ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ លុប​ចោល​សមាជ​គណបក្ស​សាធារណរដ្ឋ​ នៅ​រដ្ឋ​ហ្លូរីដា


ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុង​ពេល​បង្ហាញ​ពី​ការ​ផ្ទុះ​ឡើង​វីរុសកូរ៉ូណា នៅ​ឯ​​សន្និសីទ​សារព័ត៌មាន នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី២៣ កក្កដា ២០២០។
ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុង​ពេល​បង្ហាញ​ពី​ការ​ផ្ទុះ​ឡើង​វីរុសកូរ៉ូណា នៅ​ឯ​​សន្និសីទ​សារព័ត៌មាន នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី២៣ កក្កដា ២០២០។

ដោយ​លើក​ឡើង​អំពី​ការ​បារម្ភ​អំពី​សុវត្តិភាព លោក​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ បាន​ប្រកាស​ថា ​លោក​លុប​ចោល​សមាជ​គណបក្ស​សាធារណរដ្ឋ ​នៅ​ខែ​ក្រោយ​ក្នុង​រដ្ឋរដ្ឋ​ហ្លូរីដា ដែល​ជា​កន្លែង​ឆ្លង​រាល​ដាល​វីរ៉ុស​កូរ៉ូណា​យ៉ាង​ខ្លាំង​មួយ។

ដោយសារ​ការ​កើន​ឡើង​នៃ​ករណី​វីរុសនេះ​យ៉ាង​ឆាប់​រហ័ស​ក្នុង​រដ្ឋ​ហ្លូរីដា «ឥឡូវ​នេះមិន​មែន​ជា​ពេល​វេលា​ត្រឹម​ត្រូវ‍​ដើម្បី​ធ្វើ​សមាជ​ជាតិ​យ៉ាង​ធំ​មួយ​ទេ‍»។ លោក ត្រាំ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មានយ៉ាង​ដូច្នេះ​ក្នុង​បន្ទប់​ធ្វើ​សន្និសីទ​កាសែត​សេតវិមាន កាល​ពី​ថ្ងៃ​ព្រហស្សតិ៍។

លោក​បន្ត​ទៀត​ថា «ខ្ញុំ​ត្រូវ​តែ​ការពារ​ពល​រដ្ឋ​អាមេរិកាំង។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​តែង​តែ​ធ្វើ​កន្លង​មក។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​តែង​តែ​ធ្វើ​ទៀត។ ខ្ញុំ​គឺ​តែង​តែ​ធ្វើ​ដូច្នេះ»។

ប្រតិភូ​ចំនួន​ប្រមាណ ​៣៣០​នាក់ នឹង​នៅ​តែ​ជួប​ប្រជុំ​ក្នុង​ទីក្រុង Charlotte រដ្ឋ North Carolina ដើម្បី​ធ្វើ​ការ​តែង​តាំង​លោក​ ត្រាំ ជា​បេក្ខជន​នៃ​គណបក្ស​សាធារណរដ្ឋ សម្រាប់​តំណែង​ប្រធានាធិបតី ជា​ផ្លូវការ។

លោក​ ត្រាំ បាន​ថ្លែង​ថា លោក​មិន​ទាន់​សម្រេច​ថា តើ​លោក​នឹង​ថ្លែង​សុន្ទរកថា​ទទួល​ការ​តែ​ង​តាំង​លោក​នៅ​ទីណា​ទេ។ ដើម​ដំបូង​លោក​គ្រោង​ធ្វើ​សុន្ទរកថា​នេះ នៅ​ក្នុង​ទីក្រុង Jacksonville រដ្ឋ Florida នៅ​ថ្ងៃ​ទី​២៧ សីហា។ ឥឡូវ​លោក​ថ្លែង​ថា កម្មវិធី​ផ្សេង​ទៀត នឹង​ធ្វើ​តាម​ការ​ផ្សាយ​ទូរទស្សន៍​វិញ៕

XS
SM
MD
LG