អតីតមេបញ្ជាការជនជាតិអូស្រ្តាលី កាលពីសម័យអ៊ុនតាក់ ឬហៅថា អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលជាដំណើរទស្សនកិច្ចមួយ ដើម្បីអបអរខួបទី៣០ឆ្នាំនៃសម័យមួយនោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចេញផ្សាយនៅថ្ងៃសុក្រនេះ។
សេចក្តីប្រកាសព័ត៌មាននេះឲ្យដឹងថា ឧត្តមសេនីយ៍ឯក លោក John Murray Sanderson និងភរិយារបស់លោក គឺអ្នកស្រី Lorraine Sanderson នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងកម្ពុជា ព្រមជាមួយខួប៣០ឆ្នាំនៃសម័យអ៊ុនតាក់។ ក្នុងដំណើរទស្សនកិច្ចនោះ លោកនឹងចូលគាល់ព្រះមហាក្សត្រកម្ពុជា ជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី អភិបាលខេត្ត មន្រ្តីសំខាន់ៗ និងតំណាងសង្គមស៊ីវិលផងដែរ។
ស្ថានទូតអូស្ត្រាលីបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «កិច្ចប្រជុំទាំងនេះផ្តល់ឱកាសដើម្បីឆ្លុះបញ្ចាំងពីការរួមចំណែកផ្ទាល់ខ្លួន និងមិត្តភាព ដែលបានកសាងទំនាក់ទំនងដ៏រឹងមាំរវាងអូស្ត្រាលី និងកម្ពុជាក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ និងជួយបង្ហាញពីរបៀបដែលយើងអាចពង្រឹងទំនាក់ទំនងរបស់យើងបន្ថែមទៀតទៅអនាគត»។
ក្នុងសម័យអ៊ុនតាក់ លោក John Murray Sanderson បានបញ្ជាកងកម្លាំងពហុភាគីដ៏ធំ ដែលមានកងវរសេនាតូចថ្មើរជើង និងអង្គភាពគាំទ្រចំនួន១២ អ្នកសង្កេតការណ៍យោធា និងនគរបាលស៊ីវិល សរុបចំនួន២២.០០០នាក់ មកពីប្រមាណ៤០ប្រទេស។
បន្ថែមពីលើកការផ្តល់បញ្ជាការផ្នែកយោធា ប្រទេសអូស្ត្រាលីក៏បានផ្តល់បុគ្គលិកជាង១.២០០នាក់ដល់អ៊ុនតាក់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននេះ។
អូស្ត្រាលីជាប្រទេសហត្ថលេខីមួយក្នុងចំនួន១៩ប្រទេសនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលជាការបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយបង្កើតនូវគោលការណ៍នៃការដឹកនាំប្រទេសកម្ពុជា តាមគន្លងប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ តាមបែបនីតិរដ្ឋ និងការការពារសិទ្ធិមនុស្ស។ ប្រទេសអូស្ត្រាលីជាអ្នកដើរតួនាទីនាំមុខគេមួយក្នុងការអនុវត្តកិច្ចព្រមព្រៀងមួយនេះ។
ស្ថានទូតអូស្ត្រាលីបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃសុក្រថា៖ «អូស្ត្រាលីជាមិត្ត ដៃគូ និងជាប្រទេសជិតខាងដ៏យូរអង្វែងរបស់កម្ពុជា។ ខួបលើកទី៧០ឆ្នាំនៃទំនាក់ទំនងទ្វេភាគីរបស់យើង នៅឆ្នាំនេះជាឱកាសដ៏សំខាន់មួយ ដើម្បីឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់យើង ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់យើង រួមទាំងការរួមចំណែកដ៏សំខាន់របស់យើងចំពោះអ៊ុនតាក់»។
គួរបញ្ជាក់ថា អ៊ុនតាក់ជាសម័យកាលប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជា ដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩២ ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដែលផ្លាស់ទីលំនៅដោយសង្គ្រាមស៊ីវិល និងការបោះឆ្នោតជាតិឆ្នាំ១៩៩៣។ នេះបើតាមស្ថានទូតអូស្ត្រាលី៕