ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bill Gates និង​អ្នក​មាន​ជាង​គេ​នៅ​ទី្វប​អាហ្រិ្វក​សហការ​គ្នា​ក្នុង​កម្មវិធី​បង្ការ​ជំងឺ​


ប្រធានាធិបតី​នីស្សេរីយ៉ាលោក Mohammadu Buhari (រូបកណ្តាល) ថតជាមួយ​មហាសេដ្ខី​ផ្នែក​បច្ចេកវិទ្យាលោក Bill Gate (រូបឆ្វេង) និង​មហាសេដ្ឋី​ក្នុង​ទី្វ​បអាហ្រ្វិកលោក Aliko Dangoteបន្ទាប់​ពី​ចុះហត្ថលេខាលើ​អនុស្សរណៈមួយលើ​កិច្ច​ព្រមព្រៀង​ការ​លុប​បំបាត់​ជំងឺស្វិត​ដៃជើងក្នុង​ទីក្រុង​ Abuja កាលពី​ថ្ងៃ​ទី​២០ មករា​ ២០១៦
ប្រធានាធិបតី​នីស្សេរីយ៉ាលោក Mohammadu Buhari (រូបកណ្តាល) ថតជាមួយ​មហាសេដ្ខី​ផ្នែក​បច្ចេកវិទ្យាលោក Bill Gate (រូបឆ្វេង) និង​មហាសេដ្ឋី​ក្នុង​ទី្វ​បអាហ្រ្វិកលោក Aliko Dangoteបន្ទាប់​ពី​ចុះហត្ថលេខាលើ​អនុស្សរណៈមួយលើ​កិច្ច​ព្រមព្រៀង​ការ​លុប​បំបាត់​ជំងឺស្វិត​ដៃជើងក្នុង​ទីក្រុង​ Abuja កាលពី​ថ្ងៃ​ទី​២០ មករា​ ២០១៦

កាល​ពី​ពាក់​កណ្តាល​ខែ​មករា​ ស្ថាបនិក​ក្រុមហ៊ុន​ Microsoft លោក​ Bill Gates ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នី​ហ្សេរីយ៉ា​ ទី​ដែល​លោក​បាន​សហការ​ជាមួយ​នឹង​សេដ្ឋី​ដែ​ល​មាន​ជាង​គេ​បំផុត​នៅ​ទ្វីប​អាហ្រ្វិក ព្រម​ទាំង​អភិបាល​រដ្ឋ​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​ ធ្វើ​ការ​លើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ​និង​ជំងឺ​ផ្សេងៗ​ទៀត​ដែល​អាច​ចាក់​ថ្នាំ​បង្ការ​បាន។​

អភិបាល​នៃ​រដ្ឋ​ភាគ​ខាង​ជើង​ចំនួន​៤​រដ្ឋ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​២០​ ក្នុង​ទីក្រុង​ Kaduna ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​មូលនិធិ​ Bill & Melinda Gates និង​មូលនិធិ​ Dangote របស់​សេដ្ឋី​ដែល​មាន​បំផុត​នៅ​ទ្វីប​អាហ្រ្វិក​គឺ​លោក​ Aliko Dangote​ រួម​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​នីហ្សេរីយ៉ា។

អនុស្សរណៈ​នេះ​នឹង​ចាប់​ផ្តើម​កម្មវិធី​ដែល​មាន​គោល​បំណង​បង្កើន​ការ​ចាក់​ថ្នាំ​បង្ការ​កុមារ​ឲ្យ​បាន​រហូត​ដល់​៨០%​ ត្រឹម​ឆ្នាំ​២០១៨។​ អ្នក​តំណាង​ប្រចាំ​ប្រទេស​របស់មូលនិធិ​ Gates លោកស្រី​ Mairo Mandara និយាយ​ថា​រដ្ឋ​ Borno​ រដ្ឋ​ Yobe​ រដ្ឋ​ Sokoto​ និង​រដ្ឋ​ Kaduna ត្រូវ​បាន​ជ្រើស​រើស​ដោយសារ​ពួក​គេ​មាន​តម្រូវ​ការ​ខ្ពស់។​

ពួកគេ​ចូល​ជាមួយ​រដ្ឋ​ Kano និង​រដ្ឋ Bauchi ដែល​បាន​បន្ត​កិច្ចព្រមព្រៀង​ជា​ថ្មី​ម្តង​ទៀត​លើ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​រូច​មក​ហើយ។

​លោក​ស្រី Mairo Mandara ​និយាយ​ថា​ «បើ​សិន​ជា​អ្នក​ក្រឡេក​មើល​ទៅ​លើ​ប្រទេស​ទាំង​មូល​ ​ការ​ចាក់​ថ្នាំ​បង្ការ​មាន​កម្រិត​ទាប​បំផុត​គឺ​នៅ​ក្នុង​រដ្ឋ​ទាំង​នេះ ទី​ដែល​អនុស្សរណៈ​ទាំង​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា»។

លោក​ស្រី Mandara ក៏​បាន​បន្ត​ថា​ អត្រា​នៃ​ថ្នាំ​បង្ការ​គឺ​អាច​ទាប​បំផុត​រហូត​ដល់​៣០%​នៅ​ក្នុង​រដ្ឋ​ភាគ​ខាង​ជើង​មួយ​ចំនួន។ យោង​តាម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​ មូល​និធិ​ Gates និង​មូលនិធិ​ Dangote រួម​ទាំង​រដ្ឋាភិបាល​នឹង​បែង​ចែក​ការ​ចំណាយ​នៃ​ការ​ផ្តួច​ផ្តើម ​ដូច​ជា​បញ្ចូន​ក្រុម​ការងារ​ទៅ​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ។ គោល​ដៅ​មួយ​ផ្សេង​ទៀត​នោះ​គឺ​ការពារ​មិន​ឲ្យ​ជំងឺ​ស្វិត​ដៃ​ជើង​ងើប​ឡើង​ម្តង​ទៀត។​ ប្រទេស​នីហ្សេរីយ៉ា​មិន​ធ្លាប់​បាន​រាយការណ៍​ពី​ករណី​នៃ​ជំងឺ​នេះ​តាំង​ពី​ឆ្នាំ​២០១៤​មក។

អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​កាល​ពី​ឆ្នាំ​មុន​ថា​ ជំងឺ​ស្វិត​ដៃ​ជើង​មិន​បាន​ឆ្លង​រាត​ត្បាត​តាម​តំបន់​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ទៀត​នោះ​ទេ។​ ប៉ុន្តែ​លោក​ស្រី​និយាយ​ថា​ យើង​មាន​កិច្ចការ​ដែល​ត្រូវ​បញ្ចប់​ជា​ច្រើន​ទៀត​ មុន​នឹង​អាច​ប្រកាស​ថា​ប្រទេស​នេះ​គ្មាន​ជំងឺ​ស្វិតដៃ​ជើង​ទៀត​នោះ។​

«យើង​ត្រូវ​ថែរក្សា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ​ ទើប​ពួកគេ​មិន​នាំ​យក​ជំងឺនេះ​មក​វិញ​នៅ​ពេល​ដែល​គេ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង។»

លោក​ Andrew Jonathan Nok ស្នង​ការ​សេវាកម្ម​ប្រជាជន​ និង​សុខាភិបាល​នៃ​រដ្ឋ​ Kaduna និយាយ​ថា ​លោក​ជឿ​ថា​កម្មវិធី​ថ្មី​ទាំង​នេះ​នឹង​ជួយ​រដ្ឋ​ឲ្យ​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​បាន​១០០%។

លោក​ស្រី Mandara បាន​និយាយថា​ លោក​ស្រី​មិន​អាច​ផ្តល់​ចម្លើយ​បាន​ទេ​ថា​ តើ​នឹង​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​លើ​កម្មវិធី​ថ្មី​ទាំង​នេះ​ ដោយ​សារ​តែ​តម្រូវ​ការ​របស់​រដ្ឋ​នីមួយ​ៗ​កំពុង​ត្រូវ​បាន​គេ​វាយ​តម្លៃ៕

ប្រែ​សម្រួល​ដោយ ទុំ​ ម្លិះ

XS
SM
MD
LG