ការបោះឆ្នោតនៅប្រទេសឥណ្ឌូណេស៊ីនៅខែកុម្ភៈគ្របដណ្តប់ដោយបុរស ប៉ុន្តែមានស្ត្រីមួយចំនួនប្រឹងប្រែងចូលក្នុងឆាកនយោបាយដែលជាយូរមកហើយគ្របដណ្តប់ដោយមនុស្សប្រុស។
បើតាមគណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសឥណ្ឌូណេស៊ី មនុស្សជាង ២០០លាននាក់ មានសិទ្ធិបោះឆ្នោត ដោយជាងពាក់កណ្តាលជាស្ត្រី ប៉ុន្តែមានស្ត្រីតែមួយចំនួនតូចប៉ុណ្ណោះដែលតំណាងឱ្យពួកគេនៅក្នុងសភា។
អ្នកស្រី Lingga Permesti បេក្ខនារីឈរឈ្មោះធ្វើតំណាងរាស្ត្រ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ពីក្រុង Klaten ដែលអ្នកស្រីឈរឈ្មោះដើម្បីដណ្តើមអាសនៈមួយថា៖
«យើងមានអ្នកនយោបាយស្ត្រីច្រើននាក់ដែលយកចិត្តទុកដាក់នឹងការងារនិងមានសមត្ថភាព ប៉ុន្តែនៅតែមានមនុស្សច្រើននាក់ដែលចាត់ទុកស្ត្រីថាខ្សោយនិងគ្មានភាពជាអ្នកដឹកនាំ»។
ស្ត្រីដែលមានអាយុ ៣៧ ឆ្នាំរូបនេះ បានថ្លែងថា៖ «នេះជាការពិត ជាពិសេសក្នុងតំបន់ជនបទ»។
ប្រទេសឥណ្ឌូណេស៊ីដែលត្រូវបានគេស្គាល់យូរមកអំពីវប្បធម៌ញាតិសន្តាននិយម ដែលមានប្រធានាធិបតីស្ត្រីម្នាក់គឺលោកស្រី Megawati Sukarnoputri កូនស្រីរបស់លោក Sukarno បិតាបង្កើតប្រទេសឥណ្ឌូណេស៊ី និងជាប្រធានាធិបតីទី ១ នៃប្រទេសនេះ។
ក៏ប៉ុន្តែលោកស្រីមិនបានជាប់ឆ្នោតដោយផ្ទាល់ទេ ដោយលោកស្រីបានឡើងកាន់តំណែងជាន់ខ្ពស់បំផុតរបស់ប្រទេសពីតំណែងអនុប្រធានាធិបតី បន្ទាប់ពីមានការដកតំណែងលោក Abdurrahman Wahid កាលពីឆ្នាំ ២០០១។ ទោះជាគណបក្សលោកស្រីមានប្រជាប្រិយភាពខ្ពស់ដោយសារកេរ្តិ៍ដំណែលឳពុករបស់លោកស្រីក៏ដោយ ក៏លោកស្រីបានចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតីពីរលើកបន្តបន្ទាប់គ្នា។
បើតាមបញ្ជីចុងក្រោយនៃគណៈកម្មការរៀបចំការបោះឆ្នោត នៅក្នុងការបោះឆ្នោតនៅខែកុម្ភៈ គណបក្សនយោបាយទាំងអស់ ១៨ ដែលប្រកួតប្រជែងគ្នាដើម្បីអាសនៈសភា ៥៨០ បានសម្រេចតាមកូតាតម្រូវនៅទូទាំងប្រទេសឱ្យមានបេក្ខនារី ៣០ ភាគរយ។
ស្ត្រីបានកាន់តំណែងរដ្ឋមន្ត្រី ហើយប្រធានរដ្ឋសភាបច្ចុប្បន្ន ជាស្ត្រី។ សមាមាត្រសមាជិកាសភាបានកើនឡើងដល់ម្នាក់ក្នុងបណ្តាសមាជិកប្រាំនាក់ក្នុងឆ្នាំ ២០១៩ ដោយកើនឡើងពីតិចជាងម្នាក់ក្នុងចំណោមសមាជិក ១០ នាក់នៅឆ្នាំ ១៩៩៩។ តួលេខនេះប្រៀបធៀបជាមួយមធ្យមភាគនៅទូទាំងពិភពលោក គឺលើសពីម្នាក់ក្នុងបណ្តាសមាជិកសភាបួននាក់។ នេះបើតាមទិន្នន័យពីអង្គការស្ត្រីនៃអង្គការសហប្រជាជាតិ។
បើតាមក្រុមអ្នកជំនាញ ទោះជាមានការប្រឹងប្រែងកាលពីពេលថ្មីៗនេះក៏ដោយ ក៏ភាពតំណាងរបស់ស្ត្រីនៅតែមិនត្រូវបានគេយកចិត្តទុកដាក់ខ្លាំងនោះទេ។
បេក្ខនារីខ្លះនិយាយថា ពួកគេត្រូវបានគេចាត់ទុកថាមិនសំខាន់។
អ្នកស្រី Permesti បាននិយាយប្រាប់សារព័ត៌មាន AFP ថា៖ «នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ អភិបាលស្រុកប្រុសម្នាក់បាននិយាយប្រាប់ពលរដ្ឋថា ខ្ញុំគ្រាន់តែជាបេក្ខនារីបង្គ្រប់ម្នាក់ប៉ុណ្ណោះ គឺថា ខ្ញុំឈរឈ្មោះដើម្បីជួយគណបក្សខ្ញុំបំពេញតាមកូតាភាពតំណាងតែប៉ុណ្ណោះ»។
«សង្គមយកប្រុសៗជាធំ»
នៅក្នុងការជជែកដេញដោលគ្នាពីរលើកដំបូងរវាងបេក្ខជនប្រធានាធិបតី បុរសបីនាក់ប្រកួតប្រជែងគ្នាដើម្បីតំណែងកំពូលរបស់ប្រទេសរួមាន រដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto និងអតីតអភិបាលខេត្តពីរនាក់ គឺលោក Ganjar Pranowo និងលោក Anies Baswedan មិនបាននិយាយយោងម្តងណាអំពីសុខភាពបន្តពូជឬឱកាសស្មើគ្នាទេ។
បើតាមអង្គការ Koalisi Masyarakat Peduli Keterwakilan Perempuan ដែលជាក្រុមសង្គមស៊ីវីលមួយផ្តោតលើភាពតំណាងរបស់ស្ត្រី មានតែគណបក្សតែមួយដែលបានបំពេញតាមកូតាសម្រាប់បេក្ខនារីសម្រាប់ការបោះឆ្នោតសភានៅទូទាំងប្រទេស នៅក្នុងមណ្ឌលបោះឆ្នោតទាំង ៨៤ របស់ប្រទេស។
អ្នកស្រី Titi Anggraini អ្នកជំនាញខាងការបោះឆ្នោតមកពីសាកលវិទ្យាល័យឥណ្ឌូណេស៊ីបាននិយាយថា ពេលខ្លះគណៈកម្មការរៀបចំការបោះឆ្នោតបានអនុញ្ញាតឱ្យមានបេក្ខនារីតិចជាងតម្រូវការ ដោយបន្ថែមការរារែកក្នុងការបើកឱ្យមានស្ត្រីច្រើនជាងមុនក្នុងវិស័យនយោបាយ។
អ្នកស្រីបានថ្លែងថា៖ «ឆ្នាំ ២០២៤ កំណត់ការថមថយនៃភាពតំណាងរបស់ស្ត្រី ដែលបញ្ជាក់ការថយក្រោយរបស់ប្រទេសក្នុងការផ្តល់សិទ្ធិនយោបាយពេញលេញ»។
លោក Irwan Martua Hidayana ជានរវិទូនៅសាកលវិទ្យាល័យឥណ្ឌូណេស៊ី។ លោកបាននិយាយថា៖ «សង្គមយកប្រុសៗជាធំ» មានតាំងពីសម័យអាណានិគមហូឡង់ជាច្រើនទសវត្សរ៍ ហើយត្រូវបានពង្រឹងក្នុងអំឡុងពេលស្ថិតក្រោមការគ្រប់គ្រងផ្តាច់ការរបស់លោក Suharto។
លោក Hidayana បានថ្លែងថា៖ «ប្រសិនបើយើងមើលប្រវត្តិសាស្ត្រ ការសិក្សាស្រាវជ្រាវខ្លះបង្ហាញថា ឥណ្ឌូណេស៊ីមានទំនាក់ទំនងស្មើភាពរវាងបុរសនិងស្ត្រីនៅមុនរបបអាណានិគមបានកែប្រែរឿងនេះ»។
«ការយកចិត្តទុកដាក់ជួយថែមទៀត»
ស្ត្រីខ្លះនិយាយអំពីបទពិសោធន៍វិជ្ជមានក្នុងវិស័យនយោបាយ ប៉ុន្តែក៏បានថ្លែងដែរថាភាពវិជ្ជមានទាំងនេះមិនឆ្លុះបញ្ចាំងនៅទូទាំងវិសាលគមនយោបាយនោះទេ។
អ្នកស្រី Permesti បាននិយាយថា អ្នកស្រីបានទទួលឱកាសពង្រឹងជំនាញរបស់អ្នកស្រីនៅក្នុងគណបក្ស Prosperous Justice Party របស់អ្នកស្រី ដែលជាគណបក្សអ៊ិស្លាមមួយ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នា «ត្រៀមលក្ខណៈរួចរាល់ដើម្បីផ្តល់ឱកាសបែបនេះដល់ស្ត្រីទេ»។
អ្នកស្រី Anindya Shabrina បេក្ខនារីសភាអាយុ ២៨ ឆ្នាំ ខាងគណបក្សពលករ បាននិយាយថា ម្តងនោះអ្នកស្រីបានច្រានចោលសំណើឱ្យអ្នកស្រីចូលរួមក្នុងគណបក្សធំមួយទៀត ដោយសារអាកប្បកិរិយាមិនសមរម្យរបស់អ្នកនយោបាយប្រុសៗ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា គណបក្សទាំងអស់នឹងយកចិត្តទុកដាក់ជួយបន្ថែមទៀតដល់ស្ត្រីក្នុងនយោបាយ» ដោយអ្នកស្រីអំពាវនាវឱ្យមានការសិក្សាអប់រំខាងនយោបាយសម្រាប់ស្ត្រីដើម្បីឱ្យអាជីពរបស់ពួកគេអាចចាប់ផ្តើមនៅកម្រិតមូលដ្ឋាន។
ខណៈស្ត្រីរាប់លាននាក់នឹងចេញទៅបោះឆ្នោតនៅទូទាំងប្រទេសដែលជាប្រជុំកោះមួយនេះនៅខែក្រោយ ស្ត្រីខ្លះនិយាយថា ឋានៈរបស់ពួកគេក្នុងឆាកនយោបាយឥណ្ឌូណេស៊ីគ្មានឥទ្ធិពលច្រើនទេ។
អ្នកស្រី Permesti បានថ្លែងថា៖ «យើងមានប្រធានាធិបតីស្ត្រីម្នាក់ មានសមាជិកាសភា ប៉ុន្តែត្រូវធ្វើឱ្យកាន់តែប្រសើរជាងនេះ»។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា នៅឆ្នាំ ២០២៩ យើងនឹងមានបេក្ខនារីឈរឈ្មោះដណ្តើមតំណែងប្រធានាធិបតី ឬអនុប្រធានាធិបតី»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