ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ USAGM បើក​សម្ភោធ​មហោស្រព​ភាពយន្ត​ស្តី​ពី​សេរីភាព​សារព័ត៌មាន​នៅ​សប្តាហ៍​នេះ


មហោស្រពភាពយន្ត​ USAGM Press Freedom មាន​គោលបំណង​ «អប់រំ​ទស្សនិកជន​អំពី​សារសំខាន់​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក»
មហោស្រពភាពយន្ត​ USAGM Press Freedom មាន​គោលបំណង​ «អប់រំ​ទស្សនិកជន​អំពី​សារសំខាន់​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក»

ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​សកល(U.S. Agency for Global Media) ឬ​ហៅ​កាត់​ថា​USAGM នឹង​ចាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​និង​រឿង​វីដេអូ​ចំនួន​ ៦ ​ក្នុង​មហោស្រព​ភាពយន្ត​ស្តីពី​សេរីភាព​សារព័ត៌មាន​លើកដំបូង ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ នេះ​បើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​នេះ​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ

​ការ​ដាក់​បញ្ចាំង​ជូន​ទស្សនា​ដោយ​ឥតគិត​ថ្លៃ​លើបណ្តាញ​អ៊ីនធឺណិត ដោយ​ទីភ្នាក់ងារ ​USAGM ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សភា​សហរដ្ឋ​អាមេរិក​ រួម​បញ្ចូល​ស្នាដៃ​ដែល​ផលិត​ដោយ​បណ្តាញ​ទាំង​ ៥​ នៃ​ទីភ្នាក់ងារ​នេះ រួម​មាន​វីអូអេ (Voice of America) វិទ្យុអឺរ៉ុប​សេរី ឬ​វិទ្យុ​សេរីភាព ​(Radio Free Europe/Radio Liberty) វិទ្យុ​អាស៊ី​សេរី (Radio Free Asia) បណ្តាញ​ផ្សព្វផ្សាយ​មជ្ឈិមបូព៌ា​ (Middle East Broadcasting Networks) និង​ការិយាល័យ​ផ្សព្វផ្សាយ​គុយបា​ (Office of Cuba Broadcasting)។

ទីភ្នាក់ងារ​ USAGM ​និយាយ​ថា​ មហោស្រពភាពយន្ត​នេះ មាន​គោលបំណង​«អប់រំ​ទស្សនិកជន​អំពី​សារសំខាន់​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក»។

រឿង​ទាំង​ ៦ ដែល​នឹង​ត្រូវ​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​នេះ​រួមមាន​រឿង ​Let It All Burn របស់​វិទ្យុ​អឺរ៉ុប​សេរី ឬ​វិទ្យុសេរីភាព, VOA Connect និង​ Hell and Hope​ របស់​វីអូអេ, The Life of Female Fighters in Myanmar's Arakan Army របស់​វិទ្យុ​អាស៊ីសេរី​, Alhurra Investigates ​របស់​បណ្តាញ​ផ្សព្វផ្សាយ​មជ្ឈិមបូព៌ា​ និង​រឿង​Suberraneo របស់​ការិយាល័យ​ផ្សព្វផ្សាយ​គុយបា។

ការ​បញ្ចាំង​រឿង​ទាំង​នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ​ ទី​៤​ រហូត​ដល់​ថ្ងៃសុក្រ​ ទី​៨​ ខែ​ឧសភា​នេះ​ នៅ​វេលាម៉ោង​ ១២​ថ្ងៃ​ត្រង់ ម៉ោង​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន។ កិច្ច​ពិភាក្សា​ជាមួយ​ផលិតករ​ភាពយន្ត​ ឬ​រឿង​ទាំង​នេះ ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ពី​ការបញ្ចាំង​រឿងក្នុង​ថ្ងៃ​នីមួយៗ​ដែរ៕

XS
SM
MD
LG