ឆ្នាំ ២០២៤ នឹងចូលក្នុងប្រវត្តិសាស្រ្តជាឆ្នាំដែលមានភាពសកម្មជាងគេបំផុតក្នុងវិស័យនយោបាយ ស្របពេលមានការបោះឆ្នោតនៅក្នុងប្រទេសជាង ៦០ ដែលតំណាងឱ្យប្រជាជនជាងពាក់កណ្តាលនៅលើពិភពលោក។ នេះមានន័យថា មនុស្សកាន់តែច្រើនមានសិទ្ធិបោះឆ្នោតនៅឆ្នាំ ២០២៤ ធៀបនឹងឆ្នាំមុនៗ។
ព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះអាចបង្វែរទិសដៅនៃអំណាចលើសាកលលោកឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ឬលទ្ធិផ្តាច់ការនិយម។ តទៅនេះគឺជា ការបោះឆ្នោតដ៏សំខាន់បំផុតទាំងប្រាំមួយនៅឆ្នាំ ២០២៤ ដែលនឹងឆ្លុះបញ្ចាំងពីទិសដៅនៃអំណាចប្រទាញប្រទង់គ្នាជាយូរមកហើយ។
សហរដ្ឋអាមេរិក
ដោយចាប់ផ្តើមនៅចុងសតវត្សរ៍ទី ១៩ និងឆ្លងកាត់សង្រ្គាមលោកចំនួនពីរលើក គោលនយោបាយការបរទេសអាមេរិកបានប្រឈមនឹងការផ្លាស់ប្តូរយ៉ាងខ្លាំងពីភាពឯកានិយមដោយការមិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃមកកាន់ការប្រឡូកយ៉ាងសកម្មដើម្បីរៀបចំជារចនាសម្ព័ន្ធសណ្តាប់ធ្នាប់លើសាកលលោក។
អតីតឧបការីរដ្ឋមន្រ្តីការពារជាតិលោក Joseph S. Nye Jr. បានថ្លែងប្រាប់វីអូអេថា ជារឿងសំខាន់ក្នុងយល់ពីភាពខុសគ្នារវាងទស្សនៈមនោគមវិជ្ជាប្រជែងគ្នាទាំងនេះ ពីព្រោះរបៀបវារៈ «គិតអាមេរិកមុនគេ» (America First) របស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងតែព្យាយាមនាំយកភាពគោលនយោបាយឯកានិយមមិនលូកដៃ ត្រឡប់មកវិញ។ ការណ៍នេះធ្វើសម្ពន្ធមិត្តអាមេរិកស្ថិតក្នុងភាពមិននឹងនរ ស្របពេលមានភាពតានតឹងកើនឡើងរវាងកោះតៃវ៉ាន់និងចិន សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បន្តរំកិលទៅមុខ។
លោក Trump ដែលទំនងក្លាយជាបេក្ខភាពប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ បានរិះគន់អង្គការអូតង់ដែលជាសម្ពន្ធភាពយោធាដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិកម្តងហើយម្តងទៀត ហើយមិនបានចាត់ជាគោលជំហរប្រាកដប្រជាណាមួយពីរបៀប ឬថាតើ លោកនឹងផ្តល់ការគាំទ្រដល់អ៊ីស្រាអែលនៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ ប្រសិនបើលោកជាប់ឆ្នោតសាជាថ្មី ឬទេ។
លោក Nye ថ្លែងថា៖ «ចំពោះប្រទេសរុស្ស៊ីវិញ [លោក Trump] ទំនងនឹងមានទំនោរទៅកាន់លោក Putin ជាង។ នេះមានន័យថា ទំនឹងនឹងមានសម្ពាធក្នុងការកាត់បន្ថយជំនួយសម្រាប់អ៊ុយក្រែន»។
ម្យ៉ាងវិញទៀត លោក Joe Biden មេដឹកនាំកំពុងកាន់តំណែងពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងមានសំឡេងការស្ទង់មតិគាំទ្រស្ថិតនៅពីក្រោយនៅ ក្នុងការប្រជែងគ្នាដែលអាចកើតឡើងតទល់នឹងលោក Trump បានបញ្ជូនកញ្ចប់ជំនួយយោធាទៅកាន់ក្រុងកៀវ និងក្រុងហ្ស៊េរុយសាឡិម បើទោះបីលោកប្រឈមនឹងការរុញច្រានពីសមាជិកសភាពីគណបក្សសាធារណរដ្ឋជុំវិញការវិវត្តទៅមុខមានកម្រិតនៅអ៊ុយក្រែន និងពីពួកវឌ្ឍនជនពាក់ព័ន្ធនឹងវិបត្តិមនុស្សធម៌ដែលកាន់តែដុនដាបនៅតំបន់ហ្កាហ្សា។
