ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផែនការ​ស្តារ​សេដ្ឋកិច្ច​អាមេរិក​​​របស់លោក Biden នឹងនាំ​ឱ្យ​មាន​ការ​ចាយ​វាយ​ច្រើន​ថែ​មទៀត


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីអាមេរិកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង New Castle រដ្ឋ Delaware កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

ការឱប​ក្រសោបរបស់​លោក​ Joe Biden បេក្ខជន​ប្រធានាធិបតី​អាមេរិកខាង​គណបក្ស​ប្រជាធិបតេយ្យ​នូវផែន​ការ​ប្រកបដោយ​មហិច្ឆតា​ជាងមុននិង​អស់សោហ៊ុយច្រើនឡើងៗ​ដើម្បីធ្វើឱ្យ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិកមានការលូតលាស់ឡើងវិញជា​ការប្រឹង​ប្រែង​យ៉ាង​ខ្លាំងដើម្បី​បង្កើន​ការគាំទ្រ​លោកក្នុង​ចំណោមក្រុមអ្នក​ធ្វើការ​និយម​ការជឿនលឿន​និង​ក្រុមពលករ​នៅ​ក្នុងរដ្ឋ​ឩស្សាហកម្ម​ដែល​មានការប្រកួត​គ្នា​ខ្លាំង។

នៅ​ពេល​លោក​ប្រកាស​ផែនការ​របស់​លោក​ដើម្បីធ្វើឱ្យ​សេដ្ឋកិច្ច​រើប​ឡើងវិញ​មានឈ្មោះថា «កសាង​សេដ្ឋកិច្ចឱ្យ​ល្អប្រសើរ​ឡើងវិញ‍» កាលពីសប្តាហ៍ទី​មួយនៃខែកក្កដា លោក Biden បានមានប្រសាសន៍ថា៖ «នេះជាឱកាស​មួយ​ដើម្បី​បំពេញ​តាម​ពាក្យ​ពេចន៍​និងសេចក្តី​ថ្លៃថ្នូរមានចែងនៅ​ក្នុង​ឯកសារ​នៃការ​បង្កើត​ប្រទេស​ជាតិ​យើង​ដែល​ថា​ យើង​ទាំង​អស់គ្នា​កើត​មក​មាន​ភាពស្មើគ្នាឬ​មានសិទ្ធិ​ស្មើៗ​គ្នា»។

លោក Biden ​ដែល​បានត្រូវ​សន្មត​ថា នឹង​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាងគណបក្ស​ប្រជាធិបតេយ្យនៅ​ខែ​ក្រោយ​នេះ ​មិន​បាន​គាំទ្រកម្មវិធីខ្លះដូច​ជា​កម្មវិធី​ថែទាំសុខភាព​សាកល​អំពាវ​នាវ​ឱ្យ​មានដោយលោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ស.រ.អ. ដែល​ជា​អតីត​គូ​ប្រជែង​របស់​លោកសម្រាប់​តំណែង​ប្រធានាធិបតីទេ។​

ក៏​ប៉ុន្តែផែនការរបស់លោក Biden នឹងបង្កើន​ពន្ធដារ​និងបន្ថែម​ចំណាយ​រដ្ឋាភិបាលរវាង៦លានលាន​ដុល្លារនិង៨លានលាន​ដុល្លារក្នុង​ទសវត្សរ៍​ខាង​មុខ​នៅ​ពេលដែល​ចំណាយ​របស់​រដ្ឋាភិបាលដើម្បីលើក​កម្លាំងសេដ្ឋកិច្ចក្នុង​ការប្រយុទ្ធ​នឹងវីរុសកូរ៉ូណា​ត្រូវ​រំពឹង​ថា ​នឹងបង្កើន​ឱនភាព​ថវិកា​ដល់កម្រិតខ្ពស់​មិនធ្លាប់មានពី​ពេលមុនៗដល់ចំនួន៣,៧លានលានដុល្លារនៅ​ចុង​ឆ្នាំនេះ។

ការរាតត្បាតជា​សាកល​នៃ​វីរុសកូរ៉ូណា​បានបង្អាក់​ខ្លាំងដល់​សេដ្ឋកិច្ច​ស.រ.អ.​បណ្តាល​ឱ្យ​មាន​ការបិទ​ធុរកិច្ច​ច្រើនដើម្បីបញ្ឈប់​ការឆ្លង​រោគ​ដ៏​ប្រល័យ​នេះ​។ ​ការ​រាតត្បាត​ជំងឺ​នេះបាន​នាំ​ឱ្យមនុស្ស​គ្មាន​ការងារ​ធ្វើកើនពី៤ភាគរយដល់​១១ភាគរយ ​ហើយ​មានផល​ប៉ះពាល់មិនសមាមាត្រដល់​សហគមន៍ជនភាគ​តិច​និងក្រុម​អ្នកធ្វើការ​មានប្រាក់ចំណូល​ទាប។

លោក Jared Bernstein ជា​អ្នក​សេដ្ឋ​សាស្ត្រ​នៅ​ឯមជ្ឈមណ្ឌលអាទិភាពថវិកា​និង​គោល​នយោបាយ​និង​ជា​ទីប្រឹក្សា​ក្រៅ​ផ្លូវការនៃក្រុម​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យលោក Biden។ លោក​បាន​និយាយ​ថា៖ «អ្វីដែល​ការរាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩គឺ​បាន​បង្កើនភាព​មិន​ស្មើ​គ្នា​នៅក្នុង​សេដ្ឋកិច្ច​នេះដែលនាំ​ឱ្យ​មានការ​ខូច​ខាត​ច្រើន​ជា​ញឹក​ញយ​នៅក្នុង​សហគមន៍នៃពួក​ជនមិន​មានស្បែក​ស»។

ផលិត​នៅក្នុងប្រទេស​អាមេរិក

ដោយ​និយាយ​យោង​ដល់ដំណើរ​សេដ្ឋកិច្ចមិនទៅ​មុខបណ្តាល​មក​ពី​ការរាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩​ ការ​ធ្វើ​បាតុកម្មនៅ​ទូទាំង​ប្រទេសប្រឆាំង​នឹងភាពមិន​ស្មើ​គ្នា​ខាងពូជសាសន៍ និង​កំណើន​នៃការគំរាមកំហែងដោយ​ការប្រែ​ប្រួល​អាកាស​ធាតុ​ដាក់ឱ្យមាន​ដោយការកើន​សីតុណ្ហភាព​និងកម្រិត​ទឹក​សមុទ្រ​ដោយសារ​ខ្យល់កខ្វក់បណ្តាលមក​ពី​មនុស្ស លោក Biden ​ដែល​និយមនយោបាយកណ្តាលបាន​មានប្រសាសន៍​ថា ​គេត្រូវការ​ឱ្យ​មានវិធានការ​មោះមុត​ដើម្បីដោះស្រាយ​វិបត្តិទាំងនេះដែលមិន​ធ្លាប់មានពី​ពេល​មុនៗ។

​របៀប​វារៈ «កសាង​ប្រទេសឱ្យ​ល្អប្រសើរ​ជាងមុនឡើង​វិញ‍»​ របស់​លោក​ Biden ផ្អែកលើ​អនុសាសន៍ពី​ «គណៈកម្មការ​ចំពោះកិច្ចធ្វើឱ្យមានឯកភាពជាតិ» ដែល​មានរួម​បញ្ចូល​ពួកអ្នក​គាំទ្រ​លោក Sanders និងលោក​ស្រី Elizabeth Warren សមាជិកា​ព្រឹទ្ធសភា​ស.រ.អ.ដែល​ជាគូប្រជែង​និយម​ការជឿនលឿន​របស់​លោក​ដើម្បី​ពង្រឹងការ​គាំទ្ររបស់​គណបក្ស​ដល់អ្នក​ទទួល​ការ​តែង​តាំង​ខាងគណបក្ស​ប្រជាធិបតេយ្យដើម្បីយក​ជ័យ​ជម្នះលើប្រធានាធិបតី Donald Trump នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតីក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ។​

លោក​ Biden មិន​បានគាំទ្រ​សំណើរបស់លោក Sanders ឱ្យ​មានការធានារ៉ាប់រង​ខាងការងារដោយ​សហព័ន្ធ​ កម្មវិធី​ Medicare សម្រាប់​ប្រជាពលរដ្ឋគ្រប់​គ្នា ផែនការថែ​ទាំ​សុខភាព​ផ្តល់ប្រាក់ដោយ​រដ្ឋាភិបាលនិងកិច្ច​ព្រម​ព្រៀង​ថ្មី​អំពី​បរិស្ថានស្នើ​ដោយ​លោក​ស្រី Alexandria Ocasio-Cortez សមាជិកា​សភា​ស.រ.អ.ទេ ក៏​ប៉ុន្តែ​ផែនការ​ថ្មី​របស់​លោក​ទូលំទូលាយនឹងអស់សោហ៊ុយ​ជាង​កាលពីពេល​មុនៗ។

បន្ថែម​លើការបន្តការ​ផ្តល់ប្រាក់​ជំនួយ​នៅពេល​គ្មានការ​ងារធ្វើ​និង​ការគាំ​ទ្រ​ដល់​ធុរកិច្ចមាន​ផល​ប៉ះពាល់នៅពេល​មានការរាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩ លោក Biden ចង់បង្កើនប្រាក់បៀវត្សរ៍​ទាប​បំផុត​ដល់១៥ដុល្លារ​ក្នុង​មួយ​ម៉ោង​និង​បង្កើន​កម្មវិធីហ្វឹកហ្វឺន​ដែល​មានគោល​ដៅ​ជួយ​ពួក​ជន​ភាគតិចនិងក្រុម​ស្ត្រី។

ដើម្បី​បង្កើន​ការផលិតប្រដាប់​ប្រដា​ប្រើប្រាស់​ ដើម្បីបង្កើត​ការងារ៥លាន​និង​ដើម្បី​ធ្វើក្រុមហ៊ុន​អាមេរិកាំង​ឱ្យ​ពឹងពាក់តិច​ជាងមុន​លើ​ទំនិញ​ចិន លោក​ Biden ​ស្នើ​ចំណាយបន្ថែមចំនួន៤រយពាន់​លានដុល្លារ​សម្រាប់បង្កើនការ​ទិញ​ផលិតផលធ្វើ​ក្នុងប្រទេស​អាមេរិក​ដោយ​រដ្ឋាភិបាលស.រ.អ.​ ដោយ​មានរួមបញ្ចូល​ប្រដាប់ការ​ពារ​ខ្លួន​ចាំបាច់និង​ឱសថដែល​គេ​ត្រូវការ​សម្រាប់​ទប់ទល់​នឹង​ការរាតត្បាតជា​សាកល​នៃវីរុស​កូរ៉ូណា។

លោក Bernstein បាន​ថ្លែងថា៖ «នៅមុន​លោក​ Biden ស្នើបន្ថែមប្រាក់៤រយ​ពាន់លានដុល្លារ​គឺ​ស្មើ​នឹង​២ភាគរយ​នៃ​ផលិផល​សរុបក្នុង​ស្រុក​ដល់​ការ​ទិញ​របស់យើង​ យើងបានទិញ​ឥវ៉ាន់ប្រមាន​៦រយពាន់​លានដុល្លាររួចស្រេច​ហើយ​គឺជិត៣ភាគរយនៃផលិផល​សរុបក្នុង​ស្រុក​ក្នុង​មួយ​ឆ្នាំ។​ដូច្នេះនេះ​ការ​ទិញ​ឥវ៉ាន់​ច្រើនហើយ»។

លោក Biden នឹងកំណត់​ប្រាក់​៣រយ​ពាន់លាន​ដុល្លារ​សម្រាប់​ការ​បញ្ចូល​របៀប​បច្ចេកទេស​ថ្មីៗ ការស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​ដើម្បី​ជួយ​ក្រុម​ហ៊ុនស.រ.អ.ក្នុង​ការប្រកួត​ប្រជែងក្នុង​ផ្សារសាកល​ថែមទៀតផង។

លោក​អតីតអនុប្រធានាធិបតី​ស.រ.អ.​រូប​នេះ​ក៏គ្រោងនឹងបង្កើន​ពន្ធដារលើ​ក្រុមហ៊ុន​ស.រ.អ.ដែលបញ្ជូនការងារ​ទៅ​ប្រទេស​ក្រៅ បង្ក្រាបធុរកិច្ច​ដែលធ្វើការឃោសនា​ពាណិជ្ជកម្មទំនិញ​ដឹក​ជញ្ជូន​ពី​ប្រទេស​ចិនថា​ជា​ទំនិញផលិត​ក្នុង​ប្រទេស​អាមេរិក​និង​ដឹកនាំ​កិច្ច​ខិត​ខំប្រឹង​ប្រែង​អន្តរជាតិ​ទប់ទល់នឹងការធ្វើពាណិជ្ជកម្មអយុត្តិធម៌ដោយ​ប្រទេស​ចិន។

ការ​លួចចម្លង​តាមគំនិត​លោក Trump

លោកប្រធានាធិបតី Trump បាន​មាន​ប្រសាសន៍ថា​ លោក Biden បានចម្លង​តាម​របៀប​វារៈលោកគឺ​ ប្រទេសអាមេរិកមុន​អ្វីៗ​ទាំង​អស់​ដើម្បី​ឱ្យ​មានការ​គាំទ្រ​ជា​ថ្មី​ពី​សំណាក់ក្រុមអ្នក​បោះឆ្នោតជា​ពលករ​ដែល​ជា​ប្រពៃណីគាំទ្រគណបក្ស​ប្រជាធិបតេយ្យនៅ​ក្នុងរដ្ឋឧស្សាហកម្ម​នៅ​ក្នុងរដ្ឋ​ Michigan រដ្ឋ Pennsylvania និង​រដ្ឋ Wisconsin ដែល​លោក Trump បាន​ឈ្នះ​ឆ្នោត​កាល​ពី​ឆ្នាំ២០១៦។

លោក Trump បាន​ថ្លែង​កាលពីសប្តាហ៍​ទី​មួយនៃ​ខែ​កក្កដា​អំពី​ផែនការ​សេដ្ឋកិច្ច​របស់​លោក Biden ថា៖ «លោកបាននិយាយ​ត្រូវ ពីព្រោះ​លោក​បានចម្លង​អ្វី​ដែល​ខ្ញុំបានធ្វើ។ ក៏​ប៉ុន្តែការ​ខុស​គ្នា​គឺ​ លោក​មិន​អាចធ្វើបានទេ​ហើយលោក​ដឹង​ថា លោកនឹង​មិន​ធ្វើបែបនេះទេ»។

របៀប​ដោះ​ស្រាយ​របស់​លោក Trump ដើម្បី​ការពារកាងារ​និង​ឧស្សាហកម្ម​អាមេរិកាំង​គឺ​កាត់បន្ថយ​ពន្ធដារលើក្រុម​ហ៊ុន​ធំៗ​និង​ធ្វើការ​ចរចា​ជា​ថ្មី​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម ក៏​ប៉ុន្តែលោក​ប្រធានាធិបតីមិន​បានស្នើ​ផែនការក្នុង​រយៈពេល​វែងសម្រាប់ដោះស្រាយការប៉ះពាល់ដោយ​ការ​រាតត្បាតជាសាកល​នៃជំងឺ​កូវីដ១៩​ទៅលើ​សេដ្ឋកិច្ចទេ»។

លោក Brian Riedl ជាអ្នក​សេដ្ឋសាស្ត្រនៅ​ឯ​វិទ្យាស្ថានអភិរក្ស​និយម​ Manhattan។​លោក​បាន​ថ្លែង​ថា៖ «​លោក​ប្រធានាធិបតីមិន​បានផ្តល់ឱ្យ​យើង​នូវ​ចក្ខុវិស័យខាង​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​បួន​ឆ្នាំខាង​មុខ​នៅ​ពេល​មួយ​ដែល​យើង​ត្រូវការ​ចក្ខុ​វិស័យ​នេះខ្លាំង​ណាស់​ពី​ព្រោះ​សេដ្ឋកិច្ច​ធ្លាក់​ចុះខ្លាំងណាស់ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៣០​មក»។

ប្រាក់​រាប់លានលាន​ដុល្លារ​ថែម​ទៀត

នៅ​ពាក់​កណ្តាលខែកក្កដា លោក Biden បានបញ្ចេញផែនការ​ថាមពលស្អាត​និង​ហេដ្ឋារចនា​សម្ព័ន្ធមាន​ទឹកប្រាក់២លានលាន​ដុល្លារដែល​អាចបង្កើន​វិនិយោគក្នុងប្រសិទ្ធភាព​ថាមពលនិងយានយន្ត​អគ្គិសនី។​ ទោះណា​ជាមានមហិច្ឆតាតិច​ជាងកិច្ចព្រមព្រៀង​ថ្មី​អំពី​បរិស្ថាន​ក៏​ដោយក៏​ផែនការ​នេះនឹង​ប្រឹងប្រែង​បញ្ឈប់ការ​ផលិត​ថាមពល​ផ្អែក​លើ​ឥន្ធនៈផូស៊ីលមិន​ឱ្យ​ហួស​ពី​ឆ្នាំ២០៥០ទេ។ គណៈកម្មការ​ចំពោះកិច្ចធ្វើឱ្យមានឯកភាពជាតិ​របស់លោក Biden ក៏​បាន​កំណត់គោល​ដៅ​មួយដើម្បីរៀប​ចំ​ឱ្យមាន​បន្ទះកញ្ចក់​ស្រូបថាមពលព្រះ​អាទិត្យ៥០០​លាន​និងទួរ​ប៊ីន​ខ្យល់​ ដែល​ផលិតក្នុង​ប្រទេស​អាមេរិក​ចំនូន៦ម៉ឺន​ផង​ដែរ។

កាល​ពីពេលមុនលោក Biden ក៏បានស្នើ​ផែនការ​ហេដ្ឋារចនា​សម្ព័ន្ធ​ដាច់​ដោយ​ឡែក​មួយ​មានទឹក​ប្រាក់១,៣លានលានដុល្លារដើម្បី​កែ​លម្អ​ផ្លូវ ស្ពាន​ អាកាសយានដ្ឋាន​ និង​ពង្រីក​សេវារទេះភ្លើង​ល្បឿន​លឿន​នៅ​ក្នុង​ស.រ.អ.។

ជម្រើសខាងថែ​រក្សា​សុខ​ភាព​របស់លោកដើម្បី​ជំនួសកម្មវិធី​ Medicare​ សម្រាប់មនុស្ស​គ្រប់គ្នា ​របស់លោក Sanders​ នឹង​អស់ប្រាក់​១លានលាន​ដុល្លារដើម្បី​ពង្រីក​ការផ្តល់​ប្រាក់​ជំនួយ​បន្ថែម​ដល់គ្រួសារមានប្រាក់​ចំណូល​ទាប។ សំណើជំនួយខាងការសិក្សា​អប់រំនិង​ខាងផ្ទះ​សំបែង​របស់​លោក Biden អាចបន្ថែម​ចំណាយ​ចំនួន២លានលាន​ដុល្លារថែមទៀត។

ពួក​ទីប្រឹក្សា​លោក Biden និយាយអះអាងថា កម្មវិធីសម្រាប់​រយៈពេល​យូរទាំង​នេះ​នឹង​ទទួលប្រាក់​ទាំង​ស្រុង​ពី​ការ​ដំឡើងពន្ធដារ​ភាគច្រើន​លើ​ពួក​អ្នក​មានធនធាន​ស្តុក​ស្តម្ភ។ ពួក​អ្នក​រិះ​គន់អភិរក្ស​និយមនិយាយ​ថា​ កម្មវិធីអស់ប្រាក់ច្រើន​របស់លោក Biden​ នឹងបង្កើនឱនភាពថវិកា​ដល់​កម្រិត​ប្រកបដោយ​គ្រោះថ្នាក់ហើយ​សំណើ​អំពី​ពន្ធដារ​និងបទ​បញ្ញត្តិនឹងបង្អាក់​ការ​រើបសេដ្ឋកិច្ចឡើង​វិញ។​ ក៏​ប៉ុន្តែ​លោក Riedl បានថ្លែង​ថា គេឃើញពួក​សាធារណរដ្ឋ​មិន​ស្មោះត្រង់​អំពីបញ្ហា​ទទួល​ខុស​ត្រូវ​ខាងសារពើពន្ធនៅក្រោយ​ពួក​គេ​បានអនុម័តការកាត់ពន្ធ​ក្រុមហ៊ុន​ធំៗ​ដែល​បានបង្កើន​ឱនភាពយ៉ាង​ខ្លាំង។

លោក Riedl បាននិយាយថា៖ «ពួក​សាធារណរដ្ឋ​បានបាត់បង់​ភាពគួរឱ្យជឿទុកចិត្តអំពីឱនភាពហើយ​ពួក​គេ​មិននិយាយ​ទៀត​ទេអំពីបញ្ហា​នេះ​ពីព្រោះប្រធានបទនេះ​បានដាក់ឱ្យពួក​គេឋិតក្នុង​ស្ថានភាព​ពិបាក​និយាយ​ការពារអំពីការកាត់បន្ថយ​ពន្ធដារ»។

ប្រែ​សម្រួល​ដោយ​ លោក ឈឹម សុមេធ​

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG