លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស ប្រកាសត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ២០១៨ ស្របពេលក្រុមមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងទៅជួបពិភាក្សាជាមួយលោកនៅទីក្រុងហុងកុង មុនពេលវិសោធនកម្មច្បាប់គណបក្សនយោបាយចូលជាធរមាន។
កាលពីយប់ថ្ងៃព្រហស្បតិ៍កន្លងទៅ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលជាប់បណ្តឹងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំងបទមជ្ឈិម និងបទឧក្រិដ្ឋជាច្រើនករណី បានបង្ហោះសារខ្លីមួយលើបណ្តាញសង្គម Twitter របស់លោក ដោយសរសេរក្នុងន័យដើមថា៖ «ខ្ញុំនឹងត្រឡប់ទៅប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១៨ខាងមុខ។ លោក ហ៊ុន សែន មិនមែនអមតៈទេ»។
ការបង្ហោះសារយ៉ាងខ្លីនេះមិនបានប្រាប់ថា លោកនឹងត្រឡប់មកវិញពេលណា ឬប្រើប្រាស់មធ្យោបាយអ្វីដើម្បីអាចត្រឡប់មកកម្ពុជាបាននោះទេ។
ទោះជាយ៉ាងណា ការបង្ហោះសារដ៏ខ្លីនៅលើបណ្តាញសង្គម Twitter របស់លោក សម រង្ស៊ី នេះក៏ធ្វើឡើង ស្របពេលដែលមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើនរូប បានធ្វើដំណើរទៅជួបលោកនៅទីក្រុងហុងកុង។
VOA បានព្យាយាមសុំការអធិប្បាយពីលោក សម រង្ស៊ី ដែលកំពុងជួបមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងសំខាន់ៗនៅទីក្រុងហុងកុង តែរហូតមកដល់ល្ងាចថ្ងៃសុក្រនេះ មិនមានការឆ្លើយតបណាមួយនៅឡើយ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សប្រឆាំង និងជាបុគ្គលមួយរូបដែលស្និទ្ធនឹងលោក សម រង្ស៊ី ហើយនឹងកំពុងជួបលោក សម រង្ស៊ី នៅទីក្រុងហុងកុងដែរនោះ សុំមិនធ្វើអត្ថាធិប្បាយលម្អិតពាក់ព័ន្ធនឹងជំនួបនេះទេ ដោយលោកគ្រាន់តែប្រាប់ VOA តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុកថា ក្រុមមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនបានទៅជួបលោក សម រង្ស៊ី ដើម្បីសួរសុខទុក្ខ និងស្តាប់នូវគំនិតយោបល់មួយចំនួនពីអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ មុននឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយចូលជាធរមាន។
លោកបន្ថែមក្នុងសម្រង់ន័យដើមថា៖
«ពួកយើងមកជាឯកជន ហើយក៏គ្មានការប្រជុំជជែកគ្នាអីដែរ គឺមកសួរសុខទុក្ខ និងស្តាប់មតិយោបល់លោកប្រធាន មុនច្បាប់ហាមគាត់ចូលជាធរមាន»។
ជីវិតនយោបាយរបស់លោក សម រង្ស៊ី ហាក់កំពុងត្រូវបានកាត់ផ្តាច់ទាំងស្រុង បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយចំនួនពីរដង កំណត់មិនឲ្យគណបក្សនយោបាយណាមួយមានទំនាក់ទំនងជាមួយបុគ្គលដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសមជ្ឈិម ឬឧក្រិដ្ឋ។ ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទាំងពីរលើកនេះកើតចេញពីបញ្ជារបស់លោក ហ៊ុន សែន ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុត និងជាគូប្រកួតប្រជែងនយោបាយដ៏មានសក្តានុពលជាមួយលោក សម រង្ស៊ី។
ថ្មីៗនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកាន់អំណាចជាង៣០ឆ្នាំ ធ្លាប់បានប្រកាសថា លោក សម រង្ស៊ី នឹងមិនអាចត្រឡប់មកកម្ពុជាវិញអស់មួយជីវិត។ លោកក៏ធ្លាប់បានប្រកាសកាត់ដៃស្តាំរបស់លោកចោល ប្រសិនបើលោកចុះហត្ថលេខាឲ្យមានការលើកលែងទោសលោក សម រង្ស៊ី ជាលើកទី២។
លោក សម រង្ស៊ី ធ្លាប់បានប្រកាសថា នឹងចូលកម្ពុជាវិញជាច្រើនដង បន្ទាប់ពីការនិរទេសខ្លួនរបស់លោកចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០១៥មក។ ក្នុងនោះ លោកបានប្រកាសថា លោកនឹងវិលត្រឡប់ចូលកម្ពុជាវិញឲ្យបានមុនការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រាប់ VOA នាល្ងាចថ្ងៃសុក្រនេះថា រដ្ឋាភិបាលនឹងគ្មានការចរចាណាមួយដែលអាចបើកផ្លូវឲ្យលោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជានោះទេ។ លោកបន្ថែមថា លោក សម រង្ស៊ី នឹងអាចចូលមកកម្ពុជាបានដោយប្រឈមនឹងការអនុវត្តទោសក្នុងពន្ធនាគារ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចថ្លែងថា៖
«គាត់មក ឬមិនមកអីមាននរណាគេហាមឃាត់គាត់។ ឥឡូវនេះគេលុបបម្រាមអីអស់ហើយ ឲ្យគាត់អញ្ជើញមក។ គេស្វាគមន៍គាត់។ ប៉ូលិសនៅគុកព្រៃសនៅចាំគាត់ពីជណ្តើរយន្តហោះ មិនមែនដូចឆ្នាំ២០០៦ ឬ២០១៣នោះទេ។ គេធ្វើល្អជាមួយគាត់យ៉ាងណាក៏ដោយ សម រង្ស៊ី នៅតែកំណត់ថា គេមិនល្អជាមួយគាត់។ គាត់អាក្រក់ជាមួយគេតែរហូត។ អីចឹង មើលទៅគ្មានលទ្ធភាពទេ។ ហើយ សម រង្ស៊ី មកហ្នឹងក៏អត់មានដែរ។ គាត់និយាយតែអីចឹងទេ។ កម្លាចិត្តគាត់ទេ បញ្ឆោតប្រជាជនទេ»។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាយល់ថា លោក សម រង្ស៊ី នឹងអាចត្រឡប់ចូលមកកម្ពុជាវិញបាននៅឆ្នាំ២០១៨ បើទោះបីជាមានការសន្យារបស់មេដឹកនាំរដ្ឋាភិបាលថាលោក សម រង្ស៊ី នឹងគ្មានថ្ងៃអាចត្រឡប់ចូលមកវិញក៏ដោយ។
លោក ចាន់ វិបុល អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងអភិបាលកិច្ច លើកឡើងថា ចរិតរបស់អ្នកនយោបាយនៅកម្ពុជា តែងគិតពីផលប្រយោជន៍របស់ក្រុម ឬគណបក្សរបស់ពួកគេរៀងៗខ្លួន ដូច្នេះលោកថា លោក សម រង្ស៊ី នឹងអាចចូលមកកម្ពុជាវិញបាន ប្រសិនជាមានការចរចាណាមួយរវាងគណបក្សនយោបាយធំៗទាំងពីរ។ លោកបន្ថែមថា សមាជិកសភាអឺរ៉ុបដែលត្រូវបានគេមើលឃើញថា មានឥទ្ធិពលលើការដោះលែងមន្រ្តីការពារសិទ្ធិមនុស្សអាដហុកទាំង៥រូបក្នុងពេលកន្លងទៅ ក៏ជាមូលហេតុជំរុញឲ្យមានការសម្រួលដល់ការត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី ផងដែរ។
លោកបញ្ជាក់ថា៖
«ទាក់ទងនឹងការកើនឡើងនៃប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ ចំណុចទី១នេះហើយអាចជាការបង្ហាញសញ្ញាណមួយទៅដល់គណបក្សកាន់អំណាចក្នុងការសម្របសម្រួល។ ចំណុចមួយទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទោះបីជាមានការធ្វើវិសោធនកម្មទៅលើច្បាប់គ្រប់គ្រងគណបក្សនយោបាយដែលមិនអនុញ្ញាតឲ្យទណ្ឌិតរួមចំណែកនៅក្នុងកិច្ចការនយោបាយមែន ប៉ុន្តែហាក់ដូចជាមានពាក្យចចាមអារ៉ាមថា នឹងអាចមានការបើកច្រកមួយថ្មីទៀតសម្រាប់លោក សម រង្ស៊ី»។
កាលពីចុងខែមិថុនានេះ សមាជិកសភាសហភាពអឺរ៉ុបបាន និងកំពុងស្វែងរកអន្ដរាគមន៍ពីស្ថាប័នសភាអឺរ៉ុបធំៗ ក្នុងការធានាឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូលកម្ពុជាវិញ មុនការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ៕