ទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងដំបូងនូវមេរោគកូរ៉ូណាថ្មីកាលពីខែធ្នូឆ្នាំមុន បានបើកសេវារថភ្លើងរបស់ខ្លួនឡើងវិញកាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីបានបិទអស់ប៉ុន្មានខែមក។
អាជ្ញាធរបានបន្ថយកម្រិតហានិភ័យនៃមេរោគនេះនៅក្នុងទីក្រុង Wuhan ពីខ្ពស់មកនៅមធ្យម។
អ្នកដំណើរដែលជិះលើរថភ្លើង ៦ ខ្សែនៅក្នុងទីក្រុង Wuhan ដែលមានប្រជាជន ១១ លាននាក់រស់នៅនេះ ត្រូវតម្រូវឲ្យអាជ្ញាធរឆែកមើលកម្ដៅក្នុងខ្លួន មុនពេលអាចចូលក្នុងស្ថានីយ៍រថភ្លើងបាន។ ពួកគេក៏ត្រូវតម្រូវឲ្យអង្គុយរំលងពីគ្នាដោយមានកៅអីទំនេរនៅកណ្ដាលផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍រដ្ឋរបស់ចិន។
គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ប្រទេសចិនបានអះអាងថា មានករណីឆ្លងថ្មីនៃមេរោគនេះសរុបចំនួន ៤៥ ករណីទៀត ដែលក្នុងនោះ ៤៤ នាក់គឺមកពីបរទេស។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការសុខាភិបាលជាតិចិននៅថ្ងៃអាទិត្យនេះ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ ខេត្ត Hubei រាយការណ៍ថា មានករណីស្លាប់ថ្មីចំនួន ៥ និងករណីសង្ស័យឆ្លងថ្មីចំនួន ២៨។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការសុខាភិបាលជាតិចិន។ មិនមានករណីឆ្លងថ្មីណាមួយកើតឡើងនៅក្នុងទីក្រុង Wuhan នោះទេ។
គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ អ្នកឆ្លងជំងឺ COVID-19 នេះសរុបនៅក្នុងប្រទេសចិនមានចំនួន ៨១.៤៣៩ នាក់ ដោយក្នុងនោះ អ្នកជំងឺចំនួន ២.៦៩១ នាក់នៅទទួលការព្យាបាល អ្នកជំងឺ ៧៥.៤៤៨ នាក់ បានជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ហើយអ្នកជំងឺ ៣.៣០០ នាក់ បានស្លាប់៕
ប្រែសម្រួលដោយលោក ភី សុភាដា