លោក Marcron បានទាក់ទងជាមួយក្រុមអ្នករិះគន់អំពីផែនការផ្នែកភាសារបស់លោក ដោយបញ្ជាក់ថា ភាសាបារាំងត្រូវតែដើរទន្ទឹមគ្នានិងជួយដល់អភិវឌ្ឍភាសាដទៃទៀត រួមមានទាំងប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគមផងដែរ។
នៅក្នុងសុន្ទរកថាដ៏សំខាន់មួយនៅឯវិទ្យាស្ថានបារាំងក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី២០ ខែមីនា ប្រធានាធិបតី បារាំងលោក Emmanuel Macron បាននិយាយថា ប្រទេសបារាំងមានបំណងបើកវិទ្យាស្ថានភាសាបារាំងចំនួន១០នៅក្រៅប្រទេសជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៩តទៅ ហើយនឹងបង្កើនទ្វេដងនូវចំនួនសិស្សដែលទៅរៀននៅវិទ្យាល័យបារាំងនៅក្រៅប្រទេស ក៏ដូចជាចំនួនសិស្សបរទេសដែលកំពុងសិក្សានៅក្នុងប្រទេសបារាំង។
លោក Macron បានថ្លែងថា លោកក៏បានប្រកាសបង្កើតមជ្ឈមណ្ឌលក្រុមនិយាយភាសាបារាំងមួយ នៅឯវិមានមួយនៅខាងក្រៅក្រុងប៉ារីស ជាទីដែលភាសាបារាំងត្រូវបានប្រកាសថាជាភាសាផ្លូវការរបស់ប្រទេសបារាំងកាលពីសតវត្សរ៍ទី១៦។ ផែនការផ្សេងទៀតរួមមានការគាំទ្រនិងការបង្កើតឧស្សាហម្មបែបវប្បធម៌និងការច្នៃប្រឌិតនៅក្នុងតំបន់ដែលនិយាយភាសាបារាំងក្នុងទ្វីបអាហ្វ្រិកនិងតំបន់ការ៉ាអ៊ីប ក៏ដូចជាផែនការផ្តល់មូលនិធិសម្រាប់ការផលិតភាពយន្តរួមគ្នា ជាមួយបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកភាគខាងកើត។ លោកក៏បានថ្លែងដែរថា ជនភៀសខ្លួននៅប្រទេសបារាំងត្រូវតែទទួលបានសិក្សាផ្នែកភាសាបារាំងបានច្រើនជាងមុន។
លោក Macron បានថ្លែងថា ភាសាបារាំងត្រូវបានទៅដល់មនុស្សថ្មី និងវាយលុកសារជាថ្មីទៅលើវិស័យនានារួមមានវិស័យជំនួញនិងសេដ្ឋកិច្ច ដែលត្រូវបានគ្របដណ្ដប់ដោយភាសាអង់គ្លេស។
នាពេលបច្ចុប្បន្ននេះ ភាសាបារាំងឈរលំដាប់ថ្នាក់ទី៦នៅលើពិភពលោក បើគិតទៅលើចំនួនអ្នកនិយាយភាសានេះ ដែលស្ថិតនៅលំដាប់ក្រោមភាសាចិន អង់គ្លេស និងភាសាអេស្ប៉ាញ។ ប៉ុន្តែអង្គការក្រុមប្រទេសនិយាយភាសាបារាំងអន្តរជាតិមានមូលដ្ឋាននៅទីក្រុងប៉ារីស បានប៉ាន់ប្រមាណថា ចំនួនអ្នកនិយាយភាសាបារាំងនឹងកើនចំនួនបីដងរហូតដល់ទៅ៧០០លាននាក់នៅឆ្នាំ២០៥០ ដែលភាគច្រើននៃចំនួននេះនៅក្នុងទ្វីបអាហ្វ្រិក។
ការជំរុញទឹកចិត្តរបស់លោក Macron ក្នុងការលើកតម្កើងភាសាបារាំងនេះ ក៏បាននាំឲ្យមានការរិះគន់ផងដែរ ជាពិសេសពីសំណាក់អ្នកនិពន្ធនិងបញ្ញវ័ន្ត ដែលជឿជាក់ថា ការជំរុញទឹកចិត្តនេះជាសញ្ញាមួយនៃការដាក់អាណានិគមបែបថ្មី។ លោកទទួលស្គាល់ពាក្យរិះគន់ទាំងនេះនៅក្នុងសុន្ទរកថារបស់លោក ខណៈដែលលោកពណ៌នាភាសាបារាំងថាធា្លប់ជាភាសាមួយដែលមានភាពទូលំទូលាយនិងបើកចំហ ហើយមានការរីកចម្រើនខ្លាំងដូចភាសាដទៃទៀត។
លោក Macron ថ្លែងថាក្រុមនិយាយភាសាបារាំងត្រូវតែទទួលស្គាល់ភាសាផ្សេងទៀត។ មិនត្រឹមតែភាសាពីតំបន់អឺរ៉ុបទេ តែភាសាដែលងាយនឹងបាត់បង់និងភាសាត្រូវបានគេទុកចោល ហើយត្រូវការពារភាសានៅតំបន់អាហ្វ្រិកនានាដូចជាគ្រាមភាសា Wolof, Lingala, Basa និង Creole ជាដើម៕
ប្រែសម្រួលដោយ នៀម ឆេង