ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​បារម្ភ​​អំពី​ការ​កើន​ឡើង​តិច​តួច​នៃ​ចំនួន​ស្ត្រី​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់


​វាគ្មិន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​លទ្ធផល​អង្កេត​ចំនួន​បេក្ខជន​ស្រ្តី​ និង​ស្រ្តី​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី៥ ឆ្នាំ២០២២ នៅ​ស្នាក់ការ​អង្គការ​ខុមហ្វ្រែល ក្នុង​សង្កាត់​ទឹកល្អក់១​ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
​វាគ្មិន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​លទ្ធផល​អង្កេត​ចំនួន​បេក្ខជន​ស្រ្តី​ និង​ស្រ្តី​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី៥ ឆ្នាំ២០២២ នៅ​ស្នាក់ការ​អង្គការ​ខុមហ្វ្រែល ក្នុង​សង្កាត់​ទឹកល្អក់១​ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥​ដែល​ធ្វើ​ការ​លើ​ការ​បោះឆ្នោត និង​វិស័យ​យេនឌ័រ បាន​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​បង្កើន​ចំនួនស្ត្រី​ដែល​អាច​ឈរ​ជា​បេក្ខជន​លេខ​រៀង​ខាង​លើ ​ដើម្បី​អាច​ឈ្នះ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ដែល​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប​ជាង​១១​.០០០​នាក់​នៅ​ទូទាំង​ប្រទេស រៀងរាល់​៥​ឆ្នាំ​ម្តង។

អង្គការ​ខុមហ្រ្វែល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សហការ​ជាមួយ​អង្គការ​សីលការ​កម្ពុជា អង្គការ​ហ្គេត​ស៊ី​(GADC) អង្គការ​បន្ទាយ​ស្ត្រី​និង​គណៈ​កម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ដើម្បី​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​លទ្ធផល​អង្កេត​ចំនួន​បេក្ខជន​ស្ត្រី និង​ស្ត្រី​ជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០​២២។

អង្គការ​ទាំង​នោះ​បាន​ជំរុញ​ឱ្យ​មាន​ស្ត្រី​បន្ថែម​ទៀត​នៅ​ក្នុង​មុខងារ​នយោបាយ ដោយ​សារ​សន្ទុះ​នៃ​ការ​កើន​ឡើង​មាន​តិច​តួច​ពី​មួយ​អាណត្តិ​ទៅ​អាណត្តិ​មួយ​ទៀត។ ពួក​គេ​ជំរុញ​ឱ្យ​បង្កើត​គោល​នយោបាយ​សមភាព​យេនឌ័រ​នៅ​ក្នុង​គណបក្ស ដើម្បី​ធានា​ការ​ចូលរួម​របស់​ស្ត្រី​និង​បុរស​មាន​ភាព​ស្មើ​គ្នា​ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​នៅ​ឆ្នាំ​២០៣០​សម្រាប់​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

បើ​តាម​ទិន្នន័យ​ផ្តល់​ដោយ​អង្គការ​ទាំង​នោះ នៅ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ដែល​ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​មិថុនា មេឃុំ​ចៅ​សង្កាត់​ជាប់​ឆ្នោត​ជា​ស្ត្រី​មាន​១៧៣​នាក់ គឺ​ស្មើ​១០,៤៧%​តែ​ប៉ុណ្ណោះ​នៃ​មេឃុំ​ចៅ​សង្កាត់​សរុប​ចំនួន​១.៦៥២​នាក់​នៅ​ទូទាំង​ប្រទេស។ នៅ​ក្នុង​អាណត្តិ​ទី​៤ មេឃុំ​ចៅ​សង្កាត់​ជា​ស្ត្រី មាន​ចំនួន​១៤១​នាក់ គឺ​ស្មើ​នឹង​៨,៥៧%។

