ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បារាំង​ប្រកាស​ពី​ចំណាត់ការ​ដោះ​សា្រយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ


ស្រ្តី​កាន់​បដា​ដែល​មាន​រូប​ជន​រង​គ្រោះ​ នៅ​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ២០១៩។
ស្រ្តី​កាន់​បដា​ដែល​មាន​រូប​ជន​រង​គ្រោះ​ នៅ​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ២០១៩។

នាយក​រដ្ឋមន្រ្តី​បារាំង​លោក​ Edouard Philippe​ បាន​ដាក់​ចេញ​នូវ​វិធានការ​នានា​ដើម្បី​ដោះស្រាយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ បន្ទាប់​ពី​មាន​ឃាតកម្ម​លើ​ស្រ្តី​ដែល​​បាន​បង្ក​ឲ្យ​ផ្ទុះ​កំហឹង​ពី​សាធារណជន។

ចាប់​ពី​ដើម​ឆ្នាំ​នេះ​ស្រ្តី​ជាង​១០០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​បារាំង​ដោយ​ស្វាមី ​ដៃគូ​ ឬ​អតីត​ដៃគូ​របស់​ពួក​គេ។

យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​ រៀង​រាល់​បី​ថ្ងៃ​ មាន​ស្រ្តី​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​បារាំង​ដោយ​ដៃគូ​ ឬ​អតីត​ដៃគូ​របស់​នាង។ ពេល​ខ្លះ​ស្រ្តី​ត្រូវ​បាន​សម្លាប់ ដោយសារ​តែ​រស់​នៅ​ជាមួយ​នឹង​បុរស​ដែល​មាន​អត្តចរិត​រំលោភ​បំពាន។ ​ប៉ុន្តែស្រ្តី​ជា​ច្រើន​នៅ​តែ​ត្រូវ​បាន​សម្លាប់​ បើទោះបី​ជាពួក​គេ​បាន​ចាក​ចេញ​ពី​ដៃគូ​ និង​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​អំពី​ការគំរាម​កំហែងក៏​ដោយ។ ​ឧទាហរណ៍​ដូច​ជា​ករណី​របស់​នាង ​Julie Douib​ ដែល​មាន​កូន​ពីរ​នាក់​ ត្រូវ​បាន​សម្លាប់​កាល​ពី​ខែ​មីនា ​ដោយ​អតីត​ដៃគូ​របស់​នាង។ ​

លោក​ Lucien Douib ​ឳពុក​របស់​នាង​ Julie Douib​ បាន​រៀបរាប់​អំពី​ហេតុការណ៍​នោះ​ថា៖ ​«នាង​បាន​ដាក់​ពាក្យ​បណ្តឹង​៥​ទៅ​៦​ដង។ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ដោយ​ខ្លួន​ឯង​ពី​៥​ទៅ​៦​ដង​ដែរ​អំពី​ករណី​គំរាម​សម្លាប់​នេះ។ យើង​បាន​ទទួល​ការ​ព្រមាន​សម្លាប់​ ហើយ​បី​ថ្ងៃ​ក្រោយ​មក​នាង​ក៏​ត្រូវ​បាន​សម្លាប់។ ពាក្យ​បណ្តឹង​របស់​យើង​ត្រូវ​បាន​បដិសេធទាំង​អស់។​ ខ្ញុំ​មិន​យល់​ពី​មូលហេតុ‍​ទេ»។

នាង​ Julie ​គឺ​ជា​ជនរងគ្រោះ​ទី​៣០​ដោយសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​នេះ។ ​បន្ទាប់​ពី​នាង​មក​ មាន​ស្រ្តី​៧១​នាក់​ទៀត​ ត្រូវ​បាន​សម្លាប់​នៅ​ប្រទេស​បារាំង។ ការ​កើន​ឡើង​ចំនួន​មនុស្ស​ស្លាប់​បាន​បង្កឲ្យ​សាធារណជន​ផ្ទុះ​កំហឹង​ និង​ទាមទារ​ឲ្យ​មាន​ចំណាត់​ការ​ចំណោះ​បញ្ហា​នេះ។

នាយករដ្ឋមន្រ្តី​បារាំង​លោក​ Edouard Philippe​ កាល​ពី​ថ្ងៃអង្គារ​ បានប្រកាស​ថា​ រដ្ឋាភិបាល​កំពុង​រៀប​ចំ​មូលនិធិ​មួយ​បន្ថែម​ទៀត​ ដើម្បី​បង្កើត​ផ្ទះ​សម្រាប់​គ្រា​អាសន្ន​សម្រាប់​ស្រ្តី​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​បារាំង លោក Edouard Philippe ថ្លែង​ក្នុង​ពេល​បង្ហាញ​លទ្ធផល​នៃ​កម្មវិធី «ការ​ជជែក​ដេញ​ដោល​ជាតិ​ដ៏​អស្ចារ្យ» នៅ​ Grand Palais ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ខែ​មេសា ២០១៩។
រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​បារាំង លោក Edouard Philippe ថ្លែង​ក្នុង​ពេល​បង្ហាញ​លទ្ធផល​នៃ​កម្មវិធី «ការ​ជជែក​ដេញ​ដោល​ជាតិ​ដ៏​អស្ចារ្យ» នៅ​ Grand Palais ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាល​ពី​ខែ​មេសា ២០១៩។

លោក​ Edouard Philippe​ បាន​ថ្លែង​ថា៖ «យើង​ដឹងថា​ស្ត្រី​ដែល​រស់​នៅ​ជាមួយ​ដៃគូ​ ជា​មនុស្ស​មាន​ចារិត​រំលោភ​បំពាន​ ជាទូទៅ​សុខ​ចិត្ត​ទ្រាំ​រស់​នៅ​ក្នុង​ស្ថានភាព​ដូច្នេះ​ ដោយសារ​ពួក​គេ​ខ្វះ​ប្រភព​ហិរញ្ញវត្ថុ​ និង​មធ្យោបាយ​នានា​ដើម្បី​នាំកូនៗ​របស់​ពួកគេ​ចាក​ចេញ​ពី​ស្ថានភាព​នេះ។ ដូច្នេះ​ យើង​នឹង​បន្ថែម​ថវិកា​ចំនួន​៥​លាន​៥​សែន​ដុល្លារ​អាមេរិក​ ដើម្បី​បង្កើត​កន្លែង​ស្នាក់​នៅ ​និង​ផ្ទះ​សម្រាប់​គ្រា​អាសន្ន​ថ្មី​ចំនួន​១០០០​កន្លែង។ ជម្រក​គ្រា​អាសន្ន​ចំនួន​២៥០​នឹង​ត្រូវ​សាង​សង់​នៅ​ក្នុង​ឆ្នាំ​២០២០ ដើម្បី​ធានា​សន្តិសុខ​បន្ទាន់»។

លោក​បន្ត​ថា៖ «រដ្ឋមន្រ្តី​ក្រសួង​លំនៅដ្ឋាន​ក៏​នឹង​បង្កើត​កន្លែង​ស្នាក់​បណ្តោះអាសន្ន​នៅ​ចំនួន​៧៥០​កន្លែង​ផងដែរ ​តាម​រយៈ​ការ​រៃ​អង្គាស​ប្រាក់​ឧបត្ថម្ភ​បណ្តោះ​អាសន្ន។ កន្លែង​ស្នាក់​នៅ​ទាំង​នេះ​នឹង​ជួយ​ជា​ជម្រក​សម្រាប់​ស្រ្តី​រង​គ្រោះ​និង​កូនៗ​របស់​ពួក​គេ។ វា​មិន​មែន​សង់​ឡើង​ជា​ជម្រក​សម្រាប់​គ្រា​អាសន្ន​ទេ។ ពួកគេ​អាច​ស្នាក់​នៅ​បាន​ពី​៦​ខែ​ទៅ​១​ឆ្នាំ‍»។

ចំណាត់​ការ​ផ្សេងៗ​ទៀត​រួមទាំង​កម្មវិធី​អប់រំ​សម្រាប់​គ្រួសារ​រងគ្រោះ​ និង​ការដោះ​ស្រាយ​របស់​ប៉ូលិស​ចំពោះ​បណ្តឹង​នានា​ ព្រម​ទាំង​ការដាក់​ពិន័យ​ដល់​អ្នក​ប្រព្រឹត្ត​ផងដែរ។ លោក ​Edouard Philippe​ បាន​ថ្លែង​បន្ត​ទៀត​ថា៖ «នៅ​ពេល​ដែល​ដៃគូ​ និង​អតីត​ដៃ​គូ​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ហើយ​បន្ទាប់​មក​រួច​ខ្លួន​នោះ​ ខ្ញុំ​ជឿ​ថា​ សង្គម​ទាំង​មូល​គឺ​ជា​អ្នក​រង​គ្រោះ​ពី​ទង្វើ​នេះ។ ហើយ​វា​ដល់​ពេល​ហើយ​ក្នុង​ការធានា​ដល់​ស្រ្តី​ជនជាតិបារាំង​ទាំង​អស់​នូវ​សិទ្ធិ​ក្នុង​ការ​រស់នៅ​ ដោយ​មាន​ឬ​គ្មាន​ដៃគូ​របស់​ពួកគេ។ នេះ​ហើយ​គឺ​ជា​យុត្តិធម៌‍​សម្រាប់​ពួក​គេ»។

អំពើ​ហិង្សា​ក្នុង​គ្រួសារ​តែង​តែ​កើត​ឡើង​នៅ​ជុំវិញ​ពិភពលោក។ ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​អង្គការ​សហប្រជាជាតិ​ បាន​រក​ឃើញ​ថា​ ស្រ្តី​ប្រមាណ​ជា​៣ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ឆ្នាំ​២០១៧ ដោយ​ដៃ​គូ​ជិត​ស្និត​របស់​ពួក​គេ ​ដោយសារ​តែ​ខ្វះ​ការ​ការពារ​ដល់​ស្រ្តី​ដែល​រង​ការ​រំលោភ​បំពាន​ទាំងនេះ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG