៤ខែ ឆ្នាំ២០២០ នេះ ក្នុងនោះមានការលួចកាប់ឈើ ការទន្រ្ទានកាន់កាប់ ការបរបាញ់សត្វព្រៃ មានការបញ្ជូនទៅតុលាការចំនួន៣២ ករណី ធ្វើកិច្ចសន្យាអប់រំណែនាំចំនួន៤២ ករណី ដែលមានមនុស្សប្រមាណ១០០ នាក់។
ក្រុមការងារ ក៏បានបំផ្លាញនិងរុះរើរោងអនាធិបតេយ្យនៅព្រៃឡង់ចំនួន៣៤ រោង ដកហូតកាំភ្លើងកែច្នៃបរបាញ់សត្វចំនួន២៩ដើម និងដោះអន្ទាក់ជិត១ពាន់។ នេះបើតាមលោក នេត្រ ភក្ត្រា។
លោកហឿន សុភាព អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ មានប្រសាសន៍ថា ការកាប់បំផ្លាញព្រៃឡង់នៅតែបន្តមាន ទោះក្នុងទំហំដែលមិនអាចប៉ាន់ប្រមាណក៏ដោយ។ លោកបញ្ជាក់ថា សកម្មភាពនេះ មានស្ទើរតែគ្រប់ច្រក ខណៈដែលការល្បាតរបស់បណ្តាញសហគមន៍ព្រៃឡង់ ក៏ត្រូវបានរឹតបន្តឹងផងដែរ។
លោកមានប្រសាសន៍ថា៖ «សកម្មភាពនៃការរឹតត្បិតរបស់បណ្តាញទាំង៤ ខេត្ត បច្ចុប្បន្ននេះឃើញថា រដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថាន កំពុងតែមិនឲ្យខាងក្រុមខ្ញុំចុះល្បាតក្នុងតំបន់ព្រៃឡង់ទេ បន្ថែមទាំងមានការគំរាមកំហែងទៅលើសកម្មជនផ្សេងៗទៀត ដែលយើងធ្លាប់តែចុះ នៅក្នុងបណ្តាញព្រៃឡង់។ ហើយមួយទៀតជាការហាមឃាត់មិនឲ្យចូលក្នុងព្រៃ»។
ចំណែកលោក សុខ ប្លោក តំណាងក្រុមស្នូលព្រៃឡង់ក្នុងខេត្តកំពង់ធំ បានថ្លែងប្រាប់ VOA ថា លោកព្រួយបារម្ភខ្លាចបាត់បង់ព្រៃឡង់ ប្រសិនបើសកម្មភាពកាប់បំផ្លាញនៅតែបន្តបែបនេះ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំហ៊ានឲ្យតម្លៃ ប្រសិនបើនៅដូច្នេះ គឺអត់អាចសល់ទេព្រៃឡង់ទៅមុខទៀត ព្រោះមើលទៅសកម្មភាពនៅ[បន្តកើតមាន]។ ដូចខ្ញុំនិយាយអ៊ីចឹង ខ្ញុំអត់និយាយសរុបទេ ព្រោះព្រៃឡង់មានច្រើនខេត្ត អ៊ីចឹងខ្ញុំសូមនិយាយតែក្នុងទឹកដីខេត្តកំពង់ធំ»។
កាលពីខែកុម្ភៈ អង្គការសមាគមនិងសហគមន៍សរុបជាង១០០ ស្ថាប័ន បានរិះគន់ថា ការហាមឃាត់របស់អាជ្ញាធរក្រសួងបរិស្ថាន ប្រឆាំងនឹងសកម្មភាពរបស់ក្រុមប្រជាពលរដ្ឋការពារព្រៃឡង់ ប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សព្រៃនេះ។
ក្រសួងបរិស្ថានធ្លាប់បានចោទប្រកាន់បណ្តាញសហគមន៍ព្រៃឡង់ថា៖ «បានធ្វើសកម្មភាពដែលមានភាពមិនស្មោះត្រង់ក្នុងកិច្ចសហការ» ក្នុងនោះរួមមាន «ការព្យាយាមចិញ្ចឹមទំនាស់លើបញ្ហាព្រៃឡង់ តាមរយៈការលួចចូលល្បាតដោយអនាធិបតេយ្យ លួចប្រើប្រាស់ Apps ដែលគ្មានការទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច បំភ្លៃទិន្នន័យនៃបទល្មើសធនធានធម្មជាតិ»។ ក្រសួងបរិស្ថានបន្ថែមថា សហគមន៍ព្រៃឡង់ មិនបានចុះបញ្ជីស្របច្បាប់នោះទេ ដូច្នេះក្រសួងបរិស្ថាន ក៏មិនអាចសហការជាមួយបានដែរ៕