នៅ​ក្នុង​អាណត្តិ​ទី៥​នេះ ចំនួន​ស្ត្រី​ជាប់​ឆ្នោត​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា មាន​ប្រមាណ​២៥%​នៃ​ចំនួន​ក្រុម​ប្រឹក្សា​ឈ្នះ​ឆ្នោតសរុប​ចំនួន​៩.៣៧៦​នាក់។ ចំណែក​គណ​បក្សភ្លើង​ទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ទទួល​សំឡេង​ច្រើន​បន្ទាប់ មាន​ចំនួន​ស្ត្រី​ប្រមាណ​៩%​នៃ​ចំនួន​ក្រុម​ប្រឹក្សា​ឈ្នះឆ្នោត​សរុប​ចំនួន​២.១៩៨​នាក់។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ព្រហស្បតិ៍ អ្នក​ស្រី សេង រាសី នាយិកា​ប្រតិ​បត្តិ​នៃ​អង្គការ​សីលការ បាន​ថ្លែង​ថា​បើ​ប្រៀប​ធៀប​កំណើន​ស្ត្រី​រវាង​អាណត្តិ​ទី​៤​និង​ទី៥ មាន​តែ​ប្រមាណ​២%​ប៉ុណ្ណោះ។ អ្នក​ស្រី​បារម្ភ​អំពី​ការ​មិន​សម្រេច​បាន​ទៅ​តាម​ការ​ប្តេជ្ញា​ចិត្ត​សម្រាប់​សមភាព​យេនឌ័រ​នៃ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ក្នុង​ឆ្នាំ​២០៣០។

អ្នកស្រី​បញ្ជាក់​ថា៖ «សំណួរ​សួរ​មក​វិញ​ថា​រយៈ​ពេល​៥​ឆ្នាំ​ហើយ ហេតុ​អី​បាន​ការ​កើន​ឡើង​មាន​តិច?​ការ​កើន​ឡើង​តិច​តួច​បែប​នេះ ហើយ​ប្រសិន​បើកម្ពុជា​ឈាន​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ប្រកប​ដោយ​ចីរភាព​ក្នុងឆ្នាំ​២០៣០ ហើយ​ប្រសិន​បើ​៥​ឆ្នាំ​ឡើង​តែ​២% សួរ​ថា ​២០២៣ ថា​យើង​នឹង​ទទួល​បានទិន្នន័យ​ដែល​មាន​ភាព​ស្មើ​គ្នា​ឬ​ភាព​ជា​តំណាង​របស់​ស្ត្រី​នៅក្នុង​ជា​សមា​ជិកក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ជាស្ត្រី​ជាង​៥០% នឹង​សម្រេច​បាន​ឬ​យ៉ាងណា?»

បើ​តាម​អ្នកស្រី សេង រាសី កាល​ពី​អាណត្តិ​ទី​៥ កម្ពុជា​មាន​ឃុំ​សង្កាត់​ដែល​មិន​មា​ន​ស្ត្រី​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ចំនួន​២០៩​ឃុំ​សង្កាត់។ អ្នកស្រី​បន្ថែម​ថា​អង្គការ​ពាក់​ព័ន្ធ​នឹង​សិក្សា​បន្ថែម​ទៀត​ថា​តើ​ឃុំ​សង្កាត់​ចំនួន​២០៩ ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ដូច​ម្តេច​សម្រាប់​អាណត្តិ​ទី​៥​នេះ។

បុរស​ម្នាក់ ឈរមើល​អនុសាសន៍​របស់​ក្រុមអង្គការ​សង្គមស៊ីវិល​ក្នុង​ការ​ជំរុញ​រដ្ឋាភិបាល​ និង​គណបក្ស​នយោបាយ​បង្កើត​គោលនយោបាយ​សមភាព​យេនឌ័រ​ក្នុង​វិស័យ​នយោបាយ​ នៅ​ស្នាក់ការ​អង្គការ​ខុមហ្វ្រែល ក្នុង​សង្កាត់​ទឹកល្អក់១ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
បុរស​ម្នាក់ ឈរមើល​អនុសាសន៍​របស់​ក្រុមអង្គការ​សង្គមស៊ីវិល​ក្នុង​ការ​ជំរុញ​រដ្ឋាភិបាល​ និង​គណបក្ស​នយោបាយ​បង្កើត​គោលនយោបាយ​សមភាព​យេនឌ័រ​ក្នុង​វិស័យ​នយោបាយ​ នៅ​ស្នាក់ការ​អង្គការ​ខុមហ្វ្រែល ក្នុង​សង្កាត់​ទឹកល្អក់១ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

បន្ថែម​ពី​ការ​ជំរុញ​គណបក្ស​នយោបាយ​ឱ្យ​មាន​ការ​ដាក់​ស្ត្រីជា​បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ខាង​លើ ដើម្បី​មាន​ឱកាស​ជាប់​ឆ្នោត អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ត្រង់​មាត្រា​៣៥​នៃ​ជំពូក​ទី​៦ និង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ មាត្រា​២៧ និង​មាត្រា​២៨ នៃ​ជំពូក​ទី​៤ ស្តីពី​ការ​ចុះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត។ វិសោធន​កម្ម​ច្បាប់​ទាំង​ពីរ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ឱ្យ​មាន​ការ​ធានា​នូវ​បេក្ខភាព​ស្ត្រី​ត្រូវ​បាន​ឈរ​ឈ្មោះ​ក្នុង​ន័យ​ធានា​នូវ​សម​ភាព​រវាង​បេក្ខភាព​ស្ត្រី​ និង​បុរស​ក្នុង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណ​បក្ស​នយោបាយ។

ចំណែក​អ្នកស្រី សឺនកេត សិរី​លក្ខណ៍ អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​របស់​អង្គការ​ខុមហ្រ្វែល បាន​ថ្លែង​ថា​ឆន្ទៈ​នយោបាយ ជា​រឿង​សំខាន់​មួយ ដែល​អ្នកស្រី​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ និង​ថ្នាក់​ដឹកនាំ​គិត​គូរ។ អ្នកស្រី​បន្ថែម​ថា​ចំនួន​ស្ត្រី​តិច​តួច​នេះ វា​នឹង​បំបាក់​ទឹក​ចិត្ត​របស់ស្ត្រីក្នុង​ការ​ចូលរួម​ក្នុង​ផ្នែក​នយោបាយ។

អ្នក​ស្រី​កត់​សម្គាល់​ថា​រចនា​សម្ព័ន្ធ​នៃ​អំណាច​ ឬ​ការ​កាន់​តួនាទី​រដ្ឋ​ តាំង​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​ជាតិ​ ចាប់​ពី​មេឃុំ រដ្ឋមន្ត្រី​ ដល់​ប្រធាន​សភា គឺ​ភាគ​ច្រើន​ជា​បុរស ហើយ​ពួកគេ​មិន​ចង់​ចុះ​ចេញ​ពី​តំណែង។ អ្នកស្រី​ជំរុញ​ឱ្យ​មាន​វិសោធនកម្ម ដើម្បី​ធានា​ចំនួនស្ត្រីក្នុង​ការ​ចូលរួម​វិស័យ​នយោបាយ។

