ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ច្រៀង​រ៉ែប​វ័យ​ក្មេង​​លើក​ពី​តម្រូវ​ការ​នៃ​ការ​អប់រំ​ដល់​កុមារ​ភៀស​ខ្លួន​ស៊ីរី


រូប​ឯកសារ៖ កុមារ​ភៀស​ខ្លួន​ស៊ីរី​អង្គុយ​នៅ​ក្នុង​ថ្នាក់​រៀន​ដែល​រៀប​ចំ​ដោយ​ UNICEF នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​គណប្រតិភូ​សហភាព​អ៊ឺរ៉ុប​ នៅ​ឯ​ជំរុំ​ Al Zaatri នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី ក្បែរ​ព្រំដែន​ប្រទេស​ស៊ីរី កាល​ពី​ឆ្នាំ២០១៣។​​
រូប​ឯកសារ៖ កុមារ​ភៀស​ខ្លួន​ស៊ីរី​អង្គុយ​នៅ​ក្នុង​ថ្នាក់​រៀន​ដែល​រៀប​ចំ​ដោយ​ UNICEF នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​គណប្រតិភូ​សហភាព​អ៊ឺរ៉ុប​ នៅ​ឯ​ជំរុំ​ Al Zaatri នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី ក្បែរ​ព្រំដែន​ប្រទេស​ស៊ីរី កាល​ពី​ឆ្នាំ២០១៣។​​

ការ​អំពាវនាវ​មួយ​ទៅ​កាន់​មេដឹកនាំ​ពិភពលោក​ដើម្បី​ឲ្យ​ពួក​គេ​រៃអង្គាស​ថវិកា​ចំនួន​៧៥០​លាន​ដុល្លារ​ ដើម្បី​ផ្តល់​ការ​អប់រំ​ដល់​កុមារ​ភៀស​ខ្លួន​ស៊ីរី ដែល​រស់​នៅ​ក្នុង​ប្រទេស​តួកគី​ លីបង់​ និង​ហ្ស៊កដានី។ ខ្សែ​ភាពយន្ត​ខ្លី​មួយ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​លើក​បង្ហាញ​អំពី​ឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​នៅ​កន្លែង​មួយ​ ដែល​សាលា​អាច​មាន។

«ជាមួយ​នឹង​ស្នាម​ញញឹម​ និង​កម្លាំង​ យើង​នឹង​អាច​ផ្លាស់​ប្តូរ​ថ្ងៃ​ស្អែក​បាន»។

នេះ​គឺ​ជា​ទំនុក​បទ​ចម្រៀង​រ៉ែប​ដ៏​វិជ្ជមាន​របស់​ Samir, Abdulrahman និង​ Mohamed ជា​បង​ប្អូន​ជន​ភៀស​ខ្លួន​៣​នាក់​ ដែល​ចង់​ក្លាយ​ជា​តារា​ហ៊ីបហប់ដ៏​ល្បី​ជាង​គេ​នៅ​ស៊ីរី។

កុមារ Samir ​អាយុ​១៣​ឆ្នាំ​រូប​នេះ​ ពន្យល់​ថា​ ក្រុម​តន្រ្តី​នេះ​មាន​ឈ្មោះ​ថា​ Fire Rap។ គេ​និយាយ​ដោយ​មាន​មោទនភាព​ថា​ សមាជិក​ក្រុម​មាន​ឈ្មោះ​នៅ​លើ​ឆាក​ថា​ Samir, Amir និង​ Jamil។

បង​ប្អូន​ប្រុស​ទាំង​៣​នាក់​គេច​ចេញ​ពី​ប្រទេស​ស៊ីរី​ទៅ​តំបន់ Bekaa នៃ​ប្រទេស​លីបង់​ កាល​ពី​៤​ឆ្នាំ​មុន​ជាមួយ​ឳពុក​ម្តាយ​របស់​ពួកគេ។​ ពួក​គេ​ស្ថិត​នៅ​ក្នុង​ចំណោម​កុមារ​ជន​ភៀស​ខ្លួន​ដែល​មាន​សំណាង​ ត្រូវ​បាន​បញ្ចូន​ទៅ​សិក្សា​នៅ​សាលា​ក្នុង​តំបន់​ ជា​ទី​ដែល​ពួក​គេ​បាន​ហ្វឹកហាត់​ជំនាញ​តន្រ្តី​ អម​ជាមួយ​នឹង​ការ​អប់រំ​សមរម្យ​មួយ។​

លោក Ben Hewitt មក​ពី​អង្គការ​សប្បុរសធម៌ Theirworld ដែល​បាន​ផ្តល់​ថវិកា​ដល់​ការ​ផលិត​ភាព​យន្ត​ខ្លី​នេះ ដែល​មាន​ចំណង​ជើង​ថា​ «Straight Outta Syria»​ ដែល​មាន​ន័យ​ជា​ភាសាខ្មែរ​ថា​ «ចេញ​ក្រៅ​ពី​ស៊ីរី​ដោយ​ផ្ទាល់»។​

គោល​បំណង​នៃ​ការ​ផលិត​ភាពយន្ត​នេះ​ គឺ​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​តម្រូវ​ការ​បញ្ជូន​កុមារ​គ្រប់​រូប​ទៅ​សាលារៀន។​ ហើយ​យើង​បាន​ជ្រើស​ផ្តោត​ទៅ​លើ​ទេពកោសល្យ​ និង​សក្តានុពល​ដែល​ក្មេងៗ​មាន។ ហើយ​មនុស្ស​គ្រប់​គ្នា​បាន​ឃើញថា​ ក្មេង​ស៊ីរី​ជំនាន់​ក្រោយ​ដែល​រស់​នៅ​ក្នុង​ប្រទេស​លីបង់ តួកគី និង​ហ្ស៊កដានី​មិន​បាន​ចូល​សាលា​រៀន​ ហើយ​នេះ​ជា​ការ​បាត់​បង់​សក្តានុពល​មួយ។​

អង្គការ​ Theirworld បាន​ប៉ាន់​ប្រមាណ​ថា​ កុមារ​ភៀស​ខ្លួន​ជិត​១​លាន​នាក់​មិន​បាន​ចូល​សាលា​រៀន​ ដែល​នេះ​ធ្វើ​ឲ្យ​ពួកគេ​ងាយ​រង​គ្រោះ​ដោយសារ​បញ្ហា​ពលកម្ម​កុមារ​ ការ​រៀប​ការ​នៅ​វ័យ​ក្មេង​ ការ​កេង​ប្រវ័ញ្ច​ និង​ភាព​ជ្រុល​និយម។

អង្គការ​សប្បុរសធម៌​នេះ​ចង់​ពង្រីក​ប្រព័ន្ធ​វេន​សិក្សា​២​ដង​ក្នុង​មួយ​ថ្ងៃ​ ដែល​ពួក​គេ​និយាយ​ថា​កំពុង​មាន​ដំណើរ​ការ​ល្អ​នៅ​ក្នុង​ប្រទេស​លីបង់ ដែល​កុមារ​ក្នុង​តំបន់​ចូល​សាលា​ពេល​ព្រឹក​ និង​កុមារ​ភៀស​ខ្លួន​ចូល​សិក្សា​ពេល​ថ្ងៃ។

នៅ​ឯ​សាលា​ បង​ប្អូន​ប្រុស​ទាំង​បី​នាក់​នោះ​ ច្រៀង​នៅ​មុខ​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​ អំពី​ការ​គេច​ចេញ​ពី​សង្គ្រាម​ ហើយ​ទទួល​បាន​ការ​ទះ​ដៃ​អបអរ​សាទរ​ឡើង។​

ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ​ Abdulrahman និយាយ​ថា​ នៅ​ពេល​ដែល​គេ​ធំ​ឡើង​ គេ​នឹង​សរសេរ​បទ​ចម្រៀង​ដែល​មាន​អត្ថន័យ​កំប្លែង។ ពី​ព្រោះ​គេ​មិន​ចូលចិត្ត​សរសេរ​បទ​ចម្រៀង​ពី​ភាព​ទុក្ខសោក​ទេ។​

លោក​ Hewitt និយាយ​ថា​ ការចូល​សាលារៀន​ គឺ​វា​លើស​ពី​ការ​សិក្សា​ទៅ​ទៀត។

«ទី​មួយ​ វា​បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​ក្តី​សង្ឃឹម​រយៈពេល​យូរ។ ប៉ុន្តែ​វា​ក៏​បាន​ផ្តល់​ពួកគេ​នូវ​ស្ថិរភាព​រយៈពេល​ខ្លី ពួកគេ​បាន​ចូល​ទៅ​ក្នុង​ថ្នាក់​រៀន​ដែល​មាន​សុវត្ថិភាព​ ពួកគេ​អាច​សិក្សា​ និង​យក​ចិត្ត​ទុក​ដាក់»។​

អង្គការ​សប្បុរសធម៌​នេះ​កំពុង​សង្ឃឹម​ថា​នឹង​អាច​បង្កើន​ការ​គាំទ្រ​សម្រាប់​យុទ្ធនាការ​ នៅ​មុន​សន្និសីទ​ម្ចាស់​ជំនួយ​ដល់​ស៊ីរី​ នៅ​ក្នុង​ទីក្រុង​ឡុងដ៍៕

ប្រែ​សម្រួល​ដោយ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG