ក្រសួងការពារជាតិសហរដ្ឋអាមេរិកនិយាយថាការវាយប្រហារតាមអាកាសបានសម្លាប់មេដឹកនាំក្រុមអាយស៊ីសដ៏សំខាន់មួយរូបនៅប្រទេសអាហ្វហ្គានីស្ថានដែលមានឈ្មោះថា Hafiz Sayed Khan។
ក្រសួងការពារជាតិបានប្រកាសកាលពីថ្ងៃសុក្រថាការវាយប្រហារនោះបានធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដានៅក្នុងស្រុកអាជីន នៃខេត្តណាន់ហ្កាហា ហើយបានសម្លាប់ឈ្មោះ Hafiz Sayed Khan។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Gordon Trowbridge អ្នកនាំពាក្យរងបាននិយាយថា «Khan ត្រូវបានគេដឹងថាបានចូលរួមវាយប្រហារប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនិងកងកម្លាំងចម្រុះ ដោយផ្ទាល់ ហើយសកម្មភាពរបស់បណ្តាញរបស់គាត់បានធ្វើឱ្យមានការភ័យខ្លាចដល់ជនជាតិអាហ្វហ្គានីស្ថាន ជាពិសេសអ្នករស់នៅខេត្តណាន់ហ្កាហា។
ក្រសួងការពារជាតិនិយាយថាក្រុមអាយស៊ីសប្រើប្រាស់ខេត្តណាន់ហ្កាហាដើម្បី ហ្វឹកហ្វឺន បំពាក់អាវុធ បញ្ជូនទៅច្បាំងនិងគ្រប់គ្រងបណ្តាញ អ្នកប្រយុទ្ធដោយផ្តល់ឱ្យក្រុមអ្នកប្រយុទ្ធនូវកងកម្លាំងបន្ថែមជាបន្តបន្ទាប់។
លោក Trowbridge និយាយថាមរណភាពរបស់ Khan នឹងកាត់ផ្តាច់ប្រតិបត្តិការរបស់ក្រុមអាយស៊ីសក្នុងប្រទេសអាហ្វហ្គានីស្ថាននិងក្នុងតំបន់។
ក្រុមស៊ើបការណ៍សម្ងាត់របស់ប្រទេសអាហ្វហ្គានីស្ថានធ្លាប់បានរាយការណ៍ដោយភាន់ច្រឡំម្តងហើយកាលពីខែកក្កដាឆ្នាំ២០១៥ថាបុរសឈ្មោះខាន់នេះត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសដោយយន្តហោះដ្រូន។ ប្រភពមន្ត្រី អាហ្វហ្គានីស្ថានបាននិយាយថាសមាជិក៣០នាក់ផ្សេងទៀតនៃក្រុមនេះក៏បានស្លាប់ក្នុងការវាយប្រហារដោយយន្តហោះដ្រូនដែរ។ ហើយសេចក្តីរាយការណ៍ពីមរណភាពរបស់ខាន់ នៅពេលនោះបែរជាមិនពិតទៅវិញ៕