ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ត្រូវ​លើក​ឡើង​នៅ​សភា​អាមេរិកាំង ​បន្ទាប់ពី​ច្បាប់​ទណ្ឌកម្ម​លើ​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ចេញ

  • សុខ ខេមរា

ក្រុម​តំណាង​អង្គការ​ធំៗ​ជាច្រើន​ដូចជា​អង្គការ ​Freedom House, Human Rights Watch, Amnesty ​International, Reporter ​Without​ Border និង​អង្គការ​ល្បីល្បាញ​មួយ​ចំនួន​ទៀត ​បាន​ចូលរួម​ជា​វាគ្មិន​នៃ​កិច្ច​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ពិភពលោក​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៦។ (សុខ ខេមរា/VOA)

លោក James McGovern ​ប្រធាន​គណ:កម្មការ​សិទ្ធិមនុស្ស​នៃ​សភា​ ស.រ.អា​ Tom Lantos ​និងលោក ​Alan Lowenthal ​សមាជិក​ម្នាក់​នៃ​គណ:កម្មការ​នេះ​ដែល​ជា​អ្នក​ឈាន​មុខ​ម្នាក់​ក្នុង​ការ​ជំរុញ​ច្បាប់​ និង​យកចិត្ត​ទុកដាក់​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ធ្វើ​បទ​អន្តរាគមន៍​អំពី​សិទ្ធិមនុស្ស​ក្នុង​ពិភព​លោក​ និង​កម្ពុជា​ផង​ដែរ។

គណ:កម្មការ​សិទ្ធិមនុស្ស​នៃ​សភា​សហរដ្ឋ​អាមេរិក ​Tom Lantos ​បាន​រៀបចំ​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ពិភពលោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃ​ទី​៨ ខែធ្នូ​កន្លង​ទៅ​នេះ។

កិច្ច​ពិភាក្សា​នៅ​សភា​អាមេរិកាំង​ដែល​មាន​សមាជិក​សភា​និង​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​សំខាន់ៗ​ចូលរួម​ជជែក​អំពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​តំបន់​និង​សិទ្ធិមនុស្ស​ក្នុង​ពិភព​លោក​នេះ​កើត​ឡើង​ប៉ុន្មាន​នាទី​ ក្រោយ​សភា​អាមេរិកាំង​បាន​អនុម័ត​ច្បាប់​មួយ​ហៅថា Magnitsky Act​ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាមេរិកាំង​មាន​សិទ្ធិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​និង​បុគ្គល​ ដែល​រំលោភ​សិទ្ធិមនុស្ស ​និង​ពាក់ព័ន្ធ​ក្នុង​អំពើ​ពុករលួយ​ក្នុង​ពិភពលោក។

លោក James McGovern ​ប្រធាន​គណ:កម្មការ​សិទ្ធិមនុស្ស​នៃ​សភា​ស.រ.អា​ Tom Lantos ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ពិភពលោក​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៦។ (សុខ ខេមរា/VOA)
លោក James McGovern ​ប្រធាន​គណ:កម្មការ​សិទ្ធិមនុស្ស​នៃ​សភា​ស.រ.អា​ Tom Lantos ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ពិភពលោក​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៦។ (សុខ ខេមរា/VOA)

លោក James McGovern ​ប្រធាន​គណ:កម្មការ​សិទ្ធិមនុស្ស​នៃ​សភា​ ស.រ.អា​ Tom Lantos ​និង​លោក ​Alan Lowenthal ​សមាជិក​ម្នាក់​នៃ​គណ:កម្មការ​នេះ​ដែល​ជា​អ្នក​ឈាន​មុខ​ម្នាក់​ក្នុង​ការ​ជំរុញ​ច្បាប់​ និង​យកចិត្ត​ទុកដាក់​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ធ្វើ​បទ​អន្តរាគមន៍​អំពី​សិទ្ធិមនុស្ស​ក្នុង​ពិភព​លោក​ និង​កម្ពុជា​ផង​ដែរ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ​ទី៨ ​ខែ​ធ្នូ​ គឺ​តែ​ពីរ​ថ្ងៃ​មុន​ពេល​ពិភព​លោក​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តជាតិ​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី១០ ​ខែ​ធ្នូ​នេះ។

ក្រុម​តំណាង​អង្គការ​ធំៗ​ជាច្រើន​ដូចជា​អង្គការ ​Freedom House, Human Rights Watch, Amnesty ​International, Reporter ​Without​ Border ​ហើយ​នឹង​អង្គការ​ល្បីល្បាញ​មួយ​ចំនួន​ទៀត ​បាន​ចូលរួម​ជា​វាគ្មិន​នៃ​កិច្ច​ពិភាក្សា​នោះ​ដែរ។

ក្រុម​វាគ្មិន​ដែល​ជា​តំណាង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ​បាន​និយាយ​ស្រដៀង​គ្នា​អំពី បញ្ហា​សង្គម​ស៊ីវិល ​និង​អ្នក​ការពារ​សិទ្ធិមនុស្ស ​អ្នក​សារព័ត៌មាន​និង​ក្រុម​ជំទាស់​ក្នុង ពិភពលោក ​រួម​ទាំង​កម្ពុជា​ផង​ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ រាប់​ចាប់​ពី​ការ​គំរាម​កំហែង​រង​ការ​សម្លាប់ ​ការ​កម្រិត​ថវិកា​ ការ​ធ្វើ​ទុក្ខបុកម្នេញ ​ហើយ​អ្នក​ការពារ សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​រង​ការ​ចាប់​ដាក់គុក គឺ​ដើម្បី​បំបាត់​សំឡេង​របស់​ពួកគេ។​ ប៉ុន្តែ ​មិន​សូវ​មាន​ជន​ដៃដល់​ត្រូវ​នាំ​យក​មក​ផ្ដន្ទាទោស​ទេ។

លោក​ Alan Lowenthal ​សមាជិក​សភា​អាមេរិកាំង​ដែល​គិតគូរ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​ពិភពលោក​ បាន​ថ្លែង​ប្ដេជ្ញា​ថា​ នឹង​ជួយ​ពង្រឹង​បន្ថែម ទៀត​លើ​ផ្នែក​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ។

«ខ្ញុំ​គិថា​ យើង​យល់ព្រម​ទាំងអស់​គ្នា​ថា​ យើង​នឹង​ឃើញ​ឆ្នាំ​ដ៏​យ៉ាប់យ៉ឺន​នៅ​ពី​មុខ​យើង ទាំង​អស់​គ្នា ហើយ​នៅ​គ្រប់កន្លែង​ក្នុង​ពិភព​លោក។ យើង​ទាំងអស់​គ្នា​បាន​ឃើញ​ហើយ​អំពី​ការ​រីក​រាលដាល​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​តាម​ទម្រង់​ជាច្រើន​នោះ។​ នៅ​ឆ្នាំនេះ អំពើ​រំលោភ​សិទ្ធិមនុស្ស ​គេ​មិន​ឃើញ​សញ្ញា​ចុះថយ​នៅ​ពេល​ណាមួយ​ដ៏​ឆាប់​ខាង​មុខ​ទេ»។

លោក ​Alan Lowenthal ​សមាជិក​ម្នាក់​នៃ​គណ:កម្មការ​សិទ្ធិមនុស្ស​នៃ​សភា​ស.រ.អា​ Tom Lantos ផ្តល់​បទ​សម្ភាសន៍​ឲ្យ​លោក​ សុខ ខេមរា នៃ VOA ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៦។ (VOA Khmer)
លោក ​Alan Lowenthal ​សមាជិក​ម្នាក់​នៃ​គណ:កម្មការ​សិទ្ធិមនុស្ស​នៃ​សភា​ស.រ.អា​ Tom Lantos ផ្តល់​បទ​សម្ភាសន៍​ឲ្យ​លោក​ សុខ ខេមរា នៃ VOA ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៦។ (VOA Khmer)

លោក​បាន​រៀបរាប់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ភូមា​ លើ​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម​ ហើយ​នឹង​ការរំលោភ សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​ទាំង​ទៅ​លើ​មេដឹកនាំ​គណបក្ស​ជំទាស់​ផង​ដែរ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លោក ​Alan Lowenthal ​ដែល​អះអាង​ថា​បាន​និយាយ​ទូរស័ព្ទ ជាមួយ​លោក​ កឹម សុខា​ នោះ ​ដោយ​បាន​សម្តែង​ក្ដី​រីករាយ​ចំពោះ​ការ​លើកលែង​ទោស​ដល់​លោក ​កឹម សុខា ​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​នៃ​បក្សជំទាស់​ក្នុង​ប្រទេស។​ តែ​លោក​ទទូច​ដល់​មេដឹកនាំ​បក្ស​ទាំងពីរ​ ដែល​ចង់បាន​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​ បន្ត​ធ្វើ​ការ​រួមគ្នា​និង​មិន​បែកបាក់​គ្នា​ ដែល​លោក​ថា​ នោះ​ជា​រឿង​សំខាន់។

«ពីព្រោះ​ប្រសិន​បើ​គណបក្ស​ជំទាស់​បែកបាក់​គ្នា ​ហើយ​ពួកគេ​វាយប្រហារ​គ្នា​ទៅវិញ ទៅមក​ នោះ​នឹង​គ្មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ត្រឹមត្រូវ​ក្នុង​ប្រទេស​កម្ពុជា ទេ។​ ដូច្នេះ​ ខ្ញុំ​គិត​ថា​ យើង​លើក​ទឹកចិត្ត ​ហើយ​យើង​ពិតជា​មាន​ក្តី​រីករាយ​ណាស់​ ដែល​លោក​ កឹម សុខា ​មាន​សេរីភាព​ច្រើន​ជាង​មុន​ ហើយ​មិន​រង​ការ​ចោទ​ប្រកាន់​តទៅ ទៀត។​ តែ​យើង​ចង់​បញ្ជាក់​ឲ្យ​ប្រាកដ​ប្រជា ហើយ​ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​គឺ​ថា លោក ​កឹម សុខា ​ត្រូវ​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​ សម រង្ស៊ី»។

ដោយ​ខ្លាច​ថា​ជា​ល្បិចកល​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​តែង​ព្យាយាម​ប្រើ​ល្បិច​បំបែក​ក្រុម​មេដឹកនាំ​ជំទាស់​ទាំងពីរ ​លោក​សមាជិក សភា​រូប​នេះ​ បាន​អះអាង​ថា ​មេដឹកនាំ​គណបក្ស​ជំទាស់​ ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ដោយសារ​ការ​ប្រឌិត​រឿង ​ត្រូវ​មាន​សាមគ្គីភាព​ខ្លាំង​ជាង​មុន។

លោក​ក៏​បាន​និយាយ​ថា​ ការ​ដោះស្រាយ​បញ្ហា​នយោបាយ​គឺជា​រឿង​ និង​ការ​សម្រេច​របស់​ភាគី​នយោបាយ​កម្ពុជា តែ​សមាជិក​សភា​ដូច​លោក​ នឹង​បន្ត​និយាយ​និង​តាមដាន​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ដែល​ជា​វាគ្មិន​បាន​ស្នើ​ស្រដៀងគ្នា​ថា​ វិធី​ដែល​អាច​កាត់​បន្ថយ​ការ រំលោភ​សិទ្ធិមនុស្ស​បាន​ក្នុង​ពិភពលោក​ គឺ​ការ​ដែល​រដ្ឋាភិបាល​ស.រ.អា​ ចាត់​វិធានការ ខ្លាំង​ថែម​ទៀត​ចំពោះ​រដ្ឋាភិបាល​ និង​ជន​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ មនុស្ស ​ដែល​វិធានការ​ទាំងនោះ​រួម​ទាំង​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ធ្ងន់ធ្ងរ និង​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រក​ជន​ដៃដល់ ​ការ​មិន​ផ្តល់​ទិដ្ឋាការ ​ការ​មិន​ផ្ដល់ ជំនួយ​ ការ​បង្កក​ទ្រព្យសម្បត្តិ​ដល់​បុគ្គល​ រួម​ទាំង​មន្ត្រី​តុលាការ​ដែល​ចូលរួម​កាត់ទោស​ទាំង​បំពាន​ជាដើម។

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ដែល​យល់ដឹង​ច្បាស់​អំពី​ស្ថានការណ៍​ប្រឈម​មុខ​របស់​ក្រុម​អ្នក​តស៊ូ​មតិ​វិញ ​ក៏បាន​ទទូច​ដល់​ស.រ.អា​ ផ្ដល់​ថវិកា​គាំទ្រ ប្រតិបត្តិការ​ពួកគេ​តទៅ​ទៀត​ដើម្បី​លើក​កម្ពស់​ផល​ប្រយោជន៍​ស.រ.អា ​ហើយ​ត្រូវ​ផ្ដល់​ទិដ្ឋាការ​សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​រង​ការ​គំរាមកំហែង​ផង​ដែរ។

លោក ​Daniel Calingaert ​នាយក​ស្ដីទី​នៃ​អង្គការ​ធ្វើ​កិច្ចការ​ទាក់ទង​នឹង​ការ​លើក​កម្ពស់​សេរីភាព ​Freedom ​House ​បាន​បញ្ជាក់​បន្ថែម​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​ការ​រងគ្រោះ​ពី​ការ​គំរាម​កំហែង​ និង​ការ​សម្លាប់​ដូច្នេះ​ថា៖

«ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ឧបសគ្គ​ជាច្រើន​ រួមមាន​ការ​គំរាម កំហែង​ ការ​កាត់​ថវិកា​ពី​ដៃគូ​បរទេស​របស់​ពួកគេ​ រង​ការ​ភ័យខ្លាច​ដោយសារ​តែ​មាន ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​ជាប់​គុក‍»។

គណ:កម្មការ​សិទ្ធិមនុស្ស​នៃ​សភា​សហរដ្ឋ​អាមេរិក ​Tom Lantos ​បាន​រៀបចំ​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ពិភពលោក​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃ​ទី​៨ ខែធ្នូ​ ឆ្នាំ២០១៦។ (សុខ ខេមរា/VOA)
គណ:កម្មការ​សិទ្ធិមនុស្ស​នៃ​សភា​សហរដ្ឋ​អាមេរិក ​Tom Lantos ​បាន​រៀបចំ​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ពិភពលោក​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃ​ទី​៨ ខែធ្នូ​ ឆ្នាំ២០១៦។ (សុខ ខេមរា/VOA)

ការ​ថ្លែង​បែបនេះ​ គឺ​នៅ​ពេល​ដែល​សេចក្ដី​ស្នើ​ច្បាប់ ​Magnitsky Act​ ត្រូវ​បាន​សភា​អា មេរិកាំង​ពេញអង្គ​ បាន​អនុម័ត​កាលពី​ម្សិលមិញ​ ដើម្បី​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​ស.រ.អា​ចាត់​វិធានការ​លើ​បុគ្គល​ និង​រដ្ឋាភិបាល​នៅ​ពាស​ពេញ​ពិភពលោក​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស ​និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដូចជា​ការ​ដាក់​ទណ្ឌកម្ម ​បង្កក​ទ្រព្យសម្បត្តិ​ ការ​មិន​ផ្ដល់​ទិដ្ឋាការ​ឬ Visa ​ជាដើម។

លោក ​ព្រហ្ម សោរ៍នរ៉ា​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​អំពី​សិទ្ធិមនុស្ស​នោះ​ បាន​ថ្លែង​ថា​ លោក​រីករាយ​ដែល បាន​ឮ​ដំណឹង​ថា ​សេចក្ដី​ព្រាង​ច្បាប់​ស.រ.អា​ Magnitsky Act ​ដែល​ក្រុម​លោក​បាន​ចូល រួម​ជំរុញ​ផង​នោះ​ ត្រូវ​បាន​អនុម័ត​ដោយ​សភា ​និង​ត្រូវ​បញ្ជូន​ទៅកាន់​ប្រធានាធិបតី ដើម្បី​ចុះ​ហត្ថលេខា​ទៅជា​ច្បាប់។

«ដូច្នេះ​ហើយ​បើ​ Magnitsky Act ​ចេញ​ហើយ ហើយ​ប្រធានាធិបតី​លោក ត្រាំ​ គាត់​យល់​ព្រម​អនុវត្ត ​លោក ​អូបាម៉ា​ ប្រហែល​ជា​គាត់​ចប់​អាណត្តិ​គាត់​មិន​ធ្វើ​ទេ។​ ដូច្នេះ​ហើយ​ឲ្យ​តែ​ប្រធានាធិបតី​ថ្មី​ហ្នឹង​ ហើយ​ក្រសួង​ការ​បរទេស​ថ្មី​ហ្នឹង​ ចាប់​ធ្វើ​ពេញ​ធឹង​ទៅ ​ខ្ញុំ​ជឿ​ថា នឹង​មាន​លទ្ធផល​គួ​ឲ្យ​ចាប់អារម្មណ៍​ជា​មិនខាន​ទេ។ ​ហើយ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​យើង​ នឹង​បាន​ទទួល​ជោគជ័យ»។

លោក​បាន​អះអាង​ថា​ មាន​មេដឹកនាំ​ជាច្រើន​ដែល​បាន​បញ្ជូន​កូនចៅ​ទៅ​រៀន​នៅ​ក្រៅ ប្រទេស ​និង​មាន​ទ្រព្យសម្បត្តិ​នៅ​ក្រៅ​ប្រទេស​ត្រូវ​ពិចារណា​អំពី​រឿង​នេះ។

កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៦​កន្លងទៅ​ សភា​ស.រ.អា​ ក៏​បាន​អនុម័ត​សេចក្ដី​សម្រេច​លេខ ​៧២៨​ដោយ​ឡែក​មួយ​ទៀត ​ដោយ​ថ្កោល​ទោស​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សេចក្ដី​សម្រេច​នោះ ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក្ខម្នេញ​ក្រុម​ជំទាស់​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ ដូចជា​ធ្វើឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌៕

XS
SM
MD
LG