ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អនុប្រធានា​ធិបតី​​ Joe Biden ប៉ុន​ប៉ង​​ជា​លើក​ទី​បី​ដើម្បី​​ឱ្យ​​បានកាន់តំណែង​ជាប្រធានាធិបតី​សហរដ្ឋ​អាមេរិក


លោក Joe Biden បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​នៅ​ទីក្រុង Wilmington រដ្ឋ Delaware សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា ២០២០។
លោក Joe Biden បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែង​ក្នុង​យុទ្ធនាការ​ឃោសនា​នៅ​ទីក្រុង Wilmington រដ្ឋ Delaware សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា ២០២០។

បើ​សិន​ជា​លោក​ជាប់​ឆ្នោត​នៅ​ថ្ងៃ​ទី​៣​វិច្ឆិកា​ខាង​មុន​នោះ​ លោក​ Biden នឹង​ក្លាយ​ជា​ប្រធានាធិបតី​ ​សហរដ្ឋ​អាមេរិក​ចាស់​ជាង​គេ ពេល​ឡើង​កាន់​តំណែង។

លោក​អតីត​អនុប្រធានា​ធិបតី Joe Biden ធ្វើ​ការ​ប៉ុន​ប៉ង​ជា​លើក​ទី​បី​ដើម្បីឱ្យបាន​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ បើ​សិន​ជា​លោក​ជាប់​ឆ្នោត​នៅ​ថ្ងៃ​ទី​៣​វិច្ឆិកា​ខាង​មុន​នោះ​ លោក​ Biden នឹង​ក្លាយ​ជា​ប្រធានាធិបតី​ ​សហរដ្ឋ​អាមេរិក​ចាស់​ជាង​គេ ពេល​ឡើង​កាន់​តំណែង។

លោក​អតីត​អនុប្រធានា​ធិបតី​ស.រ.អា. Joe Biden ដែល​ជា​អ្នក​ប្រជាធិបតេយ្យម្នាក់​មាន​កំណត់​នឹង​ឈរ​ឈ្មោះប្រឆាំង​លោក​ប្រធានាធិបតី ​Donald Trump​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​៣​ វិច្ឆិកា ប៉ុន​ប៉ងលើក​ទី​បី​ដើម្បីឱ្យបាន​កាន់តំណែង​ជាន់​ខ្ពស់​នៅ​ក្នុង​សេតវិមាន ក៏​ប៉ុន្តែ​ជា​លើក​ទី​មួយ​ត្រូវ​សន្មត​ថា​ជា​វរជន​នឹង​ទទួល​ការ​តែង​តាំង​ជា​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

ប្រសិន​បើ​លោក​ឈ្នះ​ឆ្នោត​ហើយសម្ពោធ​តំណែងក្នុង​ខែ​មករាឆ្នាំ​ក្រោយ លោក​ Biden នឹងក្លាយ​ជា​ប្រធានាធិបតី​ទី៤៦ ​របស់ប្រទេស​អាមេរិក។ នៅ​ពេល​នោះ​លោក​នឹង​មាន​អាយុ​៧៨​ឆ្នាំ​ដែល​ជា​ប្រធានាធិបតី​ស.រ.អា.​ចាស់​ជាង​គេដោយ​លោក​មានអាយុ​ច្រើន​ជាង​លោក Trump ដែលមានអាយុ៧៤​ឆ្នាំ។

នៅ​អំឡុង​ពេល​ឃោសនា​បោះឆ្នោតច្រើន​ខែ​មក​ហើយ លោក Biden បាន​មាន​ប្រសាសន៍​ថា​លោក​ស្វះ​ស្វែងបញ្ចប់​រដ្ឋបាល​«ខុស​គេ»​របស់​លោក Trump។​

លោក Biden បានមាន​ប្រសាសន៍​តាម​គេហទំព័រ​នៃ​ការឃោសនា​បោះឆ្នោត​របស់​លោក​ថា៖ «យើងកំពុង​ឋិត​ក្នុងការ​ប្រយុទ្ធ​មួយដើម្បីព្រលឹង​នៃ​ប្រទេស​អាមេរិក។ នេះ​ជា​ពេលវេលាដើម្បី​រំលឹក​ថា​យើង​ជា​មនុស្ស​បែប​ណា។ ​យើង​ជា​ជនជាតិ​អាមេរិកាំង​ដែល​ម៉ឺង​ម៉ាត់​ មិន​ងាយ​ទ្រុឌទ្រោម ក៏ប៉ុន្តែមាន​សេចក្តី​សង្ឃឹម​ជា​និច្ច។ នេះ​ជា​ពេល​វេលាដែល​យើងត្រូវមាន​អាកប្បកិរិយាទៅ​រក​គ្នា​ទៅ​វិញទៅ​មកដោយ​សេចក្តី​ថ្លៃ​ថ្នូរ។ យើង​ត្រូវកសាងឋានៈកណ្តាល​មួយ​ដែល​បានការ​សម្រាប់​មនុស្ស​គ្រប់​គ្នា។យើង​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​រំលោភ​ដោយ​ប្រើ​អំណាច​ហួស​និស្ស័យ​ដូចដែល​យើង​កំពុង​ឃើញ។ដល់​ពេល​វេលា​ហើយ​ដែលយើងត្រូវ​ពិចារណា​ឱ្យ​បាន​ហ្មត់​ចត់​និងចង​ចាំ​ថា​ថ្ងៃល្អប្រសើរ​របស់​យើង​នឹង​មក​ដល់​នៅ​ពេល​ខាងមុខ។»

លោក​ Biden បានចាត់ទុកលោក ​Trump ​ថាមិន​សក្តិសម​ជា​មេដឹកនាំ​នៃពិភពលោក​សេរីទេ​ដោយ​លោក​បាន​និយាយថា «ដល់​ពេលត្រូវមាន​មេដឹកនាំម្នាក់​ដែល​គេ​គោរព​នៅ​លើ​ឆាក​អន្តរជាតិ-និង​មេដឹកនាំ​ម្នាក់​មាន​សេចក្តី​ថ្លៃថ្នូរ​នៅ​ក្នុង​ប្រទេស​យើង»។

ក៏​ប៉ុន្តែនៅ​ពេល​មានការរាតត្បាត​ជា​សាកល​និង​ជា​ប្រវត្តិសាស្ត្រនៃវីរុស​កូរ៉ូណា ការ​ឃោសនា​បោះឆ្នោតរបស់លោក​ Biden​ រហូត​ដល់​ដើមខែ​កក្កដាមិនដូចការ​ឈរ​ឈ្មោះ​ក្នុង​សម័យ​ទំនើប​សម្រាប់តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទេ។ ដោយ​ភាគ​ច្រើន​លោក​បាន​ធ្វើការ​ឃោសនា​បោះឆ្នោត​ពី​ផ្ទះ​លោក​នៅក្នុង​រដ្ឋ Delaware នា​ផ្នែក​ខាងកើត​ស.រ.អា.​ដោយជួនកាល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ក្រុង ​Wilmington​ ដែល​ជា​ក្រុង​ធំបំផុត​នៅ​ក្នុងរដ្ឋនោះ​និង​ទៅ​កាន់​ក្រុង Philadelphia រដ្ឋ​ Pennsylvania នៅ​ជិត​ខាង​ Delaware​ ដើម្បីថ្លែង​សុន្ទរកថា​និង​ធ្វើការ​ពិភាក្សា​ខាង​គោល​នយោបាយជា​មួយ​ក្រុម​តូចៗ​នៃ​ប្រជារាស្ត្រ។​

រូបផ្គុំ​គ្នា​រវាង​លោក Joe Biden និង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។
រូបផ្គុំ​គ្នា​រវាង​លោក Joe Biden និង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

អតីតសមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​រូប​នេះ​បានធ្វើសន្និសិត​កាសែតតែម្តង​គត់ក្នុងពេលបីខែហើយ​លោក​ជៀសវៀងការ​ប្រជុំ​នយោបាយ​ធំៗ​ដោយខ្លាចឆ្លងឬនាំ​ឲ្យ​មានការ​ចម្លងវីរុសកូរ៉ូណាប្រសិន​បើ​មាន​ក្រុមមនុស្សធំៗប្រមូលផ្តុំ​គ្នា​ដើម្បី​ស្តាប់​លោក​មានប្រសាសន៍។

សមិទ្ធិផល​និង​ជីវិតផ្ទាល់ខ្លួនរបស់លោក Biden

ក្រោយ​ពីបានទទួល​បរិញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យរដ្ឋ Delaware និងមហាវិទ្យាល័យ​ច្បាប់​ Syracuse នៅ​ក្នុង​អាយុ២៩​ឆ្នាំលោក Biden ​បាន​ក្លាយ​ទៅ​ជាអ្នក​តាក់​តែ​ងច្បាប់​ក្មេង​ជាង​គេ​ដែល​បានជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.។ ក៏​ប៉ុន្តែក្នុង​ពេល​តែ​ប៉ុន្មានសប្តាហ៍ក្រោយលោក​បានជាប់​ឆ្នោត​ លោក​ក៏មានសោកនាដកម្ម​ផ្ទាល់​ខ្លួន។ ភរិយា​លោក ​Biden ឈ្មោះ ​Neilia និង​កូន​ស្រី​របស់​គូ​ស្វាមី​ភរិយា​នេះ​ឈ្មោះ Naomi ​បានស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​ទៅ​ទិញឥវ៉ាន់​សម្រាប់​បុណ្យ Christmas។ លោក​ Biden បាន​ពិចារណា​អំពី​ការ​លាលែង​ចេញ​ពី​អាសនៈ​ក្នុង​ព្រឹទ្ធសភា​ដែលលោកបានឈ្នះ​ឆ្នោតកាលពី​ពេលថ្មីៗនោះ​ដើម្បី​ថែទាំកូន​ប្រុស​ពីរ​នាក់របស់លោកនិងភរិយាលោក។ ​ក៏ប៉ុន្តែ​ជាជាង​ធ្វើ​ដូច្នេះ​ លោកបាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​តាមរទេះ​ភ្លើង​ចំនួន​៩០​នាទី​រវាង​រដ្ឋធានី​ Washington និង​គេហដ្ឋានលោក​ក្នុង​រដ្ឋ Delaware ជា​រៀង​រាល់​ថ្ងៃ​ដែល​ជាទម្លាប់​មួយ​លោក​បាន​ធ្វើ​ក្នុង​រយៈ​ពេល​៦​អណត្តិ​របស់​លោក​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​ចំនួន​៣៦​ឆ្នាំ។

ប៉ុន្មាន​ឆ្នាំក្រោយ​មរណភាព​នៃ​ភរិយា​លោក ​លោក Biden បាន​ជួប​ហើយ​បន្ទាប់​មក​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​លោកស្រី Jill Jacobs Tracy ​ដែល​ជាគ្រូ​បង្រៀន​ហើយគូ​ស្វាមី​ភរិយា​នេះមាន​កូន​ស្រី​ម្នាក់​កាល​ពី​ឆ្នាំ១៩៨១។ លោក Biden បាន​ឈរ​ឈ្មោះសម្រាប់​តំណែង​ប្រធានាធិបតី​កាលពី​ឆ្នាំ​១៩៨៧​ និង​ឆ្នាំ២០០៧​ ក៏​ប៉ុន្តែ​លោក​មិន​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​ពួក​អ្នក​បោះឆ្នោតក្នុង​ពេល​ទាំង​ពីរ​នោះ​ទេ។​ ក្រោយពេល​ដែល​លោក​ Biden បាន​ដកថយ​ពី​ការ​ប្រកួត​ប្រជែង​កាល​ពី​ឆ្នាំ២០០៧ ​ក្រោយ​មក​លោក Barack Obama ដែល​កាលនោះ​ជា​បេក្ខជនប្រធានាធិបតីបាន​សុំ​ឱ្យ​លោក Biden ​ឈរ​ឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី។ ​បុរស​ទាំង​ពីរ​នាក់​នេះ​បាន​ឈ្នះនៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ២០០៨​ ហើយ​បាន​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត​កាល​ពី​ឆ្នាំ២០១២។​ លោក​ Biden បាន​បម្រើការ​ជា​អនុប្រធានាធិបតី​របស់លោក Obama ចំនួន​៨​ឆ្នាំ។

គោល​នយោ​បាយការ​បរទេស​របស់លោក Biden

​ក្នុង​ព្រឹទ្ធសភា​ស.រ.អា.​លោក Biden ជា​សមាជិក​ក្នុង​រយៈពេល​យូរ​នៃ​គណៈ​កម្មាធិការទំនាក់ទំនង​បរទេស​ដែល​មាន​អំណាច​ខ្លាំងហើយ​បាន​ធ្វើ​ជា​ប្រធានគណៈកម្មាធិការ​នេះ​ពីរ​ដង។ លោក​បាន​ប្រឆាំងនឹងសង្គ្រាមក្នុង​តំបន់​ឈូង​សមុទ្រ Perse កាល​ពី​ឆ្នាំ១៩៩១ ​ក៏​ប៉ុន្តែ​លោក​បាន​អនុញ្ញាតឱ្យ​មាន​ការ​លុក​លុយប្រទេស​អ៊ីរ៉ាក់​ក្នុងឆ្នាំ២០០៣។ លោក​ក៏​បានគាំទ្រឱ្យ​មាន​អន្តរាគមន៍​របស់​ស.រ.អា.និង​អង្គការ​អូតង់​ក្នុង​ប្រទេស​បូស្ន៊ី​ ក្នុង​ឆ្នាំ១៩៩៤។ នៅ​ពេល​បម្រើ​ការ​ជា​អនុប្រធានាធិបតី​របស់​លោក​ Obama លោក Biden បាន​ជួយ​រៀបចំគោល​នយោបាយ​ស.រ.អា.​ចំពោះ​ប្រទេសអ៊ីរ៉ាក់​ដោយ​មាន​រូម​បញ្ចូល​ការដក​ក្រុម​ទាហាន​អាមេរិកាំងចេញ​ពី​ប្រទេស​នេះ​កាលពី​ឆ្នាំ​២០១១​ផង​ដែរ។ លោក​ក៏​បាន​គាំទ្រ​ដល់​អន្តរាគមន៍យោធា​ដឹកនាំ​ដោយ​អង្គការ​អូតង់​ក្នុង​ប្រទេស​លីប៊ី​ក្នុង​ឆ្នាំ២០១១​។

លោក Biden បាន​បំពេញមុខ​នាទី​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រយៈពេលច្រើន​ឆ្នាំ​ដែលលោក​ធ្វើការ​ក្នុង​ព្រឹទ្ធសភាជា​ពិសេសក្នុង​ការចាត់​ចែង​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​នឹងភេរវកម្មដោយមានរួមបញ្ចូល​ការហាម​ប្រាម​មិន​ឱ្យ​ផលិត​កាំ​ភ្លើង​ពាក់​កណ្តាល​ស្វ័យ​ប្រវត្តិដែល​ចូល​ជា​ធរមាន​១០ឆ្នាំ​រហូត​ដល់​ឆ្នាំ២០០៤​ក៏​ប៉ុន្តែ​មិន​បានត្រូវ​បន្តសុពលភាព​ទេ។លោក​បាន​ទ្រទ្រង់ការដាក់​ទោសតឹងរ៉ឹង​ដល់ពួក​ឧក្រិដ្ឋជន​ដែល​ជា​គោល​ជំហរ​មួយ​លោក​បាន​កែ​សម្រួល​នៅពេល​លោក​ឃោសនា​បោះឆ្នោតប្រធានាធិបតី​នៅឆ្នាំ២០២០នេះ។នៅ​ពេល​នេះ​លោក​បាន​និយាយថា«មាន​មនុស្សច្រើនពេក​ជាប់​ឃុំឃាំង​នៅក្នុង​ស.រ.អា.-ហើយ​ជា​ច្រើននាក់​ជា​ពួក​ជន​ស្បែក​ខ្មៅ​និងស្បែក​ព៌ណ​ត្នោត‍»។

លោក Biden បាន​មានប្រសាសន៍​ថា​លោកចាត់​ទុកច្បាប់ស្តីពី​អំពើហិង្សា​លើ​ស្ត្រីជា«សេចក្តី​ព្រាងច្បាប់សំខាន់បំផុត»ដែល​លោក​បានជួយ​ជំរុញក្នុង​សភា​នៅ​ក្នុងពេលលោក​កាន់​តំណែង​នៅក្នុងព្រឹទ្ធសភា។

ក៏​ប៉ុន្តែ​ការ​ធ្វេស​ប្រហែស​របស់​លោក​នៅ​ក្នុងការ​ធ្វើសក្ខីកម្មនៃ​ការ​ស្នើ​តែងតាំង​លោក Clarence Thomas ដែល​ជាជនជាតិ​អាមេរិកាំងដើមកំណើត Afrique ឱ្យ​កាន់តំណែង​ចៅក្រម​នៃ​តុលាការ​កំពួល​ដោយ​លោក​ប្រធានាធិបតី George H. W. Bush កាល​ពីឆ្នាំ១៩៩១បានធ្វើឱ្យសត្រូវ​ខ្លះរបស់លោក Biden ក្នុង​គណបក្ស​ប្រជាធិបតេយ្យឈឺ​ចាប់​ក្នុងចិត្ត​ជា​ច្រើនឆ្នាំ។

អ្នកស្រី Anita Hill មេធាវី​និង​ជាអ្នកធ្វើការ​ជា​មួយ​លោក Thomas បាន​ចោទ​ប្រកាន់លោក​ថាបានយាយី​ខាងភេទ​ប្រឆាំងនឹង​អ្នក​ស្រី​ដែល​ជា​ការ​ចោទ​ប្រកាន់​លោក Thomas បានបដិសេធ។ក៏​ប៉ុន្តែលោក Biden ដែល​កាល​នោះ​ជា​ប្រធានគណៈកម្មាធិការ​នីតិកម្មនៃព្រឹទ្ធសភា​មិន​បានអនុញ្ញាត​ឱ្យសាក្សីថែម​ទៀតថ្លែងគាំទ្រ​ការ​ផ្តល់​សក្ខីកម្មរបស់អ្នក​ស្រី​ Hill ទេ។​ក្រុម​ស្ត្រី​និង​ពួក​សកម្មជន​ខាងច្បាប់សេរីនិយម​បានរិះ​គន់ខ្លាំង​ដល់​របៀប​ដែលលោក Biden ចាត់​ចែងសវនាការ​នោះ។ព្រឹទ្ធសភាបាន​យល់ព្រម​ប្រផិត​ប្រផើយដល់​ការតែងតាំងលោក Thomas ហើយ​លោកកាន់​តំណែង​ជា​ចៅក្រុមតុលាការកំពូលរហូតដល់ថ្ងៃ​នេះ។កាល​ពី​ខែ​មេសាឆ្នាំ២០១៩​លោក Biden បាន​ហៅ​ទូរសព្ទ​ទៅអ្នក​ស្រី Hill សម្តែង​ការ​ស្តាយ​ក្រោយ​អំពីរបៀបដែល​លោក​បាន​ចាត់​ចែង​សវនាការ​តែ​ងតាំង​លោក Thomas ក៏​ប៉ុន្តែអ្នក​ស្រី​បាន​និយាយ​នៅពេល​បន្ទាប់​ថា​អ្នក​ស្រី​នៅ​តែ​មិនពេញ​ចិត្ត​យ៉ាង​ខ្លាំង។

