ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាល្លឺម៉ង់​នឹង​មក​កម្ពុជា​ដើម្បី​រឹត​ចំណង​ការ​ទូត​បន្ថែម​


រូប​ឯកសារ៖ ប្រធានាធិបតី​អាល្លឺម៉ង់ ​លោក Frank-Walter Steinmeier ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជន​អាល្លឺម៉ង់​ ពី​រដ្ឋធានី​​​បែរឡាំង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២២។
រូប​ឯកសារ៖ ប្រធានាធិបតី​អាល្លឺម៉ង់ ​លោក Frank-Walter Steinmeier ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជន​អាល្លឺម៉ង់​ ពី​រដ្ឋធានី​​​បែរឡាំង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២២។

ប្រធានាធិបតី​អាល្លឺម៉ង់ ​លោក Frank-Walter Steinmeier​ នឹង​មក​បំពេញ​ទស្សន​កិច្ច​លើក​ដំបូង​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុ​ជា ​នា​សប្តាហ៍​ក្រោយ ​ដើម្បី​រឹត​ចំណង​ទាក់​ទង​នៃ​ប្រទេស​ទាំងពីរ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ការ​បរទេស​អាល្លឺម៉ង់

ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៣​ ដល់​១៥ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ ​មុន​ពេល​ប្រធានាធិបតី​អាល្លឺម៉ង់​រូប​នោះ​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី ​បន្ទាប់​ពី​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ​លោក​ប្រធានាធិបតី​នឹង​មាន​កិច្ច​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​នយោបាយ​កម្ពុជា ​និង​តំណាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ហើយ​លោក​ក៏​នឹង​ទៅ​មើល​ដោយ​ផ្ទាល់​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​សម្អាត​មីន ដែល​អាល្លឺម៉ង់​កំពុង​តែ​គាំទ្រ ​និង​ការងារ​ជួស​ជុល​នៅ​បរិវេណប្រាសាទ​អង្គរវត្ត ​ក្នុង​ខេត្ត​សៀមរាប​ផង​ដែរ។ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ​លោក​ក៏​នឹង​ចុះ​ពិនិត្យ​មើល​កន្លែង​ប្រវត្តិសាស្រ្ត​នៃ​ខ្មែរក្រហម​ផង​ដែរ។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​អាន សុខខឿន ​អ្នកនាំ​ពាក្យក្រសួង​ការ​បរទេស​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

បើ​តាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា​កាល​ពី​ខែមករា ​ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​វិភាគ​ទាន​ចំនួន​២៣​លាន​អឺរ៉ូ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោស​សម្អាត​មីន ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤។ ​ស្ថានទូត​នេះ​បញ្ជាក់​ថា​ នេះ​គឺជា​ការ​រួម​ចំណែក​របស់​អាល្លឺម៉ង់​ចំពោះ​សកម្មភាព​បោស​សម្អាត​មីន​នៅ​កម្ពុជា ​«ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាល្លឺម៉ង់​ក្នុង​ការ​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការ​ឈាន​ដល់​គោល​ដៅ ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៣»។​

ប្រធាន​មូលនិធិ​ខុនរ៉ាដ អាដិនណៅអ៊ែរ ​(Konrad-Adenauer-Stiftung Cambodia) ​ដែល​ជា​ស្ថាប័ន​មូលនិធិ​របស់​គណបក្ស​នយោបាយ​នៅ​អាល្លឺម៉ង់ ​លោក​ Daniel Schmücking ​ប្រាប់​វីអូអេ​ថា​ ដំណើរ​ទស្សន​កិច្ចកម្រិត​ថ្នាក់​ដឹកនាំ​របស់​អាល្លឺម៉ង់​មក​កាន់​កម្ពុជានេះ​ជា​សញ្ញា​វិជ្ជមាន​នៃ​វឌ្ឍនភាព​ទំនាក់ទំនង​ទ្វេភាគី​នា​ពេល​ខាង​មុខ។ ​លោក​បន្ត​ថា​ ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​នេះ​ក៏​បង្ហាញ​ពី​ផល​ប្រយោជន៍​របស់​អាល្លឺម៉ង់​នៅ​ក្នុង​តំបន់ ​ហើយ​អាល្លឺម៉ង់​រង់ចាំ​ដើម្បី​រឹត​ចំណង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​ ក្រោយ​គោល​នយោបាយ​របស់​អាល្លឺម៉ង់​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០២០។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​ជឿ​ជាក់​ថា​ ទស្សន​កិច្ច​នេះ​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី»។​
សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ ​លោក​ ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​ថា ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា​ និង​អាល្លឺម៉ង់​មិន​មាន​ភាព​រកាំ​រកូស​អ្វី​ឡើយ​ និង​ថា​ ប្រទេស​មួយ​នេះ​ក៏​បាន​ផ្តល់​ជំនួយ​មក​កម្ពុជា​ច្រើន​ផង​ដែរ។​

ទោះ​ជា​យ៉ាងណាក្តី​ ​សាស្ត្រាចារ្យ​រូប​នេះ​លើក​ឡើង​ថា នៅក្នុង​ក្រប​ខណ្ឌ​សហភាព​អឺរ៉ុប ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរហាក់​មិន​សូវ​ល្អ​ឡើយ​ ដោយ​សារ​តែ​វា​ពាក់​ព័ន្ធ​ជា​មួយ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ​ ឬហៅ​ថា ​EBA។​

លោក​បញ្ជាក់​ថា៖​ «លើក​លែង​តែ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៅ​អឺរ៉ុប ​គឺ​មាន​ភាព​រកាំ​រកូស​រឿង ​EBA ប៉ុន្តែ​សម្រាប់​ទំនាក់​ទំនង​ទ្វេ​ភាគី​ ​កម្ពុជា​និង​អាល្លឺម៉ង់​មាន​ទំនាក់ទំនង​ល្អ ​ហើយ​កម្ពុជា​ក៏​ត្រូវ​ការ​ការ​ជួយ​គាំពារ​ពី​បណ្តា​មហា​អំណាច​សេដ្ឋកិច្ច​នេះ​ដែរ»។​

លោក​បន្ត​ថា ​អាល្លឺម៉ង់​ជា​ប្រទេស​ដែល​កំពុង​តែ​លេច​ធ្លោ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​យោធា​ ហេតុ​នេះការ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​តូចៗ​ ដូច​ជា​កម្ពុជា​ ជា​ការ​ចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​រីក​ចម្រើន។​

សាស្ត្រាចារ្យ​រូប​នេះ​រំពឹង​ថា​ ដំណើរ​ទស្សន​កិច្ច​នេះនឹង​ទទួល​បាន​ផល​ប្រកប​ដោយ​វិជ្ជមាន​ ប៉ុន្តែ​លោក​ថា ​នយោបាយ​ក្នុង​ស្រុក​របស់​កម្ពុជា​ហាក់​ក្លាយ​ជា​រនាំង​បន្តិច​បន្តួច​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំ​ង​ពីរ​នេះ។​

កាល​ពី​កន្លង​ទៅ ​តំណាង​ទូត​របស់​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជាបាន​ជួប​លោក​ កឹម សុខា​ មេដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ក្តី​ក្តាំ​នៅ​តុលាការ ​ក្នុង​សំណុំ​រឿង​«ក្បត់​ជាតិ» ​ជា​បន្ត​បន្ទាប់។ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​ ស្ថានទូត​អាល្លឺម៉ង់​បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​សង្គម​របស់​ខ្លួន​ នៅ​ពេល​តំណាង​ទូត​របស់​ខ្លួន​ជួប​ជាមួយ​លោក កឹម សុខា ​ដោយ​បញ្ជាក់​ថា៖ ​«សហ​ព័ន្ធ​អាល្លឺម៉ង់​គឺ​ជា​ប្រទេស​ដែល​គាំទ្រ​គុណ​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស ​ជា​សមាជិក​សហភាព​អឺរ៉ុប ​និង​ជាពិសេស​គឺជា​មិត្ត​របស់​កម្ពុជា»។​

អ្នក​ស្រាវជ្រាវ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​លោក​ វណ្ណ ប៊ុនណា​ កត់​សម្គាល់​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​អាល្លឺម៉ង់​នេះ​ជា​ការ​រឹត​ចំណង​ការ​ទូត​បន្ថែម​រវាង​ប្រទេស​ទាំង​ពីរ ​និង​ថា អាល្លឺម៉ង់​សម្លឹង​ឃើញ​ពី​តួនាទី​សំខាន់​របស់​កម្ពុជា​នៅ​ក្នុង​ឆាក​អន្តរជាតិ ​តាម​រយៈ​ការ​ដែល​កម្ពុជា​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ ជា​ពិសេស​ភាព​ជោគ​ជ័យ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន។​

បើ​តាម​លោក ​វណ្ណ ប៊ុនណា​ ​អាល្លឺម៉ង់​បាន​តម្រង់​យុទ្ធសាស្ត្រ​របស់​ខ្លួន​មក​កាន់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ហេតុ​នេះ​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​បាន​ក្លាយ​ជា​ប្រទេស​សំខាន់​សម្រាប់​អាល្លឺម៉ង់​ មិន​ថា ផ្នែក​សេដ្ឋកិច្ច ​នយោបាយ ​ឬក៏​សន្តិសុខ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖ ​«ដូច្នេះ​តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​អាល្លឺម៉ង់​ពេល​នេះ ​វា​គឺ​ជា​ការ​ធ្វើ​ឡើង​ភ្ជាប់​ទៅ​នឹង​គោល​នយោបាយ​ឥណ្ឌូប៉ាស៊ីហ្វិក​រប​ស់​អាល្លឺម៉ង់ ​ដែល​ចង់​ឱ្យ​វត្ត​មាន​របស់​អាល្លឺម៉ង់​ក៏​ដូច​ជា​ឥទ្ធិពល​កាន់​តែ​មាន​ភាព​លេច​ធ្លោ​នៅ​ក្នុង​តំបន់​ផង​ដែរ»។​

​នៅ​ក្នុង​ឆ្នាំ​២០២២ ​កម្ពុជា​បាន​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់​ ចំនួន​ប្រមាណ​១០៨៣​លាន​ដុល្លារ​អាមេរិក។ ​តួ​លេខ​នេះ​មាន​ការ​កើន​ឡើង​២៣% ​ បើ​ធៀប​នឹង​ឆ្នាំ​២០២១។​ នេះ​បើ​តាម​សារ​ព័ត៌មាន​រដ្ឋ​ AKP ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣។​

បើ​តាម​សារ​ព័ត៌មាន​ដដែល​ ការ​នាំ​ចូល​របស់​អាល្លឺម៉ង់​មក​កម្ពុជា​មាន​ការ​កើន​ឡើង​៣% ​ដែល​មាន​ចំនួន​ប្រមាណ​១៦៣​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២២។ ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់​ភាគ​ច្រើន​រួម​មាន​សម្លៀកបំពាក់ ​ស្បែក​ជើង ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ ​ផលិតផល​កសិកម្ម គ្រឿង​បន្លាស់​អគ្គិសនី ​និង​កង់ ខណៈការ​នាំ​ចូល​សំខាន់​មាន​ដូច​ជា​យាន​យន្ត ​សម្ភារៈ​សំណង់ ​និង​គ្រឿង​សង្ហា​រឹម​ជាដើម៕​

XS
SM
MD
LG