ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ កាន់តែ​កើន​ឡើង


អតិថិជន​​នាំ​គ្នា​ឈរតម្រង់​ជួរ​នៅ​ខាង​ក្រៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ បន្ទាប់​ពី​អាជ្ញាធរ​នៅ​កោះ Sicily ក្នុង​ប្រទេស​អ៊ីតាលី​សម្រេច​បិទផ្សារ​ ដើម្បី​​ជា​វិធានការ​បន្ថែម​ទៀត​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ តំបន់ Catania ប្រទេស​អ៊ីតាលី ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០។
អតិថិជន​​នាំ​គ្នា​ឈរតម្រង់​ជួរ​នៅ​ខាង​ក្រៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ បន្ទាប់​ពី​អាជ្ញាធរ​នៅ​កោះ Sicily ក្នុង​ប្រទេស​អ៊ីតាលី​សម្រេច​បិទផ្សារ​ ដើម្បី​​ជា​វិធានការ​បន្ថែម​ទៀត​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ តំបន់ Catania ប្រទេស​អ៊ីតាលី ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២០។

ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ ដែល​រាតត្បាត​ទូទាំង​សកលលោក​បាន​កើន​ឡើង​ដល់​ជាង ៣ ម៉ឺន ១ពាន់ នាក់​។ ចំនួន​អ្នក​ស្លាប់​នៅក្នុង​សហរដ្ឋ​អាមេរិក និង​បារាំង​បាន​កើន​ឡើង​ដល់ជាង ២ ពាន់​នាក់ ចំណែកឯ​ប្រទេស​អេស៉្បាញ​វិញ ចំនួន​អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ​កើន​ឡើង​ខ្ពស់​បំផុត​រហូត​ដល់ ៨៣២ នាក់។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកល​វិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ប្រទេស​អ៊ីតាលី​មាន​អ្នក​ស្លាប់​រហូត​ដល់​ជាង ១ ម៉ឺន​នាក់ ដែល​ស្មើ​នឹង​មួយ​ភាគ​បី​នៃ​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ នេះ​នៅ​ទូទាំង​ពិភពលោក។

ឥឡូវ​នេះ ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ នេះ កើន​ឡើង​ដល់​ជិត ៦ សែន ៨ ម៉ឺន​នាក់ នៅ​ទូទាំង​ពិភពលោក។ ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ នៅក្នុង​សហរដ្ឋ​អាមេរិក​កើនឡើង​ដល់​ជិត ១ សែន ២ ម៉ឺន ៥ ពាន់​នាក់។ កាល​ពី​ថ្ងៃ​សុក្រ សហរដ្ឋ​អាមេរិក​បាន​ក្លាយជា​ប្រទេស​ដែល​មាន​ចំនួន​ករណី​ឆ្លង​ជំងឺ​នេះ​ច្រើន​ជាងគេ​បង្អស់​នៅក្នុង​ពិភពលោក នៅពេល​ដែល​តួលេខ​អ្នក​ឆ្លង​កើន​ឡើង​ដល់​ជាង ១ សែន​នាក់។

រដ្ឋ​ញូវយ៉ក ដែល​មាន​ចំនួន​អ្នក​ឆ្លង​ជាង ៥ ម៉ឺន ២ ពាន់​នាក់ និង​ចំនួន​អ្នក​ស្លាប់​ជាង ៧០០ នាក់ គឺ​ជា​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​ជំងឺ​កូវីដ ១៩ នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ដើម្បី​ជួយ​សម្រាល​បន្ទុក​ប្រព័ន្ធ​សុខាភិបាល​ក្នុង​រដ្ឋ​ញូវយ៉ក ដែល​កំពុងតែ​វក់វី​ដោយសារ​ការ​ឆ្លង​រាតត្បាត​វីរុស​កូរ៉ូណា​ថ្មី​នេះ ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​កំពុង​បញ្ជូន​នាវា​ពេទ្យ​មួយ​គ្រឿង​ឈ្មោះ​ថា USNS Comfort ទៅកាន់​កំពង់ផែ​ញូវយ៉ក ដើម្បី​ជួយ​ថែទាំ​អ្នក​ជំងឺ​ផ្សេងៗ​ក្រៅពី​ជំងឺ​កូវីដ ១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Norfolk រដ្ឋ Virginia កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ជូន​ដំណើរ​នាវា USNS Comfort។ នាវា​ដែល​ផ្ទុក​ទាហាន​ជើង​ទឹក​ចំនួន ១.២០០ នាក់​នេះ គ្រោង​នឹង​ទៅ​ដល់​រដ្ឋ​ញូវយ៉ក​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ។ នាវា​ពេទ្យ​នេះ​មាន​គ្រែ​ពេទ្យ​ចំនួន ១.០០០ សម្រាប់​ព្យាបាល​អ្នកជំងឺ។

ខណៈ​ដែល​រដ្ឋ​ញូវយ៉ក​ព្យាយាម​ទប់ស្កាត់​កុំឲ្យ​វីរុស​កូរ៉ូណា​នេះ​ឆ្លង​រាតត្បាត​កាន់តែ​ខ្លាំង​ថែម​ទៀត លោកAndrew Cuomo អភិបាល​រដ្ឋ​នេះ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​បោះឆ្នោត​បឋម​ដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​នឹង​ត្រូវ​ប្ដូរ​កាល​បរិច្ឆេទ​ពី​ថ្ងៃ​ទី ២៨ ខែ​មេសា ទៅ​ថ្ងៃ​ទី ២៣ ខែ​មិថុនា វិញ៕


ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG