ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ Freedom House៖ កម្ពុជា​ស្ថិត​ក្នុង​ចំណោម​​ប្រទេស​«មិន​មាន​សេរីភាព»

  • ហ៊ាន សុជាតា

របាយការណ៍​របស់​អង្គការ​ Freedom House មាន​ចំណង​ជើង​ថា​ «សេរីភាព​ពិភពលោក​ ឆ្នាំ​២០១៧» វាយតម្លៃ​ថា​កម្ពុជា​ ជា​ប្រទេស​មិនទាន់​មាន​សេរីភាព​ កាល​ពី​ថ្ងៃទី​២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។​ (Web Screenshot)

របាយ​ការណ៍​ដែល​មាន​២៨​ទំព័រ​​ ​ចេញ​ផ្សាយ​ជា​សាធារណៈ​ នា​ចុង​ខែ​មករា​នេះ​ បាន​ដាក់​ពិន្ទុ​ឲ្យ​កម្ពុជា​​​៣១​លើ​១០០​ពិន្ទុ ​ដែល​​មាន​ន័យ​ថា​ កម្ពុជា​​នៅ​តែ​ជា​ប្រទេស​មិន​មាន​សេរីភាព​ខាង​សិទ្ធិ​នយោបាយ​ និង​សេរីភាព​ពលរដ្ឋ។​

អង្គការ​ Freedom House ​ បាន​វាយ​តម្លៃ​ថា ​ក្នុង​ឆ្នាំ២០១៦ ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោមប្រទេស​ដែល ​«មិន​មាន​សេរីភាព» ​ខណៈ​ពេល​ដែល​សេរីភាព​នៅ​លើ​សកល​លោក​មាន​ការ​ធ្លាក់​ចុះ​ និង​មាន​ស្ថាន​ភាព​អាក្រក់​ជាង​មុន។​

នៅ​ក្នុង​របាយ​ការណ៍​ឈ្មោះ​ «សេរីភាព​ពិភពលោក​ឆ្នាំ​២០១៧» ​ អង្គការ​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិកនេះ​ បាន​បន្ត​ថា ​សេរីភាព​នៅ​លើ​សកល​លោក​ទាំង​មូល​មាន​ការ​ធ្លាក់ចុះអស់​រយៈ​ពេល​១១​ឆ្នាំ​ជាប់​គ្នា។​

របាយ​ការណ៍​ដែល​មាន​២៨​ទំព័រ ​ចេញ​ផ្សាយ​ជា​សាធារណៈ​ នា​ចុង​ខែ​មករា​នេះ​ បាន​ដាក់​ពិន្ទុ​ឲ្យ​កម្ពុជា​៣១​លើ​១០០​ពិន្ទុ ​ដែលមាន​ន័យ​ថា​ កម្ពុជានៅ​តែ​ជា​ប្រទេស​មិន​មាន​សេរីភាព​ខាង​សិទ្ធិ​នយោបាយ​ និង​សេរីភាព​ពលរដ្ឋ។​

ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​គឺ​ជា​ប្រទេស​ដែល​មាន​កម្រិត​នៃ​សេរីភាព​ពេញលេញ។​ ហើយ​ផ្ទុយ​មក​វិញ​ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​ទាប​ដូចប្រទេស​កម្ពុជា ​គឺ​ជា​ប្រទេស​ដែល​មិនមាន​សេរីភាព។ នេះ​បើ​យោង​តាម​ការ​បក​ស្រាយ​របស់​អង្គការ​ Freedom House។

ដោយ​ការ​វាយ​តម្លៃ​លើ​សិទ្ធិ​នយោបាយ​ និង​សេរីភាពពលរដ្ឋ របាយ​ការណ៍​នេះ​រក​ឃើញ​ថា​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៩៥នៅ​ទូទាំង​ពិភពលោក​ ប្រទេស​ចំនួន​៨៧​មាន​សេរីភាព​ពេញ​លេញ​ ប្រទេស​ចំនួន​៥៩​មាន​សេរីភាព​ខ្លះៗ​ និង​ប្រទេស​ចំនួន​៤៩​ដទៃ​ទៀត រួម​ទាំង​កម្ពុជា​ផង​នោះ​ មិន​មាន​សេរីភាព​នោះ​ទេ។ ​ក្នុង​តំបន់​អាស៊ាន​ កម្ពុជាមាន​ពិន្ទុ​ល្អ​ជាង​ប្រទេស​ឡាវ ​និង​វៀតណាម​ ​ប៉ុន្តែ​កម្ពុជា​មាន​ពិន្ទុ​ទាប​ជាង​ប្រទេស​ថៃ​និង​ប្រទេស​ភូមា​ ឬ​មីយ៉ាន់ម៉ា។​

ដោយឡែក ​ប្រទេស​ដែល​មាន​សេរីភាព​បំផុត​លើ​ពិភព​លោក​គឺ​ប្រទេស​ស៊ុយអ៊ែត​ ន័រវែស​ និង​ហ្វាំងឡង់​ ដែលទទួល​បាន​ពិន្ទុ​១០០​ពេញ។​ហើយ​ប្រទេស​ស៊ីរី គឺ​ជា​ប្រទេស​ដែល​ទទួល​បាន​ពិន្ទុ​ទាប​ជាងគេ​នៅ​ក្នុង​ពិភពលោក ​ដោយបានពិន្ទុ​ដក​១ ​(-1)​ ដែល​មានន័យ​ថា ​សេរីភាព​ក្នុង​ ប្រទេស​នេះ​មាន​ស្ថានភាពអាក្រក់​បំផុត។​

ក្នុង​របាយការណ៍​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ ​ ប្រទេស​កម្ពុជា​បាន​ទទួល​ពិន្ទុ​៣២​ ពោល​គឺ​កម្ពុជា​ធ្លាក់​មួយ​ពិន្ទុ​មក​ត្រឹម​៣១នៅ​ក្នុងរបាយការណ៍​ឆ្នាំ​២០១៧​នេះ។​

អ្នកស្រី​ធីតា ឃឹះ ​ប្រធាន​អង្គការ​សីលការ​ ដែលឃ្លាំ​មើល​គោល​នយោបាយ​សាធារណៈ​នៅ​កម្ពុជា​ យល់​ថា​ ​អង្គការ​ Freedom House​ ​ដក​មួយ​ពិន្ទុ​ចេញ​ពី​ប្រទេស​កម្ពុជានេះ​គឺ​ដោយសារ​មាន​ការ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គណបក្ស​ជំទាស់​ជាច្រើន​រូប ​និង​មាន​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការលើ​បទ​បរិហារ​កេរ្តិ៍ ​ក្នុង​ចំណោម​អ្នក​នយោបាយ​ជា​ដើម។​

«ពី​មុន​មក​ យើង​មាន​សេរីភាព​គួរសម​ដែរ។​ យើង​មាន​អង្គការ​សិទ្ធិ​មនុស្ស​រឹងមាំ​ ពលរដ្ឋ​មិនសូវ​ជា​ភ័យ​ខ្លាច​អី​ប៉ុន្មាន​ទេ។ ​ក៏​ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗ​នេះ​ ស្ថានភាព​នយោបាយ​មាន​ការ​អាប់អួរ។ ​ហើយ​រឿង​ប្តឹង​ផ្តល់​គ្នា​មាន​ច្រើន​ទាក់ទង​នឹង​បទ​បរិហារកេរ្តិ៍​អីចឹង ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​រអារ ​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់»។​

យ៉ាងណា​ក៏ដោយ ​ ​អ្នកស្រីធីតា ឃឹះ​យល់​ថា​ ស្ថានភាព​សេរីភាព​ទូទៅ​របស់​កម្ពុជា​គួរតែ​ទទួល​បានពិន្ទុខ្ពស់​ជាង​នេះ​ ដោយសារ​ពលរដ្ឋ​ទូទៅ​អាច​បញ្ចេញ​មតិ​បាន​ច្រើន​ជាង​មុន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​បណ្តាញ​សង្គម។​

អង្គការ​ Freedom House​ នាពេល​កន្លងមក ​បាន​ដាក់​ពិន្ទុ​ប្រទេស​កម្ពុជា​ ​ដោយ​ពិនិត្យ​មើល​លើ​ករណី​ការ​ចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល ​ការ​កាត់ទោស​មន្ត្រី​ជាន់ខ្ពស់​ និងសកម្មជន​របស់​គណបក្ស​ជំទាស់​ និង​ការ​អនុម័ត​ច្បាប់​សហជីព​ដ៏​ចម្រូង​ចម្រាស។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ មិន​ចាប់​អារម្មណ៍នឹង​ការ​វាយ​តម្លៃ​របស់​អង្គការ​ Freedom House ​ចំពោះកម្ពុជា​នោះ​ទេ។ ​លោក​និយាយ​ថា​ របាយ​ការណ៍​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​ជាក់ស្តែង​នៃ​សេរីភាព​នៅ​កម្ពុជា​ឡើយ។​

«ដូច្នេះ​របាយ​ការណ៍​នេះ​ មិន​ឋិត​ក្នុង​របាយ​ការណ៍​វិទ្យាសាស្ត្រ​ទេ​គឺ​មាន​ទិស​ដៅ​នយោបាយ​ សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់​អង្គការ​នោះ​ឯង។ ​របាយ​ការណ៍​ហ្នឹង​មាន​ចង្អុល​ពី​បំណង​អាក្រក់​របស់​សម្ព័ន្ធ​អង្គការ​នោះ​ឯង​ ដែល​គេ​ហៅ​ថា ​របាយ​ការណ៍​«វិទ្ធង្សនា»។ ​ដូច្នេះ​យើង​គ្មាន​ចាប់​អារម្មណ៍​ទេ​ របាយ​ការណ៍​ហ្នឹង»។

លោក​ផៃ ស៊ីផានអះអាង​ថា​ កម្ពុជា​មាន​សេរីភាព​នយោបាយ​គ្រប់​គ្រាន់ ​ដោយសារ​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​សុទ្ធ​តែ​មាន​សិទ្ធិ​បោះឆ្នោត​ ដើម្បី​ជ្រើសរើស​អ្នក​ដឹក​នាំ​របស់​ខ្លួន។​

រី​ឯ​សេរីភាព​ពលរដ្ឋ​វិញ​ ​លោកផៃ ស៊ីផានពន្យល់​បន្ត​ថា​ កន្លង​មក​រដ្ឋាភិបាល​កម្ពុជា​គ្រាន់​តែ​រឹតត្បិត​ចំពោះ​ការ​តវ៉ា​ ឬ​ប្រមូល​ផ្តុំ​ណា​ដែល​គ្មាន​ការ​អនុញ្ញាត​ និង​ផ្ទុយ​ពី​ច្បាប់​ប៉ុណ្ណោះ។​

របាយ​ការណ៍​ «សេរីភាព​ពិភព​លោក​ឆ្នាំ​២០១៧»​នេះ​គូស​បញ្ជាក់​បន្ថែម​ថា​ ស្ថានភាព​សេរីភាព​នៅ​លើ​ពិភពលោក​មាន​ការ​ធ្លាក់ចុះ​ គឺដោយសារសេរីភាព​នៅ​តាម​ប្រទេស​នីមួយៗ​មាន​ស្ថានភាព​អាក្រក់​ជាង​មុន​ ជា​អាទ៍​ ការ​រឹតត្បិត​ពីប្រទេស​ដាណឺម៉ាក​លើ​សិទ្ធិ​ជន​អន្តោ​ប្រវេសន៍​ និង​ជនភៀស​ខ្លួន​ ​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​ និង​យុទ្ធនាការ​ស្រពិចស្រពិល​របស់​រដ្ឋបាល​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​គឺ​លោក​ Donald Trump​ ចំពោះ​សេរីភាព​ពលរដ្ឋ​ និង​តួនាទី​សហ​រដ្ឋ​អាមេរិក​នៅក្នុង​ពិភពលោក​ជាដើម៕

XS
SM
MD
LG