កម្មវិធី​នយោបាយ​របស់​លោក Biden

​ការ​ប្រមើលមើលក្នុងពេល​អនាគត​នៃការកាន់តំណែង​ប្រធានាធិបតី​របស់លោក​ Biden បញ្ចាំងឱ្យឃើញរយៈពេល​៨ឆ្នាំ​នៃ​ការ​កាន់​តំណែងរបស់លោក​ Obama ក្នុង​សេតវិមាន​ជា​មួយ​គោល​នយោបាយ​ជុំរូញ​បុព្វហេតុជឿនលឿនសម្រាប់​សមភាពខាង​ពូជ​សាសន៍​និង​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​ស.រ.អា. ព្រម​ទាំង​កិច្ចប្រម​ព្រៀងអន្តរជាតិនៅ​ឯ​ក្រៅប្រទេស។​នៅ​ពេល​ដែល​លោក Trump បានដកស.រ.អា.ចេញ​ពី​កិច្ចព្រម​ព្រៀង​ខាងពាណិជ្ជកម្ម​ពហុជាតិ ខាងនុយ​ក្លេអ៊ែរ​និង​ខាងធាតុអាកាស​ដែល​លោក​ចាត់​ទុក​ថាមិន​ឋិត​នៅ​ក្នុង​ផលប្រយោជន៍​ល្អបំផុត​របស់​រដ្ឋាភិបាលក្រុង Washington គេ​រំពឹង​ថាលោក Biden នឹងប៉ុន​ប៉ងធ្វើឱ្យ​មានគោលជំហរនិង​ការទាក់​ទងរបស់​ស.រ.អា.ជា​មួយ​ប្រទេស​ក្រៅឡើង​វិញ។

នៅខាង​ក្នុង​ប្រទេស ជា​ច្រើនឆ្នាំ​មក​ហើយ​លោក Biden ល្បី​ឈ្មោះថា​បានឈោង​ដៃទាក់​ទងធ្វើការជា​មួយពួកសមាជិក​សភា​ខាងគណបក្ស​សាធារណរដ្ឋ។​ក៏​ប៉ុន្តែក្នុងការ​ប្រយុទ្ធដ៍​យូរ​ដើម្បី​ទទួល​ការតែង​តាំងជា​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យ លោក​ Bidenបាន​ច្រាន​ចោលការរិះគន់​ថាលោក​មិន​សេរី​និយម​គ្រប់គ្រាន់សម្រាប់គណបក្ស​ប្រជាធិបតេយ្យ​នៅពេល​សព្វ​ថ្ងៃ​នេះ​ដោយ​លោក​បាន​មានប្រសាសន៍​នៅ​ក្នុងការ​ប្រជុំមួយ​កាល​ពី​ខែ​មីនាថា «ខ្ញុំ​មានប្រវត្តិនៃ​គំនិត​ជឿនលឿនបំផុត​ក្នុង​ចំណោមពួកបេក្ខជនដែល​បានឈរ​ឈ្មោះ»។ លោក​ Biden បាន​សង្កត់​ធ្ងន់​លើប្រវត្តិ​នៃរដ្ឋបាល​លោក Obama ដែលមាន​រួម​បញ្ចូលការពង្រីកការ​ថែទាំសុខភាព​ ​ការ​គាំទ្រ​ដល់​កិច្ចខិតខំប្រឹង​ប្រែងធ្វើឱ្យ​ការ​រៀបការ​រវាង​មនុស្សស្រឡាញ់​មនុស្ស​មានភេទដូច​គ្នា​ជា​ការ​ត្រឹមត្រូវតាមច្បាប់​និង​ការជំរុញឱ្យ​រដ្ឋាភិបាលជួយ​សង្គ្រោះ​ឧស្សាហកម្មរថ​យន្ត​ស.រ.អា.។​

លោក Biden បាន​ពោល​អះអាង​ថា​លោក​ Trump បានបោះបង់ចោល​ការប្រយុទ្ធប្រឆាំង​នឹង​ការរាតត្បាត​ជា​សាកល​នៃវីរុស​កូរ៉ូណា​ដោយលោក​បានមានប្រសាសន៍​បន្ថែមថា​លោកនឹង «បញ្ឈប់​ឆាកល្ខោន​នយោបាយនិង​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បានបង្កើនការ​យល់​ច្រឡំ​និង​ការរើស​អើង»។ លោក Biden បាននិយាយថាលោកនឹង«ធ្វើឱ្យ​ប្រាកដប្រជា​ថា​សេចក្តី​សម្រេច​អំពី​សុខភាពសាធារណៈត្រូវ​ធ្វើ​ដោយពួក​អ្នក​ជំនាញ​ប្រចាំអាជីព​ខាងសុខាភិបាលសាធារណៈ​ ហើយមិន​មែនដោយពួក​អ្នកនយោបាយទេ‍»។

នៅ​ពេល​ដែលការ​មួម៉ៅ​ខ្លាំងនិងការនិយាយចំអកមានធ្វើច្រើន​តាម​ Twitter របស់លោក Trump ​ការនិយាយច្រឡំ​ដោយលោក​ Biden ​បាន​ផ្តល់​ឱ្យ​លោក ​Trump នូវ​ឱកាសនិយាយអះអាងថាបេក្ខជន​ប្រធានាធិបតីខាងគណបក្ស​ប្រជាបតេយ្យ​រូប​នេះ​មាន​ការ​ចង​ចាំ​ចុះថយ​ដោយសារ​លោក​មានអាយុ​ច្រើន។​កាល​ពីប៉ុន្មានសប្តាហ៍​មុននេះ​ លោក Biden បានមានប្រសាសន៍​ថា​លោក​ឈរឈ្មោះ​សម្រាប់​អាសនៈព្រឹទ្ធសភា​ជាជាងសម្រាប់​តំណែង​ប្រធានាធិបតី​ហើយ​នៅ​ពេលមួយ​នោះលោក​បាននិយាយថាជនជាតិ​អា​មេរិកាំង១២០លាននាក់បានស្លាប់​ដោយសារវីរុស​កូរ៉ូណា​ដែល​ការពិតមានតែ១សែន២ម៉ឺន​នាក់ប៉ុណ្ណោះ។

លោក​ Trump បាន tweet ថា៖ «ប្រសិន​បើ​ខ្ញុំនិយាយ​អ្វីភ្លី​ភ្លើបែប​នេះ បណ្តាញព័ត៌មាន​ក្លែងក្លាយនឹងនាំ​គ្នារិៈគន់​ខ្ញុំ​ដោយ​មិន​ត្រា​ប្រណី​ឡើយ។ការណ៍និយាយ​ខុស​នេះ​មិន​មែន​ជាកំហុសធម្មតា‍»។

នៅ​ពេល​ត្រូវសួរថា​តើ​សមត្ថភាព​ខាងសតិ​បញ្ញា​របស់លោក​បានចុះថមថយឬទេ ​លោក Biden បាន​តបត​ថា​«អ្វី​ដែលលោកអ្នក​គួរ​ធ្វើ​គឺ​ពិនិត្យ​មើល​ខ្ញុំ​ហើយ​ខ្ញុំ​កំពុង​រង់​ចាំ​ប្រៀប​ធៀបសមត្ថភាព​ខាង​ការដឹងយល់របស់ខ្ញុំជាមួយសមត្ថភាព​ខាង​ការដឹងយល់របស់បុរស​ដែលខ្ញុំឈរ​ឈ្មោះ​ប្រជែង​នោះ‍»។

បេក្ខជន​ប្រធានាធិបតី​ស.រ.អា.ទាំងពីរនាក់​នេះ​គ្រោងនឹង​ធ្វើការ​ជជែក​ដេញដោល​ត​ទល់​គ្នាបីលើក​ក្នុង​ខែ​កញ្ញា​និង​ខែតុលា​ខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ លោក ឈឹម សុមេធ

XS
SM
MD
LG