ខណៈពេលដែលបញ្ហាសំខាន់ៗ ដូចជាបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដំណើរការអនុម័តច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បញ្ហាដីធ្លី ត្រូវបានប្រជាពលរដ្ឋកម្ពុជាផ្តោតការយកចិត្តទុកដាក់នោះ អ្នកយកព័ត៌មានជាច្រើនត្រូវបានរំខាន និងរារាំង ពេលដែលពួកគេចុះបំពេញវិជ្ជាជីវៈយកព័ត៌មាន។
ជាក់ស្តែងនាដើមខែកក្កដាកន្លងទៅ លោកឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានបណ្តេញលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សជំទាស់ និងអ្នកយកព័ត៌មានឲ្យចេញទៅធ្វើបទសម្ភាសន៍នៅក្រៅបរិវេណរដ្ឋសភា។
វីដេអូខ្លីអំពីទង្វើនេះត្រូវបានចែកចាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមហ្វ៊េសប៊ុក ហើយទង្វើនេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សង្គមស៊ីវិល ស្ថាប័នសារព័ត៌មាន ក៏ដូចជាសាធារណជនផងដែរ។
ករណីស្រដៀងគ្នានេះក៏បានកើតឡើងកាលពីដើមខែសីហានេះដែរ ពេលអ្នកយកព័ត៌មានពីរនាក់របស់បណ្តាញព័ត៌មាន សំឡេងប្រជាធិបតេយ្យ (VOD) ត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញធាក់ឲ្យដួល និងដណ្តើមយកម៉ាស៊ីនថតរូប ខណៈពួកគេទៅយកព័ត៌មានការធ្វើបាតុកម្មរបស់សហគមន៍បឹងកក់ នៅមុខសាលារាជធានីភ្នំពេញ។
នៅដើមខែសីហានេះដែរ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាស និងផ្លាស់ប្ដូរតំណែងមន្ត្រីប្រចាំការច្រកមួយចំនួន នៅឯក្រុងប៉ោយប៉ែត ក្រុមអ្នកយកព័ត៌មានត្រូវបានមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃមិនអនុញ្ញាតឲ្យចូលយកព័ត៌មាននៅក្នុងកិច្ចប្រជុំនោះទេ។
សកម្មភាពរឹតត្បិតលើការយកព័ត៌មានបែបនេះធ្វើឲ្យមានការព្រួយបារម្ភពីស្ថាប័នព័ត៌មាន និងប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់សារធារណជនផងដែរ។ ហើយការរារាំង និងការបណ្តេញអ្នកយកព័ត៌មាននេះក៏ផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាផងដែរ ដែលបានចែងពីសេរីភាពបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ។
លោកស៊ុំ ច័ន្ទគា អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ បានចាត់ទុកថា ការរារាំងមិនឲ្យអ្នកយកព័ត៌មានចូលយកព័ត៌មានក្នុងកិច្ចប្រជុំកាលពីដើមខែសីហានេះគឺជាការខាតបង់របស់សាធារណជនក្នុងការទទួលបានព័ត៌មាន។ លោក ស៊ុំ ច័ន្ទគាបានយល់ឃើញថា នេះគឺជាការទាញសង្គមប្រជាធិបតេយ្យឲ្យដើរថយក្រោយទៅវិញ។
«នៅក្នុងសង្គមប្រជាធិបតេយ្យគឺមិនមានការលាក់បំបាំង ឬបំពួននូវព័ត៌មានអញ្ចឹងទេ។ វាធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ»។
មាត្រា៤នៃច្បាប់ស្តីពីរបបសារព័ត៌មានបានចែងថា៖ «ការបោះពុម្ពផ្សាយនូវព័ត៌មានផ្លូវការ ដូចជាសេចក្តីថ្លែងការណ៍ ការប្រជុំ កំណត់ហេតុប្រជុំប្តូររបាយការណ៍ណាមួយ។ល។ មិនអាចត្រូវផ្តន្ទាទោសបានឡើយ ប្រសិនបើការផ្សាយនោះមានលក្ខណៈសមស្របតាមសភាពពិតពេញលេញ ឬសេចក្តីសង្ខេបត្រឹមត្រូវតាមរឿងពិត»។
មាត្រា៤នៃច្បាប់ស្តីពីរបបសារព័ត៌មានដដែលនេះក៏បានកំណត់ប្រភេទព័ត៌មានផ្លូវការផងដែរ ក្នុងនោះរួមមានសេចក្តីថ្លែងការណ៍ ការប្រជុំ កំណត់ហេតុប្រជុំ ឬរបាយការណ៍របស់រដ្ឋសភា រាប់ទាំងគណៈកម្មាធិការ ឬគណៈកម្មការនានារបស់រដ្ឋសភាផង លើកលែងតែក្នុងករណីរដ្ឋសភាធ្វើការប្រជុំសម្ងាត់ ដូចមានចែងក្នុងមាត្រា៨៨នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកមឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ក៏បានបង្ហាញភាពសោកស្ដាយទៅបញ្ហាខាងលើផងដែរ។
«យើងមានការសោកស្តាយ ដោយសារនេះជាសេរីភាពជាមូលដ្ឋាន មិនគ្រាន់តែសម្រាប់អ្នកសារព័ត៌មានទេ គឺសម្រាប់ប្រជាពលរដ្ឋទូទៅ ហើយសេរីភាពនេះត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញមាត្រា៣១និង៤១ដែលបានចែងថា បុគ្គលម្នាក់ៗមានសិទ្ធិស្វែងរកព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានគ្មានព្រំដែនកំណត់» ។
លោកមឿន ឈានណារិទ្ធបានប្រៀបធៀបដំណើរការលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាទៅនឹងការរាំចូកកំពឹស ដែលពេលខ្លះមានភាពធូររលុង និង ពេលខ្លះទៀតមានភាពតានតឹង។
«លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាហាក់ដូចជាមានភាពចម្លែក។ ចម្លែកត្រង់ថា ពេលខ្លះហាក់ដូចជាមានភាពធូររលុង។ ពេលខ្លះទៅមានភាពតានតឹង។ ខ្ញុំតែងតែប្រៀបធៀបសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាយើងដូចជាគេរាំចូកកំពឹសអញ្ចឹង ដោយគេរាំ៣ជំហានទៅមុខ ២ជំហានថយក្រោយ។ ប៉ុន្តែពេលខ្លះ នៅពេលដែលមានការរឹតត្បិតខ្លាំងពេកហាក់ដូចជាថយ៣ជំហានទៅវិញ»។
ស្របគ្នានោះដែរ លោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បាននិយាយថា បើការរឹតត្បិតចំពោះអ្នកយកព័ត៌មាននៅតែកើតមាននោះ វានឹងធ្វើឲ្យសង្គមប្រជាធិបតេយ្យដំណើរការមិនត្រឹមត្រូវ។
«ធម្មតាទេ សារព័ត៌មានគឺជាស្នូល ជាមូលដ្ឋានមួយសំខាន់ក្នុងការដំណើរការលទ្ធិប្រជាធិបតេយ្យ។ បើគ្មានសារព័ត៌មានដោយសេរីទេ លទ្ធិប្រជាធិបតេយ្យយើងមិនអាចដំណើរការដោយទូលំទូលាយបានទេ។ អញ្ចឹងវាមានទំនាក់ទំនងគ្នាទៅវិញទៅមក។ កាលណាការស្វែងរកព័ត៌មានមានឧបសគ្គ វាតែងតែប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យហើយ»។
លោកប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ដែលជាស្ថាប័នគោលរបស់វិទ្យុ សំឡេងប្រជាធិបតេយ្យ (VOD) បាននិយាយថា បើមានការបែងចែករវាងក្រុមអ្នកសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាល និងក្រុមអ្នកសារព័ត៌មានឯករាជ្យនោះ នោះលោកយល់ថា ការបែងចែកនេះនឹងធ្វើឲ្យប្រទេសជាតិមិនអាចដំណើរការទៅមុខបានឡើយ។
«ទីមួយគ្រោះថ្នាក់ដោយសារភាពជាអ្នកដឹកនាំខ្សោយ ហើយទីពីរវាបង្ហាញនូវនិន្នាការនៃការបែងចែកប្រជាពលរដ្ឋ ឬក៏ផ្នែកផ្សេងៗនៅក្នុងសង្គម ឲ្យទៅជាផ្នែកៗ មានការលាបពណ៌ជាផ្នែកៗ។ អាហ្នឹងហើយដែលធ្វើឲ្យប្រទេសជាតិអត់ដើរទៅមុខ ហើយដំណើរការប្រជាធិបតេយ្យវាអត់ដើរទៅមុខ ហើយចុងក្រោយប្រជាពលរដ្ឋជាអ្នករងគ្រោះ»។
បើទោះបីជាអ្នកជំនាញបានធ្វើការរិះគន់យ៉ាងនេះក្ដី លោកអ៊ុក គឹមសេង រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅតែមានសុទិដ្ឋិនិយមទៅលើលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ ហើយលោកបានចាត់ទុកថា ការរារាំងអ្នកសារព័ត៌មានបែបនេះគឺជាទម្លាប់មិនល្អ ដែលរដ្ឋាភិបាលកំពុងព្យាយាមកែប្រែ។
«ការរឹតត្បិតមិនឲ្យអ្នកយកព័ត៌មានចូលទៅសម្ភាសន៍ ឬយកព័ត៌មានគឺជាទម្លាប់មិនល្អទេ។ ក៏ប៉ុន្តែអ្នកយកព័ត៌មានខ្លួនឯងហ្នឹងត្រូវដឹងថា កន្លែងណាក៏ដោយសុទ្ធតែមានបទបញ្ជាផ្ទៃក្នុង និងការណែនាំធ្វើការងារដែរ»។
លោកអ៊ុក គឹមសេងបានបញ្ជាក់ផងដែរថា៖
«ក្រសួងព័ត៌មានកំពុងតែដុតដៃ ដុតជើងរៀបចំតាក់តែងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។ អញ្ចឹងនេះគឺជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាធានាឲ្យអ្នកសារព័ត៌មានមានសិទ្ធិទទួលបានព័ត៌មានតាមច្បាប់កំណត់»។
គួរបញ្ជាក់ផងដែរថា អង្គការសារព័ត៌មាន Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចាត់ទុកប្រទេសកម្ពុជាស្ថិតក្នុងប្រទេសដែលមិនមានសេរីភាពសារព័ត៌មានពេញលេញ។ ជាមួយគ្នានោះដែរ អង្គការ Reporters Without Border បានឲ្យចំណាត់ថ្នាក់ប្រទេសកម្ពុជាស្ថិតនៅក្នុងលេខរៀងទី១៤៤ក្នុងចំណោមប្រទេសចំនួន១៨០ នាឆ្នាំ២០១៤៕