អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យមួយក្នុងទ្វីបអឺរ៉ុបបានលើកឡើងថា ការបាត់បង់ព្រៃឈើក្នុងប្រទេសកម្ពុជាមានទំហំធំធេងជាងគេបំផុតទី១០លើសកលលោក។
នៅក្នុងលិខិតចំហមួយដែលចែកចាយដល់អ្នកសារព័ត៌មានតាមសារអេឡិចត្រូនិកនៅថ្ងៃទី២៥ ខែមិថុនា អ្នកស្រី Ida Theilade សាស្ត្រាចារ្យនៃសកលវិទ្យាល័យ University of Copenhagen នៃប្រទេសដាណឺម៉ាក បានរៀបរាប់ថា កម្ពុជាបានបាត់បង់ព្រៃឈើចំនួន២៦ភាគរយ ឬ ស្មើនឹងជាង២ លានហិកតា ចាប់តាំងពីឆ្នាំ២០០០មក។
កាលពីឆ្នាំមុន កម្ពុជាបានបាត់បង់ព្រៃឈើទំហំ៦៣០០០ ហិកតា។ ប្រទេសនេះ បាត់បង់ឈើ២៦%ក្នុងឆ្នាំ២០០០ ស្មើនឹងផ្ទៃព្រៃ២,៣លានហិចតា។ នេះបើយោងតាមលិខិតដដែល ដែលបានគូសបញ្ជាក់ពីការកាប់បំផ្លាញព្រៃឈើដ៏ច្រើនបំផុតនៅក្នុងតំបន់ការពារព្រៃឡង់ ចាប់តាំងពីឆ្នាំ២០១៦មក។
អ្នកស្រី Ida Theilade ដែលបានធ្វើការផ្នែកគ្រប់គ្រង និងអភិរក្សព្រៃក្នុងតំបន់ត្រូពិកជាង២៥ឆ្នាំមកហើយនោះ បានសរសេរទៀតថា ការបាត់បង់ព្រៃឡង់ដែលជាតំបន់ការពារធម្មជាគឺមានទំហំធំ៧៥០ហិចតាក្នុងឆ្នាំ២០១៩ កើនឡើង៧៣% ប្រៀបធៀបឆ្នាំ២០១៨។
ព្រៃឡង់មានផ្ទៃដីប្រមាណ៥០០០ គីឡូម៉ែត្រក្រឡាដោយគ្រប់ដណ្តប់ខេត្តចំនួន៤ គឺព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។
អ្នកស្រី Ida Theilade បានសរសេរក្នុងសារអេឡិចត្រូនិករបស់អ្នកស្រីដោយភ្ជាប់មកជាមួយនូវលិខិតចំហនេះថា៖
«យើងសង្ឃឹមថា ឯកសារអំពីការបាត់បង់ព្រៃឈើដែលភ្ជាប់មកជាមួយនេះនឹងជួយក្រសួងបរិស្ថាននិងអង្គការដៃគូក្នុងការការពារដែនជម្រកការពារធម្មជាតិព្រៃឡង់ ដើម្បីប្រយោជន៍ពលរដ្ឋកម្ពុជាទាំងអស់»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលមិនមានភាពចាំបាច់ក្នុងការឆ្លើយតបនឹងរបាយការណ៍នេះទេ។
«ក្រសួងបរិស្ថានគ្មានភាពចាំបាច់អ្វីដែលត្រូវឆ្លើយតបទៅនឹងរបាយការណ៍របស់ជនទីបីដែលមិនស្ថិតនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទៅលើការងារគ្រប់គ្រង និងអភិរក្សព្រៃឡង់នោះទេ»។
សកម្មជនបរិស្ថាននិងសហគមន៍ការពារព្រៃឡង់ នៅតែលើកឡើងថា ព្រៃដែលនៅសេសសល់របស់កម្ពុជាមួយនេះនៅតែកំពុងរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ៕