គេមានជំនឿថា ការវាយប្រហារតាមអាកាសដែលសង្ស័យថាធ្វើឡើងដោយកងយន្តហោះចម្បាំងអាមេរិកាំងនៅក្នុងផ្នែកអាគ្នេយ៍នៃប្រទេសអាហ្វហ្គានីស្ថាន បានបណ្តាលឱ្យមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃពួកតាលីបានបាគីស្ថានជ្រុលនិយមនិងពួកដៃគូមួយចំនួនស្លាប់។
ការវាយប្រហារពេលយប់បានកើតមានឡើងនៅក្នុងស្រុក Bermal នៃខេត្តPaktika នៅជាប់ព្រំដែនប្រទេសបាគីស្ថាន។
ប្រភពពីពួកជនសកម្មប្រយុទ្ធបានឲ្យដឹងថាឈ្មោះ Rais Khan ដែលមានឈ្មោះថា Azam Tariq ដែរនោះរួមជាមួយនិងកូនប្រុសគាត់ឋិតក្នុងចំណោមពួកជនដែលបានត្រូវបានស្លាប់នៅក្នុងការវាយប្រហារនៅពេលយប់នោះ។
កាលពីថ្ងៃអាទិត្យ កងយោធាស.រ.អា.បានបញ្ជាក់ប្រាប់វីអូអេថា ពួកគេបានធ្វើការវាយប្រហារតាមអាកាសពីរលើកនៅក្នុងតំបន់នោះ ក៏ប៉ុន្តែមិនបានបញ្ចេញសេចក្តីលម្អិតទេដោយសារ «ហេតុផលខាងសន្តិសុខនៃកិច្ចប្រតិបត្តិការ»នេះ។
កងយោធាអាមេរិកាំងបាននិយាយថា៖ «យើងអាចបញ្ជាក់ថាកងកម្លាំងស.រ.អា.បានធ្វើការវាយប្រហារពីរតាមអាកាសកាលពីពេលថ្មីៗនេះក្នុងស្រុក Bermal កាលពីថ្ងៃទី២៤ និង២៥ខែកញ្ញា។ ខ្ញុំអាចនិយាយប្រាប់លោកអ្នកថា ការវាយប្រហារតាមអាកាសមួយបានត្រូវធ្វើឡើងនៅក្រោមអំណាចនៃអាជ្ញាធរប្រឆាំងភេរវកម្មហើយការវាយប្រហារមួយទៀតបានត្រូវធ្វើឡើងក្នុងកិច្ចការពារកងកម្លាំងជាមិត្ត»។
ក្រសួងការពារប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា កងកម្លាំងជាតិបានធ្វើកិច្ចប្រតិបត្តិការនៅក្នុងស្រុក Bermal កាលពីយប់ថ្ងៃសៅរ៍ ហើយបានសម្លាប់ពួកជនសកម្មប្រយុទ្ធ៩នាក់ដោយមានរួមបញ្ចូលទាំងមេបញ្ជាការអាល់កៃដា ២នាក់ផងដែរ៕