ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ឆន្ទៈ​ខ្មែរ​ប្រកាស​​គាំទ្រ​បំណង​នៃ​ការ​​ចង​សម្ពន្ធ​នយោបាយ ដើម្បី​ប្រកួតប្រជែង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣​


រូបឯកសារ៖ លោក គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទ:​ខ្មែរ ផ្តល់​សម្ភាសន៍​ដល់​ VOAនៅ​ថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ២០១៨ ​ នៅ​ឯ​ទីស្នាក់ការ​បក្ស​ ក្នុង​រាជធានី​ភ្នំពេញ។ (គី ម៉េងលី/VOA)
រូបឯកសារ៖ លោក គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទ:​ខ្មែរ ផ្តល់​សម្ភាសន៍​ដល់​ VOAនៅ​ថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ២០១៨ ​ នៅ​ឯ​ទីស្នាក់ការ​បក្ស​ ក្នុង​រាជធានី​ភ្នំពេញ។ (គី ម៉េងលី/VOA)

គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក​ គង់​ គាំ​ អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាសគាំទ្រ​បំណង​នៃ​ការ​ចង​សម្ពន្ធភាព​នយោបាយជាមួយ​គណបក្ស​ដទៃ ដោយ​បាន​បង្ហាញ​ពីការ​រួប​រួម​គ្នា ​ក្រោម​គណបក្ស​នយោបាយ​មួយ ដើម្បី​ប្រកួតប្រជែង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ។

គណ​បក្ស​ឆន្ទៈ​ខ្មែរ នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ គាំទ្រសំណើ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដែល​ប្រកាស​ជា​ផ្លូវ​ការ ​កាល​ពី​ថ្ងៃ​អង្គារ អំពី​ការ​ចង់​ចង​សម្ពន្ធ​ជាមួយ​គណបក្ស​ផ្សេង​ក្រៅ​ពី​គណបក្ស​កាន់​អំណាច​ ​ដើម្បី​រួមគ្នា​ជា​ក្រុម​ក្នុង​ការ​តស៊ូ​មតិ​មួយ ក្នុង​ការធានា​ដំណើរការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ ​និង​យុត្តិធម៌ និង​ជា​ប្រយោជន៍​ដល់​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ខាង​មុខ។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា៖ ​«គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ឆ្លង​កាត់​ការ​ពិគ្រោះ ពិភាក្សា​ជា​ទ្វេភាគី ជា​ពហុ​ភាគី​កន្លង​មក​ជា​មួយ​បណ្តា​គណបក្ស​នយោបាយ​ខាង​លើ​ បាន​ចាប់​អារម្មណ៍​ចំពោះ​រូបមន្ត ​ការ​រួប​រួម​គ្នា​ក្រោម​គណបក្ស​នយោបាយ​មួយ ​គឺ​ជា​ជម្រើស​វិជ្ជមាន»។

គណ​បក្ស​ឆន្ទៈ​ខ្មែរ​យល់​ថា​គណ​បក្ស​ភ្លើង​ទៀន​ដែលទទួល​បាន​សំឡេង​គាំទ្រ​ច្រើនពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ មាន​គុណ​សម្បត្តិ ​នាំ​មុខ​ផ្តួចផ្តើម​ក្នុង​ដឹកនាំ​ការ​ពិភាក្សា​អំពី​ការ​រួប​រួម​រវាង​គណ​បក្ស​នយោបាយ​នេះ ដើម្បី​ឱ្យ​សម្រេច​មុន​ដំណាច់​ឆ្នាំ​២០២២​នេះ។

​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កក្កដា ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន ​បាន​បញ្ជាក់​ថា​ការ​ចងសម្ពន្ធ​ភាពនេះ​ត្រូវឈរ​លើ​សសរ​ស្តម្ភ​ចំនួន​៤ ​រួម​មាន​គោល​បំណង គុណ​តម្លៃ គោលការណ៍ និង​គោល​នយោបាយ។ គណបក្ស​នេះ​បាន​ដាក់​ចេញ​សំណើ​ និង​ជម្រើស​ចំនួន​៣​ដល់​គណ​បក្ស​ដទៃ​ដែល​មាន​បំណង​ចង​សម្ពន្ធភាព ឬ​សហការ​គ្នា​ដែល​រួម​មាន​ ទី១​ ការ​ចែក​មណ្ឌល​គ្នា​ឈរ​ឈ្មោះ ទី២ ការ​រួម​គ្នា​ក្រោម​ឈ្មោះ​គណបក្ស​ណា​មួយ និង​ទី៣​ ​ការ​រួមគ្នា​បង្កើត​គណបក្ស​ថ្មី​មួយ។

ក្រោយ​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អំពី​ការ​ចង​សម្ពន្ធ​ភាព​នេះ ​គឺ​គណ​បក្ស​ប្រឆាំង​ផ្សេង​ទៀត ​ដូច​ជា​គណបក្ស​ភ្លើង​ទៀន គណបក្ស​កែទម្រង់​កម្ពុជា​ ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ឱ្យ​មាន​ការ​រួម​សាមគ្គី​គ្នា​ឡើង​វិញ​ផង​ដែរ។ ​ពួកគេ​យល់​ថា​វា​ជា​រឿងល្អ ដើម្បី​រួម​កម្លាំង​គ្នា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ទប់ទល់​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច បង្កើន​សំឡេង​ជំទាស់​ក្នុង​រដ្ឋ​សភា និង​កុំ​ឱ្យ​បាត់​បង់​សំឡេង​ឆ្នោត​របស់​ប្រជា​ពល​រដ្ឋ ​ដែល​មិន​គាំទ្រ​គណ​បក្ស​កាន់​អំណាច ​ដូច​ឆ្នាំ​២០១៨​កន្លង​ទៅ។

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ​ ឥសាន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ គណបក្ស​កាន់​អំណាច​មិន​បារម្ភ​អ្វី​ឡើយ​ចំពោះ​ការ​ចង​សម្ពន្ធភាព​នេះ ដោយ​លោក​ចាត់​ទុក​គណ​បក្ស​ទាំង​នោះ«គ្រាន់​ជា​អំបែង​កែវ​»របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណោះ ​និង​មិន​អាច​យក​ឈ្នះ​គ​ណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ។

លោក​ថ្លែង​ថា៖ «សួរ​ថា​ប្រភព​គាត់​មក​ពី​ណា ប្រភព​គាត់​ចេញ​មក​ពី... អំបែង​កែវ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បោក​ខ្ទេច​អស់​ហើយ រំលាយ​អស់​ហើយ​ហ្នឹង។ ហើយ​យើង​ដឹង​ហើយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ វា​ឡើង​ដល់​ចំណុច​កំពូល​នៅ​ឆ្នាំ​២០១៣ ហើយ​ដល់​ក្រោយ​២០១៣​មក គាត់​រលាយ​ហើយ។ អ៊ីចឹង​គាត់​ចែក​ចេញ​ពី​ហ្នឹង​មក ហើយ​គាត់គ្រាន់​តែ​ជា​អំបែង​កែវ​ល្អិតៗ​បួន​ប្រាំ​យក​មក​ផ្គុំ​គ្នា តើ​វា​ស្មើ​កែវ​ដូច​ដើម​ទេ?​ វា​អត់​ដូច​ដើម​ទេ»៕

XS
SM
MD
LG