កោះតៃវ៉ាន់បានប្រកាសពីការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះណូរូចាប់ពីថ្ងៃចន្ទ ទី ១៥ ខែមករា បន្ទាប់ពីប្រទេសជាកោះនៅតំបន់ប៉ាស៊ីហ្វិកមួយនេះបានប្រកាសសេចក្តីសម្រេចផ្លាស់ប្តូរការទទួលស្គាល់ផ្នែកការទូតពីកោះតៃវ៉ាន់ទៅកាន់ចិនដីគោកជំនួសវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ រដ្ឋាភិបាលកោះណូរូបាននិយាយថា ការផ្លាស់ប្តូរទំនាក់ទំនងការទូតនេះគឺស្របជាមួយនឹង «គោលនយោបាយចិនតែមួយ» ដែលចែងថា រដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល គឺសាធារណរដ្ឋប្រជាមានិតចិន ហើយបានប្រកាសថា កោះណូរូនឹងបញ្ឈប់ទំនាក់ទំនងឬការដោះដូរផ្លូវការណាមួយជាមួយកោះតៃវ៉ាន់។
អំឡុងពេលសន្និសីទសារព័ត៌មាននៅក្រុងតៃប៉ិ កោះតៃវ៉ាន់ អនុរដ្ឋមន្រ្តីការបរទេសលោក Tien Chung-kwang និយាយថា រដ្ឋាភិបាលក្រុងតៃប៉ិនឹងដកមន្រ្តីនិងបុគ្គលិកទូតរបស់ខ្លួនពីបេសកកម្មនៅកោះណូរូ ហើយបានស្នើឱ្យប្រជាជាតិកោះតំបន់ប៉ាស៊ីហ្វិកមួយនេះបិទស្ថានទូតរបស់ខ្លួននៅកោះតៃវ៉ាន់។
លោក Tien បានថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានថា៖ «ចាប់តាំងពីឆ្នាំ ២០២៣ មក យើងបានទទួលព័ត៌មានដែលបង្ហាញថា ចិនបានទាក់ទងយ៉ាងសកម្មទៅកាន់អ្នកនយោបាយនៅកោះណូរូ ហើយបានព្យាយាមប្រើប្រាស់ជំនួយហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យមានការប្រែក្រឡាស់ផ្នែកការទូតនៅកោះណូរូ»។
លោក Tien បានថ្លែងប្រាប់អ្នកកាសែតថា រដ្ឋាភិបាលកោះណូរូបានចាប់ផ្តើមពិចារណាពីការផ្លាស់ប្តូរការទូតទៅកាន់ចិនក្នុងអំឡុងពេលអាណត្តិរបស់អតីតប្រធានាធិតីលោក Russ Joseph Kun កាលពីខែតុលាឆ្នាំមុន។ បើទោះបីជាមានភាពស្ងប់ស្ងាត់មួយរយៈពេលខ្លីនៅក្នុងផ្នែកទំនាក់ទំនងទ្វេភាគី បន្ទាប់ពីលោក David Adeang បានក្លាយជាប្រធានាធិបតីថ្មីប្រចាំកោះណូរូ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ លោក Tien បាននិយាយថា កោះណូរូបានបន្តស្នើសុំកោះតៃវ៉ាន់នូវជំនួយហិរញ្ញវត្ថុក្នុងទំហំធំ ដែលមានលើសពីអ្វីដែលកោះតៃវ៉ាន់ជាធម្មតាផ្តល់ទៅឱ្យសម្ព័ន្ធមិត្តការទូតរបស់ខ្លួន។
លោក Tien បានលើកឡើងថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលកោះណូរូក្នុងការភ្ជាប់ចំណងការទូតជាមួយចិន បើទោះបីជាមានជំនួយជាច្រើនដែលកោះតៃវ៉ាន់បានផ្តល់ឱ្យក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ គឺជារឿងគួរឱ្យសោកស្តាយ។ លោកក៏បានថ្កោល ទោសសេចក្តីសម្រេចរបស់ចិន នៅក្នុងការដណ្តើមយកសម្ព័ន្ធមិត្តការទូតមួយទៀតពីកោះតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅកោះតៃវ៉ាន់ កាលពីថ្ងៃទី ១៣ ខែមករា ដោយពណ៌នាចំណាត់ការនេះថាប្រកបដោយចេតនា និងជាការប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងសេរីភាពនៅកោះតៃវ៉ាន់។
លោក Tien ថ្លែងថា៖ «នៅពេលដែលបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅលើពិភពលោកអបអរសាទរកោះតៃវ៉ាន់អំពីការជោគជ័យនៃការបោះឆ្នោត រដ្ឋាភិបាលក្រុងប៉េកាំងជ្រើសការគាបសង្កត់កោះតៃវ៉ាន់ក្នុងបែបផែនដូចនេះ»។ លោក Tien បន្ថែមទៀតថា ចំណាត់ការពីរដ្ឋាភិបាលចិននេះជាការសងសឹកប្រឆាំងនឹងគុណតម្លៃលទ្ធិប្រជាធិបតេយ្យ និងតតាំងយ៉ាងកម្រោលមកលើរចនាសម្ព័ន្ធសណ្តាប់ធ្នាប់អអន្តរជាតិ»។
ស្របពេលដែលរដ្ឋាភិបាលក្រុងតៃប៉ិជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំងបោះបង់ចោលការតតាំង ហើយវិលត្រឡប់មកគោរពសណ្តាប់ធ្នាប់អន្តរជាតិ ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនស្វាគមន៍សេចក្តីសម្រេចរបស់កោះណូរូក្នុងការកាត់ផ្តាច់ «អ្វីដែលជាទំនាក់ទំនងការទូត» ជាមួយកោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលមិនបានបញ្ចេញឈ្មោះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មានតែចិនតែមួយគត់នៅលើពិភពលោក។ តៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បានពីដែនដីចិន ហើយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យចិនទាំងមូល»។ សេចក្តីថ្លែងការណ៍នោះបន្ថែមទៀតថា រដ្ឋាភិបាលក្រុងប៉េកាំង«ត្រៀមខ្លួនស្រេចហើយដើម្បីធ្វើការជាមួយកោះណូរូ។
ព័ត៌មាននៃការកាត់ផ្តាច់ចំណងការទូតពីកោះណូរូនេះកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកោះតៃវ៉ាន់បានធ្វើការបោះឆ្នោតប្រធានាធិបតីដែលគណបក្សកាន់អំណាចគឺ គណបក្សប្រជាធិបតេយ្យចម្រើននិយមដែលគាំទ្រឱ្យកោះតៃវ៉ាន់រក្សាអធិបតេយ្យភាពរបស់ខ្លួន បានឈ្នះអាណត្តិប្រធានាធិបតី ៣ លើកជាប់ៗគ្នា ដែលមិនធ្លាប់មានពីមុនមក។
បន្ទាប់ពីការបោះឆ្នោតនេះ រដ្ឋាភិបាលចិនបានអះអាងថា លទ្ធផលនៃការបោះឆ្នោតមិនឆ្លុះបញ្ចាំងពីមតិសាធារណជនមួយភាគធំនៅកោះតៃវ៉ាន់ ហើយបានសង្កត់ថាលទ្ធ ផលនេះមិនអាចផ្លាស់ប្តូរការពិតដែលថាតៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិននោះទេ។
អ្នកវិភាគខ្លះនិយាយថា ការសម្រេចរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការដណ្តើមយកសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់ គឺជាជ័យជម្នះដែលរដ្ឋាភិបាលចិនអាចទាមទារ បន្ទាប់ពីខ្លួនបានប្រើប្រាស់ភាសាព្រមានខ្លាំងៗមកលើកោះតៃវ៉ាន់ពីផលវិបាកដែលអាចកើតមានពីការបោះឆ្នោតឱ្យបេក្ខភាពពីគណបក្សប្រជាធិបតេយ្យចម្រើននិយមជាប្រធានាធិបតីថ្មីនោះ។
អ្នកស្រី Amanda Hsiao ជាអ្នកវិភាគជាន់ខ្ពស់ស្តីពីចិននៅអង្គការវិបត្តិអន្តរជាតិ ឬ (International Crisis Group) បានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទថា៖ «រដ្ឋាភិបាលចិនចាំបាច់គោរពតាមភាសាមុតមាំរបស់ខ្លួនដោយត្រូវធ្វើការឆ្លើយតបខ្លះ។ ដូច្នេះនេះប្រហែលជាចំណាត់ការដំបូងនៅក្នុងចំណោមចំណាត់ការបន្តបន្ទាប់ដែលអាចកើតមាន»។
ចាប់តាំងពីចិនបានប្រើប្រាស់ចំណាត់ការស្រដៀងគ្នានេះដើម្បីសងសឹកប្រឆាំងនឹងកោះតៃវ៉ាន់មក អ្នកវិភាគខ្លះនិយាយថា ពត៌មានកាលពីថ្ងៃចន្ទមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ។ លោក Lev Nachman អ្នកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យា ល័យជាតិ Chengchi នៅកោះតៃវ៉ាន់ បានថ្លែងប្រាប់វីអូអេថា៖ «ពួកយើងភាគច្រើនចាត់ទុកការដណ្តើមយកសម្ព័ន្ធមិត្តការទូតជាមធ្យោបាយនៅក្នុងបញ្ជីរបស់ចិនចំពោះការដាក់បន្ទុកលើកោះតៃវ៉ាន់ ចំពោះជ័យជម្នះសាជាថ្មីរបស់គណបក្សប្រជាធិបតេយ្យ ចម្រើននិយម ហើយជាមធ្យោបាយដែលពួកគេមានបំណងនឹងធ្វើ»។
ស្របពេលព្រឹត្តិការណ៍កាលពីថ្ងៃទី ១៥ ខែមករា បានធ្វើឱ្យកោះតៃវ៉ាន់នៅសល់សម្ព័ន្ធ មិត្តការទូតតែ ១២ ប៉ុណ្ណោះ លោក Nachman បាននិយាយថា រដ្ឋាភិបាលកោះតៃវ៉ាន់អាចបន្សាបឥទ្ធិពលនៃការសងសឹកពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងតាមរយៈការលើកឡើងនូវភាសាដែលថា ការវិវត្តទាំងនេះគឺជាឧទាហរណ៍នៃ «ការយាយីរបស់រដ្ឋាភិបាលក្រុងប៉េកាំងមកលើកោះតៃវ៉ាន់»។
លោកបានថ្លែងថា៖ «ដរាបណាកោះតៃវ៉ាន់ប្រកាន់ភ្ជាប់សារដូច្នេះ ខ្ញុំនៅតែគិតថា កោះតៃវ៉ាន់នឹងហាក់ដូចជាខ្លាំងជាងរដ្ឋាភិបាលក្រុងប៉េកាំង»។ លោកបន្ថែមទៀតថា ការព្យាយាមរបស់រដ្ឋាភិបាលចិនក្នុងការទន្ទ្រានយកសម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់នឹងធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងមើលទៅដូចជាអ្នកយាយី ជាជាងការធ្វើឱ្យគណបក្សប្រជាធិបតេយ្យចម្រើននិយមមើលទៅទន់ខ្សោយ។
បើទោះបីរដ្ឋាភិបាលថ្មីដឹកនាំដោយប្រធានាធិបតីទើបជាប់ឆ្នោតលោក Lai Ching-te នឹងមិនស្បថចូលកាន់តំណែងរហូតដល់ថ្ងៃទី ២០ ខែឧសភាក៏ដោយ អ្នកស្រី Hsiao នៅអង្គការវិបត្តិអន្តរជាតិបានព្យាករណ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងប្រើប្រាស់វិធាន ការមិនមែនយោធាដើម្បីដាក់សម្ពាធលើកោះតៃវ៉ាន់នៅប៉ុន្មានខែខាងមុខ ពីព្រោះចំណាត់ការកាលពីថ្ងៃចន្ទបង្ហាញថា រដ្ឋាភិបាលចិនមិនចង់ឱ្យគេចាត់ទុកខ្លួនថាជា«ការបង្កហេតុហួសហេតុនោះទេ»។
អ្នកស្រី Hsiao បានថ្លែងប្រាប់វីអូអេថា៖ «ការឆ្លើយតបនេះគឺដើម្បីបង្ហាញពីការមិនពេញចិត្តខ្លាំងរបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះលទ្ធផលនៃការបោះឆ្នោត ហើយខ្ញុំគិតថា មានលទ្ធភាពដែលពួកគេប្រហែលត្រូវជ្រើសប្រើប្រាស់ការឆ្លើយតបមិនមែនតាមរយៈយោធាច្រើនជាងមុន»។
ស្របពេលសហរដ្ឋអាមេរិកនិងចិនកំពុងប្រជែងគ្នាដណ្តើមយកឥទ្ធិពលនៅតំបន់ប៉ាស៊ី ហ្វកក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ អ្នកវិភាគខ្លះគិតថា ការផ្លាស់ប្តូរគោលជំហររបស់កោះណូរូពីកោះតៃវ៉ាន់មកកាន់ចិនដីគោកនឹ ងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះមកលើកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងតំបន់នេះ។
លោក Ian Chong សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យជាតិសិង្ហ បុរី បានថ្លែងប្រាប់វីអូអេតាមប្រព័ន្ធទូរស័ព្ទថា៖ «កោះណូរូគឺជាប្រទេសតូចជាងគេបង្អស់មួយនៅតំបន់ប៉ាស៊ីហ្វិក ហើយដោយសារតែចំណុចនៃការប្រជែងគ្នារវាងសហរដ្ឋអាមេរិកនិងចិន ស្ថិតនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងគឺពាក់ព័ន្ធនឹងលទ្ធភាពចូលប្រើប្រាស់ កោះណូរូប្រហែលជាមិនសំខាន់ខ្លាំងនៅក្នុងផែនការយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកនោះទេ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
វេទិកាបញ្ចេញមតិ