ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​អាមេរិក​ស​ន្យា​ពី​ការ​បោះ​ឆ្នោត​ដែល​មាន​សន្តិសុខសុវត្ថិភាព​ជាទីបំផុត​


រូបឯកសារ៖ អ្នកបោះឆ្នោតម្នាក់ចូលរួមបោះឆ្នោតបឋមនៅមជ្ឈមណ្ឌល Kentucky Exposition Center ក្នុងក្រុង Louisville រដ្ឋ Kentucky កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

​ពលរដ្ឋ​អាមេរិក​ដែល​នឹងចេញ​ទៅ​បោះ​ឆ្នោត​នៅ​ស្ថានីយ​បោះ​ឆ្នោត ឬផ្ញើ​សន្លឹក​ឆ្នោត​របស់​គេ​តា​ម​ប្រៃសណីយ៍​ស​ម្រាប់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ អាច​ជឿ​ជាក់​ថា ​សន្លឹក​ឆ្នោត​របស់​ពួក​គេ​នឹង​ត្រូវ​បាន​គេកត់​ត្រា​យ៉ាងត្រឹម​ត្រូវ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ម្នាក់ទទួល​បន្ទុកការ​ងារ​សនិ្តសុខ​បោះ​ឆ្នោត។​

លោក Chris Krebs​ នាយកទីភ្នាក់​ងារសន្តិសុខហេដ្ឋារចនា​សម្ព័ន្ធ​ និង​បច្ចេកវិទ្យា បាន​និយាយកាល​ពី​ថ្ងៃ​សុក្រ​ថា៖​ ​ «ខ្ញុំធ្លាប់​បាន​និយាយកាល​ពី​លើក​មុន​ ហើយ​ខ្ញុំ​នឹង​និយាយម្តង​ទៀត​នៅ​ពេល​នេះ។ ការបោះ​ឆ្នោត​ឆ្នាំ​២០២០ជា​ ការ​បោះ​ឆ្នោតដែល​មាន​សន្តិ​សុខ​ខ្លាំង​បំផុតនៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​សម័យទំនើប​របស់​អាមេរិក​។​

លោក Krebs បាន​ថ្លែងក្នុង​សិក្ខា​សាលា​តាម​ប្រព័ន្ធ​អនឡាញ​របស់​វិទ្យាស្ថាន​ Brookings ស្តី​ពី​សុចរិតភាព​នៃ​ការ​បោះ​ឆ្នោតថា​ ការ​ប៉ុន​ប៉ង​របស់​រុស្សីក្នុង​ការ​ជ្រៀត​ជ្រែក​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦​ ជា​ការ​ក្រើន​រំឭក​មួយ ហើយ​ថា​ទី​ភ្នាក់​ងារ​របស់​លោក​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​វិធា​ន​ការមួយ​ចំនួន​សម្រាប់​អនុវត្ត​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ក្នុង​ឆ្នាំ​២០១៨។​ ​

វិធាន​ការទាំង​នោះ​រួម​មាន ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ចាប់​សញ្ញា​ដោយ​ស្វ័យ​ប្រវត្តិក្នុងការ​ស្វែរង​រក​លទ្ធភាព​នៃ​ការចូល​លុក​លុយប្រព័ន្ធ​កំព្យូទ័រ​និង​បណ្តាញ​សំខាន់ៗ​ ដូច​ជា​ទិន្នន័យ​ចុះឈ្មោះ​អ្នក​បោះ​ឆ្នោតក៏​ដូច​ជា ​វិធានការ​រក្សា​ទុក​សន្លឹក​ឆ្នោត​ ​ដើម្បី​ផ្ទៀង​ផ្ទាត់ក្នុង​ករណី​ត្រូវ​ផ្ទៀង​ផ្ទាត់​លទ្ធ​ផលឡើង​វិញ​។

លោក​បន្តថា​ រដ្ឋ​របស់​អាមេរិកយ៉ាង​ហោចណាស់ ​៩២ភាគរយ​ ​ឥឡូវ​នេះមាន​ប្រព័ន្ធ​ផ្សេងៗ​ ដើម្បី​ធានា​ថា មាន​ការ​កត់ត្រា​នៅ​លើ​សន្លឹក​ឆ្នោតនីមួយ​ៗ ​ដែល​បាន​បោះ​រួច​ហើយ ដែល​នេះ​វា​ធ្វើ​ឲ្យ​ការ​ងារ​ត្រួត​ពិនិត្យលទ្ធផល​បោះ​ឆ្នោត​មាន​លក្ខណៈងាយ​ស្រួល​ នឹ​ង​ធានា​ថា​ គ្មាន​នរណា​ម្នាក់អាច​បន្លំការ​រាប់​សន្លឹក​ឆ្នោត​នោះ​ទេ​។​ ចំនួន​ភាគរយ​នេះ​អាច​កើន​ឡើង​ថែម​ទៀត​ នៅ​ពេល​ដែល​ចំនួន​រដ្ឋ​របស់​អាមេរិក​កាន់​តែ​ច្រើន​ឡើង​ត្រូវ​គេ​រំពឹង​ថា​ នឹង​ប្រើ​ប្រាស់​ការ​បោះ​ឆ្នោត​តាម​រយៈប្រអប់​សំបុត្រ​ប្រៃសណីយ៍​ ជា​ជាង​ការ​ទៅ​បោះ​ឆ្នោត​នៅ​តាម​ស្ថានីយ​បោះ​ឆ្នោតដោយ​ផ្ទាល់ ​ដោយ​សារ​តែការ​បារម្ភ​ពីវី​រុស​កូរ៉ូណា​ដែល​កំពុង​តែ​បន្ត​កើត​មាន​។​ ​

ទោះ​បី​ជា​ការ​បោះឆ្នោត​តាម​របៀបនេះ​អាច​ធ្វើ​ឲ្យ​មាន​ការ​យឺត​យ៉ាវ​ដល់​ការ​ប្រកាស​លទ្ធផលបោះ​ឆ្នោតចុង​ក្រោយ​ ហើយ​តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្តី​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នឹង​មាន​សន្តិសុខនិង​សុវត្ថិភាព។​

ការ​វាយ​តម្លៃ​ដោយ​សុទិដ្ឋិនិយម​នេះ​ផ្ទុយ​គ្នា​ពី​ការ​លើក​ឡើងរបស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ដែល​កាល​ពីខែ​មុន​បាន​ព្រមាន​នៅ​លើបណ្តាញ​ Twitter​ ថា​ ការបោះ​ឆ្នោត​តាម​រយៈ​ប្រអប់​សំបុត្រ​អាច​ក្លាយ​ជា​អ្វី​ដែល​លោក​ហៅថា​ «ជា​ការ​បោះ​ឆ្នោត​ដែល​មាន​ការ​បន្លំ​ខ្លាំង​បំផុត​»​ ក្នុង​ប្រវត្តិសាស្រ្ត​របស់​អាមេរិក។​

ស្រដៀង​គ្នា​នេះ​ផង​ដែរ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក William Barr ​បាន​លើក​ឡើង​ថា ការ​ប្រើ​ប្រាស់​ការបោះ​ឆ្នោត​តាម​រយៈសំបុត្រ​ «ជា​ការ​បើកទ្វារដ៏ធំ​មួយ​ទៅ​រក​ការ​បោះ​ឆ្នោត​ដែល​មាន​ការ​ក្លែង​បន្លំ»។

ប៉ុន្តែ​អង្គការ​និង​មន្រ្តីបោះ​ឆ្នោត​នៅ​តាម​រដ្ឋ​ដូច​ជា ​សមាគមជាតិ​នៃ​រដ្ឋ​មន្ត្រី​ការបរទេស​របស់រដ្ឋ​ និង​សមាគមជាតិ​នៃ​នាយក​ការបោះ​ឆ្នោត​របស់រដ្ឋ​ បាន​បដិសេធ​ការ​អះ​អាង​ទាំង​នោះ​ ដោយ​លើក​ឡើង​ថា​ ពុំ​មាន​ភស្តុតាង​ណា​មួយដែល​អា​ចគាំ​ទ្រ​ការ​ព្រួយ​បារម្ភ​ទាំងនេះ​ទេ។​

មន្ត្រី​នៃ​ទីភ្នាក់​ងារសន្តិសុខហេដ្ឋារចនា​សម្ព័ន្ធ​ និង​បច្ចេកវិទ្យា​ដូច​ជា​ លោក​ Krebs ជា​ដើមបាន​និយាយ​ថា​ ទោះ​បី​ជា​គេ​មាន​ជំនឿ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គេ​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​មាន​សនិ្តសុខ​និង​សុវត្ថិភាព​ក៏​ដោយ ក៏​គ្មាន​នរណា​ប្រាកដ​១០០ភាគរយនោះ​ទេ។​

លោក​ Krebs បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «យើង​មិនមែន​មិន​ដឹងនោះ​ទេ។​ មាន​មនុស្ស​អាក្រក់ ដែល​ចង់​ធ្វើ​អំពើ​អាក្រក់។​ ប្រទេស​រុស្សី​ចង់ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​ការ​បោះ​ឆ្នោតអាមេរិក។​ ប្រទេសចិនចង់​បាន​ប្រទេស​មួយ​ដែលសម្រប​សម្រួល​ជាមួយ​ចិន ហើយប្រទេស​អ៊ីរ៉ង់​ប្រហែល​ជា​ចង់​ធ្វើ​នូវ​អ្វី​ដែល​រុស្សី​និង​ចិន​ចង់បានដែរ​»។

លោក ​Kreb​s បន្ត​ថា យើង​មាន​ប្រព័ន្ធ​ការ​ពារ​មួយ​ ហើយ​យើង​ត្រៀម​ខ្លួ​ន​រួចរាល់អស់​ហើយ‍»។ ​

ទោះ​បី​ជា​មាន​ភស្តុតាង​ថា​ ប្រទេស​រុស្សីតាម​ដាន​ប្រព័ន្ធ​បោះ​ឆ្នោត​តាម​រដ្ឋ​របស់​អាមេរិក​ នៅ​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៦​ក្តី ប៉ុន្តែ​មន្ត្រី​អាមេរិកនិយាយ​ថា​ ពុំ​មាន​ភស្តុតាង​ណាមួយដែល​ថា​ សន្លឹក​ឆ្នោតត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​នោះ​ទេ។​

មន្ត្រី​សន្តិសុខ​អាមេរិក​ បាន​ធ្វើ​ការ​សន្និដ្ឋាន​បែប​នេះ​ដែរ ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។​

លោក​ Krebs និយាយ​ថា ​យ៉ាង​ហោច​ណាស់​រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​សញ្ញា​ណា​មួយ​ដែល​ថា ​រុស្សីឬ​ប្រទេស​ណា​មួយ​បាន​ព្យាយាម​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​សំខាន់​ៗនោះ​ទេ។​

លោក ​Krebs បន្ត​ក្នុង​សម្តីដើម​ថា​៖ «ប្រាកដ​ណាស់​គឺ​យើង​អាច​មើល​ឃើញ​ប្រសើរ​ជាង​មុនទៅ​លើ​បណ្តាញ​ប្រព័ន្ធបោះឆ្នោត​ទាំង​មូល​ ហើយ​យើង​មិន​បាន​ឃើញ​សកម្ម​ភាពច្រើនដូច​ក្នុង​ការ​បោះឆ្នោតឆ្នាំ​២០១៦​នោះ​ទេ។​ យើង​មិន​បាន​ឃើញនូវកម្រិតសកម្មភាព​បច្ចេក​វិទ្យា​ដែល​មាន​ការ​កំណត់​និង​សម្រប​សម្រួល​ណា​មួយ​នោះ​ទេ។​

ផ្ទុយ​ទៅវិញ​ មន្ត្រី​សន្តិសុខ​និង​មន្រ្តី​បោះឆ្នោត​អាមេរិក​បាន​លើក​ឡើង​ថា​ ពួក​គេ​មាន​ការ​បារម្ភ​ច្រើន​ពី​ប្រតិបត្តិការ​ ដែល​មានសក្តានុពល​និងឥទ្ធិពល​របស់​គូ​សត្រូវ​ ដូច​ជា​ប្រទេស​រុស្សី​ជាដើម ដែល​ភាគ​ច្រើនមាន​បំណង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​បាត់​បង់​ជំនឿ​លើការ​បោះ​ឆ្នោត។​

អ្នកស្រី​ Suzanne Spaulding នៃ​គណៈកម្មការ​ Cyberspace Solarium របស់​អាមេរិក​និង​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ស្តី​ពីសន្តិសុខ​មាតុភូមិនៃ​មជ្ឈមណ្ឌលសម្រាប់​ការសិក្សា​អន្តរជាតិ​និង​យុទ្ធសាស្រ្ត​បាន​ប្រាប់សមាជិក​សភា​កាល​ពីពេល​ថ្មីៗ​ថា៖ «​ពួក​គេ​ចង់​ឲ្យ​ពលរដ្ឋ​អាមេរិកកាំង​អស់​ក្តី​សង្ឃឹម​ ក្នុង​ការ​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរមួយ​ និង​អស់​ក្តី​សង្ឃឹម​ពី​លទ្ធភាព​ដែល​អាចបែង​ចែក​រឿង​ពិត​និង​រឿង​ក្លែង​ក្លាយ»៕​

ប្រែ​សម្រួល​ដោយ​លោក​ ជ្រា​ វណ្ណារិទ្ធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG