ប៉ូលិសបារាំងបានបាញ់សម្លាប់ខ្មាន់កាំភ្លើងដែលសង្ស័យថា បានបាញ់សម្លាប់មនុស្ស៣នាក់កាលពីថ្ងៃអង្គារនៅឯផ្សារបុណ្យណូអែលក្នុងទីក្រុង Strasbourg ។ នេះបើតាមបណ្តាញព័ត៌មានជាច្រើន។
មន្រ្តីប៉ូលិសជាង៧០០នាក់បានតាមចាប់ជនសង្ស័យឈ្មោះ Cherif Chekatt ចាប់តាំងពីមានការវាយប្រហារដែលធ្វើឱ្យមនុស្ស១៣នាក់ផ្សេងទៀតរងរបួសផងដែរ។
ប៉ូលិសរាប់រយនាក់បានបិទតំបន់មួយក្នុងសង្កាត់ Neudorf មិនឆ្ងាយប៉ុន្មានពីកន្លែងដែលជនសង្ស័យបានបាញ់តដៃជាមួយប៉ូលិស។ អាជ្ញាធរបាននិយាយថា ជនសង្ស័យឈ្មោះ Chekatt អាយុ២៩ឆ្នាំមានឈ្មោះនៅក្នុងបញ្ជីក្រុមជ្រុលនិយមដែលសង្ស័យ។ ហេតុផលរបស់ខ្មាន់កាំភ្លើងនេះមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។
នៅក្នុងសារតាម Twitter កាលពីថ្ងៃព្រហស្បតិ៍ ពួករដ្ឋឥស្លាមបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ សាររបស់ Amaq ភ្នាក់ងារឃោសនាក្រុមភេរវកម្ម សរសេរថា «ខ្មាន់កាំភ្លើងក្នុងការវាយប្រហារនៅក្នុងទីក្រុង Strasbourg ...គឺជាទាហានម្នាក់នៃពួករដ្ឋឥស្លាម ហើយបានធ្វើប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការអំពាវនាវឲ្យវាយប្រហារជនជាតិរបស់ក្រុមចម្រុះប្រឆាំងនឹងក្រុមរដ្ឋឥស្លាម»។
ប្រទេសបារាំងបានបង្កើនកម្រិតគំរាមកំហែងសន្តិសុខរបស់ខ្លួនដល់កម្រិត«រងការវាយប្រហារបន្ទាន់»ដែលជាកម្រិតខ្ពស់បំផុត ហើយបានបន្ថែមការគ្រប់គ្រងតាមព្រំដែនកាន់តែតឹងរ៉ឹងនិងបង្កើនសន្តិសុខនៅក្នុងទីផ្សារបុណ្យណូអែលផ្សេងទៀត។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាល្លឺម៉ង់លោក Eleonore Petermann បាននិយាយថា ជនសង្ស័យនេះធ្លាប់ត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសអាឡឺម៉ង់នៅឆ្នាំ២០១៦ ហើយត្រូវបានគេរាយការណ៍ថា ត្រូវបាននិរទេសទៅប្រទេសបារាំងកាលពីឆ្នាំមុន៕