ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណ​បក្ស​ប្រឆាំង​មួយ​ចំនួន​គាំទ្រ​ការ​ចង​សម្ពន្ធភាព​ជាមួយ​គ្នា ​ដើម្បី​ជា​កម្លាំង​រួម​​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ក្រោយ​​


ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើសន្និសីទសារព័ត៌មានស្តីពីសំណើចងសម្ពន្ធភាពនយោបាយឆ្នាំ២០២៣ជាមួយគណបក្សដទៃ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើសន្និសីទសារព័ត៌មានស្តីពីសំណើចងសម្ពន្ធភាពនយោបាយឆ្នាំ២០២៣ជាមួយគណបក្សដទៃ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

គណ​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​បង្ហាញ​ការ​គាំទ្រ​ការ​ចង​សម្ពន្ធភាព​ជា​មួយ​គ្នា ​ដើម្បី​ជា​កម្លាំង​រួមគ្នា​ ក្នុង​ការ​បង្កើន​សំឡេង​ជំទាស់​ក្នុង​សភានៅ​ឆ្នាំ​២០២៣​ ដែល​ពួកគេ​អះអាង​ថា​ដើម្បី​ទប់ទល់ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ ​នៅ​ភោជនីយ​ដ្ឋាន​អូក្រា ​ក្នុង​ខណ្ឌ​ទួល​គោក ​ដោយ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​បំណង​របស់​គណបក្ស​ក្នុង​ការ​ចង​សម្ពន្ធភាព​ជា​មួយ​គណបក្ស​ផ្សេង​ក្រៅពីគណបក្ស​កាន់​អំណាច​ ឱ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០​២៣​ ដើម្បី​រួម​កម្លាំង​គ្នា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធិ​ប្រជាធិបតេយ្យក្នុង​ប្រទេស​កម្ពុជា និង​បង្កើន​សំឡេង​ជំទាស់​ក្នុង​រដ្ឋ​សភា។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បញ្ជាក់ថា​ការ​រៀប​ចំ​ និង​ដំណើរការ​នៃ​សម្ព័ន្ធ​ភាព​២០២៣​នេះ ធ្វើ​ឡើង​អនុលោម​ទៅ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ និង​ច្បាប់​ពាក់ព័ន្ធ​នានា ហើយ​ឈរ​លើ​សសរ​ស្តម្ភ​ចំនួន​៤ រួម​មាន​គោល​បំណង គុណ​តម្លៃ គោលការណ៍ និង​គោល​នយោបាយ។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ដាក់​ចេញ​សំណើ​ដល់​គណបក្ស​ដទៃ​ដែល​មាន​បំណងចង​សម្ពន្ធភាព ឬ​សហការ​គ្នា​នូវ​ជម្រើស​ចំនួន​៣ រួម​មាន​ ទី១​ការ​ចែក​មណ្ឌល​គ្នា​ឈរ​ឈ្មោះ ទី២ ការ​រួម​គ្នា​ក្រោម​ឈ្មោះ​គណបក្ស​ណា​មួយ និង​ទី៣​ ​ការ​រួមគ្នា​បង្កើត​គណបក្ស​ថ្មី​មួយ។ ​

លោក យ៉ង សាំងកុមារ ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​ថា​មូលហេតុ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចង់​ចង​សម្ព័ន្ធ​ និងសហការ​ជាមួយ​គណបក្ស​ដែល​មាន​និន្នាការ​ដូច​គ្នា ​ឱ្យ​បាន​មុន​ឆ្នាំ​២០២៣​ គឺ​ដើម្បី​បង្កើត​សំឡេងពហុ​បក្ស​ឱ្យ​មាន​ច្រើន​ក្នុង​សភា ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​របស់​បក្ស​កាន់អំណាច​ក្នុង​រដ្ឋសភា និង​ធ្វើ​ឱ្យ​រដ្ឋ​សភា​មាន​ភាព​រស់​រវើក​ឡើង​វិញ។

​លោក​បន្ត​ថា​ម្យ៉ាង​ទៀត​លោកមិន​ចង់​ឱ្យ​មាន​ការ​បាត់​បង់​សំឡេង​ឆ្នោត​របស់​ប្រជា​ពល​រដ្ឋ ​ដែល​មិន​គាំទ្រ​គណ​បក្ស​កាន់​អំណាច ​ដូច​ឆ្នាំ​២០១៨​កន្លង​ទៅ។ ​អ្នក​នយោបាយ​រូប​នេះ​បន្ថែម​ថា​ការ​ចង​សម្ព័ន្ធ​ភាព​នេះ ក៏មិនមែន​ចង់​ទៅ​ផ្តួល​រំលំ​គណបក្ស​ណា​មួយ​នោះ​ទេ ហើយ​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​មិន​ចង់​បាន​អាសនៈ​នៅរដ្ឋ​សភា ​ដើម្បី​អង្គុយ​នោះ​ដែរ។

​លោក​ថ្លែង​ថា៖ ​«រឿង​ការ​សហការ​គ្នា​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ​ជា​រឿង​សំខាន់​ណាស់។ រឿង​សំខាន់​មែន​ទែន ហើយ​អាហ្នឹង​មិន​មែន​យើង​ចេះ​តែ​និយាយ​ទេ គឺ​យើង​យក​[តួ]​លេខ​កន្លង​មក ​មក​និយាយ។ ហើយ​លេខ​បញ្ជាក់​ច្បាស់​តែ​ម្តង។ បើ​យើង​មិន​សហការ​គ្នា​ទេ ប្រជា​ពល​រដ្ឋ​ដែល​មាន​និន្នាការ​មិន​គាំទ្រ​គណបក្ស​កាន់​អំណាច​ គាត់​នឹង​ពិន័យ​យើង​ហើយ។ ពិន័យ​យើង​ទី​១​ គាត់​អត់​ទៅ​បោះឆ្នោត​ ពិន័យ​យើង​ទី​២​ គាត់​ទៅ​បោះ​ឆ្នោត​ចោល​ ដូច​ឆ្នាំ​២០១៨ ...​ ហើយ​ពិន័យ​ទី៣​ រុញ​ទូក​បណ្តោយ​ទឹក»។

លោក​បន្ថែម​ថា​ប្រសិន​បើ​គណបក្ស​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច មិនរួម​សាមគ្គី​គ្នា ឬ​សហការ​គ្នា​ទេ នោះ​ឆ្នាំ​២០២៣​ដែលជា​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ គណបក្ស​ប្រជាជន​កម្ពុជាអាច​នឹង​ទទួល​បាន​សំឡេង​កើន​ឡើង​បន្ថែម​ទៀត។

​លោក​បញ្ជាក់​ថា៖ ​«កាល​ណា​យើង​បែប​បាក់​គ្នា ​គឺ​លេខ​ ​[ប្រជា​ពលរដ្ឋ​បោះឆ្នោត]​ ​វា​ប្រាប់​ថា​អ៊ីចឹង​ហើយ...​បើ​បែក​បាក់​គ្នា​ ​គណ​បក្ស​ប្រជា​ជននឹង​ទទួល​ជោគ​ជ័យ​យ៉ាង​ស្រួល។ គាត់​អាច​បាន​៥​លានសំឡេង​ជាង​ឆ្នាំ​២០២៣​ហ្នឹង ពី​ព្រោះ​ឆ្នាំ​២០១៨ ​គាត់​បាន​៤​លាន​សំឡេង​...»។
លោក​បញ្ជាក់​បន្ថែម​ទាក់ទង​នឹង​សំណើ​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដោយជម្រើស​ទី​១ ​ការ​ចែក​មណ្ឌល​គ្នា​ឈរ​ឈ្មោះ​ និង​ជម្រើស​ទី២ ការ​រួម​ក្រោម​ឈ្មោះ​គណបក្ស​ណា​មួយ គឺប្រហែល​អាច​មាន​ការ​ច្របាច់​បញ្ចូល​គ្នា នៅ​ពេល​មាន​ការ​ពិភាក្សា​ជាមួយ​បក្ស​ដទៃ។ លោក​ថា​ជម្រើស​នេះ ត្រូវ​តែ​មាន​ជជែក​ឯកភាព​គ្នា​ និង​ព្រម​ព្រៀង​គោល​នយោបាយ​រវាង​គណ​បក្ស​ទាំង​អស់​ដែល​ចូល​រួម​ចង​សម្ព័ន្ធ។​ ​

បើ​តាម​លោក យ៉ង សាំង​កុមារ បើ​គណបក្ស​នយោបាយ​ណា​មួ​យមិន​ចង់​ចូល​ជា​សម្ពន្ធភាព​ជាមួយ​គ្នា ​គឺ​គណបក្ស​ទាំង​នោះ​ក៏​នៅតែអាច​រក​វិធីសាស្ត្រ​រួមគ្នា ទាក់​ទង​ក្រម​សីល​ធម៌ ​កុំ​ឱ្យ​មាន​ការ​ជេរ​ប្រមាថ​គ្នា​ និង​ឈប់​លាប​ពណ៌​គ្នា​ជា​ដើម។

លោក​ ថាច់ សេដ្ឋា ​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​យល់​ថា​ការ​ចង​សម្ពន្ធភាព​រវាង​គណបក្ស​នយោបាយ ​គឺ​ជា​រឿងល្អ​ ដើម្បី​អាច​រួម​កម្លាំង​គ្នាក្នុង​ការ​តស៊ូ​មតិ។ ប៉ុន្តែ​លោក​ថា​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​មិន​ទាន់​បាន​ជួប​ប្រជុំគ្នា គិត​គូរ​ថា​នឹង​ត្រូវចង​សម្ព័ន្ធ​ភាព​ជា​មួយ​គណ​បក្ស​ដទៃ​បែប​ណា​នោះ​ទេ។

​លោក​ថ្លែង​ថា៖ «ការ​រួម​គ្នា​ជា​ការ​ល្អ​ហើយ​ ដែល​យើង​មើល​ឃើញ។ អ្វី​ដែល​ជា​ការ​រួប​រួម​អ្នក​ប្រជាធិបតេយ្យ​ គឺជា​ការ​មួយ​វា​ត្រូវ​តែ​រួម​កម្លាំង អាហ្នឹង​បាន​វា​អាច​ទៅ​ជា​កម្លាំង​មួយ​ខ្លាំង​ក្នុង​ការ​តស៊ូ​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យ​របស់​យើង​ហ្នឹង។ គ្រាន់​តែ​ដោយ​ឡែក​ចំពោះគណបក្ស​ភ្លើង​ទៀន​ នៅ​ពេល​នេះ យើង​កំពុង​តែ​មមាញឹក​នៅ​ក្នុង​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​របស់​យើង​ឱ្យ​រឹង​មាំ»។

លោក​ គង់ មុនីកា​ ប្រធាន​គណ​បក្ស​ឆន្ទៈ​ខ្មែរ បាន​គាំទ្រ​ចំពោះ​ការ​បង្កើត​ឱ្យ​មាន​ការ​ចង​សម្ព័ន្ធ ឬ​សហ​ប្រតិ​បត្តិ​ការ​រវាង​គណ​បក្ស​ដែល​មាន​និន្នាការ​ដូច​គ្នា​នេះ​ផង​ដែរ។ លោក​យល់​ថា​នេះជា​កម្លាំងប្រជាធិបតេយ្យធំ​មួយ​ ដើម្បី​ប្រកួតប្រជែងជាមួយ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ​២០​២៣​ខាង​មុខ។ ប៉ុន្តែ​លោក​ថា​ការ​សហការ​គ្នា​នេះ ត្រូវ​តែ​មាន​កំណត់​គោលការណ៍ និង​ការ​ជជែក​គ្នា​ឱ្យ​បាន​ច្បាស់​លាស់។​

លោក​បញ្ជាក់​ថា៖ ​«យើង​យល់​អំពី​ការ​ចង់​បាន​របស់​ម្ចាស់​ឆ្នោត យល់​អំពី​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។ ដូច្នេះ​ហើយ​ ខ្ញុំ​គិត​ថា​យើង​អាច​ធ្វើការ​រួម​គ្នា​ក្នុង​រូប​ភាព​ណា​មួយ​ក៏បាន​ ប៉ុន្តែ​ត្រូវ​តែ​មាន​គោលការណ៍​មួយ​ច្បាស់​លាស់។​ ហើយ​គោល​ការណ៍​ទាំង​អស់​នោះ​ ត្រូវ​ជជែក​គ្នា​ឱ្យ​បាន​ច្បាស់​លាស់​ជាមុន​សិន»។ ​

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​គណ​បក្ស​កែ​ទម្រង់​កម្ពុជា​ បញ្ជាក់​ថា​គណ​បក្ស​របស់​លោក​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​ចូល​រួម​សហការ​គ្នា​ជាមួយ​គណបក្ស​ដទៃ​ទៀត ​ដែល​មាន​និន្នាការប្រជាធិបតេយ្យ។ ប៉ុន្តែ​លោក​ទាមទារ​ឱ្យ​មាន​ការ​កំណត់លក្ខខណ្ឌ​ និង​គោលការណ៍​ច្បាស់​លាស់​នៅ​ពេល​ដែល​ធ្វើ​ការ​រួមគ្នា​ផងដែរ​ ដើម្បី​ធ្វើឱ្យលទ្ធិ​ប្រជា​ធិប​តេយ្យ​របស់​ប្រទេស​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ។ ​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ថា​ប្រសិន​បើ​មាន​រៀប​ចំ​យន្ត​ការ​ច្បាស់​លាស់ ឱ្យ​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​ក្នុង​ការ​ចូលរួម​ ទោះ​បី​ក្រោម​ឆត្រ​គណ​បក្ស​ណា​មួយ​ក៏​ដោយ​ឱ្យ​តែ​មាន​លក្ខខណ្ឌ​ច្បាស់​លាស់ មាន​គោល​ការណ៍ច្បាស់​លាស់​ ខ្ញុំ​ជឿថា​វា​ជា​ប្រយោជន៍​ហើយ​ ព្រោះ​កាល​ណា​យើង​នៅ​បែក​ខ្ញែក​គ្នា ​វា​ខាត​សំឡេង​ [ហើយ​]សំឡេង​រប៉េសរប៉ស​ហ្នឹង វា​អាច​ឱ្យ​អាសនៈ​ហ្នឹង​វា​បានតិច​...។ ហើយ​បើ​យើង​រៀប​ចំ​ត្រឹមត្រូវ ​កុង​ត្រា​ច្បាស់​លាស់ ខ្ញុំ​ជឿ​ថា​វា​ចំណេញ​ទាំង​អស់​គ្នា​ទេ»។

បើ​តាម​ផែន​ការ​កសាង​សម្ពន្ធភាព​ឆ្នាំ​២០២៣​នេះ គណ​បក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​គ្រោង​ធ្វើ​ឱ្យ​ចប់​នៅមុន​ខែ​តុលា​ ឆ្នាំ​២០២២​ខាង​មុខ​នេះ ដើម្បី​អាច​មាន​ពេល​វេលា​ត្រៀម​ខ្លួន​ក្នុង​ការ​រៀប​ចំ​ឯកសារ​ផ្លូវ​ការ​ផ្សេងៗ៕

XS
SM
MD
LG