ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ស្ត្រី​ពីរ​នាក់​ត្រូវ​​ឃាត់​ខ្លួន​ទាក់ទិន​នឹង​ការ​ប្រមាទ​លោក​ហ៊ុន សែន​ តាម​បណ្តាញ​ហ្វេសប៊ុក


រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។

តុលាការ​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​សម្រេច​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​ស្រ្តី​ម្នាក់​បណ្តោះ​អាសន្ន​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»​ ​ក្រោយ​ពី​ស្រ្តី​នោះ​ ​បាន​បង្ហោះ​វីដេអូ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ចោទ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ​និង​ក្រុម​គ្រួសារ​ថា​ ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត ​កែម ឡី។​

ស្រ្តី​ដែល​ត្រូវ​បាន​តុលាការ​អះអាង​ថា ​មាន​ឈ្មោះ​ហ៊ិន វ៉ាន់ស្រីពៅ​ ​មុខ​របរ​អ្នក​លក់ដូរ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ និង​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ហេង លក្ខិណា (Heng Leakhena) ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​ភ្លាមៗ​មក​កាន់​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ​ ​ក្រោយ​ពី​ស្ត្រី​វ័យ​៣៨​ឆ្នាំ​នេះ​ ​បង្ហោះ​វីដេអូ​ផ្សាយ​ផ្ទាល់​ខ្លី​មួយ​នៅ​លើ​គណនី​នោះ​ ក្នុង​ពេល​កំពុង​ចូល​រួម​ពិធី​បុណ្យ​ខួបមួយ​ឆ្នាំ​របស់​សព​លោក​បណ្ឌិត​កែម ឡី។ ​ការបង្ហោះ​ Facebook ​នេះ​ និយាយ​ថា​ ​លោក​ ហ៊ុន សែន​ ​និង​ក្រុម​គ្រួសារ​ជា​អ្នក​សម្លាប់​លោក​កែម ឡី។ ក៏ប៉ុន្តែ​ក្រោយ​មក​ ​ទាំង​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ហេង លក្ខិណា និង​វីដេអូ​នោះ​ត្រូវ​បាន​គេ​លុប​ចោល​វិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ដីការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ ដែល​ចេញ​ដោយ​លោក​ វ៉ាន់ សែនវិសុទ្ធ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បញ្ជាក់​ថា​ ​ស្រ្តី​ឈ្មោះ​ ហ៊ិន វ៉ាន់ស្រីពៅ​ ​មុខរបរ​អ្នក​លក់ដូរ​ ​បច្ចុប្បន្ន​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​តាម​មាត្រា​៤៩៤​ ​និង​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ ​ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» ​ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​៩​ ខែ​កក្កដា ​ឆ្នាំ​២០១៧។​

ដីកា​ដែល​ចេញ​ដោយ​លោក​ វ៉ាន់ សែនវិសុទ្ធ​ ​នោះ​បង្គាប់​ក្នុង​ន័យ​ដើម​ថា៖​

«ភ្នាក់ងារ​មាន​សមត្ថ​កិច្ច​នៃ​កង​កម្លាំង​ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ដែល​មាន​ឈ្មោះ ​ហ៊ិន វ៉ាន់​ស្រីពៅ ​ហៅ​ស្រីពៅ​ ​ភេទស្រី​ ​អាយុ​៣៧​ឆ្នាំ​ ​ទៅ​ពន្ធនាគារ​ ​ឬ​មណ្ឌល​ឃុំ​ខ្លួន​ ​(ម២)​ ​ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់»។​

លោក ​កែម ឡី អ្នក​វិភាគ​សង្គម ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ក្នុង​ហាង​កាហ្វេ​មួយ​កណ្តាល​រាជ​ធានី​ភ្នំពេញ​ទាំង​ព្រឹក​ព្រលឹម​ ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ​មិញ។​ ​មិនបាន​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ ​ដែល​អះអាង​ថា​ ខ្លួន​ឈ្មោះ ​ជួប សំលាប់​ ហើយ​ដែល​បាន​សារភាព​ថា ​ខ្លួន​បាន​បាញ់​សម្លាប់​លោក​ កែម ឡី។​ក្រោយ​មក បុរស​រូប​នេះ​ដែល​អាជ្ញាធរ​រក​ឃើញ​ថា​ មាន​ឈ្មោះ​ អឿត អាង ​នេះ​ ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​ ​យ៉ាងណា​ក៏​ដោយ​ ​មន្ទិល​សង្ស័យ​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​ ​កែម ឡី នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​អ្នក​គាំទ្រ​ និង​អ្នក​ចូលចិត្ត​លោក កែម ឡី។​

នាថ្ងៃ​ទី១៣​ ​ខែ​កក្កដា​នេះ​ ​សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​យុវជន​ម្នាក់​ទៀត​ ​ដែល​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​ដោយ​គំរាម​បាញ់​សម្លាប់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​បាន​សរសេរ​ថា​ ​លោក ​ហ៊ុន សែន មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បាន​«សម្លាប់​ខ្មែរ​ច្រើន​ណាស់»។

លោក​នាយ​ឧត្តម​សេនីយ៍​ គៀត ច័ន្ទថារិទ្ធ​ ​អ្នក​នាំពាក្យ​អគ្គ​ស្នងការ​ដ្ឋាន​នគបាលជាតិ​ បាន​អះអាង​ថា​ ​យុវជន​ម្នាក់​នោះ​កំពុង​ត្រូវ​បាន​សាកសួរ​នៅ​នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម​ ​និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហា​ផ្ទៃ។​ ​ទោះ​ជា​យ៉ាង​ណា​ លោ​ក​មិន​បាន​បញ្ជាក់​លម្អិត​ ​ដោយ​គ្រាន់​តែ​ប្រាប់​ថា​ ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​បន្ថែម​នៅ​ឡើយ។​

VOA​ ​មិន​អាច​សុំការ​អធិប្បាយ​ពី​លោក​ អ៊ី សុខឃី​ ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ ​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​បាន​នៅ​ឡើយ​ទេ​រហូត​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​លោក​ប្រាប់​ថា​ ​លោក​កំពុង​ប្រជុំ។​

ទំព័រ​ហ្វេស​ប៊ុក​របស់​នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម​ ​និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ​ ​ដែលបាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ស្រង់​សម្តី​របស់​លោក​ អ៊ី សុខឃី​ ​ប្រធាន​នាយក​ដ្ឋាន​មួយ​នេះ​ ដែល​សរសេរ​ថា​ ​ការរិះគន់​ ​និង​ការ​ទទួល​យក​ការ​រិះគន់​ដើម្បី​ស្ថាបនា​ ​គឺ​ជា​របត់​នៃ​សង្គម​ប្រជា​ធិបតេយ្យ​ដែល​យុវជន​គួរ​ជ្រើសរើស​យក​មក​អនុវត្ត។ លោក​បន្ថែម​ថា​ ​យុវជន​មួយ​ចំនួន​បាន​ប្រើ​សេរីភាព​ហួស​ព្រំដែន​ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ដែល​ការពារ​ដោយ​ច្បាប់​ ​ដោយ​បាន​ប្រើ​ពាក្យ​អសុរោះ​ អសីលធម៌​ ប្រមាថ​លើ​ប្រមុខ​រាជ​រដ្ឋាភិបាល។

ទំព័រ​ហ្វេសប៊ុក​នោះ​បាន​ស្រង់​សម្តី​របស់​លោក​ អ៊ី សុខឃី​ ក្នុង​ន័យ​ដើម​ថា៖​

«យុវជន​គួរ​ពិចារណា​ឡើង​វិញ​ថា​ ការ​ជេរ​ប្រមាថ​ ប្រទេច ​ចោទ​ប្រកាន់​ ​មួល​បង្កាច់​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ ​និង​ទម្លាក់​កំហុស​យ៉ាង​ងងឹត​ងងុល​បែប​អនា​ធិបតេយ្យ​ ​ពុំ​ទទួល​បាន​ការ​គាំទ្រ​ពី​មហា​ជន​ទេ​ ​ចុង​ក្រោយ​បន្សល់​តែ​វិប្បដិសារី»។​

ដោយ​ឡែក​ ​លោក​ សុក សំអឿន​ ​អ្នកច្បាប់​ ​និង​ជា​មេធាវី​ជើងចាស់​ បាន​ប្រាប់ VOA​ ​ថា​ ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ ​និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ស្រ្តី ​ដែល​បាន​បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​នោះ​ទេ។​ ​ទោះជា​យ៉ាង​ណា​ ​លោក​ថា​ ​ប្រជាពល​រដ្ឋ​ ​ជា​ពិសេស​យុវជន​ ​ត្រូវ​ប្រើប្រាស់​បណ្តាញ​សង្គម​ដោយ​ប្រុង​ប្រយ័ត្ន​ចៀស​វាង​ការ​បង្ហោះ​សារ​ណាមួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដទៃ។​

លោក​មាន​ប្រសាសន៍​ថា៖​

«និយាយ​រួម​ទៅ​ យើង​និយាយ​តែ​ពី​ខ្លួន​ឯង​ ​ហើយ​ពេល​ដែល​យើង​និយាយ​ ​យើង​និយាយ​តែ​ពី​អ្វី​ដែល​ជា​ទូទៅ។​ ​កុំ​និយាយ​ចំ​បុគ្គល​ណា​ម្នាក់។​ ​ហើយ​បើ​សិនជា​យើង​និយាយ​ ​ទាល់​តែ​យើង​មាន​ភស្តុតាង​ច្បាស់​លាស់។ បើ​យើង​យល់​ថា​ វា​ទាក់ទង​នឹង​បទ​ល្មើស​ ​យើង​ចាំបាច់​និយាយផុស​ធ្វើ​អី?​ ​យើង​មិន​ប្តឹង​ ​ឬក៏​រាយ​ការណ៍​ប្រាប់​អាជ្ញាធរ​ទៅ!»​

រហូត​មក​ដល់​ពេល​នេះ​ ​តុលាការ​បានសម្រេច​ចោទ​ប្រកាន់​ ​និង​ឃុំ​ខ្លួន​មនុស្ស​មួយ​ចំនួន​ ​ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​បាន​រត់ទៅ​បរទេស​ដើម្បី​គេច​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ដែល​ពួកគេ​ថ្លែង​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ​ឬ​រដ្ឋាភិបាល​របស់​លោក​ ​ជា​អ្នក​នៅ​ពីក្រោយ​ការ​ស្លាប់​លោក​បណ្ឌិត​កែម ឡី។​ ​ក្នុង​នោះ​រួម​មាន​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​គឺ​លោកស្រី ​ថាក់ ឡានី អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រឆាំង​ ​និង​លោក ​គឹម សុខ​ ​អ្នក​វិភាគ​នយោបាយ​ជាដើម៕

XS
SM
MD
LG