ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Freedom House ព្រមាន​ពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​អឺរ៉ុប​កណ្ដាល​ និង​ខាងកើត


រូបឯកសារ៖ បាតុករ​កាន់​បដា​នៅ​ខាង​ក្រៅ​ស្នាក់​ការ​កណ្ដាល​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ប្រារព្ធ​សេរីភាព​សារព័ត៌មាន នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន កាល​ពី​ខែ​ឧសភា ២០១៩។
រូបឯកសារ៖ បាតុករ​កាន់​បដា​នៅ​ខាង​ក្រៅ​ស្នាក់​ការ​កណ្ដាល​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ប្រារព្ធ​សេរីភាព​សារព័ត៌មាន នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន កាល​ពី​ខែ​ឧសភា ២០១៩។

នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​មួយ​ របស់​អង្គការ Freedom House ដែល​ជា​អង្គការ​ឃ្លាំ​មើល​លទ្ធិប្រជាធិបតេយ្យ​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​បាន​ព្រមានពី​ការ «ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដ៏​គួរ​ឲ្យភ្ញាក់​ផ្អើល» នៅ​អឺរ៉ុប​កណ្ដាល តំបន់​បាល់កង់ និង តំបន់​អាស៊ី​អឺរ៉ុប​ ខណៈពេល​ដែល​មេដឹក​នាំនៅ​ក្នុង​តំបន់ ព្យាយាម​លប់​ចោល​ការ​ត្រួតពិនិត្យការ​កាន់​អំណាច​របស់​ពួកគេ។​

នៅ​ក្នុង​របាយការណ៍ប្រចាំ​ឆ្នាំ​ ​ដែល​មាន​ចំណង​ជើង​ថា Nations In Transit របស់​អង្គការ Freedom House បាន​ឲ្យ​ដឹង​ថា៖ « ​មេដឹក​នាំ​ក្នុង​តំបន់​អឺរ៉ុបកណ្ដាល​ និង​ខាង​កើត កាន់​តែ​ច្រើន​ឡើង ​មិន​ទាំងព្យា​យាម​បន្លំ​ថា​ពួក​គេ​គ្រប់​គ្រង​ប្រទេស​ទេស​បែប​ប្រជាធិបតេយ្យផង។ ពួក​មេ​ដឹក​នាំ​ទាំង​នោះ​ វាយ​ប្រហារ​ដោយ​បើក​ចំហ​ទៅ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​កំពុងរឹតត្បិត​សេរីភាព​របស់​ប្រជាជន»។

របាយការណ៍និយាយថា ការ​វាយ​ប្រហារ​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ អាចត្រូវ​បាន​ពន្លឿន​ដោយ​សារ​តែ​ការ​រាត​ត្បាត​នៃ​វីរ៉ុស​កូរ៉ូណា ប៉ុន្តែ​នាយក​អង្គការ​ Freedom House លោក Michael Abramowitz បាន​និយាយ​ថា វិបត្តិ​ផ្នែក​សុខាភិបាល ក៏ជា​ចំណុច​មួយ​ ដែល​ក្រោយ​ពី​ចប់​វិបត្តិ​នេះ​ទៅ ​អាច​ធ្វើ​ឲ្យស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​ ឬ​លទ្ធិ​ប្រជាធិបតេយ្យ​អាចត្រូវ​បាន​គេ​ធ្វើ​ឲ្យ​រស់​ឡើង​វិញ»។​
លោក Abramowitz ​បាន​និយាយ​ថា៖ «ក្ដី​សង្ឃឹម​គឺ​ថា បទ​ពិសោធន៍​នៃ​ជំងឺ​រាតត្បាត «នឹង​បង្ហាញ​ពី​សារៈសំខាន់​នៃ​តម្លាភាព និង​អភិបាលកិច្ច​ប្រកប​ដោយ​ការ​ទទួលខុស​ត្រូវ ក៏ដូចជា​ការ​ជំរុញ​ឲ្យ​មាន​ការ​ទាម​ទារ​ការ​ផ្លាស់ប្ដូរថ្មី»។​

អង្គការ Freedom House បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួននៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ចំនួន​ ២៩ ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​របាយការណ៍​នេះ ស្ថិត​ក្នុង​ពិន្ទុ​ទាប​បំផុត​មិន​ធ្លាប់​មាន គឺ​នៅត្រឹម​ ១០ពិន្ទុ។

ពិន្ទុ​លទ្ធិប្រជាធិបតេយ្យទូទៅ​សម្រាប់​តំបន់​នេះ ដែល​ត្រូវ​គណនារក​ពិន្ទុ​ជាធម្យម​សម្រាប់​ប្រទេស​ទាំង​អស់​នេះ បាន​ធ្លាក់​ចុះ​ ១៦ឆ្នាំ​ជាប់​គ្នា។

របាយការណ៍នេះ​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នៃការ​កែ​ទម្រង់​ប្រជាធិបតេយ្យ ត្រូវ​បាន​បង្ហាញតាម​រយៈ​ឧបាយកល​ក្នុង​ប្រព័ន្ធ​បោះឆ្នោត ដែលនាំ​ឲ្យអ្នក​កាន់អំណាច​មាន​ប្រៀប​ជាង ដែល​ច្រាន​ចោល​អំណាច​របស់​រដ្ឋ​សភាដោយការ​ធ្វើ​ពហិកា​របស់​ក្រុម​បក្ស​ប្រឆាំង និង​យុទ្ធនាការ​លាប​ពណ៌ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

របាយការណ៍ដដែល​ក៏​បាន​បង្ហាញ​ថា ប្រព័ន្ធ​តុលាការ​ និង​និតិរដ្ឋ បាន​ក្លាយ​ជា​គោលដៅ​នៃ​ប្រទេស​ជា​ច្រើន តាមរយៈការ​ដាក់​គ្នីគ្នា​ឲ្យ​កាន់​ដំណែង​ក្នុង​តុលារការ និង​ការ​អនុវត្ត​ច្បាប់រឹតត្បិត​ជ្រុល​ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ឯករាជ្យភាព​របស់​តុលាការ។

ប្រភេទ​នៃ​ក្របខណ្ឌ​តុលាការ​ និង​ឯករាជ្យ​ភាពក្នុង​របាយការណ៍ បាន​បង្ហាញ​ឲ្យ​ឃើញ​នៃ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​ក្នុង​នោះ​ប្រទេស​ចំនួន ៦ ត្រូវ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​អាក្រក់​ខ្លាំង​ គឺសាធារណរដ្ឋឆែក ហ្សកហ្ស៊ី ឡេតូនី ម៉ុងតេណេហ្គ្រោ ប៉ូឡូញ និង​ស្លូវ៉ាគី។​

របបកូនកាត់

របាយការណ៍ដែល​មាន​ចំណង​ជើង​ថា Nations In Transit នេះ​បង្ហាញ​ថា ​ប្រទេស​មួយ​ចំនួន ត្រូវ​បាន​ធ្លាក់​ចំណាត់​ថ្នាក់ យោង​តាម​ដំណើរ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ប៉ូឡូញបាន​ធ្លាក់​ចេញ​ពី​ក្រុម​ប្រជាធិបតេយ្យ មក​ត្រឹម​ចំណាត់​ថ្នាក់ ​បង្រួប​បង្រួម​ប្រជាធិបតេយ្យ​ពាក់​កណ្ដាល ក្នុង​ពេល​បច្ចុប្បន្ន។​

ប្រទេស​ហុងគ្រី ស៊ែប៊ី និងម៉ុងតេណេហ្គ្រោ ធ្លាក់​ចេញ​ពី​ផុត​ពី​ក្រុម​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ និង​ឥឡូវ​នេះត្រូវ​បាន​ចាត់​ចូល​ជា​ រដ្ឋាភិបាល​អន្តរកាល ឬ​របបកូនកាត់។​

របាយការណ៍​នេះ​និយាយ​ថា​ប្រទេស​ហុងគ្រី ​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ខ្លាំងបំផុត​ដែលមិនធ្លាប់​មាន​ក្នុង​រយៈពេល​ ២៥​ឆ្នាំ​កន្លង​មក តាំង​ពី​អង្គការ Freedom House ចេញ​ផ្សាយ​របាយការណ៍ Nations In Transit របស់​ខ្លួន​ជា​លើក​ដំបូង។

ពិន្ទុ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​មួយ​ទសវត្ស​កន្លងមក​ ហើយ​របាយការណ៍​នេះ​បាន​ពិពណ៌នា​លោក​នាយករដ្ឋ​មន្ត្រី Viktor Orban ថាជា​មេដឹក​នាំដែល «​បាន​បោះ​បង់​ចោល​ការ​ធ្វើ​ពុត​ជា​គោរព​ស្ថាប័ន​ប្រជាធិបតេយ្យ»។​

ដូច​គ្នា​នេះ​ដែរ​ ប្រទេស​ប៉ូឡូញ ដែល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប ក៏​បាន​ធ្លាក់​ចំណាត់​ថ្នាក់មក​ត្រឹម​ប្រទេស​បង្រួប​បង្រួម​ប្រជាធិបតេយ្យ​ពាក់កណ្ដាល ​ភាគ​ច្រើន​ដោយ​សារ​តែ​ការ​បាត់​បង់​ឯករាជ្យ​ភាព​ក្នុងប្រព័ន្ធ​តុលាការ​ អស់​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ។​

របាយការណ៍​នេះបាន​កត់​សម្គាល់​ថា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ដែល​ត្រូវស្ថិត​ក្នុង​បញ្ជី​របប​ផ្ដាច់ការ កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​របស់​លោក​ប្រធានាធីបតី Vladimir Putin បើសិន​ជា​ត្រូវ​បាន​អនុម័តពិត​មែន នឹង​អនុញ្ញាត​ឲ្យ​លោក​ Putin នៅ​កាន់​តំណែង​បន្ត​លើស​ពី​ពីរ​អាណត្តិ ដែល​ការណ៍​នេះ​ «បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រំលោភ​បំពាន​នីតិរដ្ឋ និង​គោលការណ៍​ជា​មូលដ្ឋាន​របស់​នីតិរដ្ឋ។

យ៉ាង​ណា​ក៏​ដោយ ក៏​មាន​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូចជាកូសូវ៉ូ ដែល​ជា​ប្រទេស​តែ​មួយ​គត់​ ដែល​បាន​កើន​ចំណាត់​ថ្នាក់​ក្នុង​រយៈពេល​ ៥ឆ្នាំ​ចុង​ក្រោយ​នេះ និង​ប្រទេស​ម៉ាសេដ្វាន​ខាង​ជើង ដែល​មាន​ការ​កើន​ឡើង​នៃ​ពិន្ទុ​ [ប្រជាធិបតេយ្យ]។

ប្រទេស​អាមេនី​ក៏​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំផុត​របស់​ខ្លួន តាម​រយៈការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ពាក់​ព័ន្ធ​នឹងការ​បោះឆ្នោត និងការ​លប់​បំបាត់​អំពើ​ពុក​រលួយ។

ពិន្ទុ​អភិបាលកិច្ច​ក្នុង​ប្រទេស​របស់​អ៊ុយក្រែន​បាន​កើន​ឡើង​បន្តិច ហើយ​ពិន្ទុ​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​អ៊ូសបេគីស្ថាន បាន​កើន​ឡើង​ដោយ​សារកិច្ច​ប្រឹង​ប្រែងលុប​បំបាត់​អំពើ​ពុក​រលួយ​តូច​តាច៕

​ប្រែសម្រួល​ដោយ​ សឿន វឌ្ឍនា

XS
SM
MD
LG