ប្រសិនបើសមភាពដែលរួមមានទាំងសមភាពយេនឌ័រផងដែរគឺជា គោលការណ៍ចម្បងមួយរបស់លទ្ធិកុម្មុយនិស្តនោះសម្រាប់អ្នកខ្លះ ពួកគេយល់ថា សាធារណរដ្ឋសង្គមនិយមវៀតណាមហាក់ដូចជា ទទួលបានជោគជ័យសម្រាប់មនោគមវិជ្ជាដំបូងរបស់ខ្លួន។
ក្នុងចំណោមប្រជាជន ១ រយលាននាក់នៃប្រទេសវៀតណាម គេឃើញស្ត្រីមាននៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេសមិនថា ពួកគេធ្វើការជាអ្នកដឹកនាំក្រុមហ៊ុនល្បីៗ អ្នកដឹកនាំក្រសួងរដ្ឋាភិបាលនានា ឬក៏អ្នកដឹកនាំគ្រួសារក្នុងនាមជាស្ត្រីមេម៉ាយនោះទេ។
គេក៏ឃើញស្ត្រីវៀតណាមធ្វើការងារមួយចំនួនដែលគេតែងតែចាត់ទុកថាជាការងាររបស់បុរសផងដែរដូចជា ការងារសំណង់ ការងារបើករថយន្តតាក់ស៊ី ឬក៏ការងារជានគរបាលជាដើម។
ប៉ុន្តែនៅពេលដែលពិចារណាគ្រប់ទិន្នន័យទាំងអស់ដែលបង្ហាញថា ប្រទេសវៀតណាមនាំមុខបណ្ដាប្រទេសភាគច្រើនបំផុតនៅលើពិភពលោកនៅក្នុងផ្នែកសមភាពយេនឌ័រ ដូចជាភាគរយនៃស្ត្រីដែលធ្វើការ ឬក៏ដែលកាន់តំណែងផ្នែកគ្រប់គ្រងជាដើម នោះវាងាយស្រួលនឹងមើលរំលងការពិតដែលថា បុរសនៅតែមានអាទិភាពនៅក្នុងផ្នែកជាច្រើននៅក្នុងប្រទេសវៀតណាម។
ប្រាក់ចំណូលជាមធ្យមសម្រាប់ស្ត្រីនៅក្នុងប្រទេសវៀតណាមមានចំនួន ២២៤ ដុល្លារអាមេរិកក្នុងមួយខែ ដែលស្មើនឹង ៥ លាន ២ សែនដុង។ នេះបើយោងតាមតួលេខដែលបានចេញផ្សាយកាលពីខែមិនាដោយក្រុមហ៊ុន Adecco Vietnam ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក។ ប្រាក់ចំណូលកម្រិតនេះគឺស្មើតែ ៨១ ភាគរយប៉ុណ្ណោះនៃប្រាក់ចំណូលជាមធ្យមរបស់បុរស។
បន្ថែមទៅនឹងគម្លាតប្រាក់ចំណូលនេះ ក៏មានបញ្ហានៃការធ្វើការមិនបានប្រាក់ចំណូលផងដែរ។ ក្រៅពីចំណាយពេលចេញទៅធ្វើការរកចំណូល ស្ត្រីវៀតណាមចំណាយពេល ៥ ម៉ោងបន្ថែមទៀតក្នុងមួយថ្ងៃធ្វើកិច្ចការផ្ទះសម្បែងដូចជាការបោសសម្អាតផ្ទះសម្បែង ឬក៏ការមើលថែរក្សាសមាជិកគ្រួសារដែលមានជំងឺផងដែរ។
អ្នកស្រី Nguyen Hong Phuong ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Adecco Vietnam និយាយថា៖ «មួយថ្ងៃមានតែ ២៤ ម៉ោងប៉ុណ្ណោះ ដែលយើងត្រូវបែងចែកសម្រាប់ការងារ គ្រួសារ និងខ្លួនឯង។ ជាទូទៅវាមិនងាយស្រួលក្នុងការបែងចែកពេលវេលាឲ្យបានស្មើគ្នានោះទេ ប៉ុន្តែការធ្វើឲ្យមានតុល្យភាព និងការផ្ដល់អាទិភាពលើអ្វីដែលសំខាន់គឺជាគន្លឹះនៅក្នុងការបែងចែកពេលវេលាឲ្យបានស្មើគ្នាសម្រាប់ការងារ គ្រួសារ និងខ្លួនឯង»។
ទោះបីជាបុរសបានចាប់ផ្ដើមកែប្រែស្ថានការណ៍នេះឲ្យបានប្រសើរក៏ដោយ ក៏ពួកគេនៅតែពេញចិត្តជាមួយនឹងមោទនភាពនៃតួនាទីរបស់ខ្លួននៅក្នុងគ្រួសារដដែល។ សម្រាប់បុរស ផលប្រយោជន៍សម្រាប់ពួកគេគឺ មានតាំងពីមុនពេលពួកគេកើតចេញពីផ្ទៃម្ដាយទៅទៀត ដោយសារតែឪពុកម្ដាយចូលចិត្តកូនប្រុសជាងកូនស្រី ហើយឪពុកម្ដាយមិនរំពឹងឲ្យកូនប្រុសជួយកិច្ចការផ្ទះនៅពេលពួកគេនៅជាកុមារនោះទេ ហើយមួយវិញទៀត នៅពេលធំពេញវ័យនិងមានគ្រួសារ ពួកគេត្រូវបានភរិយាជាអ្នកមើលថែរក្សាពួកគេ បន្ទាប់ពីម្ដាយរបស់ពួកគេមើលថែពួកគេកាលពីនៅកុមារមក។
អត្រាបុរសដែលធ្វើការឲ្យក្រុមហ៊ុនវិនិយោគបរទេសមានចំនួន ៧៣,៩ ភាគរយ ចំណែកឯស្ត្រីវិញមានចំនួន ៦៧,៧ ភាគរយ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Adecco Vietnam។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ទៀតថា នៅពេលសម្ភាសន៍ការងារ និយោជកមិនមែនសួរបេក្ខជនដែលជាស្ត្រីអំពីបទពិសោធន៍ការងារ ឬក៏គោលបំណងវិជ្ជាជីវៈរបស់ពួកគេនោះទេ ប៉ុន្តែសួរអំពីគម្រោងរៀបការ និងគម្រោងគ្រួសាររបស់ពួកគេ ដោយសារតែក្រុមហ៊ុននឹងមិនចំណេញនោះទេនៅក្នុងការជ្រើសរើសនរណាម្នាក់ដែលនៅទីបំផុតមានផ្ទៃពោះ និងសម្រាកពីការងារនោះ។
អត្រាបុរសដែលធ្វើការឲ្យក្រុមហ៊ុនវិនិយោគបរទេសមានចំនួន ៧៣,៩ ភាគរយ ចំណែកឯស្ត្រីវិញមានចំនួន ៦៧,៧ ភាគរយ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Adecco Vietnam។ ក្រុមហ៊ុននេះក៏បានបញ្ជាក់ទៀតថា នៅពេលសម្ភាសន៍ការងារ និយោជកមិនមែនសួរបេក្ខជនដែលជាស្ត្រីអំពីបទពិសោធន៍ការងារ ឬក៏គោលបំណងវិជ្ជាជីវៈរបស់ពួកគេនោះទេ ប៉ុន្តែសួរអំពីគម្រោងរៀបការ និងគម្រោងគ្រួសាររបស់ពួកគេ ដោយសារតែក្រុមហ៊ុននឹងមិនចំណេញនោះទេនៅក្នុងការជ្រើសរើសនរណាម្នាក់ដែលនៅទីបំផុតមានផ្ទៃពោះ និងសម្រាកពីការងារនោះ។
ដោយជាសញ្ញាដែលបង្ហាញថា នេះគឺជាការទទួលខុសត្រូវដែលធ្លាក់លើស្ត្រីនៅក្នុងប្រទេសវៀតណាម អាទិភាពចម្បងមួយសម្រាប់ស្ត្រី នៅពេលពួកគេស្វែងរកក្រុមហ៊ុនធ្វើការ គឺថាតើក្រុមហ៊ុននោះមានគោលនយោបាយឈប់សម្រាកមាតុភាពត្រឹមត្រូវដែរឬទេ។ នេះបើយោងតាមការសិក្សាមួយដែលទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ USAID បានចេញផ្សាយកាលពីថ្ងៃទី ៨ ខែមិនាកន្លងទៅនេះ។
ករណីនេះគឺផ្ទុយពីប្រទេសហ្វីលីពីន ដែលនៅទីនោះ ស្ត្រីដែលត្រូវបានគេស្ទង់មតិបាននិយាយថា ពួកគេចង់បានកម្មវិធីនៃការធ្វើការដែលអាចបត់បែនបាន ដូចជាធ្វើការពីផ្ទះជាដើម។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងរួមគ្នាដោយកម្មវិធី USAID Green Invest Asia និងក្រុមហ៊ុន Moxie Future ដែលស្ថាប័នទាំងពីរនេះផ្សព្វផ្សាយជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
ដូចនៅក្នុងបណ្ដាប្រទេសជាច្រើនទៀតដែរ ស្ត្រីនៅក្នុងប្រទេសវៀតណាមទទួលរងធ្ងន់នូវភាពក្រីក្រ និងផលប៉ះពាល់ដែលបណ្ដាលមកពីគ្រោះធម្មជាតិនានា។ ដោយសារហេតុនេះហើយទើបមានកម្មវិធីមួយចំនួនដូចជាកម្មវិធីបច្ចេកវិទ្យាដើម្បីសមភាពជាដើម ដែលជាកម្មវិធីប្រកួតប្រជែងមួយដឹកនាំដោយគម្រោងគំនិតផ្ដួចផ្ដើមរបស់ស្ត្រីសម្រាប់ក្រុមហ៊ុនទើបបង្កើតថ្មី និងសហគ្រិនភាព (Women's Initiative for Startups and Entrepreneurship)។
បេក្ខជនអាចផ្ញើគម្រោងផ្ដួចផ្ដើមដែលអាចជួយធ្វើឲ្យជីវិតរបស់ស្ត្រីនៅតាមតំបន់ជនបទមានភាពប្រសើរឡើង ដើម្បីចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ដែលមានឱកាសឈ្នះរង្វាន់រហូតដល់ទៅ ៧ ពាន់ដុល្លារអាមេរិក។
កន្លងមក មានគម្រោងច្នៃប្រឌិតថ្មីមួយចំនួនដូចជាកម្មវិធី Safe Journey ជាដើម ដែលនេះគឺជាកម្មវិធីតាមឧបករណ៍អេឡិចត្រូនិកចល័តមួយ ដែលជួយពលករចំណាកស្រុកស្វែងរកការងារធ្វើ និងផ្ទះសម្បែងស្នាក់នៅ ដោយសារតែស្ត្រីជនបទភាគច្រើនបានផ្លាស់ទីទៅកាន់តំបន់ទីក្រុងដើម្បីស្វែងរកការងារ និងផ្ញើលុយទៅឲ្យក្រុមគ្រួសារនៅឯស្រុកកំណើត។
គម្រោងច្នៃប្រឌិតមួយទៀត គឺគម្រោងបង្កើតកន្លែងមួយ ដែលកសិករជនជាតិភាគតិចដែលដាំដំណាំតែអាចផលិតផលិតផលតែរបស់ខ្លួនឲ្យបានតម្លៃខ្ពស់។ ប្រទេសអៀរឡង់ និងអូស្ត្រាលី ដែលជាប្រទេសឧបត្ថម្ភគម្រោងនេះ បានប្រកាសអំពីអ្នកឈ្នះកាលពីចុងខែមេសាកន្លងទៅនេះ។
លោក Bui Te Duy អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បាននិយាយនៅឯពិធីចាប់ផ្ដើមការប្រកួតប្រជែងនេះថា៖ «គោលបំណងនៃកម្មវិធីនេះគឺដើម្បីស្វែងរក និងគាំទ្រដល់ដំណោះស្រាយផ្ដួចផ្ដើមថ្មីនានា ដើម្បីធានាថា ស្ត្រី និងកុមារីនៅតាមតំបន់ជនបទអាចចូលរួម និងទទួលបានជោគជ័យនៅកន្លែងធ្វើការ និងនៅក្នុងផ្នែកសេដ្ឋកិច្ច»។
មានគម្រោងជាច្រើនដែលដំណើរការល្អនៅក្នុងប្រទេសវៀតណាម។ ដោយសារមានស្ត្រីចំនួន ៧១ ភាគរយចូលរួមនៅក្នុងវិស័យការងារ ហើយតំណែងជានាយកប្រតិបត្តិចំនួន ២៥ ភាគរយ គឺជាស្ត្រី ប្រទេសវៀតណាមប្រហែលជាអាចផ្ដល់ជាគំនិតមួយចំនួនអំពីរឿងសមភាពនេះដល់បណ្ដាប្រទេសនានានៅលើពិភពលោកបាន។
ជាទូទៅ ស្ត្រីវៀតណាមមានសិទ្ធិឈប់សម្រាកមាតុភាព មានការការពារនៅកន្លែងធ្វើការទាក់ទិននឹងការមានផ្ទៃពោះ និងការមើលថែកូន មានអត្រាទាបនៃអំពើហិង្សាផ្លូវភេទ និងមានសេរីភាពជាទូទៅរួមទាំងការគោរពផងដែរនៅក្នុងសង្គម។
នៅពេលជាមួយគ្នានេះដែរ លទ្ធផលមួយចំនួនទាំងនេះរបស់ប្រទេសវៀតណាមមើលទៅល្អ ដោយសារតែប្រទេសផ្សេងទៀតមិនមានដូច្នេះ។ សូម្បីតែប្រទេសសង្គមនិយមដូចជាប្រទេសវៀតណាមនេះក៏ដោយ ក៏នៅត្រូវការពេលវេលាដ៏យូរទៀតដើម្បីសម្រេចឲ្យបាននូវសមភាពយេនឌ័រដ៏ពេញលេញមួយ៕
ប្រែសម្រួលដោយ ភី សុភាដា