គណៈកម្មាធិការចិន្ត្រៃយ៍ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបញ្ចប់ការពិនិត្យខ្លឹមសារសេចក្តីស្នើវិសោធនកម្មលើកទីពីរទៅលើច្បាប់ដ៏ចម្រូងចម្រាសស្តីពីគណបក្សនយោបាយ ដែលបានការយល់ព្រមដោយតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចកាលពីពេលថ្មីៗ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភានៃគណបក្សប្រឆាំង។
លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃពុធនេះថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភាដែលគ្របដណ្តប់ដោយសមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាច បានបញ្ចប់ការពិនិត្យលើខ្លឹមសារនានានៃសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ដោយគ្មានការកែប្រែបន្ថែមនោះឡើយ។ លោកថា គណៈកម្មការទី៦ព្រឹទ្ធសភា ដែលទទួលបន្ទុកនីតិកម្ម និងយុត្តិធម៌ នឹងពិនិត្យលើសេចក្តីស្នើវិសោធនកម្មនេះម្តងទៀត មុនពេលព្រឹទ្ធសភាកំណត់កាលបរិចេ្ឆទប្រជុំពេញអង្គ។
លោកម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាមានប្រសាសន៍ថា៖
«អាឡូវនេះគឺមានរយៈពេលប្រាំថ្ងៃ ប្រគល់ឲ្យគណៈកម្មការទី៦ គណៈកម្មការនីតិកម្មដើម្បីសិក្សាពីបញ្ហាទម្រង់ច្បាប់ និងគតិច្បាប់។ តើវាមានបញ្ហាអីដែរទេ? ដើម្បីមកធ្វើរបាយការណ៍ជូនគណៈកម្មការអចិន្ត្រៃយ៍វិញ បានកំណត់របៀបវារៈប្រជុំបន្តទៀតបាទ»។
លោកម៉ម ប៊ុននាងបញ្ជាក់បន្ថែមថា ព្រឹទ្ធសភានឹងមិនជួបបញ្ហារាំងស្ទះ ដើម្បីអនុម័តសេចក្តីស្នើវិសោធនកម្មលើកទីពីរលើច្បាប់ស្តីពីគណបក្សនយោបាយដ៏ប្រញាប់ព្រាល់នោះឡើយ ហើយថា វិសោធនកម្មច្បាប់នេះមានគោលបំណងផ្តល់យុត្តិធម៌ដល់អ្នកនយោបាយដែលកាន់សញ្ជាតិតែមួយ និងជួយពង្រឹងនីតិរដ្ឋនៅកម្ពុជា។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖
«ឲ្យតែច្បាប់អ្វីក៏ដោយ មិនបម្រើ ដែលបង្កើត គឺទិសដៅរាជរដ្ឋាភិបាលបង្កើតដើម្បីឲ្យពង្រឹងនីតិរដ្ឋ ហើយបម្រើទៅឲ្យគណបក្សនយោបាយនីមួយៗ ឲ្យមានតុល្យភាពគ្នាបាទ ពីព្រោះថា អ្នកកាន់សញ្ជាតិពីរ គាត់នៅក្នុងស្រុកក៏បាន គាត់ចេញក្រៅស្រុកក៏បាន។ ដល់ពេលអ្នកដែលមានសញ្ជាតិមួយនៅតែក្នុងស្រុក អីចឹងខំអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយធ្វើមិនឲ្យប៉ះពាល់អីទេ។ តែអ្នកមានសញ្ជាតិពីរ ពេលដែលប៉ះពាល់រត់ទៅក្រៅស្រុកហើយមកបន្តធ្វើនយោបាយ ជេរប្រមាថកាព្យទាន ឬមួលបង្កាច់អីផ្សេងៗទៀតអាងថា ខ្លួននៅស្រុកក្រៅ អីចឹង។ វាអយុត្តិធម៌សម្រាប់អ្នកនៅក្នុងស្រុក»។
កាលពីថ្ងៃចន្ទកន្លងទៅ រដ្ឋសភាដែលមានតែតំណាងរាស្រ្តគណបក្សកាន់អំណាចចំនួន៦៦រូប បានលើកដៃអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយប្រញាប់ប្រញាល់ ខណៈដែលក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងធ្វើពហិការ មិនចូលកិច្ចប្រជុំ។
ច្បាប់ស្តីពីគណបក្សនយោបាយនេះមាន១០ជំពូក និង៤៣មាត្រា។ ច្បាប់នេះត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ១៩៩៧ ហើយត្រូវបានធ្វើវិសោធនកម្មលើកទីមួយកាលពីខែកុម្ភៈកន្លងទៅ។ ការកែច្បាប់នេះជាលើកទីមួយត្រូវបានគេមើលឃើញថា បានធ្វើឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំរបស់គណបក្សជំទាស់ និងបង្ខំឲ្យលោកសម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស លាលែងពីតំណែងជាប្រធានគណបក្សជំទាស់។
លោក មាស នី អ្នកវិភាគនយោបាយ ថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា គណបក្សកាន់អំណាចកំពុងប្រឹងប្រែងប្រើវិធីកែច្បាប់ បង្អាក់ដៃគូប្រជែងនយោបាយរបស់ខ្លួន មិនឲ្យមានភាពសកម្មទាក់ទិនកិច្ចការនយោបាយក្នុងប្រទេស មុនការបោះឆ្នោតជាតិដែលនឹងរៀបចំឡើងនៅឆ្នាំ២០១៨ខាងមុខ។
«ជាទស្សនៈដែលយើងមើលទៅគឺមិនបានគិតអំពីថា តើច្បាប់ហ្នឹងនឹងត្រូវយកទៅអនុវត្ត សម្រាប់ការធ្វើឲ្យបានប្រសើរឡើង ដល់សង្គមជាតិយ៉ាងម៉េចទេ។ ប៉ុន្តែយើងមើលទៅ វាដូចជាតម្រង់មកធ្វើការគាបសង្កត់ដៃគូបដិបក្ខហ្នឹងរបស់ខ្លួនច្រើនជាងការបង្កើតច្បាប់សម្រាប់សង្គមជាតិ»។
ក្នុងថ្ងៃដែលក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាចអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយលើកទីពីរនោះ ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងដឹកនាំដោយលោកកឹម សុខាបានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មនឹងការអនុម័ត ដោយបានពណ៌នាថា ពួកគេមិនចូលរួមអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ ព្រោះសេចក្តីស្នើច្បាប់នេះមានចរិតនយោបាយ គាបសង្កត់សិទ្ធិបុគ្គល និងគាបសង្កត់គណបក្សនយោបាយក្នុងន័យកម្ចាត់កម្ចាយខ្មែរគ្នាឯង និងគាបសង្កត់គូប្រជែងនយោបាយ។
ពួកគេបន្ថែមក្នុងសេចក្តីថ្លែងការណ៍នោះថា សេចក្តីស្នើច្បាប់នេះមិនស្របតាមគោលការណ៍នីតិរដ្ឋ ហើយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភាគណបក្សជំទាស់ បានប្រាប់ VOA នៅល្ងាចថ្ងៃពុធថា ក្រុមសមាជិករបស់គណបក្សប្រឆាំងទាំង១១រូបនឹងធ្វើពហិការ មិនចូលរួមប្រជុំពេញអង្គរបស់ព្រឹទ្ធសភានាពេលខាងមុខទេ ហើយនឹងមិនផ្តល់សេចក្តីយល់ព្រមលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយលើកទីពីរនោះទេ។ លោកបានពន្យល់ថា វិសោធនកម្មលើកទីពីរនេះគ្មានប្រយោជន៍ណាមួយដល់ការអភិវឌ្ឍប្រទេសទាល់តែសោះ។
លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី បានប្រាប់ VOA ថា៖
«ច្បាប់ហ្នឹងវាអត់មានបម្រើអីជាផលប្រយោជន៍ដល់ខ្មែរយើង។ វាអត់បានបញ្ជាក់អំពីការផ្សះផ្សាជាតិ។ ផ្ទុយទៅវិញ វាធ្វើឲ្យខ្មែរយើងបែកបាក់ ហើយវាអត់មានចំណេញអីទាល់តែសោះ។ អីចឹង អ្វីដែលយើងគិតគឺនាំគ្នាដោះស្រាយបញ្ហាជីវភាព ជីវិតរដ្ឋយើង ដែលពីរមួយថ្ងៃ ទៅមួយថ្ងៃ គឺកាន់តែយ៉ាប់យឺនៗទៅ។ ដូចឥឡូវឃើញអាជីវករធំៗ អ្នករកស៊ីធំៗគឺថា រអ៊ូគ្រប់តែគ្នា ដោយសារអ្នកនយោបាយយើងរវល់ទៅនឹងរឿងទាស់គ្នាពេក អត់មានពេលគិតអំពីបញ្ហាសេដ្ឋកិច្ចជាតិ ហើយសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋយើងហ្នឹងណ៎ា ពិបាក។ យើងអត់ចាប់អារម្មណ៍ទេ។ យើងអត់ចូលរួម»។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទី២នេះត្រូវបានតំណាងរាស្រ្តគណបក្សកាន់អំណាចស្នើឲ្យកែប្រែមាត្រាចំនួន៥ រួមមានមាត្រា៦ថ្មី(ពីរ) មាត្រា១១(ថ្មី) មាត្រា៤៤ថ្មី(ពីរ) មាត្រា៤៥ថ្មី(ស្ទួន) និងមាត្រា៤៨ថ្មី(ស្ទួន)។
មាត្រា៦ថ្មី(ពីរ)នៃសេចក្តីស្នើវិសោធនកម្មជាលើកទី២នោះកំណត់ថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយទាំងអស់មិនត្រូវយល់ព្រមដោយចំហ ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹម ឲ្យធ្វើសកម្មភាពណាមួយដើម្បីជាប្រយោជន៍សម្រាប់គណបក្សនោះទេ។ បើសិនជាគណបក្សនយោបាយណាមួយត្រូវរកឃើញថា មានការប្រព្រឹត្តល្មើសគឺអាជ្ញាធរនឹងរំលាយគណបក្សនោះ ឬហាមឃាត់សកម្មភាពគណបក្សនោះរហូតដល់ប្រាំឆ្នាំ ដែលនាំឲ្យបាត់សិទ្ធិក្នុងការចូលរួមការបោះឆ្នោត។
ខណៈកំពុងរស់នៅប្រទេសបារាំង លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងត្រូវគេដឹងថា ជាទណ្ឌិតម្នាក់នោះ តែងបង្ហោះសារជាសំណេរ ជារូបភាព និងជាវីដេអូពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលរបស់លោកហ៊ុន សែន ព្រមទាំងឃោសនាឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។ ការណ៍នេះធ្វើមានការមិនពេញចិត្តពីសំណាក់លោកហ៊ុន សែន និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សកាន់អំណាច៕