ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការងារ​ជា​អ្នកកាសែត​គឺ​ជា​ការងារ​ដ៏​គ្រោះថ្នាក់​មួយ​នៅ​សូម៉ាលី


អ្នក​កាសែត​សូម៉ាលី​ចោទប្រកាន់​រដ្ឋាភិបាល​ថា​បាន​បង្ក្រាប​ទៅ​លើ​សេរីភាព​សារព័ត៌មាន​​នៅ​ក្នុង​ប្រទេស តាមរយៈ​ការ​វាយដុំ ការ​ចាប់​ឃុំឃាំង និង​ការ​គំរាម​ធ្វើ​ទុក្ខបុកម្នេញ។

អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​សូម៉ាលី​តែងតែ​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន ប៉ុន្តែ​ឆ្នាំ​នេះ ដោយ​មាន​ការ​តប់ប្រមល់​ដោយ​សារ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ពួកគេ​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ថា​រង​ការ​គំរាមកំហែង​កាន់​តែ​ខ្លាំង​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ និង​ការ​ចាប់​ខ្លួន​ដោយ​ក្រុម​មេដឹកនាំ​ ដែល​ពួកគេ​ហៅ​ថា ជា​មេដឹកនាំ​ចូលចិត្ត​ប្រើ​ហិង្សា។

អ្នក​កាសែត​និង​សកម្មជន​ការពារ​សិទ្ធិ​អ្នកកាសែត​សូម៉ាលី​មួយ​ចំនួន​បាន​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​សហការី​ក្រុមផ្សាយ VOA ភាសា​សូម៉ាលី។

លោក Mohamed Ibrahim Moalimu អគ្គលេខាធិការ​នៃ​សហព័ន្ធ​អ្នក​កាសែត​សូម៉ាលី​ថ្លែង​ថា៖ «ប្រទេស​សូម៉ាលី​តែងតែ​មាន​បរិយាកាស​បែប​ហិង្សា​សម្រាប់​អ្នក​កាសែត​ស្រាប់​ទៅ​ហើយ ប៉ុន្តែ​ឆ្នាំ​នេះ ស្ថានភាព​កាន់​តែ​អាក្រក់​ដោយសារ​តែ​អាជ្ញាធរ​បង្កើន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​អ្នក​កាសែត ហើយ​ជាពិសេស​នៅ​ក្នុង​អំឡុងពេល​នេះ នៅ​ពេល​ដែល​ប្រទេស​របស់​យើង​ប្រឈម​នឹង​ការ​ឆ្លងរាតត្បាត​ជំងឺ​កូវីដ១៩»។

លោក Moalimu និយាយ​ថា អ្នក​កាសែត​បី​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​តាម​តំបន់​ផ្សេងៗ​គ្នា​ក្នុង​ប្រទេស​សូម៉ាលី។ អ្នក​កាសែត​ពីរ​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​មួយ​ចំនួន ហើយ​ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​មួយ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​អ្នកស្រុក​តាម​តំបន់ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ ២០២០ មក។

លោក Moalimu ថ្លែង​ថា៖ «ការ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ និង​ការ​គំរាមកំហែង​ក្នុង​អំឡុងពេល​កើត​មាន​ជំងឺ​រាតត្បាត​កូវីដ១៩ ដែល​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​កាសែត​ជួប​ការ​ពិបាក​ក្នុង​ការ​ផ្លាស់ប្ដូរ​តួនាទី​និង​អាកប្បកិរិយា​របស់​ពួកគេ​ដើម្បី​បន្ដ​យក​ព័ត៌មាន​សម្រាប់​បម្រើ​ដល់​ផល​ប្រយោជន៍​សាធារណៈ គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ»។

អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​សូម៉ាលី​និយាយ​ថា ពួកគេ​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ក្នុង​ការ​រាយការណ៍​អំពី​បញ្ហា​រសើប​និង​ចម្រូងចម្រាស​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ។

លោក Luqman Mohamed Farah គឺ​ជា​អ្នក​កាសែត​ដែល​ធ្វើការ​នៅ​ស្ថានីយ៍​ទូរទស្សន៍ Bulsho ដែល​ជា​ស្ថានីយ៍​ទូរទស្សន៍​ឯកជន​មួយ ដែល​មាន​ទីស្នាក់ការ​នៅ​រដ្ឋធានី Hargeisa ក្នុង​ដែនដី​ស្វយ័ត Somaliland។

លោក Farah បាន​និយាយ​ថា៖ «អាជ្ញាធរ​មិន​សហការ​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ហើយ​ពួកគេ​ក៏​មិន​បាន​ផ្ដល់​ព័ត៌មាន​ដែល​អ្នក​កាសែត​ត្រូវការ​ដែរ។ ការ​ធ្វើ​ដូច្នេះ​បង្ខំ​ឲ្យ​អ្នក​កាសែត​មួយ​ចំនួន​ត្រូវ​រាយការណ៍​ព័ត៌មាន​ពី​ប្រភព​ព័ត៌មាន​ផ្សេង​ក្រៅ​ពី​រដ្ឋាភិបាល ហើយ​ដោយសារតែ​ករណី​នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​អ្នកកាសែត​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នានា»។

លោក Burhan Diini Farah នាយក​វិទ្យុ Kulmiye ដែល​ជា​ស្ថានីយ៍​វិទ្យុ​ឯកជន​មួយ​ដែល​ផ្សាយ​បន្ត​ព័ត៌មាន​ពី VOA ក្នុង​រដ្ឋធានី Mogadishu និយាយ​ថា មាន​ការ​ប្រឈម​នៅ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​អាជ្ញាធរ។

លោក Farah បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «រាល់​ថ្ងៃ​នេះ ថ្នាក់​មេដឹកនាំ​កំពូល​របស់​រដ្ឋាភិបាល​មិន​បាន​រៀបចំ​សន្និសីទ​កាសែត ដែល​ពួកគេ​អាច​ឆ្លើយ​នឹង​សំណួរ​នានា​របស់​អ្នកកាសែត​នោះ​ទេ។ ពួកគេ​ថត​វីដេអូ​និង​សារ​ជា​សំឡេង​ទុក ហើយ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋាភិបាល។ ដូច្នេះ​នេះ​គឺ​ជា​របៀប​ដែល​រដ្ឋាភិបាល​ធ្វើ​ឲ្យ​ការ​រឹតត្បិត​ក្លាយ​ទៅ​ជា​រឿង​ធម្មតា»។

អាជ្ញាធរ​រដ្ឋាភិបាល​សូម៉ាលី​ជារឿយៗ​ច្រានចោល​ការ​ចោទប្រកាន់​ដូច​នេះ ហើយ​បែរ​ជា​ចោទ​អ្នក​កាសែត​ថា​លំអៀង និង​រាយការណ៍​ព័ត៌មាន​មិន​ត្រឹមត្រូវ​ទៅ​វិញ។

លោក Abduraham Yusuf រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៃ​ប្រទេស​សូម៉ាលី ថ្លែង​ថា៖ «ខ្ញុំ​សូម​បដិសេធ​ចំពោះ​ការ​លើកឡើង​ថា បណ្ដា​ទីភ្នាក់ងារ​ការពារ​សន្ដិសុខ​របស់​រដ្ឋាភិបាល​ចាប់​ខ្លួន​អ្នក​កាសែត​ ដោយសារ​ហេតុផល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាប​ពួកគេ​និង​បំបិទ​មាត់​ពួកគេ​។ ខ្ញុំ​អាច​ប្រាប់​អ្នក​រាល់គ្នា​ថា មាន​កិច្ចខិតខំប្រឹងប្រែង​ដែល​កំពុង​តែ​ធ្វើ​ឡើង ដើម្បី​បណ្ដុះបណ្ដាល និង​ពង្រឹង​សមត្ថភាព​អ្នក​កាសែត ក្នុង​គោល​បំណង​ផ្ដល់​ដល់​ពួកគេ​នូវ​បរិយាកាស​មួយ ដែល​អាច​ធ្វើ​ការ​ដោយ​សេរី​គ្មាន​ការ​ភ័យខ្លាច»។

ប្រធានាធិបតី​សូម៉ាលី លោក Mohamed Abdullah Farmajo បាន​បង្ហោះ​សារ​តាម Twitter ថា៖ «សូម​អបអរ​សាទរ​ដល់​អ្នក​កាសែត​សូម៉ាលី​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន។ ការងារ​ជា​អ្នក​កាសែត​គឺ​ជា​ការងារ​ដ៏​សំខាន់​មួយ ហើយ​ច្បាប់​ព្រហ្មទណ្ឌ​ឆ្នាំ ១៩៦៤ នឹង​ត្រូវ​កែ​សម្រួល​ដើម្បី​ធានា​ថា ច្បាប់​នេះ​នឹង​មិន​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រឆាំង​នឹង​អ្នក​កាសែត​នោះ​ទេ។ រដ្ឋបាល​របស់​ខ្ញុំ​គាំទ្រ​ពេញទំហឹង​ទៅ​លើ​ការ​លុបចោល​ទោស​ព្រហទណ្ឌ​លើ​អ្នកកាសែត និង​គាំទ្រ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាមរយៈ​ការ​ធ្វើ​កំណែទម្រង់​ផ្លូវច្បាប់»។

ច្បាប់​ព្រហ្មទណ្ឌ​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ ១៩៦៤ គឺ​រួម​មាន​ចំណុច​មិន​ច្បាស់លាស់​មួយ​ចំនួន និង​រួម​បញ្ចូល​នូវ​បទឧក្រិដ្ឋ​ទូលំទូលាយ​ជាច្រើន ដូចជា​បទឧក្រិដ្ឋ​បរិហារកេរ្តិ៍ ការ​ប្រមាថ​កិត្តិយស​និង​កិត្តិនាម​របស់​ប្រមុខរដ្ឋ ការ​ប្រមាថ​មន្ត្រី​រដ្ឋការ ឬ​ស្ថាប័ន និង​ការ​មើលងាយ​ប្រទេសជាតិ រដ្ឋ ឬ​ក៏​ទង់ជាតិ​ជា​ដើម។

ប្រទេស​សូម៉ាលី​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក​សម្រាប់​អ្នក​កាសែត ដោយសារ​តែ​ពួកគេ​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ ពី​បុគ្គល​ឯកជន​ប្រដាប់​អាវុធ និង​ពី​ក្រុម​ភេរវកម្មal-Shabab។ នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ចុងក្រោយ​បង្អស់ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​សូម៉ាលី​លេខ ១៦៣ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បាន​ឲ្យ​ដឹង​ថា៖ «ការ​ដាក់​សម្ពាធ​លើ​អ្នក​កាសែត​អាច​កើត​ឡើង​តាម​តំបន់​ជា​ច្រើន ជាពិសេស​ដោយសារតែ​ផ្នែក​ភាគ​ច្រើន​នៃ​ប្រទេស​សូម៉ាលី​គ្រប់គ្រង​ដោយ​អង្គភាព​ដែល​មិនមែន​ជា​រដ្ឋ ឬ​ក៏​ដោយ​រដ្ឋាភិបាល​តំបន់​ស្វ័យភាព ដែល​មិន​ទទួល​ស្គាល់ ឬ​ក៏​ទទួល​ស្គាល់​តិចតួច​បំផុត​នូវ​អាជ្ញាធរ​ថ្នាក់​ជាតិ»។

អ្នកកាសែត​មួយ​ចំនួន​បាន​ចាកចេញ​ពី​ប្រទេស និង​សុខចិត្ត​រស់​នៅ​និរទេស​ខ្លួន។

លោក Abdulkadir Omar Abdulle គឺ​ជា​អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោម​នោះ។ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ ខ្មាន់​កាំភ្លើង​ក្រុម al-Shabab ពីរ​នាក់ ដែល​ជា​ជនសង្ស័យ បាន​បាញ់​ចំ​ជើង និង​ទ្រូង​របស់​លោក។ ពេលនោះ​លោក​បម្រើការ​ជា​ពិធីករទូរទស្សន៍ Universal Somali TV ប៉ុន្តែ​លោក​បាន​បន្ដ​ទៅ​ធ្វើការ​និង​រស់​នៅ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

លោក Abdulle បាន​ប្រាប់ VOA ភាសា​សូម៉ាលី ថា៖ «វា​គឺ​ជា​បទពិសោធន៍​ដ៏​ឈឺចាប់​និង​គួរ​ឲ្យ​ភ័យខ្លាច។ ខ្ញុំ​នៅ​តែ​ឮ​ស្នូរ​កាំភ្លើង​ជាប់​ត្រចៀក​ជានិច្ច ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ណាស់។ ពួកគេ​បាន​បាញ់​កាំភ្លើង​ប្រមាណ ៧ គ្រាប់​មក​លើ​ខ្ញុំ ដោយ​ពីរ​គ្រាប់​ត្រូវ​ចំ​ពោះ ហើយ​មួយ​គ្រាប់​ត្រូវ​ចំ​ជើង។ ប៉ុន្តែ​អរគុណ​ដល់​ព្រះ​អាឡោះ ដែល​ខ្ញុំ​នៅ​មាន​ជីវិត​រស់នៅ ប៉ុន្តែ​ខ្ញុំ​រស់នៅ​ទាំង​បាក់ស្បាត»។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក Abdulle បាន​ត្រឡប់​ទៅ​រដ្ឋធានី Mogadishu វិញ ដើម្បី​ប្រកប​អាជីព​របស់​លោក ប៉ុន្តែ​លោក​បាន​ទទួល​ទូរស័ព្ទ​គំរាមកំហែង​ចំពោះ​ការ​ដែល​លោក​និយាយ​អំពី​ការ​វាយប្រហារ​មក​លើ​រូប​លោក​កាល​ពី​មុន​នោះ ហើយ​លោក​ក៏​សម្រេច​ចិត្ត​ត្រឡប់​ទៅ​រស់នៅ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា​វិញ៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG