ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​ក្រចេះចាប់​ផ្តើម​សួរ​នាំ​សកម្មជន​សិទ្ធិ​មនុស្ស​និង​បរិស្ថាន​៤នាក់


រូបឯកសារ៖​ លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ជ័យ​លាភី​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize ប្រចាំ​ឆ្នាំ​២០១៦ ផ្តល់​បទសម្ភាសន៍ដល់ VOA ក្នុង​បន្ទប់​ផ្សាយ​របស់​ VOA ក្នុង​​រដ្ឋធានី វ៉ាស៊ីនតោន ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ២០១៦។
រូបឯកសារ៖​ លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ជ័យ​លាភី​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize ប្រចាំ​ឆ្នាំ​២០១៦ ផ្តល់​បទសម្ភាសន៍ដល់ VOA ក្នុង​បន្ទប់​ផ្សាយ​របស់​ VOA ក្នុង​​រដ្ឋធានី វ៉ាស៊ីនតោន ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ២០១៦។

សាលា​ដំបូង​ខេត្ត​ក្រចេះ ​បាន​សួរ​នាំ​សកម្មជន​សិទ្ធិ​មនុស្ស​និង​បរិស្ថាន​ចំនួន​៤នាក់ នៅថ្ងៃ​អាទិត្យ​នេះ​ រួមទាំង​លោក​ អ៊ូច ឡេង ​ផងដែរ ​បន្ទាប់ពី​អាជ្ញាធរ​ប៉ូលិស​ស្រុក សំបូរ​បាន​ចាប់​ឃាត់ខ្លួន​ពួកគេ​នៅពេល​ក្រុម​សកម្មជន​ទាំង​នេះ​ បាន​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃ​ឈើ​ខុសច្បាប់​នៅ​តំបន់​ព្រៃឡង់​ប៉ែក​ខាង​កើត​ប្រទេស។​ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​បាន​ឃ្លាំមើល​ដំណើរ​ការចាប់​ខ្លួន​និង​ការ​សួរ​នាំ​របស់​តុលាការ។

លោក ​សឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក ​(ADHOC)​ ដែល​ចុះ​ឃ្លាំ​មើល​រឿង​នេះ​នៅ​តុលាការ ​បាន​ថ្លែង​ប្រាប់​ VOA ​តាម​ទូរសព្ទ​ថា​ តុលាការ​ទើប​បាន​បញ្ចប់ការ​ស៊ើបសួរ​ថ្ងៃ​ដំបូង​នៅ​ព្រលប់​ថ្ងៃ​អាទិត្យ​នេះ​ ទៅលើ​លោក ​អ៊ូច ឡេង ​និង​សកម្មជន​បី​នាក់​ទៀត។

លោក ​សឹង សែនករុណា ថ្លែង​ថា៖ «នីតិវិធី​មួយ​ថ្ងៃនេះ​មាន​ការ​ហៅ​សួរ​ចុះឡើងៗ​រវាង​អ្នក​ទាំង​បួន​ហ្នឹង ​ហើយ​ក្នុង​ការ សាក​សួរ​ចុង​ក្រោយ​គឺ​ទៅ​លើ​រូប​លោក​ អ៊ូច ឡេង​ ដែល​ជា​សកម្មជន​ព្រៃ​ឈើ​ហ្នឹង ហើយ​ត្រូវ​បាន​បិទ​បញ្ចប់​ក្នុង​ម៉ោង​ម្រមាណ​ម៉ោង​៧​និង​៣០នាទី‍»។

លោកថា​ការ​សួរ​នាំនេះ​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃច័ន្ទ​ទី១៦​ មីនា​ទៀត​ ហើយ​សកម្មជន ទាំង​បួន​រូប​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​របស់​ស្នងការ​ប៉ូលិស​ខេត្ត​ក្រចេះ ក្រោយ​ពីការ​សួរនាំ​ដោយ​ព្រះរាជ​អាជ្ញា​យ៉ាងតិច​ពីររូប​និង​ចៅក្រម​ស៊ើប​សួរ​មួយ​រូប​ផង​នោះ។

លោក អ៊ូច ឡេង​(ឆ្វេង) ជួបជាមួយក្រុមអ្នកគាំទ្រនៅខាងក្រៅតុលាការខេត្តក្រចេះនៅថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ ២០២០​(រូបថត សហភាពផ្ទះសាមគ្គី)
លោក អ៊ូច ឡេង​(ឆ្វេង) ជួបជាមួយក្រុមអ្នកគាំទ្រនៅខាងក្រៅតុលាការខេត្តក្រចេះនៅថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ ២០២០​(រូបថត សហភាពផ្ទះសាមគ្គី)

សកម្មជន​ទាំង​បួន​រូប ​មាន​លោក​ អ៊ូច ឡេង​ប្រធាន​អង្គការ ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ មនុស្ស​កម្ពុជា​និង​ជា​ម្ចាស់​ពាន​រង្វាន់​វីរៈជន​បរិស្ថាន​ Goldman ​Environmental ​Prize ឆ្នាំ​២០១៦ និងសកម្មជន​បរិស្ថាន​ ដែល​ជា​សមាជិក​បណ្តាញ​សហគមន៍ព្រៃឡង់​៣រូប​ទៀត​គឺ​លោក ​ខេម សុខឃី​ លោក ​ស្រី ថី ​និង​លោក​ មេន ម៉ាត់ ​ដែល​គេរាយ​ការណ៍​មក​ថា​រងនូវ​អំពើ​ហិង្សា​ពេល​ដែល​ត្រូវ​ឃាត់ខ្លួន​ដោយ​កម្លាំង​សន្តិសុខក្រុមហ៊ុន ​Think​ Biotech ​Com, Ltd ​កាលពី​ថ្ងៃទី​១៣ ​មីនា ​ហើយ​ក្រោយ​មក​ត្រូវ​ឃុំខ្លួន នៅក្នុង​អធិការ​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ ​មុន​ពេល​បញ្ជូន​ទៅកាន់​ស្នងការ​ប៉ូលិស​ខេត្ត។

ទោះជា​មិនទាន់​មាន​ការ​ចោទ​ប្រកាន់​ពី​ព្រះរាជអាជ្ញា​លើ​បទអ្វី​ពិតប្រាកដ​ក៏ពិត​មែន​មក​ទល់នឹង​ថ្ងៃ​អាទិត្យ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ តែ​ទាំង​លោក ​សឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​អាដហុក ​(ADHOC) ​និង ​លោក​ ថេង សាវឿន ​នៃ​សម្ព័ន្ធ​សហគមន៍ កសិករ​កម្ពុជា ​បាន​អះអាង​ស្រដៀង​គ្នាថា ​សកម្មជន​ព្រៃឈើ​និង​សិទ្ធិមនុស្ស ​ទាំង​បួន​រូប​ជា​ពិសេស​លោក​ អ៊ូច ឡេង​គឺ​ត្រូវ​ព្រះរាជ​អាជ្ញា​សួរ​ពាក់​ព័ន្ធ​នឹង​ច្បាប់​ប្រតិ​បត្តិការ អង្គការ​សមាគម​ ហើយនឹង​សួរនាំ​អំពី​បញ្ហា​រឿង​រំលោភ​សិទ្ធិ​លំនៅដ្ឋាន​ឬ​ទីតាំង ឯកជន។

​«បាទ​លោក​អ៊ូច ឡេង ​យើង​បាន​ជួបគាត់​មួយភ្លែត​ដែរ​ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់​គឺ​គាត់​បាន​ប្រាប់​ថា​ព្រះរាជ​អាជ្ញា​ បាន​សួរ​គាត់​ទាក់​ទង​នឹង​មាត្រា​ចំនួន​២ ​នៃ​ក្រម ព្រហ្មទណ្ឌ ​គឺ​ មាត្រា​២៩៩​ ហើយ​នឹង​មាត្រា ​៣៦០​ រួម​នឹង​មាត្រា​មួយ​ស្តី​អំពី​ច្បាប់ សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​ គឺ​ពាក់ព័ន្ធ​ទៅនឹង​មាត្រា​៣២ ​ដែល​ព្រះ រាជ​អាជ្ញា​បាន​ចោទ​សួរ​ទៅលើ​លោក​ អ៊ូច ឡេង​ ហើយ​នឹង​មាត្រា​២៩៩​នៃ​ក្រមព្រហ្ម ទណ្ឌ​ហ្នឹង​គេ​និយាយ​អំពី​ការ​រំលោភ​លើ​លំនៅដ្ឋាន​ដែល​និយាយ​អំពី​ការ​បង្ខិត​បង្ខំ​ការ​ប្រើ​ហិង្សា​ រំលោភ​លើ​លំនៅដ្ឋាន​ឯកជន‍»។

តំណាង​ក្រុមហ៊ុន​ មិន​អាច​ទាក់​បាន​ដើម្បី​សេចក្តី​អាត្ថា​ធិប្បាយ​បំភ្លឺ​បាន​ទេ ​ដោយ ទូរសព្ទ​រោទ៍ ​តែគ្មាន​អ្នក​ទទួល​ក៏ដូច​ជា​ព្រះរាជ​អាជ្ញា​ និង​ ក្រឡា​បញ្ជី​ដែរ​នៅ​ពេល ​VOA ព្យាយាម​ជាច្រើន​លើក។

ដោយ​ឡែក ​លោក​ឧត្តម​សេនីយ៍​ឯក​ឆាយ គឹមឃឿន ​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ ​ពុំបាន​បញ្ជាក់​អំពី​រឿង​ចាប់ខ្លួន​នេះ​ឲ្យបាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​បាន​អះអាង​មន្ត្រី​នគរបាល​យុត្តិធម៌​កំពុង​តែ​ធ្វើការ​អំពី​រឿង​នេះ ​ហើយ​នឹង​ផ្តល់​ព័ត៌មាន​ជូន​នៅ​ពេល​ក្រោយ។

ក្រុម​សកម្មជន​នៃ​អង្គការ​ សមាគម​មួយ​ចំនួន ​រួមមាន​ទាំង​ព្រះសង្ឃ​ផង​បាន​ធ្វើការ​តវ៉ា​ដោយ​ដើរ​ជា​ក្បួន​ដង្ហែរ​នៅក្នុង​ខេត្ត​ក្រចេះ​ និង ​នៅមុខ​តុលាការ ​ដោយ​សុំ​ឲ្យ​មាន​ការ ដោះ​លែង​សកម្មជន​ទាំង​បួន​រូប ​នៅចំ​ពេល​ដែល​តុលាការ​កំពុង​សាកសួរ​សកម្មជន ទាំង​បួន​រូប​នោះ។

ក្រុមសកម្មជនទាមទារនៅខេត្តក្រចេះឲ្យដោះលែង លោក អ៊ូចឡេងនិងសកម្មជនដ៏ទៃទៀតកាលពីថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២០ (រូបថតសហភាពផ្ទះសាមគ្គី)
ក្រុមសកម្មជនទាមទារនៅខេត្តក្រចេះឲ្យដោះលែង លោក អ៊ូចឡេងនិងសកម្មជនដ៏ទៃទៀតកាលពីថ្ងៃអាទិត្យទី១៥ ខែមីនា ឆ្នាំ២០២០ (រូបថតសហភាពផ្ទះសាមគ្គី)

លោក ​ណៃ វង់ដា ​ប្រធានអង្គការ​សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ​អះអាង​ថា​លោក​បាន​ឃ្លាំមើល​អំពី​រឿង​តវ៉ា​សុំ​ឲ្យមាន​ការ​ដោះលែង​សកម្មជន​ទាំង​បួនរូប​ ចាប់​តាំងពី​ការ​ដែល​ស្នង ការ​នគរបាល​ខេត្ត​ក្រចេះ ​បាន​បញ្ជូន​សកម្មជន​ទាំង​បួន​មក​កាន់​តុលាការ​នៅ​ថ្ងៃ​នេះ។

«ហើយ​យើង​កំពុង​តែ​ឃ្លាំមើល​ដំណើរការ​នៃការ​សាក​សួរ​ហ្នឹង​ ហើយ​មាន​ខាង​សកម្ម ជន​បរិស្ថាន​ ធនធាន​ធម្មជាតិ ​ហើយនឹង​មាន​ខាង​យុវជន​មាតា​ធម្មជាតិ​ហ្នឹង ​គាត់​ធ្វើ​ការ​ដង្ហែរ​ក្បួន​ជុំវិញ​ផ្សារ​និងក្រុង​ ខេត្ត​ក្រចេះ‍»។

លោក​បន្ថែម​ថា​ការ​តវ៉ា​ដែល​មាន​មនុស្ស​មួយ​ចំនួន​លើក​បដា ​ដង្ហែរ​ក្បួន​ដោយ​អហិង្សានេះ​ មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ។

ក្រុម​សកម្មជន​ទាំង​បួនរូប ​បាន​ទទួល​មេធាវី​ការពារក្តី ​ពី​អង្គការ​លីកាដូ​ និង​អង្គការ អាដហុក​ ជា​តំណាង​ក្នុង​ពេល​ដំណើរការ​នីតិវិធី​នៅ​តុលាការ​ហើយ​ ដែល​VOA ​មិន ទាន់​អាច​ទាក់​ទង​បាន។

កាល​ពី​ថ្ងៃសៅរ៍​ក្រុម​តំណាង​សង្គម​ស៊ីវិល​ឯករាជ្យ​ចំនួន​២៤ ​បាន​ចេញ​សេចក្តី​ប្រកាស ព័ត៌មាន​រួមគ្នា​មួយ​អំពី​រឿង​នេះ។

ក្រៅពី​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​និង​ផ្តន្ទា​ទោស​ជន​ប្រើ​អំពើ​ហិង្សា​លើ សកម្មជន​ព្រៃ​ឈើ​ទាំងនោះ​ ក្រុម​តំណាង​សង្គម​ស៊ីវិល​ឯករាជ្យ​ទាំង​នោះ ​ក៏​បាន​ចាត់ ទុក​ថា​សកម្មភាព​ឃាត់ខ្លួន​នេះ​គឺជា​រូបភាព​នៃការ​គំរាម​កំហែង​ដល់​សកម្មជន​បរិស្ថាន និង​ព្រៃ​ឈើ ​ដែល​គ្រាន់​តែ​ធ្វើ​សកម្មភាព​ដោយ​សន្តិវិធី​ក្នុងការ​ឃ្លាំមើល​និង​រាយ ការណ៍​អំពី​សកម្មភាព​នៃការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ ​និង ​តំបន់​ផ្សេង ទៀត​ស្រប​តាម​សិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​និង​ច្បាប់​ស្តីពី​កិច្ច​គាំពារ​បរិស្ថាន ​និង ​គ្រប់គ្រង​ធម្មជាតិ​ ដែល​បាន​លើក​ទឹក​ចិត្ត​និង​លទ្ធភាព​ឲ្យ សាធារណៈ​ជន​ចូលរួម​ក្នុង​កិច្ចការ​បរិស្ថាន ​និង ​ការពារ​ធនធាន​ធម្មជាតិ‍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG