ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​បរិស្ថាន​រង​ការ​រិះគន់​​ក្រោយ​ការហាមឃាត់​​សកម្មជន​មិន​ឲ្យ​ចូល​ព្រៃឡង់​បំបួស​ដើម​ឈើ


រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពបំបួសដើមឈើរនៅក្នុងតំបន់ព្រៃឡង់។ (រូបថតដោយ៖ លីកាដូ)
រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពបំបួសដើមឈើរនៅក្នុងតំបន់ព្រៃឡង់។ (រូបថតដោយ៖ លីកាដូ)

អង្គការ​សមាគម​និង​សហគមន៍​សរុប​ជាង​១០០​ស្ថាប័ន​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ហៅ​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ប្រឆាំង​នឹង​សកម្មភាព​របស់​ក្រុម​ប្រជាពលរដ្ឋ​ដែល​ការពារ​ព្រៃឡង់​ថា ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិរក្ស​ព្រៃ​នេះ។

យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​បង្ហោះ​ដោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ចុះ​ថ្ងៃទី​២៥ ខែកុម្ភៈ ​អង្គការ​ទាំង​នោះ​បាន​សម្ដែង«ការ​សោកស្ដាយ ​និង​ហួសចិត្ត​ជា​ខ្លាំង​»ដោយ​ថា ​អាជ្ញាធរ​បានរឹតត្បិត​ក្នុង​ការ​ហាមឃាត់​សមាជិក​សហគមន៍​ ព្រះសង្ឃ ​និង​សកម្មជនបរិស្ថាន​រាប់រយនាក់​ ដែល​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​តំបន់​ការពារ​ព្រៃឡង់ ​កាលពី​ចុង​សប្ដាហ៍​មុន។

ពួកគេ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា៖ «ការ​ប្រើប្រាស់​មន្រ្តី​ឧទ្យានុរក្ស​ប្រដាប់​ដោយ​កាំភ្លើង​របស់​ក្រសួង​បរិស្ថាន​ ដើម្បី​រារាំង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ពីការ​ប្រារព្ធ​ពិធី​បុណ្យ​បំបួស​ដើម​ឈើ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ព្រៃ ​គឺជា​ការ​រឹតត្បិត​មិន​សម​ហេតុ​ផល​ទៅ​លើ​សេរីភាព​នៃ​ការ​ដើរ​ហើរ​និង​បង្អាក់​ការ​ខិតខំ​ប្រឹង​ប្រែង​អភិរក្ស​ព្រៃឈើ»។

បើ​តាម​សេចក្តីថ្លែងការណ៍​នោះ បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​បង្ហាញ​សាធារណជន​ឲ្យ​ឃើញ​ថា​ ជា​អ្នក​ឃ្លាំ​មើល​ និង​តស៊ូ​មតិ​ដោយ​មានប្រសិទ្ធភាព​ និង​ក្លាហាន​ជាងគេ​ អស់​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ។​

បណ្ដាញ​សហគមន៍​នេះ​មាន​ចម្រុះ​នូវ​សមាជិក​សហគមន៍​ជាច្រើន​ដែល​ជីវិត និងជីវភាព​រស់នៅ​របស់​អ្នក​ទាំង​នេះ ផ្សា​ភ្ជាប់​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ព្រៃឈើ ហើយ​អ្នក​ទាំង​នេះ​ត្រូវការ​ចូល​ទៅ​កាន់​តំបន់​នេះ​ ដើម្បី​ការពារ​ព្រៃឈើ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​នោះ។

លោក ហឿន ​សុភាព​ តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​កំពង់ធំ​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​ថា៖ «​កាល​ពីមុន​ យើង​អាច​ចូល​ទៅ​ព្រៃឡង់​ដោយសេរី​ដើម្បី​ធ្វើសកម្មភាព​របស់​យើង​ក្នុង​ការ​ការពារ​ព្រៃ​នេះ។ ប៉ុន្តែ​ថ្មីៗនេះ ​យើង​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើងៗ​ ហើយ​ក្រសួង​រឹតត្បិត​សកម្មភាព​របស់​ពួកយើង​ច្រើន​ឡើងៗ​ផង​ដែរ»។

លោក សុខ ប្លោក តំណាង​ក្រុម​ស្នូល​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ បាន​ថ្លែង​ប្រាប់​VOAនៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​របស់​លោក​ដែល​មាន​ម៉ូតូ​ជាង​៤០​គ្រឿង និង​គោយន្ត​១០​គ្រឿង ត្រូវ​បាន​ហាម​ឃាត់​នៅ​ត្រង់​ឃុំ​ដង​កំាបិត ស្រុក​សណ្តាន់ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ដោយ​កម្លាំង​មន្រ្តី​បរិស្ថាន​រាប់​សិប​នាក់។ លោក​បន្ត​ថា ​មន្រ្តី​បរិស្ថាន​បាន​សួរ​រក​លិខិត​អនុញ្ញាត​ពី​ក្រុម​របស់​លោក។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អត់​ដឹង​យ៉ាង​ម៉េច​ដែរ​ ដោយសារ​គេ​អត់​បាន​ប្រាប់​ហេតុ​ផល​យើង គេ​គ្រាន់​តែ​ថា​គេ​យក​បញ្ជា​ពី​ថ្នាក់​លើ ហើយ​មួយ​វិញ​ទៀត ​អ្វី​ដែល​គេ​អះអាង​ថា​គេ​មក​ឃាត់​យើង គឺ​គេ​ចង់​បាន​លិខិត​ដែល​ស៊ីញ៉េ​ចេញ​ពី​ប្រធាន​មន្ទីរ​ឬ​ក៏​ចៅហ្វាយ​ខេត្ត»។

បើ​តាម​តំណាង​ក្រុម​ស្នូល​នៃ​សហគមន៍​ព្រៃ​ឡង់​រូប​នោះ ក្រុម​ប្រជាពលរដ្ឋមាន​បំណង​ចូល​ទៅ​ព្រៃ​ឡង់ ដើម្បី​ធ្វើ​ពិធី​រំឭក​គុណ និង​បំបួស​ដើម​ឈើ ហើយ​តំបន់​នោះ ពួកគេ​ធ្លាប់​ឆ្លង​កាត់​រួចទៅ​ហើយ។ លោក​យល់​ថា​ការ​ហាម​ឃាត់​នេះ គឺ​ជា​ការ​រឹត​ត្បិត​និង​បំបិទ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

បើ​តាម​សារ​ដែល​បង្ហោះ​លើហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ​ក្រសួង​បាន​លើក​ឡើង​ថា​ក្រុម​សហគមន៍​ព្រៃ​ឡង់​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​តំបន់​ស្នូល​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ដែល​ជា​តំបន់​សំបូរ ដោយ​ប្រព័ន្ធ​អេកូឡូស៊ី ​សត្វ​ព្រៃ​គ្រប់​ប្រភេទ ដែល​ត្រូវ​ហាមឃាត់​ការ​ចូល​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

លោក អំ សំអាត​ នាយករង​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ​មាន​ប្រសាសន៍​ថា​ មិន​ទាន់​មាន​ការ​កំណត់​ច្បាស់​លាស់​អំពី​តំបន់​ស្នូល​ព្រៃឡង់​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «យើង​មិន​ទាន់​បាន​ឃើញ​ឯក​សារ​ណាមួយ ដែល​ទាក់ទង​នឹង​ការ​កំណត់​តំបន់​ស្នូល​នៃ​តំបន់​ព្រៃ​ឡង់​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ»។

លោក នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​កន្លង​ទៅ ក្រសួង​តែង​តែ​ផ្តល់​ការ​សហការ​ល្អ​ជាមួយ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ក្នុង​ការងារ​ចុះ​ល្បាត ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​ព្រៃឡង់។ ប៉ុន្តែ​លោក​បាន​ចោទ​ប្រកាន់​បណ្តាញ​សហគមន៍​ព្រៃឡង់​ថា​«បាន​ធ្វើ​សកម្មភាព​ដែល​មាន​ភាព​មិន​ស្មោះត្រង់​ក្នុង​កិច្ចសហការ» ក្នុង​នោះ​រួម​មាន«​ការព្យាយាម​ចិញ្ចឹម​ទំនាស់​លើ​បញ្ហា​ព្រៃឡង់ តាម​រយៈ​ការ​លួច​ចូល​ល្បាត​ដោយ​អនាធិបតេយ្យ លួច​ប្រើប្រាស់Apps​ដែល​គ្មាន​ការ​ទទួល​ស្គាល់​ជាផ្លូវការ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច បំភ្លៃ​លើទិន្នន័យ​នៃ​បទ​ល្មើស​ធនធាន​ធម្មជាតិ រាប់​គល់​ឈើ​មួយ​ដើម​ថា​ជា​បទល្មើស​មួយ​ដែល​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ»។

អ្នកនាំពាក្យ​រូប​នោះ​បញ្ជាក់បន្ថែម​ថា សហគមន៍​ព្រៃឡង់​មិន​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នោះ​ទេ ដូច្នេះ​ក្រសួង​បរិស្ថាន ក៏​មិន​អាច​សហការ​ជាមួយ​បាន​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​សហការ​ជាមួយ​សហគមន៍ សមាគម​អង្គការ​ទាំង​អស់​ដែល​ចុះ​បញ្ជី​ត្រឹម​ត្រូវ។ បណ្តាញ​សហគមន៍​ព្រៃឡង់​មាន​ទម្រង់​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ប៉ុន្តែ​មិន​បាន​ចុះ​បញ្ជី​នោះ​ទេ ​ទោះ​ក្រសួង​បរិស្ថាន​ណែនាំ​ជា​ច្រើន​ដង​រួច​មក​ហើយ​ក្តី»។

លោក អំ សំអាត នៃ​អង្គការ​លីកាដូ ​មាន​ប្រសាសន៍​ថា​សហគមន៍​មូលដ្ឋាន ក៏​ដូច​ជា​សហគមន៍​ការពារ​ព្រៃឡង់ អាច​ធ្វើ​សកម្មភាព​នេះ​បាន ដោយសារ​នៅ​ក្នុង​ច្បាប់​អង្គការ​សមាគម មិន​មាន​និយាយ​អំពី​សហគមន៍​មូលដ្ឋាន​ទេ ដែល​តម្រូវ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​សហគមន៍​មូលដ្ឋាន គាត់​អាច​ធ្វើ​ការ​ដើម្បី​ការ​អភិវឌ្ឍ​មូលដ្ឋាន​របស់​គាត់ ​នៅ​ក្នុង​សហគមន៍​របស់​គាត់បាន​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ ​ឬ​ក៏​កិច្ចការពារធនធានធម្មជាតិ និង​បរិស្ថាន»។

ទោះ​ជាយ៉ាងណា លោក ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា សហគមន៍​មូលដ្ឋាន​ត្រូវ​ចុះ​បញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ ក្រោម​ច្បាប់​អង្គការ​សមាគម ដែល​រង​ការ​រិះគន់​ពី​សំណាក់​អង្គការ​សង្គមស៊ីវិល ដែល​ជំរុញ​ឲ្យ​លុប​ច្បាប់​នេះ​ចោល។

លោក​មាន​ប្រសាសន៍​ថា៖ «មិន​មែន​ថា​ខុស​ច្បាប់​ទេ ចង់​ថា​ឲ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​ទៅ។ សូម​អបអរ​សាទរ​ហើយ​គំនិត​ហ្នឹង សកម្មភាព​ហ្នឹង មាន​ផលប្រយោជន៍​ដល់​សង្គម​ជាតិ និង​ប្រទេស​ជាតិ​ហើយ ក៏​ប៉ុន្តែ​សូម​ឲ្យ​គាត់​ស្ថិត​នៅ​ក្រោម​ច្បាប់​ផង គាត់​កាត់​តែ​ល្អ​ទៅទៀត»។

លោក ខៀវ សុភ័គ ​បន្ត​ថា​សហគមន៍​ទាំង​នោះ​អាច​ចុះ​ឈ្មោះ ​ក្រោម​អង្គការ​ឬ​សមាគម​ណា​មួយ ដែល​ជា​អ្នក​ផ្តល់​ថវិកា​ដល់​ពួកគេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG