នៅក្នុងបរិយាកាសដ៏គួរឲ្យរាក់ទាក់មួយ បន្ទាប់ពីការចំណាយពេលដ៏យូរនៅឯសាលារៀន សិស្សមធ្យមសិក្សាមួយក្រុមបានជួបគ្នារៀងរាល់មួយសប្តាហ៍ម្តង ជាមួយនាង Cordelia Cranshaw និងគ្រូអ្នកជួយណែនាំផ្សេងទៀតនៃអង្គការ ARK។ ពួកគេចែករំលែកបទពិសោធន៍ សរសេរវាចូលទៅក្នុងសៀវភៅកំណត់ហេតុ ហើយអានរឿងរ៉ាវទាំងនោះ។
នាង Cordelia៖ «អានឲ្យឮខ្លាំង ទើបអាចស្តាប់បាន»។
យុវជន Mekhi Collins៖ «ពេលខ្លះ ខ្ញុំបន់ស្រន់ថា ឪពុកខ្ញុំមិនគួរត្រូវបានគេចាប់ខ្លួន ប៉ុន្តែវាមិនមែនអីញ្ចឹងទេ»។
នៅថ្ងៃនេះ ពួកគេអានរឿងមួយដែលមានចំណងជើងថា «ជីវិតក្មេងប្រុសម្នាក់នៅយុគសម័យពន្ធនាគារ» សរសេរដោយលោក Tony Lewis Jr. ដែលជាសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាលអង្គការ ARK។
«គាត់បានធំដឹងក្តីឡើងដោយគ្មានឪពុក។ មានក្មេងប្រុសជាច្រើនដែលធ្លាប់មានបទពិសោធន៍ដូចគ្នា គឺធំដឹងក្តីឡើងនៅក្នុងផ្ទះដែលមានអាណាព្យាបាលតែម្នាក់ ហើយរស់នៅក្នុងភាពក្រីក្រ។ ជីវិតបែបនេះផ្តល់ឲ្យពួកគេនូវទស្សនវិស័យនៃជីវិតពិតប្រាកដមួយរបស់មនុស្សម្នាក់ ដែលពួកគេអាចផ្សារភ្ជាប់ទៅបានតាមវិធីច្រើនយ៉ាង»។
យុវជន Mekhi Collins ដែលកំពុងរៀនថ្នាក់ទី៨ បានចូលរួមកម្មវិធីរបស់អង្គការ ARK កាលពី៥សប្តាហ៍មុន។
Mekhi និយាយថា៖ «ខ្ញុំត្រូវបានគេព្យួរការសិក្សា ដោយសារតែការវាយតប់គ្នា ហើយបុគ្គលិករដ្ឋបាលម្នាក់នៅសាលារៀនខ្ញុំ បានណែនាំខ្ញុំឲ្យមកចូលរួមក្នុងកម្មវិធីនេះ»។
យុវជន Mekhi រស់នៅជាមួយប្អូនស្រីនិងម្តាយរបស់គេ។ សម្រាប់ Mekhi ម្តាយរបស់គាត់គឺជាវីរៈនារី។
«គាត់គឺជាមនុស្សតែម្នាក់គត់ ដែលបង់ថ្លៃលើវិក័យប័ត្រចំណាយនិងអ្វីផ្សេងៗទៀត។ គាត់ធ្វើការថែមម៉ោងច្រើនណាស់។ ទោះបីជាគាត់ពេលខ្លះរំខានខ្ញុំច្រើន ហើយពេលខ្លះខ្ញុំក៏រករឿងគាត់ ប៉ុន្តែ គាត់នៅតែមើលថែខ្ញុំដោយសន្តានចិត្តល្អ។ គាត់ស្រឡាញ់ខ្ញុំ ហើយមើលថែខ្ញុំនិងប្អូនស្រីខ្ញុំ។ ប្រសិនបើខ្ញុំអាចរកការងារល្អមួយធ្វើបាន ខ្ញុំពិតជាចង់ជួយម្តាយរបស់ខ្ញុំណាស់»។
ដើម្បីសម្រេចការងារនោះបាន Mekhi ដឹងខ្លួនថា ខ្លួនត្រូវតែខិតខំប្រឹងប្រែង។
«ខ្ញុំកំពុងព្យាយាមធ្វើខ្លួនឲ្យប្រសើរឡើង ហើយឈប់ដេកក្នុងថ្នាក់ ហើយព្យាយាមគោរពជាងមុន»។
នាង Cranshaw យល់ពីអារម្មណ៍របស់ក្មេងៗទាំងនេះ។ នាងនិយាយថា នាងក៏ធ្លាប់ស្ថិតក្នុងស្ថានភាពដូចគ្នាអីញ្ចឹងដែរ។ ដូច្នេះហើយទើបនាងតែងតែចង់ជួយ។
«ប្រហែលជាការរស់នៅជាមួយឪពុកម្តាយចិញ្ចឹម គឺជាវិធីដែលខ្ញុំបានរកឃើញអ្វីដែលខ្ញុំចូលចិត្ត ហើយអាចភ្ជាប់ទំនាក់ទំនងជាមួយក្មេងៗនៅក្នុងថ្នាក់ទី៨នេះបាន។ ខ្ញុំនៅចាំបានពីការដែលមិនមានម្តាយ មិនមានឪពុក។ ដូច្នេះ វាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ដែលខ្ញុំអាចភ្ជាប់ទំនាក់ទំនងជាមួយពួកគេនៅក្នុងកម្រិតនោះ ហើយអាចឲ្យពួកគេអាចឃើញថា ខ្ញុំបានយកឈ្នះឧបសគ្គទាំងនេះនៅក្នុងជីវិត ដូច្នេះពួកគេក៏អាចធ្វើបានដូចគ្នា»។
ការមានមនុស្សប្រុសពេញវ័យដែលពោរពេញទៅដោយគំនិតសុទិដ្ឋិនិយម និងគ្រូអ្នកណែនាំនៅជុំវិញក្មេងទាំងនេះ គឺជាគំនិតមូលដ្ឋាននៅពីក្រោយកម្មវិធីរបស់នាង។
«វាពិតជាមានសារៈសំខាន់ណាស់ ដែលយើងចាប់ផ្តើមបង្កើតគ្រួសារ និងភូមិនេះឡើង ដើម្បីឲ្យកុមារទាំងនេះអាចសម្រេចបានអ្វីមួយ នៅពេលណាមួយ»។
នេះក៏ជាមូលហេតុដែលតម្រូវឲ្យមានដំណើរទស្សនកិច្ចនៅក្នុងកម្មវិធីនេះ។ ដំណើរទស្សនកិច្ចនេះគឺជាឱកាសដែលអាចឲ្យក្មេងៗបានជួបសំណេះសំណាលជាមួយនឹងបុគ្គលគំរូនៅក្នុងសហគមន៍។
នៅក្នុងដំណើរទស្សកិច្ចមួយក្នុងចំណោមដំណើរទាំងនេះ ក្រុមក្មេងៗបានទៅទស្សនាការដ្ឋានសាងសង់មួយដែលនៅក្បែរនោះ។ ពួកគេបានជួបលោក Justin Thornton ដែលជាម្ចាស់ក្រុមហ៊ុនសំណង់ Thornton អភិវឌ្ឍន៍។ គាត់បាននិយាយអំពីការងាររបស់គាត់ទៅឲ្យក្មេងៗស្តាប់ ហើយបានណែនាំពួកគេឲ្យបន្តការសិក្សានៅសាលារៀន ខិតខំសិក្សា និងធ្វើឲ្យជីវិតពួកគេមានជម្រើសប្រសើរ។
«ខ្ញុំមានការរំភើបជាខ្លាំង ក្នុងការចែករំលែកចំណេះដឹងដែលខ្ញុំមានទៅអ្នកដទៃទៀត ជាពិសេសក្មេងៗ។ ពួកគេអាចនឹងមិនយល់នាពេលនេះ និងមិនទាន់ប្រើវាជាកត្តាជំរុញទឹកចិត្តនៅឡើយ។ ប៉ុន្តែ ខ្ញុំគិតថា នៅពេលណាមួយ ប្រហែលនៅពេលពួកគេចូលរៀននៅវិទ្យាល័យ ឬក៏មហាវិទ្យាល័យ ពួកគេនឹងចាំពីអ្វីដែលបានកើតឡើងពេលនេះ ហើយនិយាយថា អូ! ខ្ញុំនៅចាំពីបុរសម្នាក់នោះ។ ខ្ញុំចាំពីអ្វីដែលគាត់បាននិយាយប្រាប់ខ្ញុំ»។
បទពិសោធន៍ដូចនៅពេលនេះ អាចមានឥទ្ធិពលរយៈពេលយូរសម្រាប់ក្មេងៗ។ ពួកគេនឹងបានស្គាល់ពីខ្លួនឯងថា ពួកគេក៏អាចសម្រេចតាមក្តីសុបិនរបស់ខ្លួនបានដោយជោគជ័យដូចគ្នាដែរ៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា