គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ បានលើកសំណើទៅក្រសួងមហាផ្ទៃឱ្យដោះស្រាយបញ្ហាប្រឈមចំនួន៧ចំណុច ដើម្បីធានាថា ពលរដ្ឋមានសិទ្ធិសេរីភាពនយោបាយច្រើនជាងមុន ហើយប្រព័ន្ធបោះឆ្នោតនៅកម្ពុជាមានភាពល្អប្រសើរសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។
កាលពីថ្ងៃព្រហស្បតិ៍ គណបក្សចំនួន៤ រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ បានជួបជាមួយតំណាងក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ហើយបានជជែក និងពិភាក្សាអំពីកង្វល់របស់គណបក្សដែលបានកើតឡើងកាលពីកន្លងមក។ នេះបើតាមតំណាងគណបក្សនយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ក្នុងជំនួបរបស់គណបក្សទាំង៤ជាមួយក្រសួងមហាផ្ទៃនោះ ភាគីគណបក្សបានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធស្ថានភាពនយោបាយ និងប្រព័ន្ធបោះឆ្នោត។
បើតាមលោក ឡឹក សុធារ តំណាងគណបក្សនយោបាយទាំង៤ បានដាក់សំណើចំនួន៧ចំណុចជូនក្រសួងដើម្បីលើកស្ទួយសេរីភាពនយោបាយនៅកម្ពុជា ជាពិសេសធ្វើឱ្យការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣មានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានការចូលរួមពីគ្រប់គណបក្សនយោបាយដោយមិនប្រកាន់និន្នាការ។
លោកថ្លែងថា៖ «ក្នុងជំនួបជាមួយក្រសួងមហាផ្ទៃ តំណាងគណបក្សទាំង៤បានស្នើឡើងនូវយន្តការ៧ចំណុចដើម្បីកែទម្រង់ប្រព័ន្ធបោះឆ្នោត និងលើកកម្ពស់សិទ្ធិសេរីភាពនយោបាយនៅកម្ពុជា»។
ចំណុចទាំង៧ ដែលគណបក្សទាំង៤ស្នើទៅក្រសួងមហាផ្ទៃ រួមមាន៖ ទី១ ការបង្កើតយន្តការទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃសម្រាប់ការជួយសម្រួល និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការគំរាមកំហែង និងការបំភិតបំភ័យពីសំណាក់អាជ្ញាធរនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ទី២ ជំរុញកិច្ចសហការល្អរវាងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងការបែងចែកតួនាទីស្របតាមច្បាប់។ ទី៣ ការលុបបំបាត់បណ្ដឹងជាលក្ខណៈនយោបាយ។ ទី៤ សម្រួលដល់ទំនាក់ទំនង និងកិច្ចសហការរវាងតំណាងគណបក្សនយោបាយជាមួយអាជ្ញាធរមូលដ្ឋាន។ ចំណែកចំណុចទី៥គឺគណបក្សទាំងបួនសុំឱ្យក្រសួងធ្វើការណែនាំជាផ្លូវការ និងឱ្យមានប្រសិទ្ធិភាព កុំឱ្យមានការរើសអើងសមាជិកគណបក្សនយោបាយក្រៅរដ្ឋាភិបាល។ ទី៦ ធានានិងការពារសុវត្ថិភាពសកម្មជនគណបក្សនយោបាយក្រៅរដ្ឋាភិបាល។ ទីប្រាំ៧ សុំណែនាំកុំឱ្យមានភាគីណាមួយធ្វើការហាមឃាត់ ឬគំរាមម្ចាស់ផ្ទះ ម្ចាស់សណ្ឋាគារ ម្ចាស់អគារប្រជុំ សាលសន្និសីទ មិនឱ្យជួល ឬមិនអនុញ្ញាតឱ្យគណបក្សក្រៅរដ្ឋាភិបាល។ នេះបើតាមលិខិតសំណើដែលវីអូអេទទួលបាន។
ដោយឡែក កាលពីថ្ងៃទី៣១ ខែសីហា គណបក្សទាំង៤នេះក៏បានជួបជាមួយស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប.)ផងដែរ ដោយបានដាក់សំណើចំនួន១៦ចំណុចទៅស្ថាប័នគ.ជ.ប.ដើម្បីឱ្យកែលម្អប្រព័ន្ធបោះឆ្នោត។
គណបក្សទាំង៤ត្រូវបានគេមើលឃើញថា តែងតែមានសកម្មភាពជួបគ្នាក្នុងការផ្លាស់ប្តូរយោបល់ និងលើកឡើងបញ្ហាប្រឈមដើម្បីធ្វើការតស៊ូមតិរួមគ្នា ជាមួយស្ថាប័នពាក់ព័ន្ធ ដោយទាមទារឱ្យស្ថាប័នទាំងនោះជួយកែប្រែប្រព័ន្ធបោះឆ្នោតដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតនៅកម្ពុជាមានភាពល្អប្រសើរឡើង។ ពួកគេធ្វើសកម្មភាពទាំងនេះ ក្រោយពីមានការកត់សម្គាល់នូវបញ្ហាប្រឈមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ។
បើតាមអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ នៅថ្ងៃទី១៥ខែកញ្ញា គណបក្សទាំង៤ក៏បានជួបជាមួយឯកអគ្គរាជទូតជប៉ុនដើម្បីពិភាក្សាបញ្ហាដែលបានលើកឡើងខាងលើនេះ ក៏ដូចជាបញ្ហាការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាផងដែរ។
វីអូអេបានព្យាយាមទាក់ទងតាមរយៈប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាមសុំការបញ្ជាក់ពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានជួបផ្ទាល់ជាមួយនឹងតំណាងគណបក្សនយោបាយទាំង៤ ប៉ុន្តែមិនអាចទាក់ទងបាននៅឡើយទេនៅថ្ងៃសុក្រនេះ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកនាំពាក្យ លោក ខៀវ សុភ័គ សូមមិនធ្វើការអត្ថាធិប្បាយ ដោយលោកថា លោកមិនបានចូលរួមក្នុងជំនួបនោះ និងមិនទាន់ទទួលបានព័ត៌មានអ្វីនៅឡើយទេ។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (Comfrel) ដែលឃ្លាំមើលការបោះឆ្នោតយល់ថា ជំនួបរបស់គណបក្សជាមួយក្រសួងមហាផ្ទៃនេះជារឿងល្អ។ លោកបន្តថា ក្រសួងមហាផ្ទៃគួរយកចិត្តទុកដាក់ និងពិនិត្យមើលការអនុវត្តការងាររបស់ថ្នាក់ក្រោមឱ្យមានប្រសិទ្ធភាពដើម្បីកុំឱ្យមានការអនុវត្តខុសនីតិវិធី ឬកុំឱ្យមានការលម្អៀងផ្នែកនយោបាយណាមួយកើតមានឡើង។
លោកថ្លែងថា៖ «ជាការណ៍ពិតណាស់ដែលក្រសួងមហាផ្ទៃត្រូវតែយកចិត្តទុកដាក់។ ហើយអ្វីដែលខ្ញុំបានតាមដានកន្លងមកក៏ធ្លាប់ឃើញក្រសួងមហាផ្ទៃចេញនូវសេចក្តីថ្លែងការណ៍ សេចក្តីប្រកាសផ្សេងៗដើម្បីជំរុញឱ្យអាជ្ញាធរមូលដ្ឋានធ្វើការកែសម្រួលដែរ តែសំខាន់ជាងគេថា តើប្រសិទ្ធភាពរបស់ក្រសួងមហាផ្ទៃធ្វើឱ្យថ្នាក់ក្រោមជាតិហ្នឹងទទួលបាននូវការណែនាំរបស់ក្រសួងដែរ ឬទេ? ឬមួយជាការបង្ហាញខាងលើ[ផ្សេង] ខាងក្រោមផ្សេង»។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ថ្លែងថា អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស តែងតែកត់សម្គាល់ឃើញនូវការរឹតត្បិតសេរីភាព ទាំងសិទ្ធិសេរីភាពមូលដ្ឋានពលរដ្ឋ សេរីភាពនយោបាយ សេរីភាពទទួលបានព័ត៌មាន និងសេរីភាពលើការបំពេញការងារសមាគមជាដើម។
អ្នកការពារសិទ្ធិមនុស្សរូបនេះបន្ថែមថា ទាំងអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជា សហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិកក៏កត់សម្គាល់ឃើញដូចគ្នាចំពោះការរឹតត្បិតសេរីភាពនេះផងដែរ ដូច្នេះ រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធត្រូវតែបង្កលក្ខណៈឱ្យមានភាពល្អប្រសើរក្នុងការបើកលម្អសេរីភាពទាំងអស់នេះ និងអនុវត្តច្បាប់ឱ្យស្មើភាពគ្នាដើម្បីធ្វើឱ្យកម្ពុជាឈានទៅរកដំណើរការប្រព័ន្ធប្រជាធិបតេយ្យត្រឹមត្រូវឡើងវិញ ពោលគឺភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្កឱ្យមានបរិយាកាសនយោបាយល្អប្រសើរនៅមុន និងអំឡុងពេលនៃការបោះឆ្នោតថ្នាក់ជាតិខាងមុខ៕