បេក្ខភាពប្រធានាធិបតីដែលកំពុងឈានមុខគេទាំងពីររូបនេះមានទស្សនៈផ្ទុយស្រឡះពីគ្នាពាក់ព័ន្ធនឹងគោលជំហររបស់សហរដ្ឋអាមេរិកនៅលើពិភពលោក ហើយអ្នកដែលឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា ប្រហែលនឹងកំណត់ពីកម្រិតនៃភាពតឹងរ៉ឹងរបស់សហរដ្ឋអាមរិកមានមកលើចិន រុស្ស៊ី និងប្រទេសជាគូប្រជែងដទៃទៀត។
កោះតៃវ៉ាន់
តៃវ៉ាន់ប្រហែលមានទំហំតូចក្នុងបរិបទផ្ទៃក្រឡា ប៉ុន្តែកោះដឹកនាំបែបស្វ័យភាពមួយនេះ ដែលស្ថិតនៅមិនឆ្ងាយពីចិនដីគោក មានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចពិភពលោក។ ជាង ៧០ ភាគរយនៃបន្ទះឈីបកុំព្យូទ័រនៅលើពិភពលោក និងបន្ទះមីក្រូឈីបបច្ចេកវិទ្យាខ្ពស់ប្រមាណ ៩០ ភាគរយ ត្រូវបានផលិតដោយក្រុមហ៊ុនតៃវ៉ាន់។ ចំណោទស្តីពីឯករាជ្យភាពរបស់កោះតៃវ៉ាន់ពីចិនដីគោក ដែលបានទាមទារដែនកោះមួយនេះគឺជា ចំណុចផ្តោតនៃការប៉ះទង្គិចគ្នារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង បន្តក្នុងឆ្នាំ ២០២៤នេះ។
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ដែលអាណត្តិរបស់លោកស្រីមានកំណត់ ហើយលោកស្រីមិនអាចឈរឈ្មោះបោះឆ្នោតកាលពីខែមករាកន្លងទៅបន្តទៅទៀត បានព្រមានសាធារណជននៅមុនការបោះឆ្នោតនោះថា ចិនបានផ្សាយព័ត៌មានមិនពិតតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្វែរអ្នកបោះឆ្នោតចេញពីបេក្ខភាពឈានមុខគេគឺ អនុប្រធានាធិបតីនាពេលបច្ចុប្បន្នលោក Lai Ching-te (ឡៃឈីងទរ)។ លោក Lai ដែលតំណាងឱ្យគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (Democratic Progressive Party) បានបង្កការខឹងសម្បានៅចិន ពាក់ព័ន្ធនឹងការអធិប្បាយរបស់លោកអំពីអធិបតេយ្យភាពកោះតៃវ៉ាន់។ ប៉ុន្តែគូប្រជែងចម្បងរបស់លោក Lai ប្រកាន់គោលជំហរទន់ជាងនេះចំពោះរដ្ឋាភិបាលក្រុងប៉េកាំង។ នៅទីបំផុតលោក Lai Ching-te បានឈ្នះការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់កាលពីថ្ងៃទី ១៣ ខែមករា កន្លងទៅនេះ និងរំពឹងថានឹងឡើងកាន់តំណែងនៅខែឧសភា។
អាមេរិកចាត់ទុកកោះតៃវ៉ាន់ជាសម្ពន្ធមិត្តកំពូលមួយរបស់ខ្លួន។ ស្របពេលចិនបានបង្កើនសកម្មភាពជើងទឹកនៅតំបន់សមុទ្រចិនខាងត្បូង លោក Biden បានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ ប្រសិនបើកោះនេះរងការឈ្លានពាន។ ដូចគ្នានឹងបញ្ហាពាក់ព័ន្ធអ៊ីស្រាអែលនិងអ៊ុយក្រែនដែរ លោក Trump វិញបានបង្ហាញជំហរមិនច្បាស់លាស់ពាក់ព័ន្ធនឹងកោះតៃវ៉ាន់។
ខណៈអ្នកវិភាគខ្លះព្រួយបារម្ភថា ភាពតានតឹងរវាងចិននិងកោះតៃវ៉ាន់អាចក្លាយទៅជាសង្រ្គាម ប្រសិនបើលោក Lai ទទួលបានជ័យជម្នះមែននោះ អ្នកស្រី Yun Sun ប្រធានកម្មវិធីស្តីពីចិនប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវ Stimsonនិយាយថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យលោក Lai មិនធ្វើឱ្យស្ថានភាពកាន់តែតានតឹង និងថា ចិនកំពុងផ្តល់អាទិភាពលើស្ថិរភាពជាងជម្លោះដែលអាចកើតមានឡើង ស្របពេលខ្លួនកំពុងដោះស្រាយបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះក្នុងស្រុក។
អ្នកស្រី Sun បានថ្លែងពីរបៀបវារៈរបស់គណបក្សកុម្មុយនីស្តចិនចូលទៅកាន់ឆ្នាំ ២០២៤ថា៖ «[ប្រធានាធិបតីចិន] លោក Xi Jinping មានបញ្ហាធំជាងនេះដើម្បីដោះស្រាយ។ អ្នកស្រី Sun បានបន្តថា ប៉ុន្តែនេះមិនមានន័យថា ចិននិងកោះតៃវ៉ាន់នឹងមានលក្ខខណ្ឌប្រសើរជាងមុនរវាងគ្នានៅក្នុងរយៈពេលបួនឆ្នាំខាងមុខក្រោមការដឹកនាំរបស់លោក Lai ដែលលោកថា ចិនបានចាត់ទុកលោក Lai ថា «មិនអាចធ្វើការជាមួយបាន»។
នៅក្នុងសុន្ទរកថាឆ្នាំថ្មី លោក Xi បានប្តេជ្ញាថា ចិននិងកោះតៃវ៉ាន់ នឹង «បង្រួបបង្រួមយ៉ាងច្បាស់» ដោយមិនបានបញ្ជាក់ពីពេលវេលា។ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក William Burns ពីមុនមកធ្លាប់បានព្រមានថា សហរដ្ឋអាមេរិកដឹង «តាមរយៈព័ត៌មានចារកម្ម» ថា លោក Xi មានគោលដៅ «ត្រៀមលក្ខណៈរួចរាល់នៅត្រឹមឆ្នាំ ២០២៧ ដើម្បីធ្វើការឈ្លានពានប្រកបដោយជោគជ័យ»។
រុស្ស៊ី
បន្ទាប់ពីការឈ្លានពាននៅអ៊ុយក្រែនកាលពីពីរឆ្នាំមុន សម្ពន្ធមិត្តរដ្ឋាភិបាលក្រុងកៀវបានធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសរងទណ្ឌកម្មខ្លាំងជាងគេបំផុតនៅលើពិភពលោក ដោយបានបង្អាក់សេដ្ឋកិច្ច និងជំរុញឱ្យរុស្ស៊ីកាន់តែកៀកនឹងចិន ដែលឥឡូវនេះ ក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ខ្លួន។ បើទោះបីជាអតិផរណាកំពុងឡើងខ្ពស់ អ្នកវិភាគមិនរំពឹងថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងបាត់បង់តំណែងនៅឆ្នាំ ២០២៤ នោះទេ ស្របពេលគូប្រជែងនយោបាយសំខាន់ៗរបស់លោកបានជាប់ពន្ធនាគារ និរទេសខ្លួន បាត់ខ្លួន ឬស្លាប់ក្រោមកាលៈទេសៈគួរឱ្យសង្ស័យនោះ។
លោក Sergey Radchenko សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្តសហភាពសូវៀតប្រចាំសាកលវិទ្យាល័យ John Hopkins និយាយថា៖ «ការបោះឆ្នោតនៅរុស្ស៊ីត្រូវបានគ្រប់គ្រងយ៉ាងដិតដល់ជាយូរមកហើយ»។ លោកបានបន្តថា៖ «ប្រសិនបើលោក Putin ឈ្នះអាណត្តិកាន់អំណាចប្រាំមួយឆ្នាំបន្តទៀត រដ្ឋាភិបាលក្រឹមឡាំងនឹងបន្ត «របៀបវារៈឃោរឃៅដូចគ្នានេះនៅអ៊ុយក្រែន និងគោលនយោបាយកាន់តែផ្ដាច់ការនិយមក្នុងស្រុក»។
វិសាលភាពនៃភាពជោគជ័យដែលលោក Putin នឹងទទួលបានពីសង្រ្គាមនៅអ៊ុយក្រែន គឺអាស្រ័យនឹងថា តើប្រធានាធិបតីអាមេរិកនឹងជាអ្នកណា។
ប្រសិនបើ លោក Biden ជាប់ឆ្នោតសាជាថ្មី លោក Radchenko ថ្លែងថា៖ «លោក Biden នឹងបន្តជំរុញឱ្យទទួលបានជ័យជម្នះក្នុងទម្រង់មួយនៅអ៊ុយក្រែនតាមរយៈមធ្យោបាយយោធា»។ លោកបានបន្តថា៖ «ម្យ៉ាងវិញទៀត ប្រសិនបើលោក Trump ចូលកាន់អំណាចវិញ សំណួរពិតប្រាកដគឺថាតើលោកTrump នឹងបោះបង់អ៊ុយក្រែនចោល ដោយនាំឱ្យមានដោះស្រាយបញ្ចប់ជម្លោះនេះយ៉ាងឆាប់រហ័សក្រោមលក្ខខណ្ឌរបស់រុស្ស៊ី»។
ស្របពេលសម្ពន្ធមិត្តរបស់លោក Trump នៅរដ្ឋសភាអាមេរិកកាន់តែលែងអាចអត់ធ្មត់នឹងការវិវត្តទៅមុខយ៉ាងយឺតយ៉ាវរបស់អ៊ុយក្រែននៅសមរភូមិ លោក Radchenko ថ្លែងថា៖ «លោក Putin ចាប់អារម្មណ៍នៅក្នុងការបំបែកបំបាក់សហរដ្ឋអាមេរិកជាមួយនឹងសម្ព័ន្ធមិត្តបស្ចិមលោករបស់ខ្លួននៅអឺរ៉ុប»។
រដ្ឋសភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់មួយកាលពីខែធ្នូ ឆ្នាំ២០២៣ ដែលតម្រូវឱ្យមានការអនុម័តពីព្រឹទ្ធសភា មុនពេលសហរដ្ឋអាមេរិកអាចដកខ្លួនចេញពីអង្គការអូតង់បាន។ លោក Radchenko បានលើកឡើងថា ប្រសិនបើលោក Trump ឈ្នះអាណត្តិទីពីរ លោកនឹងមិនអាចដកអាមេរិកចេញពីសម្ពន្ធភាពនេះដោយខ្លួនឯង ដូចដែលលោកធ្លាប់បានគំរាមធ្វើពីមុននោះទេ។ ប៉ុន្តែមន្ទិលរបស់លោក Trump អំពីអង្គការអូតង់នៅតែអាចបង្កឱ្យមានចលាចល និងការខ្វែងគំនិតគ្នានៅបស្ចិមប្រទេស ដែលនេះមានប្រយោជន៍សម្រាប់លោក Putin។
សហភាពអឺរ៉ុប
សហភាពអឺរ៉ុបកំពុងរំកិលទៅកាន់ការបោះឆ្នោតនៅខែមិថុនា។ អ្នកនយោបាយប្រជានិយម ដែលមានទំនោរប្រឆាំងនឹងអន្តោប្រវេសន៍ និងដែលមិនមានគោលជំហរតឹងរ៉ឹងលើរុស្ស៊ីនិងចិន ត្រូវគេរំពឹងថានឹងជំរុញសភាអឺរ៉ុបទៅនិន្នាការស្តាំនិយម។ ទោះជាយ៉ាងណាក្តី សភាអឺរ៉ុបមានអំណាចត្រឹមតែដើរតួជាអ្នកត្រួតពិនិត្យប៉ុណ្ណោះនៅក្នុងសហភាពអឺរ៉ុប។
គណៈកម្មការអឺរ៉ុប ដែលមានប្រធានគឺអ្នកស្រី Ursula von der Leyen និងដែលមិនទាន់ប្រកាសការឈរឈ្មោះសាជាថ្មីសម្រាប់ឆ្នាំ ២០២៤ មានអំណាចខ្លាំងជាងសភាអឺរ៉ុប។ អ្នកស្រី Von der Leyen បានប្តេជ្ញាគាំទ្រអ៊ុយក្រែន និងបានជំរុញឱ្យប្រធានាធិបតីចិនលោក Xi Jinping ឱ្យដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មជាមួយអឺរ៉ុប។
ប្រសិនបើជាប់ឆ្នោតសាជាថ្មី អ្នកស្រី von der Leyen នឹងដើរតួជាកម្លាំងទប់ទល់មួយនៅក្នុងសហភាពអឺរ៉ុបដែលកាន់តែមានភាពប្រជានិយម ដោយអ្នកស្រីនឹងព្យាយាមរក្សាតុល្យភាពរវាងផលប្រយោជន៍ដ៏ចម្រុះ ហើយពេលខ្លះ ទំនាស់នឹងគ្នា នៃបណ្តាប្រទេសសមាជិក និងគោលដៅនៃការទប់ស្កាត់រុស្ស៊ី ដូចដែលអ្នកស្រីបានលើកឡើង។
អ្នកស្រី Ivana Karaskova សមាជិកគណៈកម្មការសហភាពអឺរ៉ុបផ្នែកគុណតម្លៃ និងតម្លាភាព បានថ្លែងប្រាប់វីអូអេថា ប្រជាជាតិអឺរ៉ុបមានការប្រុងប្រយ័ត្ន «ក្នុងការដាក់ចិននិងរុស្ស៊ីនៅក្នុងក្រុមតែមួយនៃរបបផ្តាច់ការនិយម» ដោយភ័យខ្លាចថា ការកាត់ផ្តាច់លោក Xi អាចធ្វើឱ្យអឺរ៉ុបធ្លាក់ចូលក្នុងសង្រ្គាមពាណិជ្ជកម្មដែលបង្កមហន្តរាយដល់សេដ្ឋកិច្ចថ្មីមួយទៀត»។
អ្នកស្រី Karaskova បានថ្លែងថា៖ «យើងបានឃើញរួចមកហើយនូវចំណាត់ការនៅអឺរ៉ុបភាគកណ្តាល និងភាគខាងកើត ដើម្បីធ្វើប្រក្រតីភាពឡើងវិញទំនាក់ទំនងជាមួយចិន»។
សហភាពអឺរ៉ុបក្រោមការដឹកនាំរបស់អ្នកស្រី von der Leyen មានការប្រុងប្រយ័ត្នចំពោះការកាត់ផ្តាច់ចិនចេញ បើទោះបីជារដ្ឋាភិបាលក្រុងប៉េកាំងបានជួយរដ្ឋាភិបាលក្រុងមូស្គូគេចពីទណ្ឌកម្មពីលោកខាងលិចក៏ដោយ។ ប៉ុន្តែអ្វីដែលការបោះឆ្នោតនៅឆ្នាំ ២០២៤ នឹងសម្រេចឡើងនោះគឺ ថាតើមានការរុញច្រានលើរបៀបវារៈគាំទ្រអ៊ុយក្រែនរបស់អ្នកស្រី von der Leyen ក្នុងកម្រិតប៉ុណ្ណាពីក្រុមចម្រុះនៃសមាជិកសភាអឺរ៉ុបប្រកាន់ស្តាំនិយម ដែលត្រៀមចូលបម្រើការ ស្របពេលដែលអ៊ុយក្រែនជិតនឹងក្លាយជាសមាជិកសហភាពអឺរ៉ុបផ្លូវការ។
ឥណ្ឌា
អ្នករិះគន់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងគណបក្សកាន់អំណាច Bharatiya Janata Party ឬ BJP របស់លោកនិយាយថា ក្រុមអ្នកកាន់សាសនាភាគតិចនៅក្នុងប្រទេសកំពុងប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញយ៉ាងទូលំទូលាយ។ ស្របពេលរបៀបវារៈជាតិនិយមបែបហិណ្ឌូរបស់លោក Modi កំពុងតែបោះជំហានទៅមុខ អំពើហិង្សាប្រឆាំងនឹងពលរដ្ឋឥណ្ឌាកាន់សាសនា Sikh និងសាសនាអ៊ិស្លាមកាន់តែកើនឡើងញឹកញាប់។
ការរិះគន់ទាំងនោះមិនមានត្រឹមតែនៅឥណ្ឌាប៉ុណ្ណោះទេ។ រដ្ឋាភិបាលរបស់លោក Modi បានប្រឈមនឹងការចោទប្រកាន់ពីការធ្វើឃាតនិរទេសជនកាន់សាសនា Sikh នៅក្រុង Toronto ប្រទេសកាណាដា កាលពីពាក់កណ្តាលឆ្នាំមុន និងផែនការធ្វើឃាតមិនបានសម្រេចមួយទៀតមកលើសកម្មជនកាន់សាសនា Sikh កំពុងរស់នៅក្រុង New York (ញូវយ៉ក) កាលពីខែវិច្ឆិកា។ រឿងអាស្រូវទាំងនេះបានធ្វើឱ្យមានភាពរកាំរកូសក្នុងទំនាក់ទំនងការទូតរបស់ឥណ្ឌាជាមួយបស្ចិមលោក។
យ៉ាងណាក្តី អតីតឧបការីរដ្ឋមន្រ្តីការពារជាតិលោក Joseph Nye បានព្យាករណ៍ថា ទាំងឥណ្ឌានិងសហរដ្ឋអាមេរិកនឹងមិនបណ្តោយឱ្យចំណងរបស់ពួកគេដួលរលំនោះទេ។ លោកបានបន្តថា អ្វីដែលធ្វើប្រទេសទាំងពីររួបរួមគ្នាគឺ ការព្រួយបារម្ភរួមអំពីការងើបឡើងរបស់ចិនជាមហាអំណាច។
ក្នុងនាមជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីនិយមធំជាងគេបង្អស់នៅលើពិភពលោក ឥណ្ឌាបានបង្ហាញថាខ្លួនជាប្រទេសអាចតតាំងក្នុងតំបន់បានទៅនឹងចិននិងកូរ៉េខាងជើងលើផ្នែកលទ្ធិ។
លោក Nye បានថ្លែងថា៖ «ខ្ញុំមិនគិតថា អាមេរិកនឹងធ្វើអ្វី ដែលនឹងបង្កអស្ថិរភាពមកលើទំនាក់ទំនងរបស់ពួកគេជាមួយឥណ្ឌាទេ» មិនថា សហរដ្ឋអាមេរិកនឹងត្រូវដឹកនាំដោយលោក Biden ឬលោក Trump នោះទេ។ ប្រធានាធិបតីទាំងពីរដឹងថា ការរក្សាទំនាក់ទំនងជិតដិតជាមួយឥណ្ឌាគឺមានសារៈសំខាន់នៅក្នុងការជំរុញទៅមុខនូវលទ្ធិប្រជាធិបតេយ្យនៅអាស៊ី បើទោះបីជា រដ្ឋាភិបាលរបស់លោក Modi ងាកទៅកាន់ភាពផ្តាច់ការនិយមតាមពេលខ្លះក៏ដោយ។
យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ Morning Consult លោក Modi ការអត្រាគាំទ្រយ៉ាងខ្ពស់រហូត ៧៧ភាគរយ ដែលនេះធ្វើឱ្យលោកស្ថិតនៅកំពូលតារាងនៅក្នុងការជាប់ឆ្នោតអាណត្តិប្រាំឆ្នាំលើកទីបីទៀត នៅពេលការបោះឆ្នោតត្រូវធ្វើឡើងនៅខែមេសា។ ប្រសិនបើលោកទទួលបានជ័យជម្នះ គេរំពឹងថា លោក Modi នឹងពង្រឹងទំនាក់ទំនងដែលលោកបានបង្កើតរួចហើយទាំងជាមួយលោក Trump និងលោក Biden អំឡុងពេលលោក Modi កាន់តំណែងជានាយករដ្ឋមន្រ្តីអស់ពេលជិតមួយទសវត្សរ៍មកនេះ។
អាហ្វ្រិកខាងត្បូង
គណបក្សកាន់អំណាចនៅអាហ្វ្រិកខាងត្បូងកំពុងប្រឈមនឹងភាពរង្គោះរង្គើបំផុតចាប់តាំងពី ១៩៩៤មក នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតកាលពីគ្រានោះគឺលោក Nelson Mandela និងគណបក្សសមាជជាតិអាហ្វ្រិក (African National Congress) របស់លោក បានបញ្ចប់របបប្រកាន់ពូជសាសន៍អាផាថេត (Apartheid) និងបានបង្កើតជារយៈកាលនៃការដឹកនាំក្រោមតំណាងសំឡេងភាគច្រើន។ ឥឡូវនេះ ជាលើកដំបូងនៅក្នុងរយៈពេលបីទសវត្សរ៍ គណបក្សសមាជជាតិអាហ្រ្វិកកំពុងប្រឈមមុខនឹងការបាត់បង់សំឡេងភាគច្រើននៅក្នុងប្រព័ន្ធនីតិបញ្ញត្តិ។ ដើម្បីបន្តកាន់អំណាច គណបក្សនេះទំនងនឹងត្រូវបង្ខំចិត្តបង្កើតសម្ពន្ធភាពចម្រុះជាមួយគណបក្សដទៃទៀត។
ទោះបីអាហ្រ្វិកខាងត្បូងមានឈ្មោះជាប្រទេសដែលមានវិស័យឧស្សាហកម្មជឿនលឿនជាងគេបំផុតនៅទ្វីបអាហ្វ្រិកក្តី ក៏ប្រទេសនេះមិនមែនមិនបានរងប៉ះពាល់ពីបញ្ហាសេដ្ឋកិច្ចដែលបានកើតឡើងអំឡុងពេលក្រោយវិបត្តិជំងឺកូវីដ១៩ នៅលើពិភពលោកនោះទេ។ ដោយមានអត្រាគ្មានការងារធ្វើមួយភាគបី និងបញ្ហាដាច់អគ្គិសនីទូទាំងប្រទេស ជនវ័យក្មេងអាហ្វ្រិកខាងត្បូងជាពិសេសបានងាកចេញពីគណបក្សសមាជជាតិអាហ្វ្រិក ស្របពេលប្រធានាធិបតីលោក Cyril Ramaphosa សន្យានឹងលុបបំបាត់អំពើពុករលួយនៅក្នុងជួរគណបក្សរបស់លោក។
លោក Daniel Silke អ្នកវិភាគនយោបាយអាហ្វ្រិកខាងត្បូង និយាយថា គណបក្សសមាជជាតិអាហ្វ្រិកទំនងនឹងបន្តកាន់អំណាចនៅក្នុងរយៈពេលប្រាំឆ្នាំទៅមុខទៀត។ លោកបានបន្តថា ប៉ុន្តែប្រសិនបើគណបក្សសម្ពន្ធភាពប្រជាធិបតេយ្យ (DA) ដែលជាគណបក្សប្រឆាំងធំជាងគេបំផុត អាចប្រជែងទទួលបានជ័យជម្នះ នោះនឹងមាន «ការវិវត្តទៅមុខយ៉ាងសំខាន់មួយនៅក្នុងទំនាក់ទំនងរវាងអាហ្វ្រិកខាងត្បូងនិងបស្ចិមលោក»។ មិនដូចគណបក្សសមាជជាតិអាហ្រ្វិក ដែលមានទំនាក់ទំនងជិតដិតជាមួយរុស្ស៊ីនិងចិនជាយូរមកហើយ គណបក្សសម្ពន្ធភាពប្រជាធិបតេយ្យ ដែលដឹកនាំក្រោមអ្នកនយោបាយដោយស្បែកសមានមូលដ្ឋានទស្សនៈសេរីនិយម ដោយស្រដៀងនឹងនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចធំៗដទៃទៀត។
លោក Silke និយាយថា បើគណបក្សសមាជជាតិអាហ្វ្រិកបន្តកាន់អំណាចវាអាចបើកផ្លូវឱ្យមានទំនាក់ទំនងរឹងមាំជាងមុនរវាងចិននិងអាហ្វ្រិកខាងត្បូង។ លោក Silke បានថ្លែងថា៖ «ដោយសារតែយើងមានការបរាជ័យនៅក្នុងវិស័យសហគ្រាសរដ្ឋ ច្បាស់ណាស់នឹងមានលទ្ធភាពសម្រាប់ចិននៅក្នុងការជួយរដ្ឋាភិបាលដឹកនាំដោយគណបក្សសមាជជាតិអាហ្វ្រិក មិនថា នៅក្នុងវិស័យថាមពល ដឹកជញ្ជូន ឬហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននោះទេ»។
ចិនបានក្លាយជាអ្នកវិនិយោគចម្បងនៅអាហ្វ្រិកខាងត្បូង និងបណ្តាប្រទេសកំពុងអភិវឌ្ឍដទៃទៀតនៅទូទាំងពិភពលោកតាមរយៈគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្ម (Belt and Road Initiative) របស់ចិន ជាគម្រោងលក្ខណៈអន្តរជាតិមានអាយុកាលមួយទសវត្សរ៍មកនេះ ដែលរដ្ឋាភិបាលចិនបានផ្តល់ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម កញ្ចប់ប្រាក់កម្ចី និងការផ្គត់ផ្គង់ផ្នែកហេដ្ឋារចនាសម្ព័ន្ធទៅកាន់បណ្តាផ្សេងទៀត ដែលអ្នករិះគន់និយាយថា ដើម្បីឱ្យចិនមានលទ្ធភាពមានឥទ្ធិពលលើរដ្ឋទាំងនោះ។
ថ្លែងនៅក្នុងបរិបទដូចប្រតិបត្តិការជួញដូរភាគហ៊ុន លោក Silke បានកត់សម្គាល់ថា ឥឡូវនេះ «ច្បាស់ណាស់ជាឱកាសសំខាន់សម្រាប់ចិននៅក្នុងការវិនិយោគនៅអាហ្វ្រិកខាងត្បូង ដែលកំពុងទន់ខ្សោយ»។
លទ្ធភាពដែលចិននឹងមានតួនាទីច្រើនជាងមុននៅអាហ្រ្វិកខាងត្បូង ឬសហរដ្ឋអាមេរិកនឹងមានអំណាចសេដ្ឋកិច្ចច្រើនជាងមុននៅប្រទេសនេះ គឺអាស្រ័យលើការសម្រេចរបស់ពលរដ្ឋអាហ្រ្វិកខាងត្បូងនៅពេលពួកគេចូលរួមការបោះឆ្នោតនាឆ្នាំ២០២៤នេះ។
ឆ្នាំនៃការបំភ្លៃព័ត៌មាន
នៅឆ្នាំ ២០២៤នេះ រចនាសម្ព័ន្ធសណ្តាប់ធ្នាប់សាកលលោកកំពុងប្រឈមនឹងភាពផុយស្រួយ ហើយការគំរាមកំហែងដែលនៅតែមិនអាចគណនាបានពីការបំភ្លៃព័ត៌មានដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬ AI គឺ ច្បាស់ណាស់នឹងដើរតួក្នុងការមានឥទ្ធិពលលើការកែប្រែសណ្តាប់ធ្នាប់។
អ្នកស្រី Joan Donovan អ្នកជំនាញផ្នែកព័ត៌មានបំភ្លៃតាមប្រព័ន្ធអ៊ីនធឺណិត និងការព្យាយាមទាញប្រយោជន៍តាមបណ្តាញផ្សព្វផ្សាយ បានថ្លែងប្រាប់វីអូអេថា អ្នកបោះឆ្នោតនៅជុំវិញពិភពលោកត្រូវប្រឈមនឹងរូបភាព និងសំឡេងផលិតឡើងដោយបញ្ញាសិប្បនិម្មិត។ អ្នកស្រីបានបន្តថា អ្វីដែលពិតជាប្រកបដោយគ្រោះថ្នាក់នោះគឺ ស្ថានភាពភូមិសាស្រ្តនយោបាយដ៏ស្តួចស្តើងរួចទៅហើយ ដែលត្រូវបានញាំញីដោយសង្រ្គាម និងវិបត្តិជំងឺកូវីដ ១៩។
អ្នកស្រីថ្លែងថា៖ «ការបង្កភាពភ័ន្តច្រឡំនៅក្នុងចំណោមប្រជាជននៅពេលពួកគេមានភាពភ័យខ្លាច អត់ឃ្លាន និងគ្មានប្រាក់កាស អាចបង្កជាផលវិបាកដ៏អន្តរាយ ប្រសិនបើប្រជាជនទាំងនោះបាត់បង់ជំនឿលើលទ្ធិប្រជាធិបតេយ្យ»។
ដូច្នេះ តើភ្នាក់ងារលូកលាន់ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យមួយណា ដែលអ្នកបោះឆ្នោតជុំវិញពិភពលោកគួរតែមានការប្រុងប្រយ័ត្ននៅឆ្នាំ ២០២៤?
ជុំវិញការលូកលាន់នៅក្នុងការបោះឆ្នោត ក្រសួងការបរទេសអាមេរិកបានព្រមាននៅក្នុងកំណត់ហេតុបែកធ្លាយមួយ ដែលខ្លួនបានចែករំលែកជាមួយនឹងស្ថានទូតជាង ១០០ កាលពីខែតុលា ឆ្នាំ២០២៣ ថា រុស្ស៊ីគឺជា «ជនដៃដល់ឈានមុខគេ»។ យោងតាមរបាយការណ៍នេះ រដ្ឋាភិបាលក្រុងមូស្គូកំពុងស្វះស្វែង «បង្កអស្ថិរភាព» នៅតាមបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យតាមរយៈការលាបពណ៌ការបោះឆ្នោតថា «មិនដំណើរការ ហើយរដ្ឋាភិបាលដែលត្រូវជ្រើសតាំងគឺ មិនសមស្រប»។
ការស្រាវជ្រាវធ្វើឡើងដោយមជ្ឈមណ្ឌល Threat Analysis របស់ក្រុមហ៊ុន Microsoft ដែលបានចេញផ្សាយកាលពីខែវិច្ឆិកាព្យាករណ៍ថា នៅឆ្នាំ ២០២៤ រុស្ស៊ី អ៊ីរ៉ង់ និងចិន ទំនងនឹងលូកលាន់នៅក្នុងការបោះឆ្នោតសំខាន់ៗនានានៅជុំវិញពិភពលោក រួមមាន នៅសហរដ្ឋអាមេរិក ដោយប្រើប្រាស់ «រូបត្លុក រូប gifs សារសំឡេង វីដេអូឃ្លីប និងជនល្បីឈ្មោះតាមបណ្តាញសង្គម» នៅលើបណ្តាញសង្គមដើម្បីចែករំលែកព័ត៌មានបំភ្លៃប្រកបដោយប្រសិទ្ធភាពដែលមិនធ្លាប់មានពីមុនមក។
អ្នករៀបរៀងរបាយការណ៍បានរៀបរាប់ថា៖ «សម្រាប់រុស្ស៊ី អ៊ីរ៉ង់ និងចិន ប្រធានាធិបតីអាមេរិកបន្ទាប់នឹងកំណត់ទិសដៅនៃជម្លោះ មិនថា សង្រ្គាមប្រហែលកើតឡើង ឬសន្តិភាពប្រហែលនៅបន្តនោះទេ» ដោយបន្ថែមថា ការប្រជែងគ្នាសម្រាប់តំណែងប្រធានាធិបតីអាមេរិកអាចជាការប្រជែងគ្នាដំបូងដែល «តួអង្គផ្តាច់ការនិយម[បរទេស] ជាច្រើនព្យាយាមដំណាលគ្នាដើម្បីលូកលាន់ និងមានឥទ្ធិពលមកលើលទ្ធផលបោះឆ្នោត[អាមេរិក]»។
អ្នកស្រី Donovan និយាយថា ក្រុមហ៊ុនបណ្តាញសង្គមត្រូវតែគេឱ្យទទួលខុសត្រូវចំពោះតួនាទីរបស់ពួកគេ។
កាលពីខែកញ្ញា បណ្តាញសង្គម X ដែលធ្លាប់ត្រូវបានស្គាល់ពីមុនមកថា Twitter បានរំសាយចោលក្រុមការងារពិនិត្យមើលសុចរិតភាពចំពោះសារបង្ហោះស្តីពីការបោះឆ្នោត ដែលទទួលបន្ទុកលើការតាមដានយុទ្ធនាការឥទ្ធិពលពីក្រៅប្រទេសមកលើបណ្តាញសង្គមនេះ។ គណៈកម្មការអឺរ៉ុបកាលពីពេលថ្មីៗនេះបានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតបណ្តាញសង្គម X ចំពោះការបំពានច្បាប់សហភាពអឺរ៉ុបជុំវិញការផ្សព្វផ្សាយព័ត៌មានបំភ្លៃ ដោយចោទប្រកាន់បណ្តាញសង្គមមួយនេះពីការមិនបានធ្វើការគ្រប់គ្រាន់ដើម្បីគ្រប់គ្រងលើមាតិការបស់ខ្លួន។
អ្នកស្រី Donovan ថ្លែងថា៖ «ក្រុមហ៊ុន Meta បានបន្ថយកំណែទម្រង់សំខាន់ៗ ដែលពួកគេបានសម្រេចឡើងកាលពីមួយទសវត្សរ៍កន្លងមកនេះ និងបានបញ្ឈប់ក្រុមការងារស្រាវជ្រាវមួយចំនួន»។
ខណៈការត្រួតពិនិត្យហាក់ដូចជាសាបរលាបពីបណ្តាញសង្គមខ្លះដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក ព័ត៌មានអាចជឿទុកចិត្តបានមានសារៈសំខាន់កាន់តែខ្លាំងនាពេលនេះដើម្បីរក្សាលទ្ធិប្រជាធិបតេយ្យលើសាកលលោក ចាប់ពីកោះតៃវ៉ាន់ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងហួសពីនេះទៀត។
អ្នកស្រី Donovan លើកឡើងថា៖ «អ្នកសារព័ត៌មានស្ថិតនៅជួរមុខក្នុងការបំបាត់ព័ត៌មានបំភ្លៃ ដែលជារឿយៗមានសកម្មភាពរហ័សជាងបណ្តាញសង្គមទាំងនោះទៅទៀត»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា