ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី​ថា លោក ហ៊ុន សែន គួរ​ប្រើ​ពេល​ឱ្យ​មាន​តម្លៃ​ជាជាង​មក​តាម​ព្យាបាទ​លោក


រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters និង​ឡេង ឡែន/VOA)
រូបឯកសារ៖ លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters និង​ឡេង ឡែន/VOA)

កាលពី​យប់ថ្ងៃ​ច័ន្ទ​ ​លោក​ ​សម រង្ស៊ី​ ​បាន​បង្ហោះ​សារ​វែង​មួយ​​ដែល​មាន​ភ្ជាប់​​​រូប​ថត​របស់​លោក​ ​និង​លោក​ ​ហ៊ុន សែន​ ​ដោយ​សរសេរ​ថា​ ​ក្នុង​រយៈពេល​២០​​ឆ្នាំ​កន្លង​ទៅ​នេះ​ ​លោក​ហ៊ុន សែន ​បាន​ប៉ុន​ប៉ង​​សម្លាប់​លោក​ជាច្រើន​ដង​ ​ទាំង​ការ​ប៉ុនប៉ង​សម្លាប់​រាងកាយ ​ការ​ប៉ុនប៉ង​សម្លាប់​តាម​ផ្លូវ​​តុលា​ការ និង​តាម​រយៈការ​បង្កើត​ច្បាប់​ ​ដែល​លោក​អះអាង​ថា​ ​ជា​ការ​អនុម័ត​ច្បាប់​​ដោយ​រដ្ឋសភា​ទីង​មោង។​ Hun Sen Should Not Spend Time Harrassing Opposition, Says Sam Rainsy

គណបក្ស​កាន់​អំណាច​មិន​ខ្វល់​នឹងការលើកឡើងរបស់​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ​ ​ដែល​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បញ្ឈប់​ ​«ការប៉ុនប៉ង​សម្លាប់លោក»​ ​តាម​រយៈការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ ​សុខ ឥសាន​ ​អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ ​ប្រាប់​ ​VOA​ នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ​សម រង្ស៊ី​ ​ដែល​បានលើក​ឡើង​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​តែង​ប៉ុនប៉ង​សម្លាប់​រាងកាយ​ ​និង​សម្លាប់​ជីវិត​នយោបាយ​របស់​ខ្លួន​ ​គឺជា​ការ​លើក​ឡើង​ដែល​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​ការពិត។​ ​លោក​បន្ថែម​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​មិនខ្វល់​ពី​សម្តី​របស់​លោក​ សម រង្ស៊ី ​នោះទេ​ ​ដោយ​លោក​លើក​ឡើងថា​ ​លោក​ ​សម រង្ស៊ី​ ​តែង​មាន​ទម្លាប់​និយាយ​ផ្ទុយ​ពី​ការពិត​ ​និង​កំពុង​មាន​បញ្ហា​ ​«សតិអារម្មណ៍»​ ​ក្រោយ​ពេល​បាត់​បង់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រឆាំង។​

លោក​ ​សុខ ឥសាន​ ​មាន​ប្រសាសន៍​ថា៖​

«ថាគេ​សម្លាប់​ជីវិត​នយោបាយ​របស់​គាត់ អីចុះ​ខ្លួន​ឯ​ង​អ្នក​ដាក់​ពាក្យ​សុំ​លា​លែង​ពី​សមាជិក​បក្ស​ពី​ប្រធាន​បក្ស​ អាហ្នឹង​ហើយ​មិន​សម្លាប់​ជីវិត​នយោបាយ​របស់​ខ្លួន​ឯង មូល​ហេតុអី​បន្ទោស​អ្នក​ដទៃ? មនុស្ស​វាអត់​ការងារ​ធ្វើ​ ​មនុស្ស​វា​បាត់​តួនាទី​អស់​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោ​បាយជាង​២០​ឆ្នាំ​ឥត​ប្រយោជន៍​នៅ​សល់​តែក្តិត​ខោ​ ​រឿង​តែ​ប៉ុណ្ណឹង​ទេ អញ្ចឹង​មនុស្ស​វា​ឡប់​សតិ​ហើយ​ ​វា​ធ្លាប់​តែបង្គាប់​បញ្ជា​គេ វា​ធ្លាប់​តែ​ដឹកនាំ​គេ​ ឥឡូវ​វា​អស់​អី​ពី​បាត​ដៃទទេ អាលីង​ទៅ​វា​ចប់​ហើយ។​ ​អញ្ចឹង​មនុស្ស​វាទៅ​សតិ​អារម្មណ៍​មិនល្អ‍»។​

ប្រតិកម្ម​របស់​ ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​នឹង​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ ​ដែល​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ដោយ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ​បញ្ឈប់​ការ​ប៉ុន​ប៉ង​សម្លាប់លោក​តាម​រយៈការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ។​

កាលពី​យប់ថ្ងៃ​ច័ន្ទ​ ​លោក​ ​សម រង្ស៊ី​ ​បាន​បង្ហោះ​សារ​វែង​មួយដែល​មាន​ភ្ជាប់​រូប​ថត​របស់​លោក​ ​និង​លោក​ ​ហ៊ុន សែន​ ​ដោយ​សរសេរ​ថា​ ​ក្នុង​រយៈពេល​២០ឆ្នាំ​កន្លង​ទៅ​នេះ​ ​លោក​ហ៊ុន សែន ​បាន​ប៉ុន​ប៉ងសម្លាប់​លោក​ជាច្រើន​ដង​ ​ទាំង​ការ​ប៉ុនប៉ង​សម្លាប់​រាងកាយ ​ការ​ប៉ុនប៉ង​សម្លាប់​តាម​ផ្លូវតុលា​ការ និង​តាម​រយៈការ​បង្កើត​ច្បាប់​ ​ដែល​លោក​អះអាង​ថា​ ​ជា​ការ​អនុម័ត​ច្បាប់ដោយ​រដ្ឋសភា​ទីង​មោង។​

លោក​ ​សម រង្ស៊ី​ ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯ​បរទេស​ ​បាន​សរសេរ​បន្ថែម​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«លោក​ ​ហ៊ុន សែន​ ​បាន​ប៉ុន​ប៉ង​តាម​សម្លាប់​ខ្ញុំ​ឥត​ឈប់ឈរ​ ​ប៉ុនប៉ង​សម្លាប់​រាងកាយ​ក៏មាន ដូច​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ នៅ​ទីក្រុង​ភ្នំពេញ​ ​កាលពី​ថ្ងៃ៣០​ ​មិនា​ ​១៩៩៧​ ​ប៉ុនប៉ង​សម្លាប់​តាម​ផ្លូវ​តុលាការ​ក៏មាន​ ​តាម​រយៈ​ដីកា​រាប់​មិន​អស់​ ​ពី​តុលាការ​អាយ៉ង​របស់​គាត់ ឲ្យ​ខ្ញុំ​ជាប់​ពន្ធនាគារ​រាប់​សិប​ឆ្នាំ​ ​ហើយ​ចុងក្រោយ​នេះ​ ​ប៉ុនប៉ង​សម្លាប់​តាម​ផ្លូវ​ច្បាប់​ ​តាមរយៈ​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​គួរ​ឲ្យ​អស់​សំណើច​នេះ ដែល​គេ​កែច្នៃ​ដើម្បី​គ្រាន់តែ​សំដៅ​មក​លើ​បុគ្គល​ម្នាក់»។​

អតីត​ប្រធាន​គណបក្ស​ជំទាស់​នេះ ​ក៏​បាន​សរសេរ​បន្ថែម​ថា​ ​ការប៉ុនប៉ង​របស់​លោក​ ​ហ៊ុន សែន​ ​ដើម្បី​កម្ចាត់​លោក​តាម​មធ្យោបាយ​ណា​ក៏​ដោយ​ ​គឺគ្រាន់​តែ​ជាការ​បង្ហាញ​ពី​ភាព​កម្សោយ​និង​ភាព​កំសាក​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​លោក​បញ្ជាក់​ថា​ ​នឹង​នាំ​មក​នូវ​លទ្ធផល​ផ្ទុយស្រឡះ​ពី​ការ​រំពឹង​ទុក​របស់លោក​នាយក​រដ្ឋមន្រ្តី។ ​លោក​បន្ថែម​ដោយ​ស្នើ​ទៅ​លោក​ ​ហ៊ុន សែន​ ​ថា​ ​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្រ្តី ​លោក​ ​ហ៊ុន សែន​ ​គួរ​តែ​ប្រើប្រាស់​ពេល​វេលា​ ​និង​ថាមពល​ដើម្បី​ធ្វើការងារ​ផ្សេង ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ។​

កាល​ពី​ថ្ងៃច័ន្ទ ​រដ្ឋសភា​ដែល​មាន​តែ​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន​ ​បាន​លើក​ដៃ​អនុម័ត​សេចក្តី​ស្នើវិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ដោយ​ប្រញ៉ាប់​ប្រញ៉ាល់​ ​ខណៈ​ដែល​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការមិន​ចូល​ប្រជុំ។​

វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ ​ត្រូវបានក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ស្នើ​ឲ្យ​មានការ​កែប្រែចំនួន​២​ដង​ ​ដោយ​គ្មាន​ការ​ចូល​រួម​ពី​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង។​ ​ការ​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរ​លើក​នេះ​ ​ធ្វើ​ឡើង​ទៅតាមការ​បញ្ជា​របស់​លោក​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ ​ក្រោយ​ពី​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ធ្វើ​សកម្មភាព​នៅ​តាម​បណ្តាញ​សង្គម​ជាបន្តបន្ទាប់​ ​ជា​ពិសេស​ក្នុង​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​នា​ពេល​កន្លង​មក។​

ការ​ស្នើ​ធ្វើ​វិសោធនកម្ម​លើក​ទី១​ ​កាលពី​ខែ​កុម្ភៈ​ ​លោក​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​របស់​លោក​ស្នើ​ទៅ​រដ្ឋសភា​ ដោយ​កំណត់​ថា​ ​ប្រធាន​ ​ឬ​អនុប្រធាន​គណ​បក្ស​នយោបាយ​ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍​ ​ហើយ​គណបក្ស​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​មេ​ដឹកនាំ​គណបក្ស​ណា​មួយ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។​ ​ក្នុង​ពេល​ស្នើ​ធ្វើ​វិសោធនកម្ម​លើកទី១​នេះ​ ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​បាន​លាលែង​ចេញពី​តំណែង​ភ្លាមៗ​ ​ក្នុង​នោះមន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​គណបក្ស​ប្រឆាំង​ ​ដែល​រួម​មាន​អ្នកតំណាង​រាស្រ្ត​ ​សមាជិក​ព្រឹទ្ធសភា​ជាដើម​ ​ដែល​កំពុង​ជាប់​ចោទ​ ​និង​រង​ការ​កាត់​ទោស​ សម្រេចលាលែង​ចេញ​ពី​តំណែង​ជាបន្ត​បន្ទាប់។​

រី​ឯវិសោធនកម្ម​ច្បាប់​ជា​លើក​ទី២​នេះ​ ​ក្រុម​តំណាង​រាស្រ្ត​បក្ស​កាន់​អំណាច​បាន​ស្នើ​ឲ្យ​កែ​មាត្រា​មួយ​ចំនួន​ ​ដោយកំណត់​ថា​ ​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើ​ប្រាស់​សារ​ជា​សំឡេង​ ​រូបភាព​ ​ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ​ ​ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​បទ​ឧក្រិដ្ឋ​ ​ឬ​បទមជ្ឈិម​ ​ដើម្បី​ជា​ផល​ប្រយោជន៍​នយោបាយ​ខ្លួន​ឡើយ​ ​ហើយ​គណបក្ស​នយោបាយ​ទាំងអស់​មិន​ត្រូវ​យល់ព្រម​ដោយ​ចំហ​ ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត ​ជាប់​ទោស​ពី​បទឧក្រិដ្ឋ​ ​ឬ​បទ​មជ្ឈិម​ ​ឲ្យធ្វើ​សកម្មភាព​ណា​មួយ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​គណបក្ស​នោះទេ។​ ​បើ​សិន​ជា​គណបក្ស​នយោបាយ​ណាមួយ​ត្រូវរក​ឃើញ​ថា​ មាន​ការ​ប្រព្រឹត្តិ​ល្មើស​ គឺ​អាជ្ញាធរ​នឹង​រំលាយ​គណបក្ស​នោះ ​ឬ​ហាម​ឃាត់​សកម្មភាព​គណបក្ស​នោះ​រហូត​ដល់​ប្រាំ​ឆ្នាំ​ ​ដែល​នាំ​ឲ្យបាត់​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត។​

បើទោះ​បីជា​មាន​ការ​ការពារ​ពីក្រុម​មន្រ្តី​ជាន់ខ្ពស់​ ​និង​តំណាង​រាស្រ្ត​របស់​គណបក្ស​កាន់​អំណាច​ថា វិសោធ​នកម្ម​ច្បាប់​នេះ​បង្កើត​ឡើង​សម្រាប់​អនុវត្ត​លើគ្រប់​គណបក្ស​នយោបាយ​ ​មិនមែន​ជាការ​បង្កើត​ដើម្បី​កម្ចាត់​គណបក្ស​ប្រឆាំង​ក្តី ​ប៉ុន្តែ​អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម​ ​និង​នយោបាយ​នៅ​កម្ពុជា​លើក​ឡើង​ថា​ ​ច្បាប់​នេះ​មានគោល​បំណង​សំដៅ​តែ​លើ​លោក​ ​សម រង្ស៊ី​ ​ដែល​ជាអតីត​ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ​ ​ដើម្បី​បង្ខំ​ឲ្យ​លោក​ឈប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង​តទៅ​ទៀត។​

លោក​ ​យឿង សុធារ៉ា​ ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ ​ការបោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ​ហៅ​កាត់​ថាខុមហ្វ្រែល​ ​ប្រាប់​ ​VOA​ ​ថា​ ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ​ចំនួន​ពីរ​លើក​ ​ស្នើ​ដោយ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ ​ស្ទើ​តែ​សម្លាប់​ជីវិត​នយោ​បាយរបស់​លោក​ ​សម រង្ស៊ី​ ​ទាំង​ស្រុង​ទៅ​ហើយ។​ ​លោក​បន្ថែម​ថា វិសោធនកម្ម​ច្បាប់​នេះ ធ្វើ​ឡើង​ដោយ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នៃប្រទេស​កម្ពុជា​ ​ព្រមទាំង​ច្បាប់​អន្តរជាតិ​មួយចំនួន​ ​ដែល​លោក​អះអាង​ថា​ ​មិនមាន​ប្រទេស​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​ណា​មួយបង្កើត​នូវ​ច្បាប់​បែប​នេះ​នោះ​ទេ។​

លោក​ ​យឿង សុធារ៉ា​ ​បញ្ជាក់​ថា៖​

​«ច្បាប់​ហ្នឹង​វា​ឃ្លាត​ឆ្ងាយ​ ​ផ្ទុយ​ឆ្ងាយ​ស្រឡះ​ពី​គោលការណ៍​អស់​ហ្នឹង​ហើយ។​ ដោយ​សារ​តែ​អ្នក​ទោស ឬ​ក៏​ទណ្ឌិត​នេះ​ ​គ្មាន​ប្រទេស​ណាដែល​គេ​បង្កើតច្បាប់​ឲ្យ​មាន​ការហាមឃាត់​សិទ្ធិ​សេរីភាព​របស់​អ្នក​ទោសក្នុងការ​ចូល​រួម​សកម្មភាព​នយោបាយ​ ​ឬ​ទិតៀន​នយោបាយ​ ​ឬក៏​សេរី​ភាព​ក្នុងការ​សម្តែង​មតិ​គាំទ្រ​ ​ឬ​ក៏​រិះគន់​គណបក្ស​នយោបាយ​ណាមួយ​ ដើម្បី​ផល​ប្រយោជន៍​គណ​បក្ស​នយោបាយ​ដែល​ខ្លួន​ស្រលាញ់​ ​ខ្លួន​ពេញ​ចិត្ត ឬក៏​ជា​អតីត​គណបក្ស​នយោបាយរបស់​ខ្លួន​ទេ»។​

លោក​ សម រង្ស៊ី​ ​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ដើម្បី​គេច​ចេញ​ពី​ការ​ដាក់ទោស​ដោយ​តុលាការ​កម្ពុជា​ក្នុង​សំណុំ​រឿង​ជាច្រើន​ ​នៅ​ពេល​ដែល​លោក​ស្ថិត​ក្នុង​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​ ​ខណៈ​កំពុង​រស់​នៅ​ប្រទេស​បារាំង​ ​លោក​ ​សម រង្ស៊ី​ ​តែង​បង្ហោះ​សារ​ជា​សំណេរ​ ​ជា​រូបភាព​ ​និង​ជា​វីដេអូ​ ​រិះគន់​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​ព្រមទាំង​ឃោសនា​ឲ្យ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។​ ​ការណ៍​នេះ​ធ្វើ​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​លោក​ហ៊ុន សែន​ និង​អ្នក​គាំ​ទ្រមួយ​ចំនួន​របស់​គណ​បក្ស​កាន់​អំណាច៕

XS
SM
MD
LG