ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Biden ស្វែង​រក​អ្នក​គាំទ្រ​​បន្ថែម​ពី​ខាង​គណបក្ស​សាធារណរដ្ឋ ខណៈ​លោក Trump ផ្ដោត​លើ​អ្នក​គាំទ្រ​របស់​លោក


រូប​ឯកសារ៖ លោក Joe Biden ថ្លែង​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Wilmington រដ្ឋ Delaware សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

ក្នុង​រយៈពេល ៤ ខែ ចាប់​តាំង​ពី​លោក Joe Biden ទទួល​បាន​ការ​តែងតាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​មក លោក​បាន​ផ្ដោត​ទៅ​លើ​ការ​ផ្សះផ្សា​ការ​បែកខ្ញែក​នៅ​គណបក្ស​របស់​លោក។ ប៉ុន្តែ​ខណៈ​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជិត​បញ្ចប់ លោក Biden ចាប់​ផ្ដើម​ផ្ដោត​លើ​អ្នក​គាំទ្រ​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​មិន​ពេញ​ចិត្ត​លោក​ប្រធានាធិបតី Donald Trump។

អតីត​អភិបាល​រដ្ឋ Ohio លោក John Kasich ដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​រិះគន់​លោក Trump ជា​រឿយៗ ត្រូវ​បាន​គេ​ទាក់ទង ហើយ​រំពឹង​ថា លោក​នឹង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ឯ​មហាសន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​ឱ្យ​លោក Biden នៅ​ខែ​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ម្នាក់​ដែល​ដឹង​អំពី​ផែនការ​នេះ​ដោយ​ផ្ទាល់ ប៉ុន្តែ​សុំ​មិនបញ្ចេញ​អត្តសញ្ញាណ។ លោក Kasich គឺ​ជា​បុគ្គល​ល្បីឈ្មោះ​ម្នាក់​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​ទំនង​ជា​នឹង​គាំទ្រ​លោក Biden យ៉ាង​សកម្ម​នៅ​ពេល​ខាង​មុខ​នេះ។

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ លោក Trump ហាក់​ដូច​ជា​មិន​បាន​ធ្វើ​អ្វី​ទេ​ដើម្បី​ពង្រីក​ការ​គាំទ្រ​របស់​លោក ក្រៅ​តែ​ពី​ពង្រឹង​ការ​គាំទ្រ​របស់​លោក​ចំពោះ​អ្នក​គាំទ្រ​ដែល​ស្មោះស្ម័គ្រ​នឹង​លោក​ស្រាប់​ទៅ​ហើយ។

នៅ​សល់​ពេល​ប្រមាណ ១០០ ថ្ងៃ​ទៀត​ទម្រាំ​ដល់​ថ្ងៃ​បោះឆ្នោត ដែល​អាច​មាន​ការ​ផ្លាស់ប្ដូរ​ភ្លាមៗនៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន៕

XS
SM
MD
LG