ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនាន់​គ្មាន​ការ​ចងចាំ៖ ហេតុអ្វី​បាន​ជា​យុវជន​ចិន​ភ្លេច​ព្រឹត្តិការណ៍​ថ្ងៃ ៤ មិថុនា


រូបឯកសារ៖ បុរសជនជាតិចិនម្នាក់ឈរនៅពីមុខជួររថក្រោះនៅទីលាន Tiananmen កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៨៩។
រូបឯកសារ៖ បុរសជនជាតិចិនម្នាក់ឈរនៅពីមុខជួររថក្រោះនៅទីលាន Tiananmen កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៨៩។

នា​រដូវ​ក្តៅ​កាល​ពី ៣១ ឆ្នាំ​មុន នៅ​រាត្រី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ១៩៨៩ រថក្រោះ និង​ទាហាន​ដែល​ប្រដាប់​ទៅ​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ បាន​ធ្វើការ​វាយ​ប្រហារ​នៅ​តំបន់​ប្រជុំជន​កណ្តាល​ក្រុង​ប៉េកាំង ដែល​ជា​កន្លែង​ដែល​និស្សិត និង​ពលរដ្ឋ​ចិន​រាប់ម៉ឺន​នាក់​បាន​បោះតង់​ធ្វើ​បាតុកម្ម​តវ៉ា​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដែល​ជា​បាតុកម្ម​យូរ​ជាង​គេ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន។

មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់ ហើយ​ច្រើន​ជាង​នេះ​បាន​រងរបួស។ មនុស្ស​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន ដាក់​ពន្ធនាគារ ឬ​ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ បន្ទាប់ពី​ការ​ធ្វើ​បាតុកម្ម​នេះ។ ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ​បាន​តម្រង់​ទិសដៅ​ប្រទេស​ចិន​ឲ្យ​ស្ថិត​នៅ​លើ​មាគ៌ា​ដឹកនាំ​បែប​ផ្តាច់ការ​ជំនួស​ឲ្យសេដ្ឋកិច្ច​ទីផ្សារ​សេរី។

អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ការ​កាប់​សម្លាប់​នៅ​ទីលាន Tiananmen ដែល​ជា​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​មួយ ត្រូវ​បាន​រដ្ឋាភិបាល​ចិន​បំបិទ​មិន​ឲ្យ​មាន​ការ​ពិភាក្សា​ជា​សាធារណៈ។

សម្រា​ប់​ពលរដ្ឋ​ចិន ដែល​កើត​ក្រោយ​ឆ្នាំ ១៩៨៩ នៅ​ក្នុង​សម័យកាល​សម្បូរសប្បាយ និង​ការ​ភ្លេច​ហេតុការណ៍​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​នយោបាយ ពួកគេ​បាន​ដឹង​ពី​ហេតុការណ៍​នៅ​ទីលាន Tiananmen នេះ​ដោយ​ចៃដន្យ​តែ​ប៉ុណ្ណោះ ដូចជា​ក្នុង​ករណី​របស់​លោក Derrick Yu អាយុ ២២ ឆ្នាំ ដែល​ឥឡូវ​នេះ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក។

​នៅ​ថ្ងៃ​មួយ​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៩ លោក Yu បាន​ហៅ​រថយន្ត Uber ជិះ​នៅក្រុង​មួយ​ក្នុង​រដ្ឋ Arkansas ស្ថិត​នៅ​ភាគកណ្តាល​សហរដ្ឋអាមេរិក។ ហើយ​នៅ​ពេល​នោះ ទីក្រុង​ហុងកុង​កំពុង​ប្រឈមនឹង​បាតុកម្ម​ធំ​ជាង​គេ​បង្អស់​មួយពាក់ព័ន្ធ​នឹង​លទ្ធិប្រជាធិបតេយ្យក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ។ ស្រប​ពេល​នោះ​ដែរ ភាព​អត់ធ្មត់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​កាន់តែ​ស្តួចស្តើង​ទៅ។

អ្នក​បើក​រថយន្ត Uber នោះ ដែល​ជា​ស្ត្រី​អាមេរិកកាំង​សក់​ពណ៌ប្រាក់ បាន​សួរ​ទៅ​លោក Yu ថា៖ «តើ​លោក​គិត​ថា រដ្ឋាភិបាល​ចិន​នឹង​បញ្ជូន​រថក្រោះ​ទៅ​ទីក្រុង​ហុងកុង​ដើម្បី​បង្ក្រាប​បាតុករ​ទេ?»។

លោក​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ។ រដ្ឋាភិបាល​ក្រុងប៉េកាំង​មិន​ចង់​ឲ្យ​សហរដ្ឋអាមេរិក​ដក​ចេញ​នូវ​លក្ខខណ្ឌ​អនុគ្រោះ​ពិសេស​របស់​ខ្លួន​ចំពោះ​ទីក្រុង​ហុងកុង​នោះ​ទេ»។​

បន្ទាប់​មក ស្ត្រី​ជា​អ្នក​បើកបរ​នោះ​បាន​បន្ត​ថា៖ «ខ្ញុំ​មិន​ដែល​ភ្លេច​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​នៅ​ទីលាន Tiananmen នោះ​ទេ»។

លោក Yu បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ មនុស្ស​សាមញ្ញ​ម្នាក់​នៅ​ក្រុង​តូច​មួយ​នៅ​សហរដ្ឋអាមេរិក​នៅ​ចាំ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ៤ មិថុនា ឆ្នាំ ១៩៨៩»។

ខុស​ពី​មិត្តភក្តិ​របស់​លោក​ដែល​មិនបាន​ដឹង​ឭ​អំពី​ការ​បង្ក្រាប​នោះ លោក Yu ដែល​បាន​កើត​នៅ​ឆ្នាំ ១៩៩៨ បាន​រំឭក​ថា លោក​បាន​ដឹង​ពី​ចលនា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីលាន Tiananmen នេះ នៅ​ពេល​លោក​រៀន​អក្សរសិល្ប៍​ចិន​កាល​ពី​នៅ​វិទ្យាល័យ ទោះបី​នេះ​ជា​ប្រធានបទ​ហាមឃាត់​មួយ​ក្នុង​ចំណោម​អ្នក​សិក្សា​ស្រាវជ្រាវ និង​បញ្ញវ័ន្ត​ក៏​ដោយ។

ប្រធាន​បទ​នោះ​គឺ ចលនា​ថ្ងៃ ៤ ឧសភា ដែល​ជា​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មួយ​កើត​ចេញ​ពី​និស្សិត​នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី ៤ ខែ​ឧសភា ឆ្នាំ ១៩១៩។

បន្ទាប់​មក សំឡេង​កណ្តឹង​ក្នុង​ថ្នាក់​បាន​រោទិ៍ ហើយ​គ្រូ​របស់​លោក Yu បាន​បញ្ចប់​ការ​បង្រៀន​ប្រចាំ​ថ្ងៃ ដោយ​និយាយ​សម្តី​មួយ​ឃ្លា ដែល​លោក​ចាំ​មិន​ភ្លេច​រហូត​មក​ដល់​ពេល​នេះ។

ពាក្យ​មួយ​ឃ្លា​របស់​គ្រូ​របស់​លោក​នោះ​គឺ៖ «ប្រទេស​មួយ​មិន​គួរ​ប្រើ​រថក្រោះ​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្លួន​ជា​ដាច់​ខាត ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ»។

លើក​ទី​ពីរ​ដែល​លោក​បាន​ឭ​ពី​ចលនា​ទាមទារ​ប្រជាធិបតេយ្យ​នោះ​គឺ​នៅ​ក្រុង​ហុងកុង ក្នុង​អំឡុង​ពេល​វិស្សមកកាល​រដូវ​រងា​កាលពី​ឆ្នាំ ២០១៤។ លោក​បាន​ឃើញ​ការ​បញ្ចប់​នៃ​ចលនា Occupy Central Movement ដែល​ជា​បាតុកម្ម​អហិង្សា​មួយ​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យនៅ​ក្នុង​ទីក្រុង​ហុងកុង។

លោក​នៅ​ចាំ​ពេល​លោក​ចូល​ជិះ​តាក់ស៊ី និង​និយាយ​ជាមួយ​អ្នក​បើក​តាក់ស៊ី​អំពី​ការណ៍​ដែល​ពលរដ្ឋ​ហុងកុង​ផ្តល់​ជំនួយ​ជា​ថវិកា​ដល់​និស្សិត​នៅ​ក្រុង​ប៉េកាំង​ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​នៅ​ទីលាន Tiananmen កាល​ពី​ពេល​នោះ។

ប្រតិបត្តិការ​ផ្ដល់​ជំនួយ​នោះ​ត្រូវ​បាន​គេ​ហៅ​ថា «ប្រតិបត្តិការ​បក្សី​លឿង (Operation Yellowbird)» ដែល​បាន​ជួយ​អ្នក​តវ៉ា​ក្នុង​អំឡុង​ពេល​បាតុកម្ម​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៨៩ ឲ្យ​គេច​ខ្លួន​ចេញទៅ​ក្រៅ​ប្រទេស និង​ការ​រំឭក​ខួប​ប្រចាំ​ឆ្នាំ​នៅ​ឧទ្យាន Victoria Park ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត។

លោក Yu បាន​និយាយ​ថា «វា​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រធានបទ​ចលនា​ថ្ងៃ ៤ មិថុនា គឺ​ជា​ប្រធានបទ​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​នៅ​ក្រុង​ហុងកុង»។

លើក​ទី​បី​ដែល​លោក​បាន​ឭ​ពី​ចលនា​នេះ​គឺ​នៅ​ប្រទេស​ម៉ុងហ្គោលី​កាល​ពី​ឆ្នាំ ២០១៦។ លោក​បាន​និយាយ​ជាមួយ​បុរសម្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង ដែល​បុរស​នោះ​បាន​ប្រាប់​លោក​ពី​ចលនា​ថ្ងៃ ៤ មិថុនា នោះ ស្រប​ពេល​មាន​បាតុកម្ម​ផ្សេងៗ​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន។

ទ្វីប​អឺរ៉ុប​ខាង​កើត និង​បណ្តា​ប្រទេស​ដែល​ធ្លាប់​ស្ថិត​នៅ​ក្នុង​សហភាព​សូវៀត រួម​ទាំង​ប្រទេស​ម៉ុងហ្គោលី​ផង​ដែរ ក៏​បាន​ប្រឈម​នឹង​ចលនា​ទាមទារ​ដូច​នេះ​ផង​ដែរ។ ហើយ​ការ​ទាមទារ​គឺ​ស្រដៀង​គ្នា​នឹង​ការ​ទាមទារ​នៅ​ប្រទេស​ចិន ដែល​នោះ​គឺ លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

បុរស​ដែល​លោក Yu បាន​ជួប​នោះ បាន​និយាយ​ថា៖ «និស្សិត​ម៉ុងហ្គោលី​បាន​ដើរ​ទៅ​ទីលាន​ Sukhbaatar ក្នុង​ក្រុង​អ៊ូឡង់បាទ័រ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែទម្រង់។ រដ្ឋាភិបាល​របស់​ពួក យើង​បាន​ស្តាប់​ពួក​យើង ប៉ុន្តែ​រដ្ឋាភិបាល​ចិន​មិន​បាន​ស្តាប់​តាម​ការ​ទាមទារ​របស់​ក្រុម​និស្សិត​ចិន​ទេ»។

លើក​ទី​បួន​គឺ​នៅ​ពេល​ដែល​លោក Yu ចូល​ទស្សនា​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​នៅ​ក្រុង​ភ្នំពេញ ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ ២០១៧។ អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​បាន​ប្រាប់​គាត់​ថា លោក​ធ្លាប់​ប្រើ​វិទ្យុ​រលក​សញ្ញា​ខ្លី ដើម្បី​ស្ដាប់​ព័ត៌មាន​ថ្មីៗ​អំពី​បាតុកម្ម​នៅ​ទីលាន Tiananmen កាល​ពី​ឆ្នាំ ១៩៨៩។

ដោយ​រៀន​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សហរដ្ឋអាមេរិក លោក Yu ធ្លាប់​បាន​ឃើញ​រូបថត​បុរស​ដែល​ឈរ​នៅ​ពី​មុខ​រថក្រោះ​ជា​ច្រើន​លើក។ បុរស​នោះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា «បុរស​រថក្រោះ»។ បុរស​នោះ​ជា​មនុស្ស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណម្នាក់ ដែល​បាន​ឈរ​ពី​មុខ​ជួរ​រថក្រោះ​ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​នៅ​ទីលាន Tiananmen។

មិត្ត​រួម​ថ្នាក់​ជនជាតិ​អាមេរិកាំង​របស់​លោកYu សឹង​តែ​ទាំងអស់​បាន​ដឹង​រឿងរ៉ាវ​ដែល​កើត​ឡើង​នៅ​ក្នុង​រូបថត​នោះ។ ប៉ុន្តែ​មាន​មិត្តភក្តិ​របស់​លោក​មក​ពី​ចិន​ដី​គោក​តិចតួច​ប៉ុណ្ណោះ​ដែល​ដឹង​រឿងរ៉ាវ​លម្អិត​អំពី​នៃ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រូបថត​នោះ។

លោក Yu ដឹង​ថា នេះ​ជា​ជំនាន់​ដែល​បាន​ភ្លេច​នូវ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ។ ការ​រឹតត្បិត ការ​មិន​និយាយ​ស្ដី និង​ពេលវេលា បាន​បង្កើត​ឲ្យ​មាន​ភាព​ខុស​គ្នា​រវាង​យុវជន​ដែល​បាន​ឃើញ​ការ​បង្ក្រាប​នៅ​ទីលាន​ Tiananmen នា​គ្រា​នោះ និង​យុវជន​ជំនាន់​ក្រោយ។

លោក​បាន​បន្ត​ថា៖ «អ្នក​កើត​ជំនាន់​ខ្ញុំ​គឺ​កើត​មក​ជាមួយ​នឹង​មោទនភាព​ជា​ជនជាតិ​ចិន។ ហើយ​ការ​ចងចាំ​របស់​យើង​គឺ​ថា ប្រទេស​ចិន​តែងតែ​ជា​ប្រទេស​ដ៏​មាន​ឥទ្ធិពល​មួយ»។

នៅ​ក្នុង​ក្រសែភ្នែក​យុវជន​ចិន ប្រវត្តិសាស្ត្រ​ចិន​ត្រូវ​បាន​បង្ហាញ​ថា ចិន​ជា​ប្រទេស​មួយ​ដែល​តែងតែ​រះ​ឡើង​ជា​រៀង​រហូត ហើយក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​នៅ​លើ​ពិភពលោក ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក និង​ដែល​វិលត្រឡប់​មក​ឆាក​អន្តរជាតិ​វិញ​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច​មួយ។

ជន​វ័យក្មេង​ជំនាន់ក្រោយ​ក្នុង​ប្រទេស​ចិន​មិន​ធ្លាប់​ឆ្លងកាត់​សម័យកាល​មហាលោត​ផ្លោះ (Great Leap Forward) សម័យ​កាល​មហាទុរភិក្ស សម័យកាល​បដិវត្តន៍​វប្បធម៌ និង​សម័យកាល​បង្ក្រាប​ឃោរឃៅ​នៅ​ទីលាន Tiananmen នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​ដឹងតែ​ពី​រឿង​ការពារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងត្បូង​ទាក់ទិន​នឹងរឿង​ដាក់​ប្រព័ន្ធការពារ​មីស៊ីល THAAD របស់​សហរដ្ឋ​អាមេរិក និង​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​យោធា​ដើម្បី​បង្រួបបង្រួម​ប្រទេស​ជាតិ​ជាដើម។

លោក Yu និយាយ​ថា ដោយ​ផ្តើម​ចេញ​ពី​ពេល​លោក​សម្រេច​ប្រើប្រាស់​បណ្តាញ VPN ដើម្បី​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​រឹតត្បិត​លើ​អ៊ីនធឺណិត​នៅ​ប្រទេស​ចិន គំនិត​របស់​លោក​បាន​ប្រែ​ផ្លាស់​ខុស​ពី​មិត្តភក្តិ​របស់​លោក​ជា​ច្រើន។

លោក​បាន​និយាយ​ថា៖ «ប្រភព​ព័ត៌មាន​របស់​ខ្ញុំ​គឺ​ខុស​ពី​ប្រភព​ព័ត៌មាន​របស់​ពួកគេ។ និយាយ​ឲ្យ​ចំ​ទៅ យើង​រស់នៅ​ក្នុង​ពិភព​ពីរ​ផ្សេង​គ្នា»។

ក្នុង​អំឡុងពេល​រស់​នៅ​រយៈពេល​បី​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក លោក Yu បាន​និយាយ​ថា លោក​បាន​កត់​សម្គាល់​ឃើញ​ថា និស្សិត​ចិន​មក​សិក្សា​ក្រៅ​ប្រទេស​ជា​ច្រើន​នៅ​តែ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​អ៊ីនធឺណិត​ដែល​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ដូចជា Weibo, WeChat និង Douyin ជា​ដើម ជា​ប្រភព​ព័ត៌មាន​ចម្បង​សម្រាប់​ពួកគេ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា «ទោះបីជា​ពួកគេ​ស្ថិត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​ខួរ​ក្បាល​របស់​ពួកគេ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​រឹតត្បិត​ដដែល»៕


ប្រែសម្រួល​ដោយ ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG