ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ព្រុចសែល ​តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​ពិភាក្សា​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ជាមួយ​កម្ពុជា​


រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន សន្ទនាគ្នាជាមួយលោក Josep Borrell Fontelles តំណាង​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ច​ការ​បរទេស​ និង​គោល​នយោបាយ​សន្តិសុខ ក្នុងអំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនិងអាស៊ាន នៅប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ ២០២២។

នៅ​ក្នុង​ជំនួប​ផ្ទាល់​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​លោក​ ប្រាក់​ សុខុន​ ក្នុង​ទីក្រុង​ព្រុចសែល​ ប្រទេសបែលហ្ស៊ិក​ តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ច​ការ​បរទេស ​និង​សន្តិសុខ​គោល​នយោបាយ​ លោក​ Josep Borrell Fontelles ​បាន​លើក​ឡើង​អំពី​បញ្ហា​នៃ​ការ​ស្តារ​ឡើង​វិញ​ឲ្យ​បាន​ពេញ​លេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​ លើក​លែង​សព្វាវុធ» ​ឬ ​EBA ​(Everything But Arms)​ របស់​អឺរ៉ុប​ យោង​ទៅ​តាម​លម្ហ​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។​

ជំនួប​នេះ​ទទួល​បាន​ការ​សាទរ​ពី​មេ​ដឹកនាំ​សហជីព​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ ដែល​នៅ​ចាត់​ទុក​ថា​ EBA ​មាន​ភាព​អំណោយ​ផល​ដល់​ការ​បង្កើត​ការងារ​ថ្មី​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ​និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា។​

បើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង ​Twitter​ លោក​ Josep Borrell Fontelles​ លើក​ឡើង​ថា៖ ​«បាន​ពិភាក្សា​អំពី​ទំនាក់​ទំនង​របស់​សហភាព​អឺរ៉ុប​ និង​អំពី​ថា​ តើ​ការ​បើក​លម្ហ​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ អាច​ជួយ​ស្តារ​ឲ្យ​បាន​ពេញ​លេញ​មក​វិញ​នូវ​របប​ពាណិជ្ជ​កម្ម​ EBA ​បាន​យ៉ាង​ដូច​ម្តេច?»

ក្រៅពី​បញ្ហា ​EBA ​នេះ​ ក្នុង​ជំនួប​ជា​មួយ​លោក​ ប្រាក់ សុខុន​ ដដែល​នោះ​ លោក​ Josep Borrell Fontelles​ ក៏​បាន​ពិភាក្សា​ជាមួយ​លោក ​ប្រាក់ សុខុន​ ដែល​ជា​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា​ឬ​ភូមា​ ជុំវិញ​ស្ថាន​ការណ៍​នៅ​ប្រទេស​នេះ។​

កាល​ពី​ខែ​សីហា ​ឆ្នាំ​២០២០ ​សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ ចំនួន​២០%​ពី​កម្ពុជា ​ដែល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀកបំពាក់​ទៅ​ប្រទេស​នៅ​អឺរ៉ុប។ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​មួយ​ផ្នែក​ នេះ​កើត​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។​

កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២២​ សមាជិក​សភា​អឺរ៉ុប​ភាគ​ច្រើន​លើស​លប់​បាន​បោះ​ឆ្នោត​សម្រេច​លើ​ញត្តិ​មួយ ​ដោយ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បន្ត​បង្រ្កាប​ខាង​នយោបាយ​នៅ​កម្ពុជា​ ហើយ​បាន​ជំរុញ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​ត្រៀម​ខ្លួន​ក្នុង​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ ​EBA ​ទាំង​ស្រុង ​ប្រសិន​បើ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ​មិន​យុត្តិធម៌។​

ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​លោក ​ប៉ាវ ស៊ីណា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​វា​ជា​ដំណឹង​រីករាយ​ដែល​ថ្នាក់​ដឹក​នាំ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​អំពី​បញ្ហា​ EBA​ នេះ​ ដោយ​សារ​តែ​កម្ពុជា​នៅ​ត្រូវ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ សម្រាប់​ឱកាស​ការងារ​ នៅ​ពេល​មាន​ការ​បណ្តាក់​ទុន​មក​កម្ពុជា​សម្រាប់​ការ​ផលិត​ទំនិញ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហ​ភាព​អឺរ៉ុប។​

លោក​ថ្លែង​ថា៖​ «ជាសារ​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​ ជាពិសេស​យើង​ពិត​ជា​មិន​ចង់​ឲ្យ​បាត់​បង់​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទេ​ ទោះ​បី​ផ្នែក​ណា​មួយ​ក៏ដោយ។​ អ្វី​ដែល​សំខាន់​គឺ​យើង​ចង់​ឃើញ​ឱកាស​នៃ​ការ​បង្កើត​ការងារ​កាន់​តែ​ច្រើន​ទៀត​សម្រាប់​ប្រជាជន​កម្ពុជា​ ដែល​ដល់​វ័យ​ត្រូវ​បំពេញ​ការងារ​ នៅ​ពេល​ដែល​យើង​គិត​ថា​ EBA ​មិន​សំខាន់​ ហើយ​ត្រូវ​បាន​មិន​អើ​ពើ​ នោះ​វា​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​សម្រាប់​កម្ពុជា​យើង​ជាពិសេស​ទៅ​លើ​វិស័យ​ការងារ​តែ​ម្តង»។​

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​ សម្រាប់​ខ្ញុំ​ ខ្ញុំ​ពិត​ជា​រីករាយ​មែន​ទែន​ ចំពោះ​សារ​របស់​ថ្នាក់​ដឹកនាំ​របស់​យើង​នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​មន្ត្រី​ EU ​ជុំវិញ​នឹង​បញ្ហា​ពិនិត្យ​ទៅ​លើ​លទ្ធភាព​ក្នុង​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឲ្យ​ពេញ​លេញ​ឡើង​វិញ​នោះ​ គឺ​ជា​រឿង​មួយ​ល្អ​បំផុត​ ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​មែន​ទែន​ក្នុង​នាម​ខ្ញុំ​ជា​ភាគី​តំណាង​ឲ្យ​បងប្អូន​កម្មករ​និយោជិត»។​

ប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC) ​លោក ​អាត់ ធន់ ​ថ្លែង​ថា​ អ្នក​វិនិយោគ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​នៅ​ត្រូវ​ការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​សម្រាប់​ទ្រទ្រង់​ផលិត​កម្ម ​និង​ការ​នាំចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប។​

ហេតុ​ដូច្នេះ​លោក​ថា ​កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​នានា​ ដែល​ភាគី​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ ក្នុង​នោះ​មាន​ការ​បើក​ឡើង​វិញ​នូវ​លម្ហ​នយោបាយ​ជាដើម។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា៖​ «ខ្ញុំ​គិត​ថា​ គួរតែ​រៀបចំ​ឲ្យ​ច្បាស់​លាស់​ ហើយ​ដោះស្រាយ​បញ្ហា​កង្វល់​ នៃ​សហគមន៍​អឺរ៉ុប​ក៏​ដូច​សហ​រដ្ឋ​អាមេរិក​ដែល​គេ​ផ្តល់​ទាំង​ EBA ​និង​ GSP​ ហ្នឹង។​ វា​ជា​រឿង​សំខាន់។ ​ ហើយ​បើ​អាច​ទទួល​បាន​ EBA​ ហើយ​ នឹង​មាន​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ផ្សេងៗ​ទៀត​ ​ អាហ្នឹង​គឺ​យើង​គិត​ថា​ កម្មករ​ និង​ប្រជា​ពល​រដ្ឋ​ហ្នឹង​នឹង​សម្បូរ​ការងារ​ធ្វើ​ មាន​ជីវភាព​ធូរធា​ជាង​មុន»។​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​ស្ថាន​បេសក​កម្ម​ការ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ តែ​មិន​មាន​ការ​ឆ្លើយ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​ទេ​ គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ​នេះ។​

អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​កម្ពុជា​លោក ​ជុំ សុន្ទរី​ ក៏​មិន​មាន​ការ​ឆ្លើយតប​សំណួរ​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ដែរ។​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ធ្លាប់​បាន​លើក​ឡើង​ថា​ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​ផ្នែក​របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា​គឺ​ជា​ការ​សម្រេច​ដែល​មាន​«ភាព​លម្អៀង»​និង​«អយុត្តិធម៌»​ហើយ​លោក​ចាត់​ទុក​ថា ​ នេះ​ជា​រឿង​ច្រំដែល​នៃ​ប្រវត្តិ​សាស្រ្ត។​ លោក​បន្ថែម​ថា​ ការ​នាំ​ចេញ​របស់​កម្ពុជា​នឹង​មិន​រង​សម្ពាធ​ណា​មួយ​ឡើយ​ បើ​ទោះ​មាន​ការ​ដក​ឋានៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះ​ថ្ងៃទី​១៥ ​ខែ​ធ្នូ ​ លោក​ Borrell​បាន​ជម្រាប​លោក​ប្រាក់ សុខុន​ថា​ សហភាព​អឺរ៉ុប​ ឬ​ហៅ​កាត់​ថា​ EU ​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ជំរុញ​ និង​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​កម្ពុជា-EU ​ឲ្យ​ដល់​កម្រិត​ថ្មីមួយ​បន្ថែម​ទៀត​ ស្ថិត​ក្រោម​ការ​គាំទ្រ​ពី​គំនិត​ផ្តួច​ផ្តើម​ច្រក​ទ្វារ​សកល​របស់​EU។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ លោក​ Borrell ​បាន​អបអរ​សាទរ​ចំពោះ​ការ​ត្រៀម​ចាក​ចេញ​របស់​កម្ពុជា​ពីក្រុម​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​ (LDCs) ​ដែល​នឹង​រួម​ចំណែក​ដល់​ការ​ពង្រីក​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​កម្ពុជា-EU​ក្នុង​ដំណាក់​កាល​ថ្មី​ទៀត។​

លោក​ ប្រាក់ សុខុន​ បាន​គូស​បញ្ជាក់​អំពី​ភាព​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​របស់​កម្ពុជា​លើ​ផ្នែក​ប្រជា​ធិបតេយ្យ ​ហើយ​ថា​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ កាលពី​ខែ​មិថុនា​ ឆ្នាំ​នេះ​ ត្រូវ​បាន​វាយ​តម្លៃ​ថា​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​ដោយមាន​អត្រា​អ្នក​ទៅ​បោះឆ្នោត​ជាង​៨០%​ និង​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​គណ​បក្ស​នយោបាយ​ចំនួន​១៧។​ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា៕

XS
SM
MD
LG