ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ជំរុញ​ចិន​ឱ្យ «ទទួល​ខុសត្រូវ​ពេញលេញ​ជា​សាធារណៈ» ចំពោះ​ការ​បង្ក្រាប​ឆ្នាំ ១៩៨៩ នៅ​ទីលាន Tiananmen


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក Mike Pompeo ជួប​ជាមួយ​លោក Wang Dan លោក Su Xiaokang អ្នកស្រី Liane Lee លោក Henry Li និង​មេដឹកនាំ​និស្សិត​ផ្សេង​ទៀត និង​អ្នក​ដែល​នៅ​មាន​ជីវិត​នៃ​ការ​តវ៉ា​នៅ​ទីលាន Tiananmen កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក Mike Pompeo ជួប​ជាមួយ​លោក Wang Dan លោក Su Xiaokang អ្នកស្រី Liane Lee លោក Henry Li និង​មេដឹកនាំ​និស្សិត​ផ្សេង​ទៀត និង​អ្នក​ដែល​នៅ​មាន​ជីវិត​នៃ​ការ​តវ៉ា​នៅ​ទីលាន Tiananmen កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។

នៅ​ខួប​ទី ៣១ នៃ​ការ​បង្ក្រាប​ដ៏​ប្រល័យ​របស់​អាជ្ញាធរ​ចិន​កាល​ពី​ឆ្នាំ ១៩៨៩ លើ​ក្រុម​បាតុករ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីលាន Tiananmen សហរដ្ឋ​អាមេរិក​បាន​អំពាវ​នាវ​ជា​ថ្មី​ទៀត​ឱ្យ​ប្រទេស​ចិន​មាន «ការទទួល​ខុស​ត្រូវ​ពេញ​លេញជា​សាធារណៈ​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់ ឬ​ក៏​បាត់​ខ្លួន»។

កាល​ពី​ថ្ងៃ​អង្គារ​ទី ២ ខែ​មិថុនា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ជួប​ពិភាក្សា​ជាមួយ​លោក Wang Dan លោក Su Xiaokang អ្នកស្រី Liane Lee លោក Henry Li និង​មេដឹកនាំ​ក្រុម​និស្សិត​ផ្សេង​ទៀត រួម​ទាំង​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​បាតុកម្ម​ទាំង​នោះ ដែល​ត្រូវ​បានបង្ក្រាប​យ៉ាង​ឃោរឃៅ​ដោយ​គណបក្ស​កុម្មុយនិស្ត​ចិន​កាល​ពី​ថ្ងៃ​ទី ៤ ខែ​មិថុនា ឆ្នាំ ១៩៨៩។

អ្នកស្រី Morgan Ortagus អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ទី ៣ ខែ​មិថុនា ថា៖ «៣១ ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ គេ​នៅតែ​មិន​ទាន់​ដឹង​អំពី​ចំនួន​សរុប​នៃ​បាតុករ​នៅ​ទីលាន Tiananmen ដែល​បាន​បាត់​ខ្លួន ឬ​ត្រូវ​បាន​សម្លាប់​នោះ​ទេ។ សហរដ្ឋ​អាមេរិក​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ឱ្យមាន​ការទទួល​ខុស​ត្រូវ​ពេញលេញ​ជា​សាធារណៈ​ចំពោះ​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ ឬ​ក៏​បាត់​ខ្លួន»។

បាតុកម្ម​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​ក្រុម​និស្សិត​នៅ​ទីលាន Tiananmnen ក្នុង​ទីក្រុង​ប៉េកាំង បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មេសា ឆ្នាំ ឆ្នាំ ១៩៨៩ បន្ទាប់ពី​លោក Hu Yaobang អតីត​មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ចិន បាន​ស្លាប់។ លោក Hu Yaobagn គឺ​ជា​អ្នក​ដែល​បាន​ប្រឹងប្រែង​ស្នើ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ចិន។

បាតុកម្ម​ទាំង​នោះ​ដែល​បាន​ធ្វើ​បន្ត​រហូត​ដល់​រដូវ​ផ្កា​រីក បាន​ផ្តោត​លើ​បញ្ហា​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​ក្រុម​អ្នក​មាន​អំណាច​នៅ​ក្នុង​ប្រទេស​ចិន ស្រប​ពេល​ដែល​ក្រុម​បាតុការ​អំពាវនាវ​ឱ្យ​មាន​ការ​កែទម្រង់​ប្រជាធិបតេយ្យ និង​សង្គម​មួយ​មាន​យុត្តិធ៌ម និង​បើក​ចំហ​ជាង​មុន។

អ្នកស្រី Ortagus បាន​ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​នៅតែ​បន្ត​សរសើរ​ដល់​ការ​បំផុស​គំនិត​របស់​ពួកគេ​ហើយ​ប្រជាពលរដ្ឋ​អាមេរិកាំង​ឈរ​ជាមួយ​សមាជិក​គ្រួសារ​ដែល​នៅ​កាន់ទុក្ខ​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ម្តាយ​នានា ដែល​នៅតែ​មិន​លះបង់​នៅ​ក្នុង​ការ​ស្វះ​ស្វែង​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​របស់​កូនៗ​របស់​ពួកគេ ទោះបីជា​មាន​ការ​លំបាក​ផ្ទាល់​ខ្លួន​ខ្លាំង និង​ហានិភ័យ​ក៏ដោយ»។

ទោះបីជា​អាជ្ញាធរ​ចិន​មិន​ដែល​បញ្ចេញ​ឱ្យ​ដឹង​អំពី​ចំនួន​មនុស្ស​ស្លាប់​ជា​ផ្លូវការ​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​នោះ​ក៏​ដោយ ក៏​អង្គការ​សិទ្ធិ​មនុស្ស​នានា​ជឿ​ថា មាន​មនុស្ស​ពី​រាប់​រយ​ទៅ​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​នៅ​នោះ នៅ​ពេល​ដែល​កង​រថក្រោះ​បាន​បើក​កាត់​ទីលាន Tiananmen ដើម្បី​បង្ក្រាប​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី ៤ និង​ទី ៥ ខែ​មិថុនា ឆ្នាំ ១៩៨៩។

ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន នៅតែ​បន្ត​កើន​ឡើង ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩

បញ្ហា​ទីក្រុង​ហុងកុង បញ្ហា​ពាណិជ្ជកម្ម បញ្ហា​កោះតៃវ៉ាន់ និង​បញ្ហា​ផ្សេង​ទៀត៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG