ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី៖ កម្ពុជា​លែង​ពឹង​ផ្អែក​ខ្លាំង​លើ​ការនាំ​ចេញ​ទំនិញ​កាត់ដេរ ដែល​នាំឱ្យ​លែង​បារម្ភ​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA


រូបឯកសារ៖ កម្មកររោងចក្រ​កាត់ដេរ​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក H&M ខេត្ត​កណ្ដាល ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៨។ REUTERS/Samrang Pring/File Photo
រូបឯកសារ៖ កម្មកររោងចក្រ​កាត់ដេរ​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក H&M ខេត្ត​កណ្ដាល ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៨។ REUTERS/Samrang Pring/File Photo

មន្ត្រីជាន់​ខ្ពស់​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរិញ្ញវត្ថុ​លោក​ វង្សី​ វិស្សុត​ លើក​ឡើង​ក្នុង​វេទិកាមួយ​ដែល​ផ្តោតលើស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជាថា​ ការ​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់​ និង​សម្ភារៈ​ធ្វើ​ដំណើរ​បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់​អំឡុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩​។

នៅ​ឯ​វេទិកា​សាធារណៈ​ស្តី​ពី​៖ «ការ​គ្រប់​គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ច្បាប់​ថវិកា​ឆ្នាំ​២០២៣​»​ ធ្វើឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ លោក ​វង្សី វិស្សុត ​ដែល​ជា​រដ្ឋ​លេខាធិការ​ប្រចាំ​ការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ថ្លែងថា កម្ពុជា​មិន​ពឹង​ផ្អែក​ខ្លាំង​តែ​លើ​ផលិត​ផល​កាត់​ដេរសម្រាប់​ការ​នាំចេញដូច​មុន​ទេ​ ពោល​គឺ​ការ​នាំ​ចេញ​ទំនិញ​ប្រភេទ​នេះ​ បាន​ថយ​ចុះ​ពី​៨០​ភាគរយ​ មក​មិន​ដល់​៦០​ភាគ​រយ​ផង។

វេទិកា​សាធារណៈ​ស្ដីពី​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០២៣ ដែលរៀប​ចំដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​សណ្ឋាគារ​សូហ្វីតែល រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៣។ (លាស់​ លីបលីប/វីអូអេ)
វេទិកា​សាធារណៈ​ស្ដីពី​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០២៣ ដែលរៀប​ចំដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​សណ្ឋាគារ​សូហ្វីតែល រាជធានីភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៣។ (លាស់​ លីបលីប/វីអូអេ)

លោក​ថ្លែង​ថា​៖ «យើង​ធ្លាប់​និយាយថា​ ​ក្នុង​ការ​នាំ​ចេញ​របស់​យើង​៨០​ភាគរយ​ ខោ​អាវ​ស្បែក​ជើង​។ ឥឡូវ​អត់​ទេ​។ ក្នុង​រយៈ​ពេល​កូវីដ​៣ឆ្នាំ​នេះ​ មាន​ការ​ប្រែ​ប្រួល​សម្បើម​ណាស់ ជាពិពិធកម្ម​សេដ្ឋ​កិច្ច​។ ឥឡូវ​នេះ​ ក្នុង​រចនា​សម្ព័ន្ធ​នាំ​ចេញ​របស់​កម្ពុជា​ បើ​យើង​រាប់​ការ​នាំ​ចេញ​ ផលិតផល​កសិកម្ម​ ទាំង​ផ្លូវ​ការ​ ទាំងក្រៅ​ផ្លូវ​ការ​ ព្រោះ​យើង​មាន​ទាំង​ពីរ​ អាកសិកម្ម​ហ្នឹង​ នាំ​ចេញ​ហ្នឹង​ អា​លេខ​មួយ​រាប់អាមួយ​ទៀត​អត់​រាប់​។ ខោអាវ​នៅ​សល់​តែ​ និង​ស្បែក​ជើង​ Travelling bag ​[កាបូប​ធ្វើ​ដំណើរ​ ]នៅ​សល់​តែ៥​៦​ ៥៧​ភាគរយ​ទេ​»។

លោក​បន្ថែម​ថា​៖ «កសិកម្ម​ឡើង​ទៅដល់​ វត្ថុកសិកម្ម​ឡើងជាង​១០ភាគរយ​ដែល​នាំ​ចេញ​ឥឡូវ​។ ហើយ​កម្មន្តសាល​ មិនមែន​កាត់​ដេរ​ឡើង​ជាង​២០ ជិត​៣០ភាគរយ​ ចំណែក​ក្នុង​ការ​នាំចេញ»។

បើ​តាម​លោក ​វង្សី​ វិស្សុត​ កម្ពុជា​ បាន​និងកំពុងនាំ​ចេញផលិតផល​កម្មន្ត​សាល​ រួម​មាន​ កង់​ ផ្ទាំង​សូឡា​ ឬ​ផ្ទាំង​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ គ្រឿង​សង្ហារិម​ ឬ​គ្រឿង​តុទូ​ ខ្សែ​អុបតិក​ និង​គ្រឿង​បង្គុំ​អេឡិចត្រូនិក​។ លោក​ថា ការនាំចេញ​ផលិត​ផល​ទាំង​នេះ​ គឺបាន​មក​ពី​ការ​ធ្វើ​ឱ្យ​មាន​ពិពិធកម្ម​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​។

ប្រទេស​កម្ពុជាត្រូវ​គេ​ដឹង​ថា​ ​ធ្លាប់​ពឹង​ផ្អែក​ខ្លាំង​លើការ​នាំ​ចេញ​ទំនិញ​សម្លៀក​បំពាក់​ និង​កាបូប​ធ្វើ​ដំណើរ​តាម​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ចំនួន​ពីរ​ គឺកម្ម​វិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ GSP(Generalized System of Preferences) របស់​សហរដ្ឋ​អាមេរិក​ និងប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ គ្រប់​មុខ​ទំនិញ​លើក​លែង​តែសព្វាវុធ​ ឬ ​EBA​ (Everything But Arms)​ របស់​សហ​ភាព​អឺរុប​។

ក្រោយ​មក​ប្រទេស​នេះ​ បាន​ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​មួយ​ចំនួន​ ដូច​ជា​កិច្ច​ព្រម​ព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំ​ទូលាយ​ក្នុង​តំបន់ (RCEP) ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្លាពី​ប្រទេស​ចិន​ និងកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-កូរ៉េខាង​ត្បូង ដើម្បី​នាំ​ចេញ​ផលិតផល​ផ្សេង​ទៀត​ ដូច​ជា​ផលិត​ផល​កសិកម្ម​ និង​គ្រឿង​បង្គំ​អេឡិច​ត្រូនិក​ សម្លៀក​បំពាក់​ ស្បែក​ជើង​ និងគ្រឿង​បង្គំ​កំព្យូទ័រ​ជាដើម។

ស្រប​ពេល​មាន​ការ​កើនឡើងនៃ​ការ​នាំ​ចេញ​ផលិត​ផល​ផ្សេង​ក្រៅពី​ផលិតផល​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ លោក​វង្សី​ វិស្សុត​ ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នា​យក​រដ្ឋមន្ត្រី​ផង​នោះ​ បាន​ថ្លែង​ថា​ កម្ពុជា​មិន​បារម្ភ​ពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP និង​ EBA នោះ​ទេ ដោយ​លើក​ហេតុផល​ថា​ បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ កម្ពុជា​ មិន​បាន​ពឹង​តែ​លើប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទាំង​ពីរ​នេះ​ទេ សម្រាប់​ការនាំ​ចេញ​ទំនិញ​របស់​ខ្លួន។

លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ ស្ដីពី​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៣ នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​ ២៥ ខែ​មករា ឆ្នាំ​ ២០២៣។(លាស់​ លីបលីប/វីអូអេ)
លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ ស្ដីពី​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៣ នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​ ២៥ ខែ​មករា ឆ្នាំ​ ២០២៣។(លាស់​ លីបលីប/វីអូអេ)

លោក​ថ្លែង​ថា៖ «រឿង​ GSP អត់​បី​ឆ្នាំ​ហើយ​ក្មួយ​ អត់​ទៀត​ក៏​អត់​អីដែរ​ វាលែង​អី​ វា​ធ្លាប់​អស់​ហើយ ស៊ាំ​ហើយ​។ អត់​ប៉ុណ្ណឹង​ហើយ មើល!​ យើង​នាំ​ចេញ​មើល!​ នៅ​តែ​ឡើង​អ៊ីចឹង​។ អាអត់​ GSP ​ហ្នឹង​ អា EBA នេះ​ ក៏​វាអត់​មាន​អី​មក​ជាមួយយើង​លើ​ GSP​ ហ្នឹង​ ក៏វា​អត់​អី​ដែរ។​ យើង​អត់​ទៅ​ហើយ​ហ្នឹង​ ឥឡូវ​មើល​ យើង​ស្លាប់​ទៅ​ណា!​ មិន​ត្រឹម​តែ​មិន​ស្លាប់​ទេ​ resilient [​បាន​រើប​ឡើងវិញ​យ៉ាងឆាប់​រហ័ស] ទៅទៀត​ ហ្នឹង​ហើយ​ ត្រូវ​យក​ជំហរ​អ៊ីចឹង​ ហើយ​ថ្ងៃក្រោយ​សម្តេច​តេជោ​ចង្អុល​ហើយ​ មិន​បាច់​នរណា​ទាំង​អស់»​។

លោក​បន្ថែម​ថា៖ «រឿង​អនុគ្រោះ​ មិនត្រូវ​ការ​ទេ​ ត្រូវ​ការ​តែ​ស្មើសិទ្ធិ​ស្មើភាព​បាន​ហើយ។ ត្រូវ​ខ្លួន​ឯង​ប្រជែង​ខ្លួន​ឯង​បាន​ មាន​គំនិត​ត្រូវ​ប្រឹង​ខ្លួន​ឯង​ ឱ្យ​មាន​ប្រកួត​ប្រជែង​បាន​ហើយ​ ហើយមិន​បាច់​ពឹង​ភាព​អនុគ្រោះ​ទេ​ អាហ្នឹង​ជាគោល​ដៅ​ថ្ងៃ​ក្រោយ​»។

ក៏ប៉ុន្តែ​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​លោក​ ប៉ាវ ស៊ីណា យល់​ថា​ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ GSPនិង​ EBA​ ​ មាន​សារៈសំខាន់​ចំពោះ​ការងារ​របស់​កម្មករ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ​របស់​កម្ពុជា​ ព្រោះ​អ្នក​វិនិយោគ​នៅ​ត្រូវ​ការ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទាំង​ពីរ​នេះសម្រាប់​ការ​ផលិត​ និង​ការ​នាំ​ចេញ​ទំនិញ​កាត់​ដេរ​ចេញ​ពីកម្ពុជា​ដោយ​មិន​ជាប់​ពន្ធ។

បើតាម​លោក​ ប៉ាវ ស៊ីណា​ ខណៈ​មានភាព​មិន​ច្បាស់​លាស់​ ពាក់​ព័ន្ធ​នឹង​ការ​បន្ត​ឡើង​វិញនូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ GSPសម្រាប់​កម្ពុជា​ និង​ការទទួលបាន​ពេញ​មក​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA សម្រាប់​កម្ពុជានាំទំនិញ​កាត់​ដេរ​ទៅទីផ្សារ​សហគ​មន៍​អឺរ៉ុប​នោះ​ ការបញ្ជា​ទិញ​ចាប់​ផ្តើម​ធ្លាក់​ចុះ​ជា​បណ្តើរ​ហើយ​។

​លោក​ប្រាប់វីអូអេ​នៅថ្ងៃ​សុក្រនេះ​ថា​៖ «មាន​ន័យ​ថា​មក​ដល់​ម៉ោង​នេះ​ យើង​ឃើញ​តាម​បណ្តា​រោង​ចក្រ​សហគ្រាស​ យើងឃើញថាខ្វះ order [ការបញ្ជា​ទិញ​] ច្រើន​មែន​ទែន​ ដែល​ជា​បញ្ហា​មួយ​ប្រឈម​ទៅ​ដល់​ការងារ​កម្មករ​ ប្រសិនបើ​បញ្ហា​នេះ​ នៅ​តែ​បង្ក​ការ​ខ្វះខាត​ទៀត​ មានន័យ​ថា​ កម្មករ​យើង​នឹង​ជួប​វិបត្តិ​ ការ​ចំណាយ​ផ្សេងៗ​ហើយ​ដោយ​សារ​តែ​គាត់​ ត្រូវ​ការ​ពឹង​ផ្អែក​ធ្វើ​ការ​ពេញ​ម៉ោង​ ក៏ដូច​ជាការ​ថែម​ម៉ោង​ ដែរ​ ហើយ​បើ​ប្រសិន​ជា​ការងារ​ខ្វះ​ ហើយ​អត់​មាន​សម្ភារៈ​ធ្វើ​គ្រប់​គ្រាន់ ​ដូច្នេះ​ជីវភាព​គាត់​ក៏ត្រូវបាន​ថយ​ចុះ​ដែរ​»។ ​

គួរ​បញ្ជាក់​ផងដែរ​ថា​ សហរដ្ឋ​អាមេរិក​មិន​ទាន់​អនុញ្ញាត​ឱ្យ​កម្ពុជា​បាន​ទទួល​ប្រព័ន្ធ​អនុ​គ្រោះពន្ធ ​GSP ​ដែល​បាន​ផុត​តាំង​ពី​ចុង​ឆ្នាំ​២០២០​ ខណៈ​មានការ​ព្រួយ​បារម្ភ​ជា​បន្ត​បន្ទាប់​អំពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​។ ​ ហើយសហ​ភាព​អឺរ៉ុប​បាន​កាត់​ផ្តាច់​ប្រព័ន្ធអនុគ្រោះ​ពន្ធ​EBA ​របស់​ខ្លួន​ចំនួន​២០​ភាគ​រយ​ពីកម្ពុជា​ ដោយ​សារ​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ ការ​រំលាយ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ និង​ការ​ដក​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​បក្ស​ប្រឆាំង​ជា​ដើម​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG