ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​១៤​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​បំផ្ទុះ​ឡាន​អត្តឃាត​នៅ​អាហ្វហ្គានីស្ថាន


ផ្សែងនៅ​កន្លែងវាយ​ប្រហារ​អត្តឃាត​នៅ​ក្រុង​ Lashkar Gah ​ខេត្ត​ Helmand ប្រទេស​អាហ្វហ្គានីស្ថាន​ កាល​ពី​ថ្ងៃ​ចន្ទ។ ការ​បំផ្ទុះ​នេះ​បាន​សម្លាប់​មនុស្ស​១៤​នាក់ ដែល​១០​នាក់​ជា​ប៉ូលិស។

អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ក្នុង​ឡាន​មួយ​គ្រឿង​បាន​សម្លាប់​មនុស្ស​ជាង​១៤​នាក់​ដែល​ភាគ​ច្រើន​ជា​ប៉ូលិស ហើយ​បាន​ធ្វើឱ្យ​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ទី​រួម​ខេត្ត​សំខាន់​មួយ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ពួក​បះបោរ​តាលីបាន់ បាន​បើក​ធ្វើការ​វាយ​លុក​ធំមួយ​ហើយ​បាន​ជម្រុល​ចូល​ទៅ​ក្នុង​ក្រុង​នេះ។​

គេបាន​រាយការណ៍​ថា​ អ្នក​ដាក់​គ្រាប់​បែក​នេះ​បាន​បើក​ឡាន​មួយ​គ្រឿង​មាន​ផ្ទុក​គ្រឿង​ផ្ទុះ​សម្រុក​ចូល​ក្នុង​មូលដ្ឋាន​ប៉ូលិស​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​ Lashkar Gah ដែល​ជា​ក្រុង​នៃ​ខេត្ត​ Helmand ​ដែល​ជា​ខេត្ត​ធំជាង​គេ​ក្នុង​បណ្តា​ខេត្តទាំង​អស់ ៣៤​របស់​ប្រទេស​នេះ។

ពួក​មន្ត្រី​ប៉ូលិស​ក្នុង​មូល​ដ្ឋាន​បាន​និយាយ​ថា ​ពួក​គេ​រំពឹង​ថា​ចំនួន​មនុស្ស​ស្លាប់​នឹង​មាន​កើន​ឡើង​ច្រើន​ថែម​ទៀត។

ការ​បំផ្ទុះ​គ្រាប់​បែក​នេះ​បាន​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​ខ្លី​ក្រោយ​ពី​ពួក​បះបោរ​តាលីបាន់​ បាន​វាយ​លុក​ក្រុង​ Lashkar Gah ​ពី​ជ្រុង​នានា​ ដោយ​ជម្រុល​ចូល​ទៅ​ក្នុង​ក្រុង​នេះ​ដែល​ពួកគេ​បាន​ឡោម​ព័ទ្ធ​ច្រើន​សប្តាហ៍​មក​ហើយ។​

លោក ​Sediq Sediqqi​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជាក់​ប្រាប់​ពួក​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​កាប៊ុល​ថា​ ពួក​តាលីបាន់​ បាន​បើក​ធ្វើការ​វាយ​ប្រហារ​ធំមួយ​លើ​ប៉ុស្តិ៍​សន្តិសុខ​ជួរមុខ​នៅ​ក្នុង​ទី​រួម​ខេត្ត​នោះ ហើយ​ថា​កំពុង​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ ក៏ប៉ុន្តែ​លោក​បាន​បង្ហាញ​ការ​ទុកចិត្កត​ថា ​កង​កម្លាំង​សន្តិសុខ​ អាហ្វហ្គានីស្ថាន​ នឹង​វាយរុញ​ច្រាន​ពួក​បះបោរ​ក្នុង​ពេល​ឆាប់ៗ​នេះ៕

XS
SM
MD
LG