​អ្នកស្រី​ថ្លែង​ថា៖ «យើង​នៅ​តែ​ចង់​ឱ្យ​អ្នក​ពាក់​ព័ន្ធ​សំខាន់​ៗ​ហ្នឹង​ គិត​គូរ​អំពី​រឿង​ធ្វើ​វិសោធន​កម្ម​បោះឆ្នោត ដើម្បី​ឆ្លើយ​តប​នឹង​យេនឌ័រ​ ដើម្បី​ឱ្យស្ត្រីចូលរួម​ដោយ​ស្មើ​ភាព​ជាមួយ​បុរស​ ជាពិសេស​ទាក់​ទង​នីតិវិធី​នៃ​ការ​ដាក់​បេក្ខជន​ឆ្លាស់​គ្នាស្រី​ប្រុសៗ​ហ្នឹង​ ទើប​ស្ត្រី​អាច​មាន​ឱកាស​បាន​ជាប់​ឆ្នោត។ ​ហើយ​ចុង​ក្រោយ គឺ​នៅ​តែ​ត្រូវ​ការ​ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នក​ដឹក​នាំ​ទាំង​គណ​បក្ស​នយោបាយ​ ទាំង​រដ្ឋាភិបាល។ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ គឺ​សំខាន់​មែន​ទែន»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ថ្លែង​ថា​គណ​បក្ស​កាន់​អំណាច​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ ជា​ពិសេស​ធន​ធាន​ស្ត្រី​ឱ្យ​ចូល​រួម​វិស័យ​នយោបាយ ប៉ុន្តែលោក​ថា​លក្ខណៈ​សម្បត្តិ​របស់​ស្ត្រី ​ដូច​ជាចំណេះ​ដឹង និង​បទ​ពិសោធន៍​ការងារ​របស់​ស្ត្រី​គឺ​មិន​ទាន់​បាន​ឆ្លើយ​តប​តាម​តម្រូវ​ការ​ជាក់​ស្តែង​គ្រប់​គ្រាន់​នៅ​ឡើយ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សមាស​ភាព​ស្ត្រី​ក្នុង​ជួរ​នយោបាយ​នៅ​មាន​កម្រិត​ ឬ​នៅក្រោម​បុរស។

លោក​ថ្លែង​ថា៖ ​«យើ​ង​មិន​មែន​ទូង​ស្គរ​ ដើម្បី​បញ្ចូល​ស្ត្រី​ក្នុង​តួនាទី​នយោបាយ​សេដ្ឋ​កិច្ច​ ​សង្គម ​ទាំង​មិន​គ្រប់​លក្ខណៈ​សម្បត្តិ​ទេ។ អ៊ីចឹង​វា​ផ្អែក​ទៅ​លើ​សភាពការ​ណ៍​ជាក់​ស្តែង​ផង​ ហើយ​វា​ផ្អែក​ទៅ​លើ​លក្ខណៈសម្បត្តិ​របស់​ស្ត្រី​ផង។ បាទ! អាហ្នឹង​យើង​ក៏​កសាង​ឱ្យ​វា​ស្រប​គ្នា​ ឱ្យ​ស្រប​តាម​សំណូម​ពរ​ត្រូវ​ការ​ ក៏​ប៉ុន្តែ​យើង​ថា​បើ​សំណូម​ពរ​ត្រូវ​ការ​ហើយ​ យើង​មិន​គិ​តគូរ​អំពី​លក្ខណៈសម្បត្តិ​ទេ យក​បាន​តែ​ចំនួន​បរិមាណ​តែ​គុណភាព​មិន​ធានា​ទេ»។

លោក​បន្ថែម​ថា​ដើម្បី​ឱ្យស្ត្រី​ចូល​រួមក្នុង​វិស័យ​នយោ​បាយមាន​ចំនួន​ច្រើន គឺ​ពាក់​ព័ន្ធ​ការ​សម្រេច​ចិត្ត និ​ង​ការ​ឈ្មុស​ឈ្មុលរបស់​ស្ត្រីដោយ​ផ្ទាល់​ ព្រោះ​វា​ជា​រឿង​សំខាន់​ និងពាក់​ព័ន្ធ​សិទ្ធិ​របស់​មនុស្ស​ម្នាក់ៗ​ ហើយ​បូក​រួម​ឆន្ទៈ​របស់​គណ​បក្ស​ និ​ង​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ ប៉ុន្តែលោក​ថា​ការ​ចូល​រួម​របស់​ស្ត្រី​ ​កំពុង​មាន​ការ​កើន​ឡើង​ជា​បណ្តើរៗ។

ចំណែក​អ្នកនាំ​ពាក្យ​គណ​បក្សភ្លើង​ទៀន លោក ថាច់ សេដ្ឋា កត់​សម្គាល់​ថា​មូល​ហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ចំនួន​ស្ត្រី​ចូល​រួម​នយោបាយ​មាន​ចំនួន​តិច​ គឺ​ដោយ​សារ​តែ​ស្ត្រី​មាន​ភាព​ភ័យ​ខ្លាច​ច្រើន​ជាង​បុរស ឬ​ខ្លាច​ខ្វះ​សមត្ថ​ភាព​ក្នុង​ការ​បំពេញ​ការងារ។

​លោក​ថ្លែង​ថា៖ «ទី​មួយ​ស្ត្រី ​គាត់​ជាប់​កិច្ច​ការ​រវល់​ច្រើន​នៅ​ក្នុង​ផ្ទះ​របស់​គាត់​...រឿង​កូន​ចៅ​សង្ក្រានជើង​ឆ្នាំង។ ទី​ពីរ​ខ្លះ​គាត់​ភ័យ​ខ្លាច​តែ​ម្តង​មិន​ហ៊ាន​ចូល​រួម​ ​ហើយទី​បី​ពេល​ខ្លះ​គាត់​ខ្លាច​ទៅ​លើ​សមត្ថ​ភាព​របស់​គាត់​ក្នុង​ការ​និយាយ​ស្តី​ ​ការ​ជជែក​ជាមួយ​គេ។ ប៉ុន្តែ​ចំពោះ​គណបក្ស​ភ្លើង​ទៀន យើង​មាន​គោល​ការណ៍​លើក​ទឹក​ចិត្ត​ពួក​គាត់ មាន​ការ​បណ្តុះ​បណ្តាល​ឱ្យ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ចូល​ប្រកួត​ប្រជែង​ធ្វើ​នយោ​បាយ​ អាហ្នឹង​យើង​មាន​ការ​លើក​ទឹក​ចិត្ត​ផង​ អប់រំ​ណែនាំ​ផង»។

បើ​តាម​អ្នកស្រី សឺនកេត សិរីលក្ខណ៍ ​អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ​របស់​អង្គការ​ខុមហ្រ្វែលនៅ​ពេ​ល​ណា​ដែល​មាន​ចំនួន​ស្ត្រី​ចូល​រួម​នយោ​បាយ​ ឬ​ទទួល​បាន​តំណែងការងារស្មើ​បុរស​ នោះ​វា​នឹង​ផ្តល់​ផល​វិជ្ជ​មាន​ច្រើន​សម្រាប់​សង្គម ​ដូច​ជា​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​មាន​ប្រសិទ្ធ​ភាព ហើយ​ការ​អភិវឌ្ឍ​នឹង​ប្រកប​ដោយ​ចីរភាព និង​និរន្តរ​ភាព​ ដែល​អាច​ឆ្លើយ​តប​គ្រប់​ជ្រុង​ជ្រោយតាម​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រជា​ពល​រដ្ឋ។

អង្គ​ការ​សង្គមស៊ីវិល​ទាំង​៥​ក៏​បាន​ជំរុញ​ឱ្យ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​ស្ត្រី និង​បន្ថែម​ការ​អប់រំ​ដល់​សាធារណជន​ ដើម្បី​យល់​ដឹ​ង​ពី​សារៈសំខាន់​នៃ​ស្ត្រី​ជាប់​ឆ្នោត​ ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ឆ្លើយ​តប​តម្រូវ​ការ​ស្ត្រី កុមារ​ និង​បរិយា​ប័ន្ន​សង្គម​ផ្សេងៗ​ទៀត​ តាម​រយៈការ​បង្កើត​យន្ត​ការ​ជាក់​លាក់​ជា​ដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG