កាលពីថ្ងៃចន្ទ ការបំផ្ទុះគ្រាប់បែកអត្តឃាតខ្លាំងមួយនៅក្នុងបរិវេណមន្ទីរពេទ្យមួយនៅក្នុងក្រុង Quetta នាប៉ែកនិរតីនៃប្រទេសបាគីស្ថានបានបណ្តាលឱ្យមនុស្សជាង៦០នាក់ស្លាប់ និងបានធ្វើឱ្យមនុស្សយ៉ាងតិចណាស់១៦០នាក់ទៀតត្រូវរបួស នេះបើតាមការប្រាប់ឱ្យដឹងពីពួកអ្នកឃើញហេតុការណ៍ផ្ទាល់និងពួកប៉ូលិស។
ពួកមន្ត្រីបម្រើការមន្ទីរពេទ្យបាននិយាយថា មនុស្សជាង២៤នាក់ក្នុងបណ្តាក្រុមមនុស្សដែលរងរបួសកំពុងឋិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមានការព្រួយបារម្ភថា ចំនួនមនុស្សស្លាប់អាចកើនឡើងច្រើនជាងមុន។ ជនរងគ្រោះភាគច្រើនជាមេធាវី។
ការបំផ្ទុះគ្រាប់បែកនេះបានកើតមានឡើងភ្លាមៗក្រោយពេលពួកមេធាវីរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅក្នុងមន្ទីរពេទ្យស៊ីវិលនៃក្រុង Quetta ដើម្បីតវ៉ានិងកាន់មរណទុក្ខដល់ការសម្លាប់ប្រធាននៃសមាគមមេធាវីនៅក្នុងខេត្តរបស់ពួកគេដែលបានបាញ់ប្រហារកាលពីព្រឹកព្រហាមថ្ងៃចន្ទ ដោយពួកជនប្រដាប់អាវុធដែលគេមិនដឹងអត្តសញ្ញាណ។
ពួកអ្នកកាសែត និងពួកអ្នកថតទូរទស្សន៍ដែលទៅយកព័ត៌មានអំពីការប្រជុំតវ៉ា របស់ក្រុមមេធាវីនោះ ក៏ឋិតនៅក្នុងចំណោមពួកជនដែលបានបាត់បង់ជីវិតនិងត្រូវរបួសដែរ។
ពួក Jamaat -ul-Ahrar ហៅកាត់ថា JuA ដែលជាពួកបំបែកខ្លួនចេញពីក្រុម Taliban Pakistan ជ្រុលនិយមបានអះអាងទាមទារការទទួលខុសត្រូវដល់ការធ្វើឃាតប្រធានលើសមាគមមេធាវីនេះ និងទទួលខុសត្រូវដល់ការបំផ្ទុះគ្រាប់បែកដ៏ប្រល័យនៅពេលបន្ទាប់មកនេះ។ អ្នកនាំពាក្យម្នាក់របស់ពួកជនជ្រុលនិយមនេះបាននិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនោះដោយរំពឹងថា មានមេធាវីនិងមន្ត្រីរដ្ឋាភិបាលច្រើននាក់ឋិតនៅទីនោះ។
គ្មានការបញ្ជាក់ដោយឯករាជ្យថា ការអះអាងនេះជាការពិតឬមិនពិតទេ។ពួក JuA បានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារមួយនៅពេលបុណ្យ Easter នៃគ្រឹស្តសាសនានៅក្នុងក្រុង Lahore ដែលជាក្រុងធំទីពីរនៃប្រទេស Pakistan កាលពីខែមីនាដែលបានបណ្តាលឱ្យមនុស្សជាង៧០នាក់ស្លាប់។កាលពីសប្តាហ៍មុនស.រ.អា.បានចាត់ទុកពួក JuA ថាជាអង្គការភេរវជនសាកលមួយ៕