ក្រុមអង្គការសិទ្ធិមនុស្សនិងពួកអ្នកឃ្លាំមើលការបោះឆ្នោតឯករាជ្យនៅក្នុងប្រទេសប៉ាគីស្ថានបានសម្តែងការមន្ទិលសង្ស័យ កាលពីថ្ងៃចន្ទ ទី១ ខែមករានេះ ពីសុច្ចរិតភាពនិងភាពដែលជឿទុកចិត្តបាននៃការបោះ ឆ្នោតសភានៅថ្ងៃទី ៨ ខែកុម្ភៈខាងមុខ ដោយសំដៅការបង្ក្រាបរបស់រដ្ឋាភិបាលដែលគាំទ្រដោយយោធាលើគណបក្សនយោបាយដ៏សំខាន់មួយ ហើយបានបង្កើនការត្រួតពិនិត្យមុនការផ្សាយរបស់បណ្តាញសារព័ត៌មាន។
តាមការស្ទង់មតិមួយបានប្រាប់ឱ្យដឹងថា ការបង្ក្រាបនោះគឺដៅលើអតីតនាយករដ្ឋមន្ត្រី Imran Khan នៃគណបក្ស Tehreek-e-Insaf ឬ PTI ដែលត្រូវបានគេចាត់ទុកថាជាគណបក្សនយោបាយដ៏ធំបង្អស់មួយរបស់ប៉ាគីស្ថាន។
លោកស្រី Munizae Jahangir ជាសហប្រធាននៃគណៈកម្មការសិទ្ធិមនុស្សឯករាជ្យរបស់ប៉ាគីស្ថាន បានប្រាប់សន្និសីទកាសែតមួយនៅក្នុងរដ្ឋធានីអ៊ីស្លាមម៉ាបាតថា៖ «មកដល់ពេលនេះ មានភស្តតាងតិចតួចបង្ហាញថា ការបោះឆ្នោតនៅពេលខាងមុខនឹងមានភាពសេរី យុត្តិធម៌និងគួរឱ្យទុកចិត្តបាន»។
លោកស្រីបានថ្លែង នៅខណៈដែលនិយាយសំដៅដល់អ្វីដែលលោកស្រីបានចាត់ទុកថាជាការបង្ក្រាបខុសច្បាប់លើគណបក្ស PTI នោះថា៖ «មុនគេបង្អស់ គឺការបំភ្លៃទិដ្ឋភាពនៃការបោះឆ្នោតឥតលៀមលាក់ ដែលគណបក្សនយោបាយមួយក្នុងចំណោមគណបក្សនានាដែលបានត្រូវគេចុចយកសម្រាប់ការបំបែកជាប្រព័ន្ធនេះ»។
រដ្ឋាភិបាលចាំផ្ទះរបស់នាយករដ្ឋមន្ត្រី Anwaar-ul-Haq Kakar តម្រូវធ្វើឱ្យប្រាកដថា មានតម្លាភាពនិងភាពត្រឹមត្រូវនៅក្នុងការបោះឆ្នោតនៅពេលខាងមុខនោះ បានរងការចោទប្រកាន់ពីការធ្វើការគាំទ្រគណបក្សនានាដែលនិយមពួកយោធា។
លោក Murtaza Solangi រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាន បានច្រានចោលការចោទប្រកាន់ទាំងនេះកាលពីថ្ងៃចន្ទ ទី១ ខែមករានេះ ដោយនិយាយថា រដ្ឋាភិបាលរបស់លោកបានតាំងចិត្តជួយគណៈកម្មការរៀបចំការបោះឆ្នោតឯករាជ្យ នៅក្នុងការរៀបចំការបោះឆ្នោតដោយតម្លាភាព។
លោកស្រី Munizae Jahangir បានសង្កត់ថា គណបក្សនយោបាយជាច្រើនក៏រងយុទ្ធវិធីផ្សេងៗស្រដៀងគ្នា ហើយការបង្ក្រាបលើក្រុមប្រឆាំងបានបន្តរឹតត្បិតលើសេរីភាពស៊ីវិលនៅក្នុងប្រទេសប៉ាគីស្ថាន នៅពេលដែលប្រជាពលរដ្ឋត្រូវការសម្តែងទស្សនៈរបស់ពួកគេ មុនការបោះឆ្នោតដោយសេរី។
បណ្តាញព័ត៌មានដែលរៀបចំចាត់ចែងដោយរដ្ឋបានដកស្រង់សម្តី លោក Solangi មកចុះផ្សាយថា រដ្ឋាភិបាល «មិនមានអ្វីទាក់ទិននឹងការសុខចិត្តទទួលយក ឬបដិសេធនៃបញ្ជីនៃការតែងតាំង» របស់បេក្ខជនគណបក្ស PTI នោះទេ ដោយបានដំណើរការនេះស្របទៅតាមរដ្ឋធម្មនុញ្ញ។
លោក Michael Kugelman ជានាយកនៃវិទ្យាស្ថានអាស៊ីខាងត្បូងនៅមជ្ឈមណ្ឌល Wilson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានព្រមានពីការបំបាត់ឬដាក់កម្រិតការចូលរួមរបស់គណបក្ស PTI នៅក្នុងការបោះឆ្នោតនោះ ដោយនិយាយថា ការណ៍នេះនឹងមិននាំឱ្យមានស្ថិរភាពនយោបាយនៅក្នុងប្រទេសប៉ាគីស្ថានទេ។
លោក Kugelman បានប្រាប់វីអូអេនៅក្នុងអត្ថាធិប្បាយជាលាយលក្ខណ៍អក្សរថា៖ «គណបក្ស PTI ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយទំនងជាគណបក្សនយោបាយដែលមានប្រជាប្រិយ៍ភាពបំផុតមួយរបស់ប៉ាគីស្ថាន។ ការដកគណបក្សនេះចេញពីការបោះឆ្នោតនឹងមិនធ្វើឱ្យស្ងប់ចិត្តសាធារណជនដែលមានការរកាំចិត្តខ្លាំងនោះទេ»។
លោក Kugelman បានប្រាប់វីអូអេទៀតថា៖ «ចំពោះសហគមន៍អន្តរជាតិ រួមមានប្រទេសលោកខាងលិច ការរំពឹងនិងបំណងគឺការបោះឆ្នោតដែលមានស្ថិរភាពនិងគ្មានអំពើហិង្សា»។
ញត្តិមិនទុកចិត្តសភាដែលដឹកនាំដោយគណបក្សប្រឆាំងបានដកលោក Khan ជាកីឡាករ cricket ដ៏ល្បីដែលបានក្លាយជានាយករដ្ឋមន្ត្រីចេញពីតំណែងនៅខែមេសា ឆ្នាំ២០២២។
មេដឹកនាំប៉ាគីស្ថានអាយុ ៧១ ឆ្នាំ ដែលត្រូវបានគេទម្លាក់ចេញពីតំណែងបានប្រឈមការចោទប្រកាន់រាប់សិប រួមមានអំពើពុករលួយ ឃាតកម្មនិងការលេចធ្លាយការសម្ងាត់រដ្ឋ។ លោក Khan ត្រូវបានកាត់ឱ្យជាប់ទោស ហើយបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ចំពោះអំពើពុករលួយកាលពីចុងខែសីហាឆ្នាំទៅ។
លោកបានច្រានចោលការចោទប្រកាន់ទាំងអស់ ដោយនិយាយថា យោធាបានប្រតិដ្ឋការចោទប្រកាន់ទាំងនោះដើម្បីរារាំងការវិលត្រឡប់របស់លោកមកកាន់អំណាចវិញ ហើយនឹងធ្វើឱ្យអន្តរាយប្រជាប្រិយ៍ភាពរបស់គណបក្សលោក។ លោក Khan និងគណបក្សរបស់លោកក៏ប្រឈមការហាមឃាត់ដែលមិនប្រកាសឲ្យដឹងជាមុន ដោយមិនឱ្យបង្ហាញមុខលើបណ្តាញព័ត៌មានទូរទស្សន៍របស់ប៉ាគីស្ថានដែរ។
មន្ត្រីរៀបចំការបោះឆ្នោតបានបដិសេធបញ្ជីតែងតាំងរបស់លោក Khan កាលពីខែធ្នូ ដោយនិយាយថា ច្បាប់រារាំងជនដែលមានទោសមិនឱ្យឈរឈ្មោះកាន់តំណែងសាធារណៈទេ។
អង្គការការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ (FAFEN) ដែលជាអង្គការមិនរកកម្រៃដែលលើកស្ទួយអភិបាលកិច្ចល្អនិងការបោះឆ្នោតត្រឹមត្រូវ នៅក្នុងប្រទេសប៉ាគីស្ថាន បានជំរុញគណៈកម្មការរៀបចំការបោះឆ្នោតឱ្យបញ្ចេញជាសាធារណៈនូវការជំទាស់ប្រឆាំងរបស់ខ្លួននិងការច្រានចោលបញ្ជីតែងតាំងរបស់បេក្ខជន ដើម្បីជួយពង្រឹងតម្លាភាពនៃការបោះឆ្នោត។
សេចក្តីថ្លែងការណ៍របស់អង្គការការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ បានបញ្ជាក់កាលពីថ្ងៃចន្ទថា៖ «វិធានការនេះនឹងមិនត្រឹមតែពង្រឹងតម្លាភាពនៃដំណើការបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែក៏ចាត់ទុកជាការការពារដល់ភាពដែលអាចទុកចិត្តបានរបស់ខ្លួនដើម្បីទប់ទល់នឹងការរាលដាលនៃព័ត៌មានក្លែងក្លាយនិងព័ត៌មានប្រតិដ្ឋដែលជារឿយៗកើតចេញពីព័ត៌មានមិនពេញលេញ។
យោធាបានបដិសេធការជ្រៀតជ្រែករបស់ខ្លួនដល់ដំណើការបោះឆ្នោត ឬបញ្ហានយោបាយនេះ ក៏ប៉ុន្តែអ្នករិះគន់បានច្រានចោលថាជាការអះអាងតែប៉ុណ្ណោះ។ ស្ថាប័នសន្តិសុខបានត្រួតត្រាប្រទេសប៉ាគីស្ថានអស់ជាង ៣ទសវត្សរ៍ បន្ទាប់ពីបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារយោធា។
អន្តរាគមន៍របស់យោធានេះបានធ្វើឱ្យខ្សោយការអនុវត្តប្រជាធិបតេយ្យនៅក្នុងប្រទេសប៉ាគីស្ថាន ហើយបានអនុញ្ញាតឱ្យពួកឧត្តមសេនីយ៍មានឥទ្ធិពលលើការធ្វើសេចក្តីសម្រេច ទោះបីជាមិនកាន់អំណាចក៏ដោយ។ នេះបើតាមអតីតរដ្ឋមន្ត្រីនិងអ្នកសង្កេតការណ៍ឯករាជ្យ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
វេទិកាបញ្ចេញមតិ